អាជ្ញាធរ ហៅ​អ្នកលក់​នំបញ្ចុក​ម្នាក់សួរនាំ​ដោយ​សង្ស័យថាធ្វើ​សកម្មភាពប្រមូលកម្លាំងគាំទ្រលោក សម រង្ស៊ី​

សកម្មជនអតីតគណបក្សសង្គ្រោះជាតិម្នាក់នៅភ្នំពេញលោក ឈួ ផេង ចូលរួម​សិក្ខាសាលាមួយ (រូបភាព៖ហ្វេសប៊ុករបស់លោក ឈួ ផេង)

សកម្មជនអតីតគណបក្សប្រឆាំងម្នាក់ ត្រូវបានអាជ្ញាធរសង្កាត់ដង្កោ ខណ្ឌដង្កោ ហៅសួរនាំដោយសង្ស័យថា លក់នំបញ្ចុកបន្លំធ្វើសកម្មភាពប្រមូល​កម្លាំង​គាំទ្រលោក​ សម រង្ស៊ី​។

សកម្មជនអតីតគណបក្សសង្គ្រោះជាតិម្នាក់នៅភ្នំពេញលោក ឈួ ផេង ប្រាប់វីអូឌីថា ចៅសង្កាត់ដង្កោបានហៅលោកទៅសួរនាំនៅសាលាសង្កាត់នៅថ្ងៃនេះ ដោយសារតែអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិតែងតែ​​ទៅជួបជុំទទួលទាន​បាយ និងនំ​​បញ្ចុកនៅផ្ទះរបស់គាត់។

សកម្មជនអតីតគណបក្សសង្គ្រោះជាតិរូបនេះឲ្យដឹងថា​រាល់ថ្ងៃផ្ទះរបស់គាត់ បើកហាងលក់ដូរតូចមួយមានលក់បាយ និងនំបញ្ចុក ហើយមានអ្នកគាំទ្រអតីតគណបក្សសង្រ្គោះ​ជាតិ​ជាច្រើននាក់តែងតែជួបជុំទទួលទាន​នៅទីនោះ។

លោក ឈួ ផេង បន្តថា ពេលកំពុងសួរនាំនោះចៅសង្កាត់ដង្កោ អ្នកស្រី សឿន សិរី បានព្រមានមិនឲ្យលោកបើកហាងលក់ដូរដើម្បីបន្លំធ្វើសកម្មភាពពាក់ព័ន្ធនយោបាយនោះឡើយ។

លោក បន្ថែមថា៖«គាត់សួរនាំខ្ញុំហ្នឹង ខ្លាចខ្ញុំជួបជុំគ្នាធ្វើសកម្មភាពប្រមូលកម្លាំងគាំទ្រលោក សមរង្ស៊ី ពេលត្រឡប់ចូលស្រុកវិញហ្នឹង។ ប៉ុន្តែខ្ញុំប្រាប់​គាត់ថា ខ្ញុំមិនបានធ្វើអីពាក់ព័ន្ធនយោបាយនោះទេ។ ខ្ញុំគ្រាន់តែជាអ្នកលក់ដូរធម្មតាទេ បើភ្ញៀវគេចង់និយាយអីវាជារឿងរបស់គេទេ។ ខ្ញុំគ្មានសិទ្ធិទៅបិទមាត់ទេ»

សកម្មជនអតីតគណបក្សសង្គ្រោះជាតិរូបនេះ បានបង្ហាញការព្រួយបារម្ភពីសុវត្តិភាព ក្រោយពីអាជ្ញាធរហៅសួរនាំ ដោយថាខ្លាចគេលាបពណ៌ដើម្បីទំលាក់កំហុស។

កាលពីអំឡុងខែឧសភា ឆ្នាំ២០១៩​ សកម្មជនអតីតគណបក្សសង្គ្រោះជាតិជាង២០នាក់ ត្រូវបានតុលាការខេត្តបាត់ដំបងកោះហៅមកសាកសួរជុំវិញការចោទថា ពួកគេបានធ្វើសកម្មភាពនយោបាយបំពានទៅសាលដីការបស់តុលាការកំពូលពាក់ព័ន្ធនឹងការរំលាយអតីតបក្សប្រឆាំង។ ​ពួកគេមួយចំនួនអះអាងថា ការកោះហៅនោះពាក់ព័ន្ធនឹងការហូបនំបញ្ចុករួមគ្នារបស់ពួកគាត់កន្លងមក។ ក្រៅពីនេះ អតីតសកម្មជន និងមន្ត្រីបក្សប្រឆាំងនៅខេត្តកំពង់ធំប្រមាណ​ ៣០នាក់ទៀត ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានកោះហៅសាកសួរ ពាក់ព័ន្ធការបរិភោគនំបញ្ចុកជុំគ្នានេះដែរ។

ទោះយ៉ាងណាក៏ដោយ កាលពីថ្ងៃទី៦ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា នំបញ្ចុកជាអត្តសញ្ញាណជាតិខ្មែរ ដោយមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់គណបក្សនយោបាយណាមួយនោះឡើយ។ លោកបញ្ជាក់ថា នំបញ្ចុកមិនមែនជាបញ្ហាធ្វើឱ្យបែកបាក់ជាតិនោះទេ ប៉ុន្តែ នំបញ្ចុកជាការបង្ហាញឯកភាពជាតិ សាមគ្គីជាតិខ្មែរ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

3 Responses to "អាជ្ញាធរ ហៅ​អ្នកលក់​នំបញ្ចុក​ម្នាក់សួរនាំ​ដោយ​សង្ស័យថាធ្វើ​សកម្មភាពប្រមូលកម្លាំងគាំទ្រលោក សម រង្ស៊ី​"

  1. Anonymous says:

    នំបញ្ចុកជាអត្តសញ្ញាណជាតិខ្មែរ ដោយមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់គណបក្សនយោបាយណាមួយនោះឡើយ។ នំបញ្ចុកមិនមែនជាបញ្ហាធ្វើឱ្យបែកបាក់ជាតិនោះទេ ប៉ុន្តែ នំបញ្ចុកជាការបង្ហាញឯកភាពជាតិ សាមគ្គីជាតិខ្មែរ​

  2. so socheath says:

    សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ​មានប្រសាសន៍ថា នំបញ្ចុកជាអត្តសញ្ញាណជាតិខ្មែរ ​មិនមែនជា
    កម្មសិទ្ធិផ្តាច់មុខរបស់គណបក្សនយោបាយណាមួយនោះឡើយ។ សម្តេចបញ្ជាក់ថា នំបញ្ចុកមិនមែនជាបញ្ហាធ្វើឱ្យបែកបាក់ជាតិនោះទេ ​ នំបញ្ចុកជាការបង្ហាញឯកភាពជាតិ សាមគ្គីជាតិខ្មែរ ​។
    តែគេមិនអាចយកប្រសាសន៍នេះ ទៅធ្វើការកែច្នៃ ដើម្បីបំរើឲ្យការជួបជុំ ដើម្បីបំរើឲ្យឧបាយកលបំផ្លាញជាតិ ក្បត់ជាតិរបស់សមរង្ស៊ី និងកឹមសុខា​នោះទេ ។
    ហេតុផលដែលហៅសាកសួរគឺបែបនេះ ។ ព្រោះថាបំរាមនយោបាយ តាមផ្លូវច្បាប់ ចំពោះគណបក្សក្បត់
    ជាតិសង្គ្រោះជាតិ ទាំងមេដឹកនាំ និងទាំងសកម្មជនអតីតបក្សនេះ គឺមិនអាចរំលោភបំបានទេ ។
    នេះត្រូវចាំឲ្យច្បាស់ កុំឡប៉ ! ។

  3. so socheath says:

    អតីតព្រះរាជអាជ្ញាតុលាការកំពូល និងជាមេធាវីអាមេរិក ព្រមានពីផលប៉ះពាល់នៃសេចក្តីព្រាងច្បាប់ស្តីពី «លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ដែលនឹងធ្វើឲ្យសហរដ្ឋអាមេរិកខាតបង់ប្រយោជន៍ធំ
    (វ៉ាស៊ីនតោន)៖ មេធាវីអាមេរិកមួយរូបគឺលោក គ្រីស្តូហ្វើរ៍ ប៊ឺរេស (Christopher Beres) បាននិយាយថា សេចក្ដីព្រាងច្បាប់ស្ដីពីលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា អាចនឹងបំផ្លាញដល់ផលប្រយោជន៍យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងស្វះស្វែងទប់ស្កាត់ការរីកសាយ នៃឥទ្ធិពលប្រទេសចិននៅក្នុងតំបន់ នេះបើយោងសារព័ត៌មានអាមេរិកហ្វ្លូរីដា ដេលី Florida Daily ចេញផ្សាយថ្មីៗនេះ។
    យោងតាមលោកគ្រីស្តូហ្វើរ៍ ប៊ឺរេស Christopher Beres សេចក្ដីព្រាងច្បាប់ស្ដីពីប្រជាធិបតេយ្យ
    នៅកម្ពុជា ( The Cambodia Democracy Act) មានកំហុសតាំងតែពីចំណុចផ្ដើមមកម្ល៉េះ ពីព្រោះច្បាប់នេះឈរលើឆន្ទៈរបស់ គណបក្សនយោបាយខុសច្បាប់មួយ (អតីតបក្សសង្គ្រោះជាតិ ឬ CNRP) ដែលត្រូវបានតុលាការកំពូលកម្ពុជា រំលោយចោលបាត់ទៅហើយនោះ។
    លោកគ្រីស្តូហ្វើរ៍ ប៊ឺរេស Beres សង្កត់ធ្ងន់ទៀតថា ខណៈសហរដ្ឋអាមេរិកចាត់ទុកការកើនឡើង នៃឥទ្ធិពលរបស់ចិនទាំងសេដ្ឋកិច្ច និងយោធានៅក្នុងតំបន់គឺជាការគំរាមកំហែងធំនោះ សេចក្ដីព្រាងច្បាប់នេះអាចនឹងបំផ្លាញដល់ ផលប្រយោជន៍យុទ្ធសាស្ត្រអាមេរិក ដ្បិតការដាក់ទណ្ឌកម្មណាមួយលើកម្ពុជា មានតែរុញច្រានឱ្យប្រទេសមួយនេះ កាន់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយចិនតែប៉ុណ្ណោះ។
    ម្យ៉ាងវិញទៀត បើសហរដ្ឋអាមេរិកនៅតែបង្ខំកម្ពុជាដើរដល់ផ្លូវទាល់ច្រកនោះ កម្ពុជារឹតតែត្រូវការការគាំទ្រពីចិនបន្ថែម ហើយក៏ទំនងជាអាចនឹងអនុញ្ញាតឱ្យមាន វត្តមានយោធាចិននៅក្នុងប្រទេសកម្ពុជា នៅថ្ងៃណាមួយថែមទៀតផង។
    លោកគ្រីស្តូហ្វើរ៍ ប៊ឺរេស Beres បានស្វែងយល់ថា សភាអាមេរិកគួរតែយល់ឱ្យច្បាស់ថា កម្ពុជាគឺជាប្រទេសមួយមានសិទ្ធិអធិបតេយ្យភាព ដូចគ្នាទៅនឹងប្រទេសដទៃនៅលើពិភពលោក ហើយមិនគួរអនុម័តច្បាប់ណាមួយ សំដៅដាក់ទណ្ឌកម្មលើកម្ពុជានោះទេ ព្រោះវាមានតែធ្វើឱ្យចិនកេងចំណេញផលប្រយោជន៍ ពីជម្លោះរវាងសហរដ្ឋអាមេរិក និងកម្ពុជាតែប៉ុណ្ណោះ។
    បើតាមលោកគ្រីស្តូហ្វើរ៍ ប៊ឺរេស Christopher Beres បានឲ្យដឹងថា បើសិនជាកម្ពុជាចង់អនុញ្ញាតឱ្យបរទេសណាមួយក្នុងនោះមានទាំងសហរដ្ឋអាមេរិក ឬចិន ដាក់មូលដ្ឋានយោធានៅលើទឹកដីរបស់ខ្លួន វាគឺជាសិទ្ធិរបស់កម្ពុជាស្របទៅតាមច្បាប់អន្តរជាតិ។ ប៉ុន្តែប្រទេសកម្ពុជាផ្ទាល់ធ្លាប់បានអះអាងជាច្រើនលើករួចហើយថា មិនមានភាពចាំបាច់អ្វីត្រូវអនុញ្ញាតឱ្យយោធាបរទេសឈរជើង នៅលើទឹកដីរបស់ខ្លួនឡើយ។
    សូមបញ្ជាក់ថា លោក Christopher Beres អតីតព្រះរាជអាជ្ញាតុលាការកំពូល និងជាមេធាវីដែលមានអាជ្ញាប័ណ្ណនៅទីក្រុងញូវយ៉ក រដ្ឋហ្វ្លូរីដា និងតុលាការកំពូលសហរដ្ឋអាមេរិក៕