ចិន​បដិសេធ​ថា គ្មាន​កិច្ច​ព្រមព្រៀង​សម្ងាត់​ជាមួយ​កម្ពុជា រឿង​បង្កើត​មូលដ្ឋាន​ទ័ព​នៅ​រាម​នោះ​ឡើយ​

2019-07-23
RFA

លោក ហ្គេង ស័ង (Geng Shuang) អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក​ក្រសួង​ការ​បរទេស​ចិន
លោក ហ្គេង ស័ង (Geng Shuang) អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក​ក្រសួង​ការ​បរទេស​ចិន


មហាអំណាច​ចិន​​ប្រកាស​បដិសេធ​ព័ត៌មាន​ដែល​ថា ​ចិន​​មាន​កិច្ច​ព្រមព្រៀង​សម្ងាត់​ជាមួយ​កម្ពុជា ដើម្បី ​បង្កើត​​មូលដ្ឋាន​ទ័ព​នៅ​លើ​ទឹក​ដី​កម្ពុជា​​។ ប្រទេស​ចិន​បញ្ជាក់​ថា ទំនាក់​ទំនង​ជាមួយ​កម្ពុជា គឺ​ជា​ទំនាក់​ទំនង​ធម្មតា មិន​​មាន​អ្វី​ជា​អាថ៌​កំបាំង​នោះ​ឡើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន លោក ហ្គេង ស័ង (Geng Shuang) ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី២២ កក្កដា​ថា ចិន​ និង​កម្ពុជា​បាន​បង្កើត​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​នៅ​​ទូទាំង​ប្រទេស។ លោក​អះអាង​ថា កិច្ច​សហប្រតិបត្តិការ​នេះ ធ្វើ​ឡើង​ដោយ​បើក​ចំហ ប្រកប​ដោយ​​តម្លាភាព សមភាព និង​ផ្ដល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅ​មក។ លោក​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ កុំ​បក​ស្រាយ​បំផ្លើស​រឿង​នេះ។

ទោះ​ជា​យ៉ាង​ណា ការ​បដិសេធ​នេះ​ទំនង​ជា​មិន​អាច​រំងាប់​ស្ថានការណ៍​បាន​ឡើយ ដោយសារ​តែ​នៅ​ក្នុង​អត្ថបទ​របស់​កាសែត Wall Street Journal របស់​អាមេរិក បាន​រៀប​រាប់​យ៉ាង​លម្អិត​អម​ជាមួយ​រូបភាព​ជា​ច្រើន​ទៀត ដែល​បង្ហាញ​ថា ចិន​ទំនង​ជា​កំពុង​សង់​ទីតាំង​យោធា​ក្នុង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​របស់​កម្ពុជា​ពិត​ប្រាកដ​មែន។ ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ចិន​នឹង​សាង​សង់​កំពង់​ផែ២ នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ដែល​មួយ​សម្រាប់​កម្ពុជា​ និង​មួយ​ទៀត​សម្រាប់​ចិន​ខ្លួន​ឯង។ កិច្ច​ព្រមព្រៀង​នោះ​អនុញ្ញាត​ឱ្យ​ចិន​មាន​សិទ្ធិ​​ដាក់​​កង​ទ័ព​ និង​​​រក្សា​ទុក​គ្រឿង​សព្វាវុធ និង​នាវ​ចម្បាំង​របស់​ខ្លួន​នៅ​ទីនោះ​បាន​ទៀត​ផង។

មន្ត្រី​អាមេរិក​យល់​ថា ទំនង​ជា​ដោយសារ​ហេតុ​ផល​នេះ​ហើយ ទើប​របប​លោក ហ៊ុន សែន បាន​​បដិសេធ​ជំនួយ​របស់​អាមេរិក​ក្នុង​ការ​ជួយ​ជួសជុល​ហេដ្ឋារចនាសម្ពន្ធ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ដែល​របប​នេះ​ធ្លាប់​បាន​ស្នើសុំ​ពី​សហរដ្ឋ​អាមេរិក​ កាល​ពី​ពេល​កន្លងទៅ។

ម្យ៉ាង​វិញ​ទៀត របប​ក្រុង​ភ្នំពេញ​បាន​ត្រឹម​តែ​បដិសេធ​ព័ត៌មាន​នេះ​ប៉ុណ្ណោះ ដោយ​គ្មាន​គម្រោង​អនុញ្ញាត​ឱ្យ​​អ្នក​ជំនាញការ​បរទេស មន្ត្រី​ស្ថានទូត ឬ​អ្នក​សារព័ត៌មាន​ បាន​ចុះ​ទៅដល់​ទីតាំង​ដែល​មាន​ការ​សង្ស័យ​នោះ​ឡើយ ស្រប​ពេល​ទំនាក់​ទំនង​លើ​វិស័យ​យោធា​រវាង​ចិន និង​កម្ពុជា​ កាន់​តែ​ល្អូកល្អឺន​ឡើង​ជា​លំដាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles