អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​រិះគន់​អ្នកនាំពាក្យ​របប​ក្រុង​ភ្នំពេញ​ថា កំពុង​ធ្វើ​ឱ្យ​កម្ពុជា​អន្តរាយ

ដោយ មាន ឫទ្ធិ
2019-08-04
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (Photo courtesy of SPM Page)
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (Photo courtesy of SPM Page)


ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ប្រតិកម្ម​ទៅ​នឹង​សម្ដី​របស់​លោក ផៃ ស៊ីផាន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល ក្រោយ​មន្ត្រី​រូប​នេះ​បាន​មាក់ងាយ​មន្ត្រី​ការទូត​អាមេរិកាំង​នៅ​កម្ពុជា​ថា​ជា «​មនុស្ស​ព្រៃ​» ជា «មន្ត្រី​រម៉ិករម៉ក់» និង​ពន្យុះ​ឱ្យ​ពួកគេ​វេច​បង្វេច​ចេញពី​កម្ពុជា បើ​មិន​ពេញចិត្ត​កម្ពុជា​នោះ។ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ខ្លះ ថា ពួកគេ​មិន​ពេញ​ចិត្តនឹង​សម្ដី​របស់​លោក ផៃ ស៊ីផាន បែបនេះ​ទេ ព្រោះ​អាច​ធ្វើ​ឱ្យ​ជាតិ​ធ្លាក់​ក្នុង​ក្ដី​វិនាស​អន្តរាយ​។ រីឯ​អ្នក​ខ្លះ​ទៀត ក៏បាន​ស្នើ​ឱ្យ​សហរដ្ឋអាមេរិក​ដកហូត​សញ្ជាតិ​ពី​លោក ផៃ ស៊ីផាន ផង។

លោក ផៃ ស៊ីផាន ដែល​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល កាលពី​ថ្ងៃ​ទី១ សីហា បាន​ធ្លោយ​សម្ដី ប្រមាថ​មន្ត្រី​ការទូត​អាមេរិកាំង ទាំង​ដែល​ខ្លួន​លោក​ក៏​មាន​សញ្ជាតិ​អាមេរិកាំង​ផង​ដែរ​នោះ ដោយ​លោក​បាន​ហៅ​ពួកគេ​ថា​ជា «​មនុស្ស​ព្រៃ​» និង​មន្ត្រី «​រម៉ិករម៉ក់​» ដែល​កម្ពុជា ក្នុងនាម​ជា​ប្រទេស​ស៊ីវិល័យ​មួយ ពិបាក​ធ្វើការ​ជាមួយ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​ថែមទាំង​ពន្យុះ​ឱ្យ​មន្ត្រី​ការទូត​អាមេរិកាំង​ទាំងនោះ​វេច​បង្វេច​ចេញពី​កម្ពុជា ប្រសិនបើ​ពួកគេ​មិន​ពេញចិត្ត​កម្ពុជា​នោះ៖ «យើង​ពិបាក​នឹង​ធ្វើការ​ជាមួយ​នឹង​មន្ត្រី​រម៉ិករម៉ក់​! មាក់ងាយ​ប៉ុណ្ណឹង​ចុះ​! ពីព្រោះ​ពួកគេ​ជា​មនុស្ស​ព្រៃ​សម្រាប់​ការងារ​ខ្ញុំ។ ទុក​ឱ្យ​ពួក​ព្រៃ​គេ​ប្រើប្រាស់​វេទិកា​សាធារណៈ​។ ដូច្នេះ​អាច​បង្ហាញ​ថា ពួក​ព្រៃ និង​ពួក​យើង​នីតិរដ្ឋ​ស៊ីវិល័យ​ដូច​យើង​ត្រូវ​និយាយ​យ៉ាងម៉េច​ហើយ​មន្ត្រី​ដែល​នៅ​ក្នុង​ស្ថានទូត​ដែល​ប្រើប្រាស់​នូវ​លក្ខណៈ​ព្រៃផ្សៃ​គួរតែ​បញ្ចប់។ នេះ ជា​សំណូមពរ​របស់​យើង​។ ត្បិត​យើង​នៅ​ជា​មិត្ត​ជាមួយគ្នា ហើយ​បើ​មន្ត្រី​នោះ​មិន​ពេញ​ចិត្តនឹង​ស្រុក​ខ្មែរ វេច​ឥវ៉ាន់​ចេញ​ទៅ​វិញ​ទៅ​! យើង​ឥត​ស្វាគមន៍​ទេ​! បើសិនជា​យើង​អាច​មាន​សិទ្ធិ និយាយ​ដូច​លោក​ប្រធានាធិបតី Donald J. Trump: If you don’t like it, leave it! Very simple! នេះ​ជា​ប្រទេស​ខ្មែរ​! It’s Cambodia!»

ក៏ប៉ុន្តែ​មួយថ្ងៃ​ក្រោយមក លោក ផៃ ស៊ីផាន បែរជា​ដកថយ​មួយ​ជំ​ហ៊ាន ដោយ​បដិសេធ​ថា លោក​មិន​បាន​ប្រើប្រាស់​ពាក្យពេចន៍ ហៅ​មន្ត្រី​ការទូត​អាមេរិកាំង​ថា ជា​មន្ត្រី​រម៉ិករម៉ក់​នោះ​ឡើយ រួច​ទម្លាក់​កំហុស​ដាក់​អ្នកកាសែត​ទៅវិញ៖ «ខ្ញុំ​មិន​មាន​ប្រើ​ពាក្យ​រម៉ិករម៉ក់​ទេ​! ប៉ុន្តែ​អ្នកកាសែត អាច​ជា​ក្រុម​ញុះញង់​តែ​ប៉ុណ្ណឹង​ឯង ដែល​បាត់បង់​នូវ​ក្រមសីលធម៌ និង​បាត់បង់​នូវ​វិជ្ជាជីវៈ​។ សារព័ត៌មាន​មួយ​ចំនួន​ធ្វើ​ឱ្យ​ស្ថានភាព​រឹតតែ​ធ្ងន់ធ្ងរ»

ការ​ព្យាយាម​សម្រាល​សម្ដី​របស់​លោក ផៃ ស៊ីផាន ខ្លួនឯង​នេះ ទំនងជា​លោក​អាច​ជ្រុល​សម្តី ខ្លាំង ហើយ​បង្ក​ឱ្យ​ចៅហ្វាយនាយ​របស់​លោក គឺ​លោក ហ៊ុន សែន មិន​សប្បាយចិត្ត ស្រប​ពេល​ដែល​ទំនាក់ទំនង​រវាង​កម្ពុជា និង​អាមេរិក កំពុង​ល្អក់កករ​ខ្លាំង ហើយ​អាមេរិក​ក៏​កំពុង​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​ជាន់ខ្ពស់​របប​លោក ហ៊ុន សែន ស្រាប់។ គឺ​ដោយសារតែ​ច្បាប់​នេះ​ហើយ ដែល​លោក ហ៊ុន សែន បាន​ព្យាយាម​ចំណាយ​ប្រាក់​មិន​តិច​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ ដើម្បី​ជួល​ក្រុមហ៊ុន​មេធាវី និង​មន្ត្រី​ជាន់​ទាប​អាមេរិក ឱ្យ​ជួយ​ធ្វើ​យុទ្ធនាការ​បញ្ចុះបញ្ចូល ឬ​ឡប់ប៊ី (lobby) កុំ​ឱ្យ​អាមេរិក​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​ខ្លួន​នោះ។

ភ្លាមៗ​ក្រោយ​ការ​ធ្លោយ​សម្ដី​របស់​លោក ផៃ ស៊ីផាន នេះ នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ឯណោះ​វិញ សារ​ស៊ីវិល័យ​របស់​លោក ផៃ ស៊ីផាន នេះ បាន​នាំ​ឱ្យ​ក្រុម​អ្នកលេង​ហ្វេសប៊ុក ចេញមុខ​មក​ប្រតិកម្ម​ខ្លាំងៗ រិះគន់​លោក ផៃ ស៊ីផាន យ៉ាង​ចាស់ដៃ។

អ្នកលេង​ហ្វេសប៊ុក​មួយ​រូប​ដាក់​ឈ្មោះ​ថា រុន ពិសិទ្ធ ត្អូញត្អែរ​ថា សម្ដី​លោក ផៃ ស៊ីផាន នេះ ធ្វើ​ឱ្យ​ជាតិ​ធ្លាក់​ក្នុង​ក្ដី​វិនាស និង​មិន​មាន​ប្រយោជន៍​ដល់​ជាតិ​នោះ​ទេ​។ លោក​សរសេរ​ក្នុង​សំណេរ​ដើម​ថា «ក្នុង​នាម​យើង​ជា​ម្ចាស់​ប្រទេស​ម្នាក់ យើង​ពិតជា​មិន​ពេញចិត្ត​ទាល់តែសោះ រាល់​សម្ដី​ណា ដែល​នាំ​ឱ្យ​ជាតិ​ធ្លាក់​ក្នុង​ភាព​អន្តរាយ​បែប​នេះ ហើយ​យើង​ក៏​មិន​ចង់​មាន​មន្ត្រី​ដែល​អសមត្ថភាព​បែបនេះ​ទៀត»

អ្នកលេង​ហ្វេសប៊ុក​មួយរូប​ទៀត​ដាក់​ឈ្មោះ​ថា តុង ចាន់ណប់ ក៏​យល់ស្រប​នឹង​ការរិះគន់​នេះ​ដែរ​។ លោក​សរសេរ​ថា «ប្រទេសជាតិ​មួយ បើ​យក​អ្នកនាំពាក្យ​មនុស្ស​ធន់​អ៊ីចឹងៗ នោះ​នឹង​អន្តរាយ​ដល់​ប្រទេសជាតិ​ជាមិនខាន​! ល្មម​ដូរ​ទាំង​ឬស​ទាំង​គល់​ចេញ​ទាំង​អស់ហើយ!»

រីឯ​អ្នកប្រើប្រាស់​ហ្វេសប៊ុក​មួយ​រូប​ទៀត ដាក់ឈ្មោះ​គណនី​ថា «​ខ្ញុំ​ប្រជាជន​កម្ពុជា កម្ពុជា​ប្រទេស​ខ្ញុំ​» សរសេរ​ថា «កុំ​គ្រាន់​បើ​ពេក អ៊ុំ​ឯង​តែ​ម្នាក់​មិន​អី​ទេ តែ​នេះ ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​។ អ៊ុំ​ឯង​គួរ​គិត​មើល​ផង អុំ​ឯង​គ្រាន់តែ​ជា​អ្នកនាំពាក្យ​ទេ កុំ​ក្អេងក្អាង​ពេក ហើយ​អ៊ុំ​ឯង​ក៏​មិនមែន​ជា​នាយករដ្ឋមន្ត្រី​ដែរ»

អ្នកប្រើប្រាស់​ហ្វេសប៊ុក​ដាក់​ឈ្មោះ​ថាccccccc ប៉េង លន រិះគន់​ថា «​នេះ​មិនមែន​សារ​ដែល​ចេញពី​បេះដូង​ប្រជាជន​ខ្មែរ​ឡើយ មេត្តា​និយាយ​អ្វី​ដែរ​មាន​ប្រយោជន៍​សម្រាប់​ខ្មែរ មិនមែន​សម្រាប់​បក្សពួក​ឡើយ»

អ្នកប្រើប្រាស់​ហ្វេសប៊ុក​ឈ្មោះ តេង តេង ឯណោះ​វិញ សរសេរ​សារ​ឌឺដង​ថា «​ល្មម​ចេះ​ខ្មាស​គេ​ខ្លះ​ទៅ កុំ​ធ្វើជា​កង្កែប​ក្នុង​អណ្ដូង មើល​ប្រទេសជិតខាង គេ​អភិវឌ្ឍ​ដល់​ណា​ដល់​ណី​ហើយ ឯង​អាល័យតែ​ឈ្លោះប្រកែក​គ្នា»

អ្នកប្រើប្រាស់​ហ្វេសប៊ុក​ឈ្មោះ ចាន់យុទ្ធូ វាសនា បញ្ចេញមតិ​ក្នុង​ន័យ​រំឮក​លោក ផៃ ស៊ីផាន ថា «មិន​គួរ​ប្រើ​បែប​សម្ដី​ហ្នឹង​នោះ​ទេ ទោះបី​យើង​ខឹង​យ៉ាងណា ក៏​ត្រូវ​តែ​មាន​អំណត់ និង​ភាព​ទន់ភ្លន់​នូវ​ចំពោះ​មុខ​ភ្ញៀវ​ដែរ ព្រោះ​រាល់​ពាក្យ​សម្ដី​របស់​យើង​គ្រប់​ម៉ាត់ គេ​សុទ្ធតែ​កត់​ត្រាទុក​ទាំងអស់»។ លោក ចាន់យុទ្ធូ សរសេរ​បន្ត​ថា «បើ​មិន​ចង់​ឱ្យ​មន្ត្រី​ការទូត​នៃ​បណ្តា​ប្រទេស​ផ្សេងៗ​វាយ​តម្លៃ​ថា យើង​ជា​ខ្មែរ​មាន​ចរិត​ច្រឡោត​ខាង»

ក្រៅពីនោះ មតិ​អ្នកប្រើប្រាស់​ហ្វេសប៊ុក​ភាគច្រើន​ខ្លះ​ទៀត សុទ្ធតែ​សំណូមពរ​ព្រមៗ​គ្នា សុំ​ឱ្យ​សហរដ្ឋអាមេរិក​ដកហូត​សញ្ជាតិ​អាមេរិកាំង​ពី​លោក ផៃ ស៊ីផាន ទៀត​ផង។ លោក ចាប ប៊ុនហេង សរសេរ​យ៉ាង​ខ្លី​ថា «បើ​ខ្លាំង​ណាស់​លា​លេង​ពី​សញ្ជាតិ​អាមេរិក​ទៅ»

ក្រៅពី​សារ​របស់​លោក ផៃ ស៊ីផាន ហៅ​មន្ត្រី​ការទូត​អាមេរិកាំង​ជា «​មនុស្ស​ព្រៃ​» និង​ជា​មន្ត្រី «​រម៉ិករម៉ក់​» នេះ កាលពី​ថ្ងៃ​ទី​០១ សីហា លោក ផៃ ស៊ីផាន ដែល​ទើប​ឡើង​តំណែង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ផង​នោះ ក៏បាន​ប្រើ​វេទិកា​សន្និសីទ​ព័ត៌មាន​ស្ដី​អំពី «​សមិទ្ធផល​១​ឆ្នាំក្រោយ​ការបោះឆ្នោត​» វាយប្រហារ​មក​លើ​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ថា មិន​ហ៊ាន​រាយការណ៍​អំពី​រឿង​ថៃ​ឈ្លានពាន​កម្ពុជា​ក្នុង​រឿង​វិវាទ​ប្រាសាទ​ព្រះវិហារ​កាល​ពី​ពេល​កន្លងទៅ​។ លោក ផៃ ស៊ីផាន ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​ចោទ​ថា វិទ្យុ​ទាំងពីរ​មិន​ហ៊ាន​ផ្សព្វផ្សាយ​ព័ត៌មាន​រឿង​នេះ ដោយសារតែ​ភាគី​ថៃ ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក៖ «អ្នក​ទាំងអស់​គ្នា​នោះ​នៅ​ពេល​ហ្នុង មិន​មាន​ហ៊ាន​និយាយ​មួយ​ម៉ាត់​ទេ​។ អត់​និយាយ​មួយ​ម៉ាត់​។ ខ្ញុំ​សួរ​ទៅ​ខាង វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ក៏ដូចជា​វិទ្យុ​អាស៊ីសេរី គេ​ថា​សម្ព័ន្ធមិត្ត​របស់​អាមេរិកាំង។ គេ​មិន​ហ៊ាន​ផ្សព្វផ្សាយ​ទេ​។ ខ្មាស​គេ​ទេ​? តាំង​ខ្លួន​ជា​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​គេ ខ្ញុំ​ឈរ​ស្រក់​ទឹកភ្នែក​នៅ​កន្លែង​ព្រំដែន​។ វិទ្យុ​ដែល​គេ​តាំង​ខ្លួន​ជា​អ្នក​ស្រលាញ់​ខ្មែរ​ខ្លះ គេ​អត់​ទាំង​ហ៊ាន​និយាយ​ពី​ការឈ្លានពាន​របស់​ថៃ​នា​ពេល​នោះ គេ​ថា នេះ​ជា​សម្ព័ន្ធ​មិត្រ​របស់​អាមេរិកាំង ដូច្នេះ​គេ​ការពារ​ផលប្រយោជន៍​របស់​អាមេរិកាំង​ជាង​ផលប្រយោជន៍​ខ្មែរ។ បើ​គេ​និយាយ​ថា គេ​ជា​អ្នកស្នេហាជាតិ ខ្ញុំ​អត់​ជឿ​ពួក​ហ្នុង​បើ​ឧបករណ៍​របស់​បរទេស ការពារ​ផលប្រយោជន៍​របស់​បរទេស​ខ្ញុំ​ជឿ»

ផ្ទុយ​ពី​ការ​លើកឡើង​របស់​លោក ផៃ ស៊ីផាន នេះ អាស៊ីសេរី​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ជាច្រើន​អំពី​រឿង​រំលោភ​ព្រំដែន​ពី​សំណាក់​ភាគី​ថៃ​នៅ​ខេត្ត​ព្រះវិហារ និង​នៅ​តាម​ខេត្ត​តាម​បណ្ដោយ​ព្រំដែន​ជាប់​កម្ពុជា​-​ថៃ ស្ទើរ​តែ​ជាប្រចាំ នៅ​ពេល​ដែល​កម្ពុជា និង​ថៃ​មាន​បញ្ហា ជុំវិញ​រឿង​ព្រះវិហារ​នៅមុន និង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០០៨ និង​នៅមុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​។ ព្រោះតែ​អាស៊ីសេរី បាន​ផ្សាយ​ព័ត៌មាន​ពិត​អំពី​ការឈ្លានពាន​របស់​ថៃ​នៅ​តាម​ព្រំ​ដែល​នោះ​ហើយ កាល​ពី​ដើម​ឆ្នាំ​២០១៣ កន្លង​ទៅ លោក ផៃ ស៊ីផាន ខ្លួនឯង​ថែមទាំង​គំរាម​ប្ដឹង​អាស៊ីសេរី​ទៅ​តុលាការ​យោធា ក្រោម​បទ​ថា បង្ក​អសន្តិសុខ​ជាតិ ពាក់ព័ន្ធ​នឹង​សេចក្តី​រាយការណ៍​ព័ត៌មាន​ជុំវិញ​រឿង​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​នេះ។ លោក ផៃ ស៊ីផាន កាលណោះ បាន​ចាត់ទុក​ការផ្សាយ​ព័ត៌មាន​របស់​អាស៊ីសេរី រឿង​ការរិះគន់​របស់​ពលរដ្ឋ​ថា ប្រទេស​ថៃ​រំលោភ​ព្រំដែន​ខ្មែរ​នោះ ថា ជា​រឿង​បំពុល​បរិយាកាស​នៅ​តាម​ព្រំដែន និង​ផ្ទុយ​ពី​ការពិត។ នេះ​ជា​ប្រសាសន៍​របស់​លោក ផៃ ស៊ីផាន ខ្លួនឯង កាលពី​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៣ កន្លងទៅ៖ «យើង​នឹង​អាច​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​រក្សា​នូវ​អ្វី​ជា​សន្តិសុខ​ជាតិ។ យើង​ធ្វើ​នេះ មិនមែន​ចម្លែក​ជាង​សហរដ្ឋអាមេរិក ឬ​មិនមែន​ចម្លែក​ជាង​ប្រទេស​នានា​ជា​ប្រទេស​លោក​សេរី​ទេ គឺ​សន្តិសុខ​ជាតិ ជា​កត្តា​អាទិភាព​មួយ ដែល​ត្រូវតែ​ប្រយ័ត្ន»

លើស​ពី​នេះ​ទៀត កាល​ពី​ពេល​កន្លងទៅ អាស៊ីសេរី ក៏បាន​រៀបចំ​គេហទំព័រ​ពិសេស​មួយ​ផ្តោត​លើ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​-​ថៃ​នេះ នៅ​លើ​គេហទំព័រ​អាស៊ីសេរី ផង​ដែរ​។ ដើម្បី​ជ្រាប​ច្បាស់​ពី​បញ្ហា​នេះ លោកអ្នក​នាង​ក៏​អាច​ចូល​មើល​គេហទំព័រ​អាស៊ីសេរី www.rfa.org/khmer រួច​នៅត្រង់​ផ្នែក​ខាង​ស្តាំ សូម​ចុច​លើ​ជំពូក «​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ»។ លោកអ្នក​នាង នឹង​អាច​អាន​ព័ត៌មាន និង​អត្ថបទ​ចាស់ៗ ដែល​អាស៊ីសេរី​បាន​រាយការណ៍​អំពី​រឿង​ព្រំដែន​កម្ពុជា​-​ថៃ​នេះ ដែល​ផ្ទុយ​ពី​ការ​ថ្លែង​របស់​លោក ផៃ ស៊ីផាន ប្រាសចាក​ពី​ការពិត​នេះ។

សារ​របស់​លោក ផៃ ស៊ីផាន នេះ ហាក់​គ្មាន​អ្វី​ចំឡែក​នោះ​ទេ​។ មន្ត្រី​គ្រាក់ៗ​របស់​លោក ហ៊ុន សែន ម្នាក់ៗ សុទ្ធ​តែ​មាន​ចំណុច​ពិសេស​រៀងៗ​ខ្លួន​។ លោក ឈាង វុន ធ្លាប់​ហៅ​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ក្នុង​សភាជាតិ កាលពី​អាណត្តិ​ទី​៥​ថា​ជា «​ពួក​ព្នង (ពូនងក្នុង​ន័យ​រើសអើង​ដល់​ក្រុម​ជនជាតិភាគតិច។ សម្ដី​របស់​លោក ឈាង វុន កាលណោះ បាន​បង្ក​ឱ្យ​មានការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ទូទៅ ជាពិសេស​ក្នុងចំណោម​ជនជាតិ​ដើម​ភាគតិច ហើយ​ទីបំផុត​ទៅ​លោក ឈាង វុន បាន​បង្ខំចិត្ត​សុំទោស​ពួកគេ។ រីឯ​លោក ជាម យៀប វិញ ក៏​ធ្លាប់​បើកឡាន​បុក​ពលរដ្ឋ​ស្លាប់​នៅ​កៀនស្វាយ រួច​បើក​រត់ ដោយ​យក​លេស​ថា ដើម្បី​ការពារ​ខ្លួន​ខ្លាច​ពលរដ្ឋ​ដេញ វាយប្រហារ​សងសឹក​ប្រឆាំង​នឹង​លោក។ លោក ទៀ បាញ់ ល្បី​ឈ្មោះ ក្រោយ​ព្រមាន​វាយបំបាក់​ធ្មេញ​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង​ណា ដែល​ចង់​ធ្វើបាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត ខណៈ​លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច បាន​គំរាម​វាយ​ពលរដ្ឋ​នឹង​គល់​ឫស្សី ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​បោះឆ្នោត «​ក្លែងក្លាយ​»​។ ដោយឡែក ចៅហ្វាយនាយ​របស់​មន្ត្រី​គ្រាក់ៗ​ទាំងនោះ គឺ​លោក ហ៊ុន សែន ខ្លួនឯង ក៏​ជាប់​ឈ្មោះ រឿង​ប្រើ​សារ​អសុរោះ​រាប់​ភ្លេច ពិសេស​ក្នុង​រឿង «​ស្ដាយ​មិនបាន​សម្លាប់​» ពលរដ្ឋ​ខ្មែរ​រួម​ឈាម​ខ្លួនឯង កាល​ពី​អំឡុង​ពេល​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​នៅ​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​រិះគន់​អ្នកនាំពាក្យ​របប​ក្រុង​ភ្នំពេញ​ថា កំពុង​ធ្វើ​ឱ្យ​កម្ពុជា​អន្តរាយ"

  1. so socheath says:

    ដើរតាមគំនឹត សម រង្ស៊ី ដើម្បីបំផ្លិចបំផ្លាញសន្តិភាព សម្រាប់ប្រទេសគឺជា
    អំពើក្បត់ជាតិ
    ***
    នៅពេលដែលខ្ញុំបាទជាអ្នកនិពន្ធសរសេរអត្ថបទនេះ គឺចង់ធ្វើការរំលឹកថា
    សមរង្ស៊ីដែលជានិច្ចកាលចង់នាំបដិវត្តន៍ផ្កាម្លិះ ចូលមកកម្ពុជា នោះគឺសម រង្ស៊ី បានប្តេជ្ញាចិត្តថា ដាច់ខាតសមរង្ស៊ីត្រូវតែត្រឡប់មកកម្ពុជាវិញ ទោះបីជាសមរង្ស៊ីត្រូវប្រឈមនឹងការចាប់ខ្លួនក្តី។
    នៅក្នុងដំណើរការនៃការប្រមូលទិន្ន័យដើម្បីគាំទ្រដល់ការបរំលឹកនេះ ដំបូងត្រូវផ្តោតជាសំខាន់លើការការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីកម្ពុជា ថាមានសារះសំខាន់យ៉ាងណា ដើម្បីបញ្ចៀសការបង្ហូរឈាមមួយ ដែលអាចនឹងកើតមាន ដោយសារតែការវិលត្រឡប់របស់សម រង្ស៊ី បើសិនជាគ្មានការលើកលែងទោសទេនោះ។
    នៅក្នុងទិដ្ឋភាពចំពោះមុខ ចំណាត់ការតាមផ្លូវច្បាប់ចំពោះសម រង្ស៊ី ដែលមានទោសជាប់ខ្លួន ហើយត្រូវប្រឈមមុខនឹងការចាប់ខ្លួនភ្លាម បើសិនជាគាត់វិល
    ត្រឡប់មកវិញ ដោយគ្មានការលើកលែងទោសពីព្រះមហាក្សត្រ។
    គណបក្សកាន់អំណាច សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចចិត្តក្នុងរឿងមួយនេះ ដោយ សម្តេចហ៊ុន សែន បានរំលូតការប៉ុនប៉ងរបស់សមរង្ស៊ីនៅក្នុងការនាំយកបដិវត្តន៍ផ្កាម្លិះ ឬក៏បដិវត្តន៍ រដូវផ្ការីកនៅអារ៉ាប់ មកកាន់ប្រទេស
    កម្ពុជា ដោយប្រើហ្វូងមនុស្ស ដើម្បីបះបោរ និងដណ្តើមអំណាចរួចហើយ ព្រោះថា ការលើកលែងទោសដល់សម រង្ស៊ី គឺជាការលះបង់ អំពីគោលការណ៍ច្បាប់ និងយុត្តិធម៌សង្គម។
    អតីត គណបក្សសង្គ្រោះជាតិ មិនអាចចូលមកកាន់អំណាចបានឡើយ តាមរយ:ការបោះឆ្នោត នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៣ ខាងមុខនេះ។ ដូច្នេះ ការបះបោរ គឺជាផ្លូវតែមួយគត់ដែលអាចជួយពួកគេបាន បើសិនជាការវាយតម្លៃ របស់ខ្ញុំអ្នកនិពន្ធពិតជាត្រឹមត្រូវមែននោះ ។
    សម រង្ស៊ី មានផែនការយូរមកហើយ នៅក្នុងការដឹកនាំប្រទេស តាមរយ:ការ
    បះបោរ តាមលំនាំអ្វីដែលកើតមាន នៅប្រទេសអារ៉ាប់ ដែលកំពុងតែជាប់ផុងនៅក្នុងវិបត្តិដោយសារតែការធ្វើបដិវត្តន៍ទាំងនោះ។
    ហេតុអ្វីមានការវិភាគថា សម រង្ស៊ី ចង់ឲ្យមានការបះបោរ ដូចជា បដិវត្តន៍ផ្កាម្លិះនៅអារ៉ាប់ ?
    ដោយពិនិត្យថយក្រោយ ទៅរកអតីតកាលប៉ុន្មានឆ្នាំមុន នៅពេលដែលប្រទេសទុយណេស៊ី បានផ្ទុះបដិវត្តន៍មួយ ដែលហៅថា បដិវត្តន៍ផ្កាម្លិះ ចាប់ពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១០ ហូតដល់ថ្ងៃទី១៤ ខែមករាឆ្នាំ២០១១ និង សកម្មភាពរបស់សម រង្ស៊ី ៧ខែក្រោយពេលនោះ គេនឹងអាចងាយគិតថា មេបក្សប្រឆាំងរូបនេះ ដែលធ្លាប់ល្បីឈ្មោះ ជាដង្ខៅបាតុកម្ម គឺរង់ចាំតែពេលវេលាទុំជោរប៉ុណ្ណោះ ដើម្បីឈានដល់ការបះបោរនៅក្នុងប្រទេសកម្ពុជា ដោយមិនខ្វល់ថា នឹងមានការបង្ហូរឈាមមនុស្ស ឬយ៉ាងណាឡើយ ដើម្បីបុព្វហេតុអ្វីដែលក្រុមសម រង្ស៊ី ហៅថា
    “ការផ្លាស់ប្តូរ”។
    បដិវត្តន៍ផ្កាម្លិះ បានផ្ទុះនៅប្រទេសទុយណេស៊ី នៅថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១០ រហូតដល់ថ្ងៃទី ១៤ខែមករាឆ្នាំ២០១១ ដោយបង្ខំឲ្យប្រធានាធិបតី បេន អាលី បានលាលែងពីតំណែង។ ប៉ុន្តែរហូតមកទល់ពេលនេះ ទុយណេស៊ី ស្ថិតនៅក្នុងវិបត្តិនៅឡើយ។ ការបះបោរនោះ បានរាលដាលដល់ប្រទេសអារ៉ាប់ ដែលផ្ទុះចេញជាអ្វីដែលគេហៅថា បដិវត្តន៍ រដូវផ្ការីកនៅអារ៉ាប់ ដែលនាំទៅដល់ការដួលរលំរបស់មេដឹកនាំប្រទេសអេហ្ស៊ីប លីប៊ី ស៊ីរី និង យេមែនផងដែរ។
    នៅពេលមានការដួលរលំតៗគ្នាបែបនេះ សម រង្ស៊ី ចាប់ផ្តើមមានគំនិតចម្លងយកបដិវត្តន៍បែបនោះ មកកាន់ប្រទេសកម្ពុជា ដោយមិនខ្លាចអំពីផលលំបាកដែលបណ្តាលមកពីការបះបោរបែបនោះឡើយ។ នៅថ្ងៃទី២១ ខែកក្កដា
    សម រង្ស៊ី បានធ្វើដំណើរទៅកាន់ប្រទេសទុយណេស៊ី ដើម្បីរៀនសូត្រ និងដកពិសោធន៍ អំពីរបៀបដឹកនាំការបះបោរនៅប្រទេសនោះ។
    មកដល់ប្រទេស មិនញញើត នឹងប្រកាសត្រង់ៗអំពីទស្សនកិច្ចរបស់គាត់នៅទីនោះ ហើយថែមទាំងបង្ហាញអំពីចេតនានៃការរៀបចំការបះបោរនៅកម្ពុជា តាមមេរៀនទស្សនកិច្ចដ៏កម្ររបស់សមរង្ស៊ីមួយនេះ ដែល នៅថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១១ គណបក្សសម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ ដែលនិយាយ
    ត្រង់ៗអំពីចេតនារៀបចំអ្វីដែលគេហៅថា “អំណាចប្រជាជន” ដោយចង់ឲ្យមានបដិវត្តន៍ តាមលំនាំបដិវត្តន៍ “រដូវផ្ការីកនៅអារ៉ាប់” កើតមាននៅកម្ពុជា ដែលកំពុងតែធ្វើដំណើរលើផ្លូវប្រជាធិបតេយ្យស្រាប់ហើយនោះ។
    ជាមួយនឹងចំណងជើង សម រង្ស៊ី នៅប្រទេសទុយណេស៊ី ដើម្បីរៀបចំ អំណាចប្រជាជន នៅកម្ពុជា សេចក្តីថ្លែងការណ៍កាលនោះរបស់ គណបក្សសម រង្ស៊ី បានឲ្យដឹងថា សមរង្ស៊ីអំពាវនាវឲ្យមានអ្វីដែលហៅថា សម្ព័ន្ធភាពប្រជាជន ដើម្បីផ្តួលរំលំមេដឹកនាំ ដែលកាន់អំណាចច្រើនទសវត្សរ៍។
    សកម្មភាពថ្មីៗនាពេលនោះរបស់ សម រង្ស៊ី គឺបានព្យាយាមប្រមូលកម្លាំងគាំទ្រពីយុវជន សម្រាប់សុបិនមួយនេះរបស់គាត់ និងគណបក្សប្រឆាំងរបស់គាត់ ។ ឥឡូវនេះសម រង្ស៊ី បានស្រែកអួតពីការសម្រេចចិត្តហ៊ានប្រឈមនឹងការចាប់ដាក់គុក នៅពេលគាត់វិលត្រឡប់មកវិញ។ សមរង្ស៊ីនៅបាននិយាយពីមនុស្សជាច្រើនពាន់នាក់ ដើម្បីទៅទទួលគាត់ផងដែរ។
    សាកគិតទៅមើល នឹងមានអ្វីកើតឡើង បើសិនជាប៉ូលិស តាំងចិត្តធ្វើតាម
    សាលក្រមតុលាការ ហើយចាប់ខ្លួន សម រង្ស៊ី ។តើអ្នកគាំទ្រសមរង្ស៊ី បណ្តោយឲ្យប៉ូលិសចាប់ខ្លួនសមរង្ស៊ីទេ ។ ពេលនោះ មនុស្សគ្រប់គ្នា នឹងធ្លាក់ចូលក្នុងអន្ទាក់ របស់សម រង្ស៊ី ព្រោះថាការប៉ះទង្គិចគ្នាប្រាកដជាកើតឡើង ដែលនាំមកនូវផលវិបាកដែលគ្មានគ្មាននរណានឹកស្មានដល់ឡើយ។

    ជាមួយគ្នានេះ សម រង្ស៊ី នឹងអាចផ្តល់លេសគ្រប់គ្រាន់សម្រាប់ការដុតបញ្ឆេះ
    ការបះបោរមួយ តាមអ្វីដែល សម រង្ស៊ី ធ្លាប់គិត។ ការបះបោរជាចំហមួយ នឹងអាចប្រកាសឡើងនៅពេលនោះ ហើយអាចនឹងរុញច្រានកម្ពុជា ឲ្យធ្លាក់ក្នុងវិបត្តិនយោបាយដ៏សែនធ្ងន់ ឬសង្គ្រាមស៊ីវិលដូចដែលអ្វីបានកើតនៅប្រទេសអារ៉ាប់ទាំងឡាយ ដែលឆ្លងកាត់បដិវត្តន៍ផ្កាម្លិះ ឬបដិវត្តន៍រដូវផ្ការីក ឬក៏បដិវត្តន៍
    ផ្កាឈូក។
    ទស្សនាវដ្តី The Economist បាននិយាយថា ប្រទេសទុយណេស៊ី ប្រទេស
    អេហ្ស៊ីប ប្រទេសលីប៊ី ប្រទេសយេមែន និងប្រទេសស៊ីរី ដែលកើតមានបដិវត្តន៍ គឺគ្មានប្រទេសណាមួយ រហូតមកទល់ពេលនេះ មានស្ថិរភាពនយោបាយ ឬលទ្ធិប្រជាធិបតេយ្យដ៏ត្រឹមត្រូវទេ។ ការតវ៉ា បាតុកម្ម អំពើហិង្សា កុប្បកម្ម ភេរវកម្ម កំពុងញាំញីប្រទេសទាំងនោះ ពិសេសប្រទេសស៊ីរី ស្ថិតនៅក្នុងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ និងវិនាសកម្មឥតគណនា ។
    ប្រទេសកម្ពុជាដែលត្រូវគេចាត់ទុកថា កំពុងតែធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវនោះ មិនគួរនឹងធ្វើដំណើរតាមផ្លូវប្រទេសអារ៉ាប់ទាំងនោះឡើយ។
    ការរក្សាសន្តិភាពជាតិ គឺជាកាតព្វកិច្ចរបស់ប្រជាជនកម្ពុជាគ្រប់រូប ។
    ការបំពេញបេសកកម្មជាតិណាមួយ របស់កងយោធពលខេមរភូមិន្ទ មិនមែនជាការគំរាមកំហែងនោះទេ ។
    សម្រាប់ការដើរតាមគំនឹត សម រង្ស៊ី ដើម្បីបំផ្លិចបំផ្លាញសន្តិភាព សម្រាប់ប្រទេស គឺជាអំពើក្បត់ជាតិ ដែលត្រូវតែកាត់ទោសតាមច្បាប់អាជ្ញាសឹកដោយគ្មានការ
    លើកលែងឡើយ ៕

  2. Anonymous says:

    So so cheat support low profile of cheap parrot ‘so he worse then cheap people’ haha’ PI C PEST is the crocodile ‘

  3. so socheath says:

    ហាស ! ហាស
    អាឡប់ មូស (Anonymous)