រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ មិន​ប្ដឹង​ផ្ដល់​កាសែត​អាមេរិក ឲ្យ​កែ​តម្រូវ​អត្ថបទ​រឿង​កម្ពុជា​ចិន​ចុះ​កិច្ច​ព្រមព្រៀង​យោធា​សម្ងាត់​ទេ

ដោយ មាន ឫទ្ធិ
2019-07-23
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ (រូប៖ ហ្វេសប៊ុក General TEA BANH)
លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ (រូប៖ ហ្វេសប៊ុក General TEA BANH)


រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បដិសេធ​ធ្វើ​ការ​ប្ដឹង​ផ្ដល់​ទៅ​កាសែត The Wall Street Journal ឬ​ទាមទារ​ឲ្យ​ម្ចាស់​កាសែត​នេះ កែ​តម្រូវ ឬ​សុំ​ទោស​ជា​សាធារណៈ ចំពោះ​អត្ថបទ​របស់​ខ្លួន ដែល​ថា កម្ពុជា និង​ចិន បាន​ចុះ​កិច្ច​ព្រមព្រៀង​សម្ងាត់​អនុញ្ញាត​ឲ្យ​យោធា​ចិន​ប្រើប្រាស់​ផ្ដាច់​មុខ​នូវ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ក្បែរ​ខេត្ត​ព្រះសីហនុ។ លោក ទៀ បាញ់ ថ្លែង​ប្រាប់​អាស៊ី​សេរី កាល​ពី​យប់​ថ្ងៃ​ទី២២ កក្កដា​ថា ការ​ធ្វើ​ដូច្នេះ គឺ​ជា​ការ​មិន​ចាំបាច់​នោះ​ទេ៖ «ខ្ញុំ​គិត​ថា វា​ពុំ​មាន​ប្រយោជន៍​ស្អី​ទេ ពីព្រោះ​គេ​មិន​ដែល​ទៅ​ស្ដាប់​អ្វី​ដែល​យើង​មាន​យោបល់​នោះ​ទេ។ យើង​បាន​និយាយ​មិន​ដឹង​ជា​លើក​ទី​ប៉ុន្មាន​ហើយ បញ្ជាក់​មិន​ដឹង​ជា​លើក​ទី​ប៉ុន្មាន​ហើយ គឺ​គេ​នៅ​តែ​និយាយ​ដដែលៗ ហ្នឹង។ ដូច្នេះ ដូច​ជា​ពុំ​មាន​ស្អី​ដែល​ត្រូវ​ធ្វើ​ចំពោះ​គេ​ទៀត​ទេ។ គេ​ចង់​លើក​ឡើង​ប៉ុន្មាន​ដង ក៏​លើក​ចុះ ពី​ព្រោះ​រឿង​ពិត វា​នៅ​តែ​រឿង​ពិត។ ជាក់​ស្ដែង វា​នៅ​តែ​ជាក់​ស្ដែង​តែ​ប៉ុណ្ណឹង»

ឆ្លើយ​តប​នឹង​សំណួរ​ថា តើ​ក្រសួង​ការពារ​ជាតិ​អាច​នឹង​មាន​ផែនការ​ធ្វើ​ដូច​ម្ដេច​បន្ថែម​ទៀត ដើម្បី​ជម្រះ​ការ​ចោទ​ប្រកាន់​នេះ លោក ទៀ បាញ់ ថា រឿង​នេះ​នឹង​មិន​អាច​បញ្ចប់​បាន​ទេ ពី​ព្រោះ​លោក​ថា ក្រុម​អ្នក​ដែល​ចោទ​ប្រកាន់​នោះ មាន​ចេតនា​អូស​បន្លាយ​បញ្ហា​នេះ ដើម្បី​រារាំង​ដល់​ការ​រីក​ចម្រើន​របស់​កម្ពុជា។ លោក​បន្ត​ថា លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​សរសេរ​លិខិត​ឆ្លើយ​បំភ្លឺ​ទៅ​កាន់​អនុ​ប្រធានាធិបតី​អាមេរិក​ជុំវិញ​រឿង​មូលដ្ឋាន​ទ័ព​ចិន​នេះ​ជា​យូរ​មក​ហើយ​ដែរ។ យ៉ាង​ណា​ក៏​ដោយ លោក ទៀ​ បាញ់ ថា កម្ពុជា​មិន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​នេះ​ទេ។

ជុំវិញ​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​ជាតិ និង​អន្តរជាតិ ដែល​ចង់​ឲ្យ​កម្ពុជា​អញ្ជើញ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ចុះ​ទៅ​ពិនិត្យ​មើល​ផ្ទាល់​ដល់​ទីតាំង​នោះ លោក ទៀ បាញ់ ថា កម្ពុជា​មិន​ដែល​បិទ​បាំង​បញ្ហា​នេះ​ឡើយ។ លោក​ថា លោក​ធ្លាប់​បាន​នាំ និង​អញ្ជើញ​ក្រុម​អ្នក​សារព័ត៌មាន​ទាំង​នោះ ឲ្យ​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​នៅ​តាម​ទីតាំង​ចោទ​ជា​បញ្ហា​នោះ ក៏​ប៉ុន្តែ លោក​ថា ក្រុម​អ្នក​សារព័ត៌មាន​ទាំង​នោះ មិន​ដែល​ទទួល​ស្គាល់​ការពិត​នោះ​ទេ ដោយ​សារ​តែ​ពួក​គេ​ចង់​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​កម្ពុជា៖ «ខ្ញុំ​បាន​នាំ ហើយ​បាន​អញ្ជើញ​ឲ្យ​ទៅ​មើល​ទាំង​អស់ ពី​ព្រោះ​ដូចជា គេ​ចោទ​ប្រកាន់​ក្នុង​រឿង​នៅ​កោះកុង​អ៊ីចឹង ឲ្យ​ទៅ​មើល ទៅ​ព្រះលាន​យន្តហោះ​នោះ គឺ​គេ​ធ្វើ​ព្រះលាន​យន្តហោះ​នោះ ធ្វើ​ដើម្បី​អី ហើយ​សម្រាប់​ធ្វើ​អី ដែល​គេ​ចោទ​ថា ជា​មូលដ្ឋាន​យោធា​នោះ។ គឺ​យើង​បាន​អញ្ជើញ​ទៅ​មើល​ទាំង​អស់។ ប៉ុន្តែ អ្នក​ដែល​និយាយ​ហ្នុង គាត់​ថា កម្ពុជា មិន​បាន​អញ្ជើញ​ឲ្យ​គេ​ទៅ​មើល។ យើង​ឲ្យ​ទាំង​បាយ ឲ្យ​ទាំង​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​ទៀត។ តែ​គេ​មិន​និយាយ​ទទួល​ស្គាល់​ទេ គេ​បែរ​ជា​ថា បិទ​មិន​ឲ្យ​ទៅ។ នេះ គឺ​ដោយសារ​តែ​គេ​មិន​បាន​សម្រេច​តាម​បំណង​របស់​គេ ដែល​គេ​ចង់​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​កម្ពុជា។ ដូច្នេះ គេ​មិន​លើក​ស្អី​ដែល​ជា​ការ​ពិត​នោះ​ទេ»

លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ


អាស៊ី​សេរី កំពុង​ព្យាយាម​ទាក់ទង​តាម​សារ​អេឡិចត្រូនិក សុំ​ប្រតិកម្ម​តប​ពី​សំណាក់​សារព័ត៌មាន The Wall Street Journal ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​លោក ហ៊ុន សែន ដែល​ថា សារព័ត៌មាន​នេះ បាន​ចុះ​ផ្សាយ​ព័ត៌មាន «ក្លែងក្លាយ» ទាក់ទង​នឹង​រឿង​កម្ពុជា និង​ចិន បាន​ចុះ​កិច្ច​ព្រមព្រៀង​សម្ងាត់ អនុញ្ញាត​ឲ្យ​យោធា​ចិន​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ផ្ដាច់​មុខ​នេះ។ ក៏ប៉ុន្តែ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ អាស៊ី​សេរី​នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles