លោក សម រង្ស៊ី ថា មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​​ត្រូវ​ការ​កម្លាំង​យោធា​ចិន​​ដើម្បី​ការពារ​អំណាច​របស់​ខ្លួន

ដោយ ជុន ច័ន្ទបុត្រ
2019-07-23
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ប្រធាន​គណបក្ស​ ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ សង្គ្រោះ​ជាតិ។ រូប៖ ហ្វេសប៊ុក លោក ហ៊ុន សែន និង RFA/Sorn Chanratha
លោក ហ៊ុន សែន ប្រធាន​គណបក្ស​ ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ សង្គ្រោះ​ជាតិ។ រូប៖ ហ្វេសប៊ុក លោក ហ៊ុន សែន និង RFA/Sorn Chanratha


សម្ភាស​លោក សម រង្ស៊ី ជុំវិញ​ដំណោះ​ស្រាយ​ឥទ្ធិពល​ចិន​នៅ​កម្ពុជា


មេដឹកនាំ​បក្ស​ប្រឆាំង​អះអាង​ថា លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​ការ​កម្លាំង​យោធា​ចិន ដើម្បី​ការពារ​អំណាច​របស់​ខ្លួន ដូច្នេះ​បាន​ជា​លោក​ដាក់​កម្ពុជា​នៅ​ក្រោម​អាណានិគម​របស់​ចិន។ របប​ក្រុង​ភ្នំពេញ​បាន​ច្រាន​ចោល​ការ​លើកឡើង​នេះ និង​ថា លោក សម រង្ស៊ី ទំនង​ជា​មាន​បញ្ហា​ខួរ​ក្បាល​ទើប​បាន​ជា​ថ្លែង​សារ​បែប​នេះ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន សប្បាយ​ចិត្ត​ក្នុង​ការ​ដាក់​កម្ពុជា​ក្រោម​ការ​គ្រប់គ្រង​របស់​ចិន ដោយសារ​មូលហេតុ​​២ យ៉ាង។ ទី​មួយ​ លោក ហ៊ុន សែន ខ្ចី​បំណុល​ពី​ចិន​ច្រើន​ពេក ហើយ​គ្មាន​លទ្ធភាព​សង ដូច្នេះ​​លោក​​គ្មាន​អ្វី​ក្រៅពី​ប្រគល់​ទឹក​ដី​ខ្មែរ​ឱ្យ​ទៅ​ចិន​គ្រប់គ្រង​នោះ​ឡើយ។ ទីពីរ លោក ហ៊ុន សែន ត្រូវ​ការ​កម្លាំង​យោធា​របស់​ចិន ដើម្បី​ត្រៀម​បង្ក្រាប​កម្លាំង​ខ្មែរ​អ្នក​ស្នេហា​ជាតិ ដែល​ចង់​ទាម​ទារ​សេរីភាព យុត្តិធម៌ និង​លទ្ធិ​ប្រជាធិបតេយ្យ ឬ​ក្រុម​អ្នក​ចង់​ទម្លាក់​លោក​ចេញ​ពី​អំណាច។

លោក​យល់​ថា លោក ហ៊ុន សែន បាន​ជ្រុល​ខ្លួន​ក្នុង​រឿង​នេះ​ហើយ ទើប​មិន​អាច​ដក​ខ្លួន​ចេញ​ពី​កណ្ដាប់​ដៃ​របស់​ចិន​បាន។ លោក​បន្ត​ថា អ្វី​ដែល​ចិន​ចង់​បាន​ខ្លាំង​ជាង​គេ​ពី​កម្ពុជា​នោះ គឺ​មូលដ្ឋាន​យោធា​ សម្រាប់​គំរាម​កំហែង​ ឬ​ឈ្លានពាន​ប្រទេស​ជិតខាង។ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ជឿជាក់​ថា ដើម្បី​ឱ្យ​ចិន​បញ្ឈប់​ការ​សាង​សង់​មូលដ្ឋានទ័ព​របស់​ខ្លួន​នៅ​កម្ពុជា សហគមន៍​អន្តរជាតិ និង​ពលរដ្ឋ​ខ្មែរ ត្រូវ​តែ​ដក​លោក ហ៊ុន សែន ចេញ​ពី​តំណែង​ជា​បន្ទាន់។ លោក​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ ក៏​ដើម្បី​ឱ្យ​កម្ពុជា​ប្រកាន់​ខ្ជាប់​នូវ​អព្យាក្រឹត្យ​ភាព​របស់​ខ្លួន ស្រប​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ១៩៩១ ផង​ដែរ។

លោក សម រង្ស៊ី ថ្លែង​បែប​នេះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី២២ កក្កដា បន្ទាប់​ពី​សារព័ត៌មាន​ដ៏​ធំ​មួយ​របស់​​សហរដ្ឋ​អាមេរិក​ឈ្មោះ Wall Street Journal បាន​ចុះ​ផ្សាយ​ថា របប​លោក ហ៊ុន សែន ​បាន​ចុះ​​កិច្ច​ព្រមព្រៀង​ជា​សម្ងាត់​ជាមួយ​រដ្ឋាភិបាល​ចិន កាល​ពី​ប៉ុន្មាន​ខែមុន​នេះ ដើម្បី​អនុញ្ញាត​ឱ្យ​កង​ទ័ព​ចិន​​​បោះ​ទីតាំង​ឈរ​ជើង​ក្នុង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​របស់​កម្ពុជា។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​លើក​ឡើង​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​​រូប​នេះ។ លោ​ក​ថា ការ​​ឡើង​កាន់​អំណាច ឬ​រក្សា​អំណាច​របស់​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​ធ្វើ​​ឡើង​តាម​រយៈ​ការ​បោះឆ្នោត។ លោក​​បន្ត​​ថា ការ​អំពាវនាវ​ឱ្យ​​សហគមន៍​​អន្តរជាតិ និង​ពលរដ្ឋ​ខ្មែរ​ដក​នាយក​រដ្ឋ​មន្ត្រី​ចេញ​ពី​អំណាច​នោះ គឺជា​គំនិត​បែប​វិកល​ចរិត។ លោក​ទទួល​ស្គាល់​ថា កម្ពុជា​ខ្ចី​លុយ​ច្រើន​ពី​ប្រទេស​ចិន​មែន ក៏​ប៉ុន្តែ​កម្ពុជា​មាន​លទ្ធភាព​សង​ចិន​វិញ មិន​មែន​យក​អធិបតេយ្យ​ជាតិ​ទៅ​ប្ដូរ​នោះ​ឡើយ៖ «ការ​លើក​​ឡើង​នេះ​ វា​បង្ហាញ​ពី​​លក្ខណៈ​របស់ សម រង្ស៊ី លែង​ជា​អ្នក​នយោបាយ​ហើយ ទៅ​ជា​អ្នក​វិកល​ចរិត​នយោបាយ​ទៅវិញ ដ្បិត​ការ​រក្សា​អំណាច​ ការ​ឡើង​ទៅកាន់​អំណាច​តាម​រយៈ​ការ​បោះឆ្នោត​នៃ​ការ​ជ្រើស​រើស​របស់​មហាជន​ មិន​មែន​ដោយ​​សារ​បរទេស​ណា​នោះ​ទេ។ ខុស​ប្លែក​ពី​សម រង្ស៊ី ដែល​តែង​តែ​យក​បរទេស​ដើម្បី​ឱ្យ​គេ​ជូន​មក ដើម្បី​ឱ្យ​ខ្លួន​ឯង​កាន់​អំណាច»

របប​លោក ហ៊ុន សែន បាន​បដិសេធ​ថា របប​នេះ​​មិន​​បាន​​​ហត្ថលេខា​​ជា​សម្ងាត់​ណា​មួយ​ជា​មួយ​ប្រទេស​ចិន ដើម្បី​អនុញ្ញាត​​ឱ្យ​​កង​​ទ័ព​​ចិន​ប្រើប្រាស់​​មូលដ្ឋាន​​ទ័ព​​ជើង​ទឹក​កម្ពុជា​នោះ​ឡើយ។ របប​នេះ​បាន​ចាត់​ទុក​​ការ​ចុះ ផ្សាយ​ព័ត៌មាន​នេះ​ថា ជា​ការ​​បំផ្លើស​ព័ត៌មាន​ដើម្បី​ប្រឆាំង​នឹង​​ខ្លួន។

ទោះ​ជា​យ៉ាង​ណា កាសែត Wall Street Journal បាន​ចុះ​ផ្សាយ​ដោយ​ស្រង់​សម្ដី​​មន្ត្រី​​សហរដ្ឋ​អាមេរិក​ថា សេចក្ដី​ព្រាង​នៃ​កិច្ច​ព្រមព្រៀង​បង្ហាញ​ថា របប​ក្រុង​ភ្នំពេញ​បាន​ផ្ដល់​​សិទ្ធិ​ផ្ដាច់​មុខ​ឱ្យ​​​ភាគី​​ចិន ​​កាន់​​កាប់​​ផ្ទៃ​ដី ២៥ហិកតារ​នៃ​ផ្ទៃដី​​សរុប​​ជាង ៧០ហិកតារ​នៃ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​ ក្នុង​ខេត្ត​ព្រះសីហនុ។ សេចក្ដី​ព្រាង​នេះ​​​បាន​​អនុញ្ញាត​ឱ្យ​កង​ទ័ព​ចិន​​​ប្រើប្រាស់​​មូលដ្ឋាន​ទ័ព​​នោះ ​រយៈពេល​៣០ ឆ្នាំ ហើយ​កុង​ត្រា​នេះ​អាច​បន្ត​​​ទៀត​ដោយ​​ស្វ័យ​ប្រវត្តិ ជា​​​រៀង​រាល់ ១០ឆ្នាំ​ម្តង បន្ទាប់​ពី​នោះ។ ប្រភព​ដដែល​​ឱ្យ​ដឹង​ទៀត​ថា របប​លោក ហ៊ុន សែន បាន​អនុញ្ញាត​​ឱ្យ​ភាគី​ចិន​ដាក់​​កងទ័ព និង​រក្សា​ទុក​​អាវុធ​យុទ្ធភណ្ឌ និង​​នាវា​ចម្បាំង​របស់​ខ្លួន​នៅ​លើ​ទីតាំង​នោះ​ទៀត​ផង។ ជាង​នេះ​ទៅទៀត របប​ក្រុង​ភ្នំពេញ​បាន​អនុញ្ញាត​ឱ្យ​មន្ត្រី​យោធា​ចិន​កាន់កាប់​អាវុធ និង​កាន់​លិខិត​ឆ្លង​ដែន​កម្ពុជា ហើយ​បើ​​​ពលរដ្ឋ​ខ្មែរ​ណា​ចង់​ចូល​ទៅ​ទីតាំង​ដី ២៥ហិកតារ​ក្រោម​ការ​គ្រប់​គ្រង​របស់​ចិន​ក្នុង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​​នោះ គឺ​ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ពី​ភាគី​ចិន​ជា​មុន​សិន។​

អនុប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា និង​ជា​អ្នក​សិក្សា​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ លោក ស​ ម៉ូរី ថ្លែង​ថា កម្ពុជា​ជា​ប្រទេស​យុទ្ធសាស្ត្រ​សំខាន់​សម្រាប់​ចិន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ជាពិសេស​ក្នុង​បរិបទ​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។ លោក​បន្ត​ថា ការ​មាន​មូលដ្ឋាន​ទ័ព​នៅ​កម្ពុជា នឹង​ជួយ​ពង្រីក​​ឥទ្ធិពល​របស់​ចិន​កាន់​តែ​ខ្លាំង​ក្នុង​ការ​គ្រប់​គ្រង​តំបន់​ជម្លោះ ហេតុដូច្នេះ​ហើយ​ទើប​ក្រុង​ប៉េកាំង​ផ្ដល់​ជំនួយ​ច្រើន​សន្ធឹក​សន្ធាប់​ដល់​រដ្ឋាភិបាល​កម្ពុជា និង​សន្យា​ជួយ​កម្ពុជា​គ្រប់​កាលៈទេសៈ ដើម្បី​ឱ្យ​កម្ពុជា​ជួយ​គាំទ្រ​ចិន​វិញ។

លោក​បញ្ជាក់​​ថា ស្ថិត​ក្នុង​ស្ថានភាព​បែបនេះ​កម្ពុជា​រឹត​​តែ​ត្រូវ​រក្សា​នូវ​អព្យាក្រឹត្យ​របស់​ខ្លួន ដោយ​មិន​​អាច​បង្ហាញ​​ជំហរ​លម្អៀង​ខ្លាំង​ទៅ​រក​ក្រុង​ប៉េកាំង ដូច​អ្វី​ដែល​កម្ពុជា​ធ្លាប់​បាន​ធ្វើ​នោះ​ឡើយ។ មូលហេតុ គឺ​ដោយសារ​ដង្ហើម​សេដ្ឋកិច្ច​របស់​កម្ពុជា​ស្ថិត​នៅ​អាមេរិក និង​អឺរ៉ុប មិន​មែន​ចិន​ឡើយ ហើយ​ក្រុម​ប្រទេស​លោក​ខាង​លិច​ទាំងនេះ ​កំពុង​ព្យាយាម​រាំង​ខ្ទប់​ឥទ្ធិពល​របស់​ចិន ដែល​កំពុង​លេច​ត្រដែត​ឡើង​លើ​ឆាក​អន្តរជាតិ។ លោក​សង្កត់​ធ្ងន់​ថា​ បើ​កម្ពុជា​ជ្រើស​រើស​យក​ចិន​ជា​ខ្នង​បង្អែក​តែមួយ នោះ​មានន័យ​ថា កម្ពុជា​នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​មហាអំណាច​លោក​ខាងលិច ហើយ​កម្ពុជា​នឹង​ខាត​បង់​ប្រយោជន៍​ជាតិ​របស់​ខ្លួន​ដោយសារ​តែ​ជំហរ​បែប​នេះ៖ «គោល​នយោបាយ​​ការ​បរទេស​ដែល​​ពឹង​ផ្អែក​លើ​​ប្រទេស​តែ​ម្ខាង ​អត់​ជោគ​ជ័យ​ទេ។ ទាល់​តែ​យើង​ធ្វើ​យ៉ាង​ម៉េច​ធានា​ថា គោលនយោបាយ​ការ​បរទេស​របស់​យើង គឺ​ត្រូវ​តែ​មាន​តុល្យភាព​រវាង​មហា​អំណាច​ណាមួយ។ អ៊ីចឹង​ប្រវត្តិសាស្ត្រ​​កន្លងមក​​នេះ អាច​ឱ្យ​យើង​រៀន​សូត្រ​បាន​ថា បើ​គោលនយោបាយ​របស់​យើង​ពឹង​ផ្អែក​ទៅលើ​ប្រទេស​មហាអំណាច​ណាមួយ​ គឺ​យើង​អត់​បាន​សុខ​នោះ​ទេ។ អ៊ីចឹង​ហើយ ខ្ញុំ​គិត​ថា ប្រទេស​កម្ពុជា​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់​ជា​ចាំបាច់​ ហើយ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ធានា​តុល្យភាព​រវាង​គោលនយោបាយ​ការ​បរទេស​ទាំង​អស់​ហ្នឹង»

ជាង​កន្លះ​សតវត្ស​មក​នេះ មហាអំណាច​កុម្មុយនិស្ត​ចិន​បាន​លូកដៃ​យ៉ាង​​ជ្រៅ​​ក្នុង​​វិស័យ​នយោបាយ និង​សេដ្ឋកិច្ច​របស់​ខ្មែរ ហើយ​អន្តរាគមន៍​​របស់​ចិន​ច្រើន​​តែ​ផ្ដល់​ទុក្ខទោស ជា​​ជាង​ការ​នាំមក​​នូវ​ប្រយោជន៍​ពិត​ប្រាកដ​ដល់​ប្រជាជាតិ​​​ដ៏​កម្សត់​មួយ​នេះ។

ជាឧទាហរណ៍ អំឡុង​ទសវត្ស​ទី៧០ ក្រុង​ប៉េកាំង​បាន​ផ្ដល់​ជំនួយ​ដល់​ក្រុម​ឧទ្ទាម​ខ្មែរ​ក្រហម​​ក្នុង​ការ​ច្បាំង​ទល់​​នឹង​ទាហាន​សាធារណរដ្ឋ​ខ្មែរ រហូត​ទទួល​បាន​ជ័យជំនះ​ឡើង​កាន់​អំណាច។ ពេញ​មួយ​សម័យ​ខ្មែរ​ក្រហម ចិន​គឺ​ជា​ខ្នង​បង្អែក​ ដែល​​ផ្ដល់​​ទាំង​លុយ​កាក់ និង​គ្រឿង​សព្វាវុធ​ដល់​របប​អាវ​ខ្មៅ​មួយ​​នេះ ដែល​បណ្ដាល​ឱ្យ​ប្រជា​​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត។ ក្រោយ​ការ​​ដួល​រំលំ​​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ចិន​កុម្មុយនិស្ត​បាន​បន្ត​ជួយ​ក្រុម​ខ្មែរ​ក្រហម​នៅ​តាម​ព្រំដែន​​ខ្មែរថៃ ឱ្យ​ច្បាំង​ទល់​នឹង​ទាហាន​​វៀតណាម និង​ទាហាន​របប ហេង សំរិន រហូតដល់​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ១៩៩១។

ឥទ្ធិពល​របស់​ក្រុង​​ប៉េកាំង​លើ​​​កម្ពុជា ហាក់​បាន​ថមថយ​បន្តិច​នៅ​អំឡុង​​ទស្សវត្សទី៩០ ក៏​ប៉ុន្តែ​បាន​លេច​ត្រដែត​ឡើង​វិញ ក្រោយ​ពេល​លោក ហ៊ុន សែន កម្ទេច​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​បាន​ដោយ​ជោគជ័យ ហើយ​បាន​ចាប់​យក​មហាអំណាច​កុម្មុយនិស្ត​មួយ​នេះ ជា​ខ្នង​បង្អែក​ដ៏​​រឹង​មាំ​របស់​ខ្លួន។

នៅ​ក្នុង​​ដំណាក់​កាល​ចុង​ក្រោយ​នេះ​វិញ ចិន​​បាន​ប្រកាស​គាំទ្រ​របប​ក្រុង​​ភ្នំពេញ​​ចំពោះ​ចំណាត់​​ការ​ចាប់​ខ្លួន​លោក កឹម សុខា រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ។ ជា​ពិសេស​មហា​អំណាច​កុម្មុយនិស្ត​មួយ​នេះ បាន​ប្រកាស​គាំទ្រ​ការ​បោះឆ្នោត​​បែប​បង្គ្រប់​កិច្ច ដែល​របប​ក្រុង​ភ្នំពេញ​បាន​រៀប​ចំឡើង ដើម្បី​ប្រមូល​យក​​អំណាច​រដ្ឋ​ទាំង​អស់​​មក​កាន់​កាប់​តែម្នាក់​ឯង។

ទង្វើ​របស់​ក្រុង​ប៉េកាំង​នេះ ត្រូវ​បាន​​សហគមន៍​​អន្តរជាតិ​​ចាត់​​ទុក​ថា ថា​ជា​ការ​ចូល​ដៃ​គាស់​រំលើង​គ្រឹះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​តាម​​រយៈ​ការ​ជួយ​ជ្រោមជ្រែង​ពី​​ចិន​នេះ​ឯង​​​​​ ទើប​ក្រុម​​មេដឹកនាំ​​របប​ក្រុង​ភ្នំពេញ ​​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រែ​​ក្លាយ​កម្ពុជា​ទៅ​​ជា​ប្រទេស​ឯក​បក្ស​ ប្រាស​ចាក​រដ្ឋធម្មនុញ្ញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "លោក សម រង្ស៊ី ថា មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​​ត្រូវ​ការ​កម្លាំង​យោធា​ចិន​​ដើម្បី​ការពារ​អំណាច​របស់​ខ្លួន"

  1. so socheath says:

    ចន្លួញ !
    ……..
    កសិករគ្រប់រូប បេីនៅអឺរ៉ុប ពេលគេបរគោដោយទឹមវាជា
    មួយរទេះ គេប្រេីខ្សែតី ដេីម្បីវាយដេញជម្រុញវា ឲ្យប្រឹងដេីរ
    ទៅមុខ ។
    នៅប្រទេសអាសុី កសិករ ប្រេីចន្លួញ ដែលធ្វេីពីឫស្សី បោះ
    បញ្ចូលដែកគោល កាល់ក្បាលដែកគោល ហេីយសំលៀង
    មុខដែកគោលដែលកាត់នោះ ឡេីងមុតស្រួច សម្រាប់ចាក់
    គូថគោ ដេីម្បីដេញជម្រុញវាឲ្យប្រឹងដេីរទៅ ឬចាក់ដេញ
    បំបោល ឲ្យគោរត់លឿនទៅមុខ ឆាប់ដលទីដៅដែលគេ
    ចង់ទៅ ។
    គោពិតជាចេះស្តាប់បញ្ជារ ជាងអាពូជឆ្កែសមរង្សុី ។
    អាពូជឆ្កែនេះ ប្រមូលលុយ៣០មុឺនដុល្លារ ពីពួកអាល្ងង់
    មីល្ងង់នៅក្រៅស្រុក ជាមួយការវិលចូលកម្ពុជា ដេីម្បីមកជាប់
    ខ្នោះច្រវ៉ាក់តាមទោសកំហុសដែលវាបានប្រព្រឹត្ត គឺជាគំនឹត
    ផ្តួចផ្តេីមរបស់វា ។
    តែឥឡូវយ៉ាងម៉េច ទោះយកចន្លួញ ទៅចាក់គូថវា ក៏វាមិន
    ហ៊ានមកដែរ ជាមួយភាសាថា ហ៊ុន សែន ខ្លាចវាទេីបទប់ស្កាត់
    មិនឲ្យវាមក ?
    វាថាហ៊ុន សែន ខ្លាចវា តែបែរជាអាពូជឆ្កែសមរង្សុី
    វាមិនហ៊ានមកទៅវិញតេីសម្តីនេះ មានន័យថាម៉េច ?
    តេីវាមិនមែនជាសម្តីភូតភរ បោកប្រាស យ៉ាងត្រឡប់
    ត្រឡិន របស់អាពូជឆ្កែសមរង្សុី ទេឬ ?
    ឱ! លោក អ្នកដ៏ល្ងង់ខ្លៅ តែស្រេកឃ្លានអំណាច តាមរយៈ
    ពាក្យសន្យាខ្យល់ខ្ចប់ របស់អាថោកជាងឆ្កែ សមរង្សុី+កឹមសុខា
    ទាំងឡាយអេីយ !
    លោកអ្នកល្មមភ្ញាក់ ពីការយល់សប្តិ៍ដ៏អពមង្គលនេះហេីយ។
    អាថោកជាងឆ្កែពីរក្បាលនេះ វាធ្វេីនយោបាយ បោកលោកអ្នក
    សុី យកលុយធ្វេីមានបាន នឹងខ្ចីកម្លាំងលោកអ្នកប្លន់យក
    អំណាច ដែលមិនប្រកបតាមលទ្ធិប្រជាធិបតេយ្យតែប៉ុណ្ណោះ។
    អាថោកជាងឆ្កែពីរក្បាលនេះ គ្មានវាសនា បានធ្វេីនយោបាយ
    បោកប្រាសបានទៀតទេ ព្រោះពួកវាគឺជាជនក្បត់ជាតិ។
    សុំកុំមេីលស្រាលលុយ១០,២០,១០០,២០០ដុល្លារយក
    ទៅឲ្យវាបោកប្រាសចាយលេងឲ្យសោះ ។
    លុយទាំងនេះ មានតម្លៃណាស់ បេីលោកអ្នកប្រេីវាចំគោលដៅ
    នោះគឺកិត្តយស និងសេចក្តីថ្លៃថ្នូររបស់លោកអ្នកជាក់ជា
    មិនខាន ៕