អ្នកវិភាគ​ថា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ចង់​ឱ្យ​កម្ពុជា​រក្សា​អព្យាក្រឹត្យ​ដើម្បី​សន្តិសុខ​តំបន់

ដោយ ជុន ច័ន្ទបុត្រ
2019-08-02
RFA

រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃឃ៍ ប៉ុមប៉េអូ (Mike Pompeo) ថ្លែងទៅអ្នកសារព័ត៌មាន ប្រកាសរបាយការណ៍សិទ្ធិមនុស្សលើកទី ៤៣ នៃប្រទេសជិត ២០០ នៅក្រសួងការបរទេស នៅថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៩ (Screenshot from the US State Department Website)
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃឃ៍ ប៉ុមប៉េអូ (Mike Pompeo) ថ្លែងទៅអ្នកសារព័ត៌មាន ប្រកាសរបាយការណ៍សិទ្ធិមនុស្សលើកទី ៤៣ នៃប្រទេសជិត ២០០ នៅក្រសួងការបរទេស នៅថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៩ (Screenshot from the US State Department Website)


អ្នក​វិភាគ​ថា​ អាមេរិក​លើក​ទឹកចិត្ត​ ឲ្យ​របប​ក្រុងភ្នំពេញ​គោរព​នូវ​អធិបតេយ្យ​ជាតិ


សម្ភាស​លោក គឹម សុខ ជុំវិញ​សម្ដី​របស់​មន្ដ្រី​អាមេរិក


អ្នកវិភាគ និង​អ្នក​សិក្សា​ស្រាវជ្រាវ យល់​ឃើញ​ស្របគ្នា​ថា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​មានបំណង​ឱ្យ​កម្ពុជា​រក្សា​អព្យាក្រឹត្យ​ភាព​របស់​ខ្លួន ដើម្បី​សន្តិសុខ​តំបន់​អាស៊ីអាគ្នេយ៍។ ប្រមុខ​ការទូត​អាមេរិក​បាន​ស្វាគមន៍ ការ​បដិសេធ​របស់​កម្ពុជា ជុំវិញ​រឿង​អនុញ្ញាត​ឱ្យ​កងទ័ព​ចិន បោះ​ទីតាំង​ឈរជើង​នៅ​លើ​ទឹកដី​ខ្មែរ។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា និង​អន្តរជាតិ ជឿជាក់​ថា សហរដ្ឋអាមេរិក​មិនទាន់​អស់ចិត្ត​រឿង​តម្រុយ​មូលដ្ឋានទ័ព​ចិន​នៅ​កម្ពុជា​នោះ​ឡើយ ក៏ប៉ុន្តែ​ដោយសារ​ភាគី​កម្ពុជា​បាន​បដិសេធ​ម្ដង​ហើយ​ម្ដងទៀត ទើប​អាមេរិក​ប្រើ​យុទ្ធសាស្ត្រ លើកទឹកចិត្ត​ឱ្យ​របប​ក្រុងភ្នំពេញ​គោរព​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​អធិបតេយ្យ​ជាតិ​របស់​ខ្លួន។

អនុប្រធាន​បណ្ដាញ​យុវជន​កម្ពុជា និង​ជា​អ្នក​សិក្សា​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ លោក ស ម៉ូរី ថ្លែង​ថា ប្រសាសន៍​របស់​ប្រមុខ​ការទូត​អាមេរិក បាន​ចង​ជើង​រដ្ឋាភិបាល​កម្ពុ​ជា​រួចស្រេច​ទៅ​ហើយ​ថា កម្ពុជា​ត្រូវតែ​រក្សា​អព្យាក្រឹត្យ​ភាព​របស់​ខ្លួន​ជុំវិញ​ទំនាក់​ទំនង​ជាមួយ​ក្រុម​ប្រទេស​មហាអំណាច​។ លោក​បន្ត​ថា ប្រសិនបើ​ថ្ងៃ​មុខ អាមេរិក​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​ពិតជា​មាន​កិច្ច​ព្រមព្រៀង​សម្ងាត់​ជាមួយ​ចិន ឬក៏​ឱ្យ​ចិន​តាំង​មូលដ្ឋានទ័ព​របស់​ខ្លួន​នៅ​លើ​ទឹកដី​ខ្មែរ​មែន នោះ​សហរដ្ឋអាមេរិក​នឹង​អនុវត្ត​នូវ​វិធានការ​គ្រប់​បែបយ៉ាង​ប្រឆាំង​នឹង​កម្ពុជា៖ «សហរដ្ឋ​អាមេរិក ខ្ញុំ​មើល​ឃើញថា គាត់​នៅ​តែ​មាន​ការ​សង្ស័យ ប៉ុន្តែ​ដល់​ពេល​​រដ្ឋាភិបាល​​កម្ពុជា​បកស្រាយ​ចឹង​ទៅហើយ អ៊ីចឹង​រដ្ឋាភិបាល​អាមេរិក​នៅក្នុង​ភាសា​ការទូត គេ​ត្រូវ​តែ​ចូល​រួម​​អប​អរ​សាទរ​។ នេះ​ជា​ភាសាការ​ទូត ប៉ុន្តែ​ជា​ភាសា​មួយ​ដែល​ដាក់​​សម្ពាធ ហើយ​និង​ចង​ជើង​រាជ​រដ្ឋាភិបាល​កម្ពុជា​ហ្នឹង ​ឱ្យ​គោរព​កិច្ច​សន្យា​របស់​ខ្លួន​​ឯងថា រាជ​រដ្ឋាភិបាល​កម្ពុជា​ពិត​ជា​មិន​មាន​កិច្ច​ព្រម​ព្រៀង​សម្ងាត់​ជាមួយ​រដ្ឋាភិបាល​ចិន​រឿង​មូលដ្ឋាន​​ទ័ព​ជើង​ទឹក​​ទេ»

រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក ម៉ៃឃ៍ ប៉ុមប៉េអូ (Mike Pompeo) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​អាស៊ាន​-​អាមេរិក នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​០១ សីហា ថា ប្រសិនបើ​ប្រជាជាតិ​ទាំងអស់​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អធិបតេយ្យ នីតិរដ្ឋ តម្លាភាព បើកចំហ និង​គោលការណ៍​ដទៃ​ទៀត​ដូចដែល​បាន​ដាក់​ចេញ​នោះ សហរដ្ឋអាមេរិក និង​ប្រទេស​សមាជិក​អាស៊ាន នឹង​អាច​ធ្វើជា​ដៃគូ​ល្អ​ជាមួយគ្នា​ដោយ​ឥត​ដែន​កំណត់ សម្រាប់​ផលប្រយោជន៍​ពលរដ្ឋ​រៀង​ៗ​ខ្លួន​។ លោក​បាន​លើក​យក​ករណី​កម្ពុជា ដើម្បី​ក្រើន​រំឭក​ប្រទេស​អាស៊ាន​ដទៃ​ទៀត ឱ្យ​ការពារ​អធិបតេយ្យ​ជាតិ​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​ដាក់​កម្លាំង​ទ័ព​របស់​ចិន​នៅ​លើ​ទឹកដី​របស់​ពួកគេ៖ «កម្ពុជា​បាន​បដិសេធ​របាយការណ៍​ដែល​ថា កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ចិន​សាងសង់​មូលដ្ឋានទ័ព​នៅ​លើ​ទឹកដី​របស់​ខ្លួន​។ សហរដ្ឋអាមេរិក​ស្វាគមន៍​ចំពោះ​កិច្ចការពារ​អធិបតេយ្យ​ជាតិ​ដ៏​ខ្លាំងក្លា​នេះ ហើយ​យើង​សូម​លើកទឹកចិត្ត​ឱ្យ​ប្រជាជាតិ​ដទៃ​ទៀត​នៅ​ក្នុង​តំបន់ យក​លំនាំ​តាម​កម្ពុជា ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន»

ទោះជា​យ៉ាងណា ប្រសាសន៍​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​រូប​នេះ បែរជា​ត្រូវ​បាន​មន្ត្រី​របប​ក្រុងភ្នំពេញ​យក​ទៅ​បកស្រាយ​ក្នុង​ន័យ​ផ្សេង​ទៅវិញ​។ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ថ្លែង​ថា នេះ​ជា​ការ​ផ្ដល់​យុត្តិធម៌​ដល់​រដ្ឋាភិបាល​កម្ពុជា ហើយ​លោក​ក៏បាន​អរគុណ​ដល់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​រូប​នេះ​ផង​ដែរ។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ ថ្លែង​ថា មន្ត្រី​របប​លោក ហ៊ុន សែន យល់​ខុស​ចំពោះ​ប្រសាសន៍​របស់​ប្រមុខ​ការទូត​អាមេរិក។ លោក​ថា ភាសា​ការទូត​របស់​លោក ម៉ៃឃ៍ ប៉ុមប៉េអូ នេះ គឺជា​ការ​ដាស់តឿន​ក្រើន​រំឭក​របប​លោក ហ៊ុន សែន ឱ្យ​រក្សា​នូវ​អព្យាក្រឹត្យ ភាព​របស់​ខ្លួន​ស្របតាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ ហើយ​ក៏​ជា​ការ​ព្រមាន​របប​ក្រុងភ្នំពេញ ឱ្យ​គោរព​តាម​ការសន្យា​របស់​ខ្លួន​ឱ្យ​បាន​ម៉ឺងម៉ាត់​ដែរ បើ​ពុំ​ដូច្នេះ​ទេ​របប​នេះ​នឹង​ត្រូវ​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក៖ «ដោយ​សារ​តែ​នោះ​ជា​កិច្ច​ប្រជុំ​អាស៊ាន ម៉្លោះហើយ​ប្រមុខ​​ការ​ទូត​អាមេរិក​មិន​អាច​និយាយ​ចំៗ​អំពី​​ករណី​ប្រទេស​​កម្ពុជា​ទាំង​ស្រុង​នោះ​ទេ។ ដូច្នេះ​លើក​​អំពី​ភាព​បើក​ចំហ​របស់​អាស៊ាន​ សហប្រតិបត្តិការ​របស់​អាស៊ាន​ដោយ​ឆ្គឹះ​ចេញ​អំពី​ស្ថានភាព​ប្រទេស​កម្ពុជា។ នោះ​គឺ​ជា​របៀប​មួយ​ដែល​គាត់​​ចង់​បញ្ជាក់​ថា កម្ពុជា​ត្រូវ​តែ​អនុវត្ត​​នូវ​ការ​សន្យា​របស់​ខ្លួន​ឱ្យ​បាន​ម៉ឺងម៉ាត់​ថា ពិត​​ជា​មិន​មាន​​ទ័ព​ចិន​នៅ​លើ​ទឹក​​ដី​កម្ពុជា​មែន ហើយ​កម្ពុជា​ពិត​ជា​គោរព​​រដ្ឋ​ធម្មនុញ្ញ​​របស់​ខ្លួន​​ ដែល​ត្រូវ​​​អព្យាក្រឹត្យ​ភាព​ចំពោះ​ប្រទេស​ទាំងអស់​នៅ​លើ​​សាកល​​លោក»

ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ​បាន​ចេញ​មុខ​បដិសេធ​ជា​បន្តបន្ទាប់​ចំពោះ​របាយការណ៍​ដែល​ថា កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​សម្ងាត់​ជាមួយ​ភាគី​ចិន ដើម្បី​បើកផ្លូវ​ឱ្យ​មហាអំណាច​កុម្មុយនិស្ត​មួយ​នេះ បង្កើត​មូលដ្ឋានទ័ព​នៅ​លើ​ទឹកដី​ខ្មែរ។ របប​នេះ​បាន​បញ្ជាក់​ថា កម្ពុជា​គ្មាន​ការ​ចាំបាច់​ណាមួយ​ដែល​ត្រូវ​ការ​វត្តមាន​កងទ័ព​ចិន​នៅ​លើ​ទឹកដី​របស់​ខ្លួន​នោះ​ឡើយ ព្រោះ​នេះ​ជា​ការ​រំលោភបំពាន​រដ្ឋ​ធម្មនុញ្ញ។

ទោះជា​យ៉ាងណា ទន្ទឹម​នឹង​ការ​បដិសេធ​នេះ ថ្នាក់ដឹកនាំ​របប​ក្រុងភ្នំពេញ​បាន​ទម្លាយ​ព័ត៌មាន​ជាច្រើន​ទាក់ទង​នឹង​វិស័យ​យោធា។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា លោក​បាន​ផ្ដល់​ថវិកា​ចំនួន ៤០​លាន​ដុល្លារ​អាមេរិក ដល់​ក្រសួង​ការពារជាតិ​នៅ​ឆ្នាំ​២០១៩ នេះ បន្ថែម​ទៀត​លើទឹក​ប្រាក់​ដែល​មាន​ស្រាប់​ចំនួន​២៩០ លាន​ដុល្លារ ដើម្បី​ទិញ​អាវុធ​ពី​ប្រទេស​ចិន មក​ពង្រឹង​សមត្ថភាព​កងទ័ព​កម្ពុជា។

ចំណែក ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ វិញ បាន​បញ្ជាក់​ថា ក្រសួង​មាន​ផែនការ​ស្វែងរក​នាវា​ថ្មីៗ និង​ស្ថាបនា​កំពង់ផែ​បន្ថែម​ទៀត​នៅ​ក្នុង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម។ លោក​អះអាង​ថា កម្ពុជា​មាន​សិទ្ធិ​ទទួល​ជំនួយ​ជា​គ្រឿង​អាវុធ​យុទ្ធភណ្ឌ​ពី​បរទេស ដើម្បី​ពង្រឹង​សមត្ថភាព​យោធា​ក្នុង​ការ​ថែរក្សា​សន្តិសុខ​លំហ​សមុទ្រ​របស់​ខ្លួន ក៏ប៉ុន្តែ​លោក​មិនបាន​ឱ្យ​ដឹង​ពី​ប្រភព​ជំនួយ​នេះ​ឡើយ។

ព័ត៌មាន​ដែល​លោក ទៀ បាញ់ បាន​ទម្លាយ​ឱ្យ​ដឹង​នេះ មាន​ភាព​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​អត្ថបទ​កាសែត​អាមេរិក The Wall Street Journal ដែល​ថា ចិន​នឹង​ជួយ​សាងសង់​កំពង់ផែ​ពីរ​បន្ថែម​ទៀត​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ដោយ​ក្នុង​នោះ​មួយ​សម្រាប់​កម្ពុជា និង​មួយទៀត​សម្រាប់​ចិន​ខ្លួនឯង។ កាសែត​ដដែល​ឱ្យ​ដឹង​ទៀត​ថា កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ភាគី​ចិន​ដាក់​កងទ័ព រក្សាទុក​អាវុធ និង​នាវាចម្បាំង​របស់​ខ្លួន នៅ​លើ​ទីតាំង​នោះ​ទៀត​ផង។

ក្រុម​អ្នកសង្កេតការណ៍​ជឿជាក់​ថា សហរដ្ឋអាមេរិក​នឹង​មិន​បញ្ឈប់​ប្រតិកម្ម​រឿង​តម្រុយ​មូលដ្ឋានទ័ព​ចិន​នៅ​កម្ពុជា​ឡើយ ដរាបណា​ក្រុងភ្នំពេញ​នៅតែ​លាក់លៀម​ព័ត៌មាន​អំពី​វិស័យ​យោធា​ជាមួយ​ចិន ហើយ​បង្ហាញ​ជំហរ​លម្អៀង​ខ្លាំង​ទៅ​រក​ក្រុង​ប៉េកាំង។ ក្រុម​អ្នកសង្កេតការណ៍​យល់ថា អាមេរិក​គ្មាន​បំណង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​កូនជឹង​របស់​ខ្លួន​ឡើយ ប៉ុន្តែ​កំពូល​មហាអំណាច​មួយ​នេះ ទំនងជា​ចង់​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​អព្យាក្រឹត្យ​ពិតប្រាកដ​ស្របតាម​រដ្ឋធម្មនុញ្ញ​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

4 Responses to "អ្នកវិភាគ​ថា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ចង់​ឱ្យ​កម្ពុជា​រក្សា​អព្យាក្រឹត្យ​ដើម្បី​សន្តិសុខ​តំបន់"

  1. so socheath says:

    ហេតុអីមន្ត្រីទូតអាមេរិក សង្ខេីញសុំ
    ឲ្យមានការដោះលែងកឹមសុខាជាជនក្បត់ជាតិ និងដកនូវ
    ការចោទប្រកាន់ចំពោះសមរង្ស៊ី ជាជនក្បត់ជាតិ !
    …….
    ភាពមន្ទិលសង្ស័យចំពោះទង្វើរបស់ស្ថានទូតអាមេរិក
    ប្រចាំនូវកម្ពុជា ចំពោះការសង្ខើញសុំឲ្យមានការដោះលែង
    កឹម សុខា ដែលត្រូវបានចោទប្រកាន់ថាជាជនក្បត់ជាតិ
    តាមរយះអំពើឃុបឃឹតជាមួយជនបរទេសដើម្បីផ្តួលរំលំ
    រដ្ឋាភិបាលស្របច្បាប់ជាមួយមធ្យោបាយបដិវត្តន៍ពណ៌
    ដែលរៀបរៀងឡើងដោយគ្រូបដិវត្តន៍ពណ៍របស់កឹមសុខា
    មានកាណាដា សហរដ្ឋអាមេរិក និងសមរង្ស៊ី ដែលត្រូវជាប់
    ពិរុទ្ធតាមរយះអំពើបំផ្លាញជាតិ ថាជាជនក្បត់ដែរនោះ តើរឿងនេះវា
    មិនបង្ករឲ្យមានការសង្ស័យទេឬ ? ។
    ការសង្ខើញស្នើសុំ ដែលទោះស្ថានទូតអាមេរិកដឹងដោយ
    ប្រាកដថា វាជាការរំលោភលើដែនអធិបតេយ្យជាតិដ៌ទៃ
    រំលោភលើច្បាប់អន្តរជាតិ ដែលទាក់ទងចំពោះមុខងារនិង
    ភារកិច្ចរបស់ស្ថានទូត តើវាមិនជួនគ្នាក្នុងពេលដែលកាសែត
    វ៉លស្ទ្រីតហ្សួណាល់ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក
    ចុះផ្សាយពីមូលដ្ឋានយោធាចិន ថាមាននៅលើទឹកដីកម្ពុជា
    ទេឬ ? ។
    ដោយក្តីមន្ទិល ប្រការនេះអាចមានទំនាក់ដោយពិតប្រាកដ
    ទាក់ទងនិងការចុះកិច្ចព្រមព្រៀងសម្ងាត់ដើម្បីលក់អធិបតេយ្យ
    ភាពជាតិកម្ពុជា រវាងកឹមសុខា-សមរង្ស៊ី ជាមួយសហរដ្ឋ
    អាមេរិកជាក់ជាមិនខាន ព្រោះថា សមរង្ស៊ី ក៏បានចុះកិច្ចព្រមព្រៀង
    ជាមួយយួនដេហ្កា កាត់ខេត្តខ្មែរចំនួន ៤ ឲ្យយួនដេហ្កាគ្រប់គ្រង តើនេះ
    វាមិនមែនជា ការត្រៀមរៀបចំបង្កើតមូលដ្ឋានសឹក សម្រាប់សហរដ្ឋ
    អាមេរិក នៅកម្ពុជា ដើម្បីដាក់ការគៀបសង្កត់ ប្រឆាំងប្រទេសជិតខាង
    កម្ពុជាទេឬ ? ។
    យើងមិនចោទប្រកាន់ទេ តែថាសម្រាប់ទង្វើរបស់ស្ថានទូតអាមេរិក
    វាហាក់ជួនគ្នាពេកណាស់ ជាមួយភាសា ហាក់ដូចចៅហ្វាយនាយ ដោយចាត់ចែង
    លើអធិបតេយ្យជាតិកម្ពុជា ហាក់ចាត់ទុកកម្ពុជា ជាប្រទេសមួយ ដែលស្ថិតនៅក្រោម
    អាណានិគមន៍អាមេរិកផង ជាមួយការអំពាវនាវឲ្យប្រជាជនកម្ពុជា ប្រមូលផ្តុំគ្នា
    បញ្ចេញមតិទាមទារឲ្យមានការដោះលែងកឹមសុខា ប្រឆាំងច្បាប់ជាតិកម្ពុជា
    ដែលជារដ្ឋអធិតេយ្យ។
    គេថាដំរីងាប់ មិនអាចយកចង្អេរទៅបាំងជិតឡើយ។ យ៉ាណាម៉ិញ ទោះផោម
    ក្នុងទឺកក៏នៅតែចោលក្លិនស្អុយ។
    ដោយឡែកទង្វើក្បត់ជាតិលក់អធិបតេយ្យភាពជាតិកម្ពុជា
    ពីសំណាក់កឹមសុខានិងសមរង្ស៊ីមុនក្រោយធាតុពិតនឹងស្តែង
    ចេញនៅពេលដ៏ខ្លីខាងមុខនេះមិនខាន៕

  2. so socheath says:

    អតីតព្រះរាជអាជ្ញាតុលាការកំពូល និងជាមេធាវីអាមេរិក ព្រមានពីផលប៉ះពាល់នៃសេចក្តីព្រាងច្បាប់ស្តីពី «លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ដែលនឹងធ្វើឲ្យសហរដ្ឋអាមេរិកខាតបង់ប្រយោជន៍ធំ
    (វ៉ាស៊ីនតោន)៖ មេធាវីអាមេរិកមួយរូបគឺលោក គ្រីស្តូហ្វើរ៍ ប៊ឺរេស (Christopher Beres) បាននិយាយថា សេចក្ដីព្រាងច្បាប់ស្ដីពីលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា អាចនឹងបំផ្លាញដល់ផលប្រយោជន៍យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងស្វះស្វែងទប់ស្កាត់ការរីកសាយ នៃឥទ្ធិពលប្រទេសចិននៅក្នុងតំបន់ នេះបើយោងសារព័ត៌មានអាមេរិកហ្វ្លូរីដា ដេលី Florida Daily ចេញផ្សាយថ្មីៗនេះ។
    យោងតាមលោកគ្រីស្តូហ្វើរ៍ ប៊ឺរេស Christopher Beres សេចក្ដីព្រាងច្បាប់ស្ដីពីប្រជាធិបតេយ្យ
    នៅកម្ពុជា ( The Cambodia Democracy Act) មានកំហុសតាំងតែពីចំណុចផ្ដើមមកម្ល៉េះ ពីព្រោះច្បាប់នេះឈរលើឆន្ទៈរបស់ គណបក្សនយោបាយខុសច្បាប់មួយ (អតីតបក្សសង្គ្រោះជាតិ ឬ CNRP) ដែលត្រូវបានតុលាការកំពូលកម្ពុជា រំលោយចោលបាត់ទៅហើយនោះ។
    លោកគ្រីស្តូហ្វើរ៍ ប៊ឺរេស Beres សង្កត់ធ្ងន់ទៀតថា ខណៈសហរដ្ឋអាមេរិកចាត់ទុកការកើនឡើង នៃឥទ្ធិពលរបស់ចិនទាំងសេដ្ឋកិច្ច និងយោធានៅក្នុងតំបន់គឺជាការគំរាមកំហែងធំនោះ សេចក្ដីព្រាងច្បាប់នេះអាចនឹងបំផ្លាញដល់ ផលប្រយោជន៍យុទ្ធសាស្ត្រអាមេរិក ដ្បិតការដាក់ទណ្ឌកម្មណាមួយលើកម្ពុជា មានតែរុញច្រានឱ្យប្រទេសមួយនេះ កាន់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយចិនតែប៉ុណ្ណោះ។
    ម្យ៉ាងវិញទៀត បើសហរដ្ឋអាមេរិកនៅតែបង្ខំកម្ពុជាដើរដល់ផ្លូវទាល់ច្រកនោះ កម្ពុជារឹតតែត្រូវការការគាំទ្រពីចិនបន្ថែម ហើយក៏ទំនងជាអាចនឹងអនុញ្ញាតឱ្យមាន វត្តមានយោធាចិននៅក្នុងប្រទេសកម្ពុជា នៅថ្ងៃណាមួយថែមទៀតផង។
    លោកគ្រីស្តូហ្វើរ៍ ប៊ឺរេស Beres បានស្វែងយល់ថា សភាអាមេរិកគួរតែយល់ឱ្យច្បាស់ថា កម្ពុជាគឺជាប្រទេសមួយមានសិទ្ធិអធិបតេយ្យភាព ដូចគ្នាទៅនឹងប្រទេសដទៃនៅលើពិភពលោក ហើយមិនគួរអនុម័តច្បាប់ណាមួយ សំដៅដាក់ទណ្ឌកម្មលើកម្ពុជានោះទេ ព្រោះវាមានតែធ្វើឱ្យចិនកេងចំណេញផលប្រយោជន៍ ពីជម្លោះរវាងសហរដ្ឋអាមេរិក និងកម្ពុជាតែប៉ុណ្ណោះ។
    បើតាមលោកគ្រីស្តូហ្វើរ៍ ប៊ឺរេស Christopher Beres បានឲ្យដឹងថា បើសិនជាកម្ពុជាចង់អនុញ្ញាតឱ្យបរទេសណាមួយក្នុងនោះមានទាំងសហរដ្ឋអាមេរិក ឬចិន ដាក់មូលដ្ឋានយោធានៅលើទឹកដីរបស់ខ្លួន វាគឺជាសិទ្ធិរបស់កម្ពុជាស្របទៅតាមច្បាប់អន្តរជាតិ។ ប៉ុន្តែប្រទេសកម្ពុជាផ្ទាល់ធ្លាប់បានអះអាងជាច្រើនលើករួចហើយថា មិនមានភាពចាំបាច់អ្វីត្រូវអនុញ្ញាតឱ្យយោធាបរទេសឈរជើង នៅលើទឹកដីរបស់ខ្លួនឡើយ។
    សូមបញ្ជាក់ថា លោក Christopher Beres អតីតព្រះរាជអាជ្ញាតុលាការកំពូល និងជាមេធាវីដែលមានអាជ្ញាប័ណ្ណនៅទីក្រុងញូវយ៉ក រដ្ឋហ្វ្លូរីដា និងតុលាការកំពូលសហរដ្ឋអាមេរិក៕

  3. Anonymous says:

    I’m really sick and tied to see this dump old man SO SOCHEATH make his comment in every article . this dumb guy did not understand what is good and what is bad . he only knew how to use animal word and his comment is not logic that any one can take. I tell you what Mr under your favorite leader SAMACH AKAK SENA MOHA PEN CHO- HUN SEN Cambodia have lost every thing. look around you Mr forest, underground mine is just about empty. your lovely tall building that you has never seen since you was a baby is belonging to CHINA for how long?? who can guaranty if Cambodia will not become a province of CHINA after you are going hell. also who will take those land concession from your best friend Vietcong in the next 99 years. an old man like you whit that kind of animal word I can not even let you come close to my car .

  4. Fake AI says:

    ដំបូងអាមេរិច ត្រូវរក្សាអព្យាក្រិត្យភាពចំពោះប្រទេសទាំងឡាយ និងសម្រាប់អ្នកនយោបាយរបស់បណ្តារប្រទេសទាំងនោះជាមុនសិន។