រដ្ឋ​សភា​អាមេរិក​ អនុម័តសេចក្តីស្នើ​ច្បាប់ដាក់ទណ្ឌកម្ម​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា

លោក ហ៊ុន សែន និងកូនប្រុស ហ៊ុន ម៉ាណែត ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ – ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រូបភាព៖ ហ្វេសប៊ុក ហ៊ុន សែន

សភាតំណាង​រាស្រ្តសហរដ្ឋអាមេរិក​ នៅថ្ងៃច័ន្ទ (ម៉ោងនៅសហរដ្ឋអាមេរិក) បាន​អនុម័ត​សេចក្តី​ស្នើច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ដើម្បី​ដាក់ទណ្ឌកម្មប្រឆាំងនឹង​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​មួយចំនួនទៀត។ នេះ បើតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់លោក Ted Yoho សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ Florida ដែល​ផ្តួចផ្ដើម​គំនិត​ក្នុងការស្នើច្បាប់​នេះឡើង​។

សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ Florida រូបនេះ បានលើកឡើងក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​ដដែលនោះថា វា​ដល់ហើយ​ដែល​រដ្ឋាភិបាល​លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន ត្រូវទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន។

លោក Ted Yoho ថា ច្បាប់នេះនឹងដាក់​ទណ្ឌកម្មផ្នែក​ហិរញ្ញវត្ថុ និង​​ទិដ្ឋាការចំពោះ​​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​យោធា​កម្ពុជា ដែលបាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ និងរំលោភ​សិទ្ធិមនុស្ស។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ហៅច្បាប់នេះថាជារឿងចាស់ ហើយលំអៀងទៅរកអ្នកនយោបាយប្រឆាំង។

អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បញ្ជាក់ថា​ ច្បាប់នេះគ្មានឥទ្ធិពលទៅលើរដ្ឋាភិបាល និងមន្ត្រីទេ ហើយថា គ្មានម​ន្ត្រីណាមានលុយផ្ញើនៅក្រៅប្រទេស សម្រាប់អាមេរិកបង្កក ដើម្បីចាប់បង្ខំឲ្យធ្វើបែបនេះ ឬបែបនោះដែរ។

លោកថា៖ «សមាជិកសភារបស់សហរដ្ឋអាមេរិកមិនដឹងថា ធ្វើការឲ្យប្រទេសណាទេ ងាកមកបម្រើឲ្យមេឧទ្ទាមក្រៅច្បាប់របស់សកម្ពុជាទៅវិញ ទី៣ ខ្ញុំយល់ថា ទោះបីច្បាប់ហ្នឹងត្រូវចេញក៏ដោយ ក៏វាគ្មានប្រសិទ្ធិភាពដែរ អត់ប្រសិទ្ធភា​ព​ត្រង់ថា មិនផ្តល់ទិដ្ឋាការឲ្យទៅជាន់ដីអាមេរិក សួរថា ខ្មែរណា មន្ត្រីណា ដែលគេចង់ទៅជាន់ដីអាមេរិក ហើយរស់មិន​បាននោះ»។

អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បង្ហាញការខកចិត្ត និងចាត់ទុកសេចក្តីស្នើច្បាប់នេះថា ជាទង្វើប្រឆាំងសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់កម្ពុជា។

អ្នកនាំពាក្យរូបនេះ អំពាវនាវទៅ «រដ្ឋាភិបាលសហរដ្ឋអាមេរិក ឱ្យធ្វើការពិចារណាឡើងវិញនូវជំហររបស់ខ្លួនស​ម្រាប់​ប្រទេសកម្ពុជា ដើម្បីជាផលប្រយោជន៍នៃការថែរក្សាទំនាក់ទំនងល្អ ក៏ដូចជាផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ»

អតីតតំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ូ ច័ន្ធរ័ត្ន មានប្រសាសន៍ថា សេចក្តីស្នើច្បាប់ ដែលសភាអាមេរិកអនុម័តនេះ ជារនាំងទប់រដ្ឋាភិបាលកុំឲ្យរអិលចេញពីគន្លងប្រជាធិបតេយ្យ និងជំរុញឲ្យផ្សះផ្សារជាតិឡើងវិញ។

លោកថា៖ «សហរដ្ឋអាមេរិកគេមានកាតព្វកិច្ចជួយទាញប្រទេសយើងមកគន្លងប្រជាធិបតេយ្យវិញ។ ដូច្នេះ ការចោទប្រកាន់ក្រុមប្រឆាំងថា ជាក្រុមឧទ្ទាមអីហ្នឹង ខ្ញុំថា ការចេះតែចោទបែបហ្នឹង វាធ្វើខ្មែរកាន់តែបែកបាក់ទៅវិញទេ»។

អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា ហៅច្បាប់នេះថា មានឥទ្ធិពលដល់ការប្រែប្រួលស្ថានការណ៍នយោបាយនៅកម្ពុជា ដោយថា វិធានការច្បាប់នេះ វាបានប៉ះពាល់ដល់មន្ត្រី និងមនុស្សជំនិតជាមួយរដ្ឋាភិបាល។

អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ បង្ហាញការព្រួយបារម្ភថា អ្នកនយោបាយដែលប្រឆាំងនឹងច្បាប់នេះទៅវិញទេដែលជំរុញឲ្យសន្តិភាពស្ថិតក្នុងភាពផុយស្រួយ ព្រោះថា ការផាត់អតីតគណបក្សប្រឆាំងចេញពីឆាកនយោបាយ វាបានប៉ះពាល់សិទ្ធិម្ចាស់ឆ្នោតជាង៣លាននាក់ ដែលធ្លាប់គាំទ្រគណបក្សនេះ។

លោកថា៖ «អ្នកដែលបង្កឲ្យមានវិបត្តិសន្តិភាពនៅកម្ពុជា ទំនងជារដ្ឋាភិបាលទៅវិញទេ ប្រសិនបើនៅតែប្រកាន់ជំហរបែបហ្នឹង វាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាហ្នឹង បាទ»។

ទោះយ៉ាងណាក៏ដោយ បើតាម​​សេចក្តី​ស្នើច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា (Cambodia Democracy Act) ឬ H.R. 526 ទណ្ឌកម្ម​ប្រឆាំង នឹង​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជានឹងត្រូវ​បានព្យួរ នៅពេល​ដែល​រដ្ឋាភិបាល​បញ្ឈប់ការបំផ្លាញលទ្ធិ​ប្រជាធិបតេយ្យ សិទ្ធមនុស្ស និង​រៀបចំការបោះឆ្នោតមួយដែលសេរី ​យុត្តិ​ធម៌ ដោយអនុញ្ញាតឲ្យមានការចូលរួម​ពី​បេក្ខជនបក្សប្រឆាំងដែល​អាចជឿជាក់​បាន។

សេចក្តី​ស្នើច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នឹងត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភាអាមេរិក​​ដើម្បី​អនុម័តបន្ត​។ ក្រោយ​ពីព្រឹទ្ធ​សភាអនុម័តរួច នឹង​បញ្ជូន​ទៅប្រធានាធិបតី។ នៅពេលដែលប្រធានាធិបតីអនុម័ត ​សេចក្តីស្នើ​ច្បាប់នេះ នឹងចូល​ជាធរមាន៕

លោកអ្នកអាចទស្សនាវីដេអូ អំពីកិច្ចប្រជុំរបស់សភាសហរដ្ឋអាមេរិក ដែលខ្លឹមសារទាក់ទងនឹងប្រទេសកម្ពុជា ចាប់ពីនាទី 01:41:47 នៅតំនរភ្ជាប់ខាងក្រោមនេះ ៖


រាយការណ៍បន្ថែមដោយ លោក ស៊ុន សុខេន


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "រដ្ឋ​សភា​អាមេរិក​ អនុម័តសេចក្តីស្នើ​ច្បាប់ដាក់ទណ្ឌកម្ម​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា"

  1. so socheath says:

    សេចក្តីស្នើច្បាប់របស់ សភាជាន់ទាបអាមេរិក ​ស្តី​ពី​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា (Cambodia Democracy Act) ឬ H.R. 526 នេះ ​បើនិយាយឲ្យចំទៅ វាដូចអត់មានប៉ះពាល់លើសសៃ
    រោមជើងរបស់ជនកម្ពុជាម្នាក់ណាផងហ្នឹង ។ អញ្ចឹង វាគ្មានអីចម្លែកទេ ។ គ្មានការរង្គោះរង្គើរសូម្បី
    រោមមួយសសៃ ។
    បិទទិដ្ឋាការ មិនឲ្យទៅអាមេរិក ? អាមេរិកមានស្អីល្អទៅ ដែលចង់ទៅនោះ ?
    អ្នកក្ររហេមរហាម សុំទានតាមដងផ្លូវ អំពើលួច ឆក់ ប្លន់ មានដូចបណ្តាប្រទេសដ៏ទៃដែរហ្នឹង ។
    ការរស់នៅស៊ីតែរបស់ផ្អាប់ ព្រោះចង់ទៅផ្សារ ស៊ីរបស់ស្រស់ៗ ត្រូវជិះឡានរាប់សឹប រយគីឡូ
    សូម្បីចង់ផឹកកាហ្វេជុំគ្នាមួយកែវក្តី ។
    ទាល់តែយូរបានចង់ ។ អត់មានភារកិច្ចឲ្យទៅបំពេញការងារនៅទីនោះ ចាំតែចង់ទៅ
    ចង់ទៅរស់នៅតើ ។
    គ្មានអ្វីល្អជាងកម្ពុជាទេ ផ្ទះថ្ម មិនប្រាកដថាល្អជាងផ្ទះឈើឯណា !
    ថែតែសន្តិភាពដែលតេជោហ៊ុន សែន រកបានដោយកម្រ ឲ្យបានគង់វង្ស អាមេរិក មិននៅឆ្ងាយ
    ​ប៉ុន្មាន ពីការរីកចម្រើនរបស់កម្ពុជានោះទេ

  2. Anonymous says:

    Real good examples just look at Iran and North korea after US imposed sanctions.