កម្ពុជា​ថា​មិន​មាន​កិច្ច​ព្រមព្រៀង​សម្ងាត់​ជាមួយ​ចិន​អំពី​ការ​ដាក់ទ័ព​ជើង​ទឹក​ចិន​នៅ​រាម​ទេ

នយោបាយ


ទាហានជើងទឹកកម្ពុជាអបអរសាទរទូកល្បាតរបស់កងទ័ពជើងទឹកចិនក្នុងពិធីប្តូរវេននៅមូលដ្ឋានកងទ័ពជើងទឹកកម្ពុជានៅតំបន់រាមក្នុងខេត្តព្រះសីហនុថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៧ ។ (REUTERS/Chor Sokunthea)


22 កក្កដា 2019
ទុំ ម្លិះ
វីអូអេខ្មែរ

លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន នៅថ្ងៃ​ចន្ទ​នេះ​​បាន​អះអាង​ថា​ «គ្មាន​រឿង​បែប​នោះ​កើត​ឡើង​ទេ»។​

ប្រទេស​កម្ពុជាបាន​ទាត់​ចោល​សេចក្តី​រាយការណ៍​ដែល​ថា​ ខ្លួន​បាន​ចុះ​កិច្ចព្រម​ព្រៀង​អនុញ្ញាត​កង​ទ័ព​ចិន​បោះ​ទីតាំង​ក្នុង​មូល​ដ្ឋាន​កងទ័ពជើង​ទឹក​កម្ពុជា។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ លោក ហ៊ុន សែន ចាត់​ទុក​ថា​នេះ​ជា​ព័ត៌មាន​ប្រឌិត។ ទោះជា​យ៉ាង​ណា​ស្ថាន​ទូត​អាមេរិក​ប្រចាំ​រាជធានីភ្នំពេញ​អះអាង​ថា ​ខ្លួន​កំពុង​តាម​ដាន​សេចក្តី​រាយការណ៍​ព័ត៌មា​នខាង​លើ​បន្ត​ទៀត។

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​លោក ​ហ៊ុន​ សែន ​បាន​បដិសេធសេចក្តី​រាយការណ៍​ដែល​ថា​ កម្ពុជា​បាន​ចុះ​ហត្ថលេខា​ដោយ​សម្ងាត់ជាមួយ​ប្រទេសចិន​ដើម្បីអនុញ្ញាត​កងទ័ព​ចិនប្រើ​ប្រាស់​មូលដ្ឋាន​កង​ទ័ព​ជើងទឹក​របស់​ខ្លួន​ក្នុង​ដែន​សមុទ្រ​រាម​ ក្នុង​ខេត្ត​ព្រះសីហនុ។

កាសែត​ The Wall Street Journal ​ដែល​ចេញ​ផ្សាយ​នៅថ្ងៃ​អាទិត្យ បាន​សរសេរ​ថា​ប្រទេស​កម្ពុជា​និង​ចិន​បាន​ចុះហត្ថ​លេខារួម​គ្នា​លើ​កិច្ច​ព្រម​ព្រៀងនោះ​កាលពី​និទាឃ រដូវ​កន្លង​ទៅ តែ​ភាគី​ទាំងពីរ​មិនទាន់​បាន​បញ្ចេញ​ឲ្យដឹង​ជា​សាធារណៈ​នៅ​ឡើយ​ទេ។​ កិច្ចព្រមព្រៀង​នោះ​គឺ​កម្ពុជា​ផ្តល់​ឲ្យភាគី​ចិន​នូវ​សិទ្ធិ​ផ្តាច់មុខ​ ធ្វើជា​មូលដ្ឋាន​ទាហាន​ជើង​ទឹក ចិន​មួយ​ផ្នែក​នៅ​ឈូង​សមុទ្រ​ខ្មែរ ​ហើយ​នៅជិត​អាកាសយានដ្ឋានធំមួយ ​ដែល​កសាង​ដោយ​ចិន។


​កាសែត​ The Wall Street​ Journal​ ដែល​បាន​ស្រង់សម្តី​មន្ត្រី​អាមេរិក​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា​ កិច្ច​ព្រមព្រៀង​ជា​សេចក្តី​ព្រាងនោះ​នឹង​អនុញ្ញត​ឲ្យ​ប្រទេស​ចិន​ប្រើ​កំពង់ផែ​កម្ពុជា​ជា​មូលដ្ឋាន​យោធា​រយ:ពេល​៣០ឆ្នាំ​ដើម្បី​ដាក់កង​ទ័ព ​ផ្ទុកសព្វាវុធ និង​កន្លែង​ចត​នាវា​ជាដើម។

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន នៅថ្ងៃ​ចន្ទ​នេះបាន​អះអាង​ថា​ «គ្មាន​រឿង​បែប​នោះ​កើត​ឡើង​ទេ»។​

លោក ​ហ៊ុន​ សែន ត្រូវ​ស្រង់​សម្តីដោយ​សារ​ព័ត៌មាន​ Fresh News ថា«នេះ​ជា​ព័ត៌មាន​ប្រឌិតដ៏​អាក្រក់​បំផុត​ប្រឆាំង​ជាមួយ​កម្ពុជា»។​ លោក​នាយក​រដ្ឋ​មន្ត្រីខ្មែរបាន​រំឭក​ឡើង​វិញ​ថា​ វត្តមាន​នៃ​មូល​ដ្ឋាន​យោធា​បរទេស​នៅ​កម្ពុជា​នឹង​ប្រឆាំង​នឹង​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​នេះ។

លោក​ ហ៊ុន​ សែន​ បាន​គូស​បញ្ជាក់​ថា ​កម្ពុជា​មិន​ដែល​បាន​ធ្វើការពិភាក្សា​ណា​មួយ​ជាមួយ​ប្រទេស​ចិន អំពី​ការ​ដាក់​មូល​ដ្ឋាន​កង​ទ័ព​ចិន​នៅ​ក្នុង​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​កម្ពុជា​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត​លោក​ក៏​បាន​ទទូច​ឲ្យ​ឈប់​មាន​ការ​ប្រើ​ប្រាស់​«ព័ត៌មាន​ក្លែង​បន្លំ​អំពី​វត្តមាន​កង​ទ័ព​ចិន​លើ​ទឹក​ដី​កម្ពុជា» ដើម្បី​ប្រឆាំង​នឹង​កម្ពុជា។

យ៉ាង​ណាក៏ដោយការ​ឆ្លើយ​តប​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ដូច​គ្នា​ទៅ​នឹងប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​អះអាង​ប្រាប់​ VOA កាលពីថ្ងៃ​អាទិត្យ។

កាសែត ​The Wall ​Street ​Journal ​របស់​សហរដ្ឋអាមេរិកបាន​រាយការណ៍បន្ថែម​ថា ​ប្រសិន​បើ​ចិន​មាន​មូលដ្ឋាន​ទ័ព​ជើងទឹក​នៅ​ក្នុង​ឈូង​សមុទ្រ​ប្រទេស​កម្ពុជា ​នោះ​ចិន​នឹង​មាន​ឥទ្ធិពល​ខ្លាំង​ឡើង​ចំពោះ​បញ្ហា​សេដ្ឋកិច្ច​និង​មាន​ប្រៀប​លើ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ដែល កំពុង​មាន​វិវាទ​ជាមួយ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន។

ទោះជា​យ៉ាង​ណា​លោក​ឧត្តម​សេនីយ៍​ ឈុំ សុជាតិ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ប្រាប់​ VOA នៅ​រសៀល​ថ្ងៃចន្ទ​នេះ ថា​សេចក្តី​រាយការណ៍​របស់កាសែត​ The Wall Street​ Journal​ គឺជា​ «ព័ត៌មាន​ប្រឌិត គ្មាន​មូលដ្ឋាន​ពិត​ប្រាកដ​និង​ជា​ព័ត៌មានបំផ្លើស»។


«យើង​បាន​ធ្វើការ​ប្រកាស​ព័ត៌មាន​ជាញឹក​ញយ​មកហើយ​ថា​យើង​មិន​ដែលមាន​ការចុះ approve ទីតាំង​មូលដ្ឋាន​ណា​ឲ្យ​កងទ័ព​ចិន​ដើម្បី​ធ្វើ​ប្រតិបត្តិការ​នៅស្រុក​ខ្មែរ​ទេ។ អាហ្នឹង​យើង​បាន​និយាយ​បាន​គ្រប់គ្រាន់​អស់​ហើយ»។

តាម​រយៈគណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន លោកឧត្តម​សេនីយ៍ ​ឈុំ សុជាតិ លោក​ចាត់ទុកថា​ព័ត៌មាន​ខាង​លើហាក់​ដូចជា​មាន​ចេតនា​ចង់​បំផ្លាញ​សុខ​សន្តិភាព​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ទំនាក់ទំនង​រវាង​កម្ពុជា​និង​ប្រទេស​ជិត​ខាង។​

នៅ​ថ្ងៃ​ចន្ទ​នេះដែរ អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​ អ្នក​ស្រី Emily V Zeeberg​ បាន​ផ្ញើ​សារ​អេឡិចត្រូនិក​មក​កាន់​ VOA ដោយ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ«អំពី​វត្តមាន​យោធា​បរទេសនៅ​ក្នុង​ទឹក​ដី​កម្ពុជា​ដោយ​ថា​វា​អាច​«គំរាម​កំហែង​ដល់​ទំនាក់ទំនង​និង​ភាព​ជាកណ្តាល​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​ក្នុង​អាស៊ាន»។

ស្ថានទូត​អាមេរិក​កំពុង​តាម​ដាន​ព័ត៌មាន​តាម​បណ្តាញ​ផ្សព្វផ្សាយ​នានា​ដែល​ថា​មាន​កិច្ច​ព្រម​ព្រៀង​សម្ងាត់អំពី​សម្ព័ន្ធភាព​យោធា​រវា​ង​ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន​នេះ​ដោយ​អំពាវនាវ​ដល់​ប្រទេស​កម្ពុជា​ឲ្យ​មាន​តម្លាភាព​ពេញ​លេញ​អំពីកិច្ច​ព្រម​ព្រៀ​ង​យោធា​ណាមួយ​ជាមួយ​ប្រទេស​ចិន។

អ្នក​ស្រី Emily V Zeeberg​ បាន​សរសេរ​សារក្នុងន័យ​ដើម​ដូច្នេះ​ថា៖ «យើងសូមអំពាវនាវ​ដល់​អ្នក​ដឹក​នាំកម្ពុជាឲ្យគោរព​ការ​ប្តេជ្ញា​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់​ខ្លួន ចំពោះ​មុខ​ប្រជាជន​របស់​ខ្លួន​ក្នុង​ការ​គោរព​នយោបាយការ​បរទេស​ឯករាជ្យនិង​ការពារ​ឯករាជ្យភាព​និង​អធិបតេយ្យ​ភាព​របស់​ខ្លួន​សម្រាប់​ប្រជាជន​ជំនាន់​ក្រោយ»៕​

What Next?

Recent Articles