កម្ពុជា​វៀតណាម​អបអរ​ការងារ​ព្រំដែន​ហើយ​ប្តេជ្ញា​ដោះស្រាយ​ចំណុច​សេសសល់

នយោបាយ


រូបឯកសារ៖ ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម​នៅក្នុង​រាជធានី​ភ្នំពេញ​។ (ហ៊ាន សុជា​តា​/VOA)


23 កក្កដា 2019
វីអូអេខ្មែរ

ប្រទេស​កម្ពុជា​និង​វៀតណាម​បាន​​បោះ​បង្គោល​លើ​​ព្រំដែន​ចម្ងាយ ​១.០៤២គីឡូម៉ែត្រ​ លើ​បន្ទាត់​ព្រំដែន​​ដែល​មាន​ចម្ងាយ ​១.១៣៧គីឡូម៉ែត្រ​ ហើយ​​បាន​បោះបង្គោល​ព្រំដែន​ចំនួន​ ៣១៥​បង្គោល ​ក្នុង​ចំណោម​បង្គោល​ចំនួន​ ៣៧១។

អ្នកការទូត​ជាន់ខ្ពស់​កម្ពុជា​និង​វៀតណាម​បាន​សម្តែង​ការជឿជាក់​ថា​ឯកសារ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរនឹង​រៀបចំ​រួចរាល់​នៅ​ឆ្នាំ​២០១៩​ ដើម្បី​ទទួល​ស្គាល់ការងារ​ខ័​ណ្ឌសីមា​ដែន​គោក​ដែល​បាន​បោះបង្គោល​រួចរាល់​ចំនួន​៨៤​ភាគរយ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​ក្រសួង​ការបរទេស​កម្ពុជា​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ។​

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ជំនួប​រវាង​លោក​ ប្រាក់ សុខុន ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ជាមួយ​នឹង​លោក​ង្វៀន គួកយុង ​អនុរដ្ឋ​មន្ត្រី​ការបរទេស​វៀតណាម​កាលពីថ្ងៃសុក្រ​កន្លង​មកនេះ។​

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ថែម​ថា​កម្ពុជា​និង​វៀតណាម​ក៏​បាន «​ប្តេជ្ញា​ជាថ្មី​ខិតខំ​ពន្លឿន​ការ​រក​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​១៦​ភាគរយ​មិន​ទាន់​ដោះស្រាយ​‍» ​ផងដែរ​ ដោយ​អនុលោម​ទៅតាម​ច្បាប់​អន្តរជាតិ​ និង​គោលការណ៍​ខ្សែ​ព្រំដែន​តាម​កេរ្តិ៍​ដំណែល​មិន​កែប្រែ។

ប្រទេស​កម្ពុជា​និង​វៀតណាម​បានបោះ​បង្គោល​លើព្រំដែន​ចម្ងាយ ​១.០៤២គីឡូម៉ែត្រ​ លើ​បន្ទាត់​ព្រំដែនដែល​មាន​ចម្ងាយ ​១.១៣៧គីឡូម៉ែត្រ​ ហើយបាន​បោះបង្គោល​ព្រំដែន​ចំនួន​ ៣១៥​បង្គោល ​ក្នុង​ចំណោម​បង្គោល​ចំនួន​ ៣៧១។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​វៀតណាម​ដោយ​ដកស្រង់​ប្រភព​ពី​គណៈកម្មាធិការ​ព្រំដែន​ជាតិ​របស់​ក្រសួង​ការបរទេស​វៀតណាម។​

កម្ពុជា​ក៏​ធ្លាប់​បាន​សម្តែង​ការ​មិន​យល់ស្រប​ជាចំហរ​ផងដែរ​កាលពីឆ្នាំ​មុន​ក្រោយ​ពី​កងទ័ព​វៀតណាម​បាន​បោះ​បង្គោលព្រំដែន​ជាឯកតោ​ភាគី​នៅ​តាម​តំបន់​ដែល​មិន​ទាន់​ឯកភាព​គ្នា​នៅ​តំបន់ព្រំដែន​សមុទ្រ​ក្បែរកោះ​សេះ​ដែល​ជិត​នឹង​កោះត្រល់​ហើយ​បាន​ទាមទារ​ឱ្យ​វៀតណាម​ដក​យក​បង្គោលនេះ​វិញ។ នេះ​បើតាម​កំណត់ការទូតចុះថ្ងៃទី​២៣កក្កដា​ឆ្នាំ​២០១៨ដែល​វីអូអេ​ទទួល​បាន។

What Next?

Recent Articles