មេ​ប៉ូលិស និង​ទាហាន​ប្រជុំ​ត្រៀម​កម្លាំង​តាម​ព្រំដែន​ចាំ​ចាប់​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ

ដោយ ថន ថារ៉ូ
2019-08-08
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​ វង្ស ពិសេន (ឆ្វេង) អគ្គ​មេបញ្ជាការ​កងទ័ព​ និង​លោក​ នេត សាវឿន អគ្គស្នងការ​នគរ​បាល​ជាតិ​ (រូប៖ ហ្វេសប៊ុក​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពលខេមរភូមិន្ទ និង​អគ្គស្នងការដ្ឋាននគរបាលជាតិ)
លោក​ វង្ស ពិសេន (ឆ្វេង) អគ្គ​មេបញ្ជាការ​កងទ័ព​ និង​លោក​ នេត សាវឿន អគ្គស្នងការ​នគរ​បាល​ជាតិ​ (រូប៖ ហ្វេសប៊ុក​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពលខេមរភូមិន្ទ និង​អគ្គស្នងការដ្ឋាននគរបាលជាតិ)


មេ​ប៉ូលិស​និង​ទាហាន ​ប្រជុំគ្នា​ត្រៀម​កម្លាំង​​​​ចាប់​លោក​សម រង្ស៊ី ពេល​វិល​ចូល​ស្រុក​វិញ


មន្ត្រី​គណបក្ស​ប្រឆាំង​និង​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​នៅ​តែ​ប្រកាន់​ជំហរ​ចូល​រួម​អម​ដំណើរ​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម រង្ស៊ី​ វិល​ចូល​ស្រុក​វិញ​ដោយ​ដែល​​ ដោយ​មិន​ខ្លាច​សមត្ថកិច្ច​គំរាម​ចាប់​ខ្លួន​នោះ​ទេ។ ទន្ទឹមគ្នា​នេះ ​អគ្គស្នងការ​នគរបាល​ជាតិ​និង​មេបញ្ជាការ​កងទ័ព​របប​ក្រុង​ភ្នំពេញ ប្រជុំ​រួម​គ្នា​នៅ​ព្រឹកថ្ងៃទី៨​សីហា ដើម្បី​ត្រៀម​រៀប​ចំ​កម្លាំង​តាម​ព្រំដែន​ចាប់​លោក សម រង្ស៊ី វិល​ចូល​ស្រុក។

អគ្គស្នងការ​នគរ​បាល​ជាតិ​លោក​ នេត សាវឿន អគ្គ​មេបញ្ជាការ​កងទ័ព​ លោក​ វង្ស ពិសេន ​អាជ្ញាធរ​ខេត្ត​ពាក់ព័ន្ធ​ មេបញ្ជាការ​កងទ័ព និង​មេ​បញ្ជាការ​នគរបាល​តាម​ព្រំដែន​​មួយ​ចំនួន​ទៀត​ ប្រជុំ​រួមគ្នា កាល​ពី​ព្រឹក​ថ្ងៃ​ទី៨ ​សីហា ​ត្រៀម​រៀប​ចំ​កងកម្លាំង ដាក់​តាម​ព្រំដែន​ចាប់​លោក សម រង្ស៊ី និង ថ្នាក់​ដឹកនាំ​ប្រឆាំង​ដែល​អម​ដំណើរ​វិល​មក​កម្ពុជា។

អ្នកនាំ​ពាក្យ​​អគ្គស្នងការ​នគរបាល​ជាតិ​លោក​ ឆាយ គឹមខឿន ដែល​បាន​ចូល​ក្នុង​កិច្ច​ប្រជុំ​​នោះ ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី៨ សីហា​ថា​ ប៉ូលិស​និង​ទាហាន​ត្រៀម​ដាក់​ពង្រាយ​នៅ​គ្រប់​ច្រក​ព្រំដែន​ ដើម្បី​ចាប់​លោក​ សម រង្ស៊ី​ និង​អ្នក​អម​ដំណើរ​ ដែល​មាន​ដីកា​ចាប់​ខ្លួន​ពី​តុលាការ​។ លោក បញ្ជាក់​ទៀត​ថា​ ក្រុម​មេ​ខ្លោង​បក្ស​ប្រឆាំង​ទាំង​នោះ​ ចូល​មក​ដល់​ដី​ខ្មែរ​ពេល​ណា នឹង​វ៉ៃ​ខ្នោះ​ពេល​នោះ​ រួច​បញ្ជូន​ចូល​គុក​តែ​ម្ដង។ ចំណែក​អ្នក​ដែល​អម​ដំណើរ​ដែល​គ្មាន​កំហុស លោក​ថា សមត្ថកិច្ច​មិន​ចាប់​ពួកគាត់​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា លោក​ក៏​ព្រួយបារម្ភ​ខ្លាច​កម្លាំង​មហាជន​ច្រើន​ទៅ​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី​ នេះ​ដែរ៖ «ធម្មតា​បើ​សិន​ជា​មាន​យើង​នឹង​មាន​វិធាន​ការ​ទប់ស្កាត់​ ព្រោះ​ការ​ណា​គាត់​នាំ​គ្នា​អំពើ​បែប​នេះ​បាន​ន័យ​ថា​ប្រឆាំង​អំណាច​ដីកា​តុលាការ​ វា​ជា​អំពើ​ខុស​ច្បាប់​។ តែ​ខ្ញុំ​សង្ឃឹម​ថា​ ប្រជាពលរដ្ឋ​មិន​ទៅ​ប្រឆាំង​ជា​មួយ​តុលាការ​ដើម្បី​មនុស្ស​ប៉ុន្មាន​នោះ​ទេ​។ហើយ​ថ្មីៗ នេះ​ ខាង​ស្នងការ​នគរបាល​ជាតិ​ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដល់​ពលរដ្ឋ​ហើយ​ ដើម្បី​ឱ្យ​ពួកគាត់​ចេញ​ឱ្យ​ឆ្ងាយ​ពី​ការ​ប្រព្រឹត្ត​ខុស​ច្បាប់»

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ​ មន្ត្រី​គណបក្ស​ប្រឆាំង​និង​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ឯណោះ​វិញ​​ ចាត់​ទុក​វិធានការ​របស់​សមត្ថកិច្ច​​នេះ​ថា គ្រាន់​តែ​ជា​ការ​កំញើញ​របស់​មេ​ប៉ូលិស​ និង​មេ​ទាហាន ដែល​ការពារ​អំណាច​ឱ្យ​លោក​​ហ៊ុន សែន​ ដោយ​សារ​ភ័យ​ខ្លាច​លោក​ សម រង្ស៊ី​ ចូល​ស្រុក​ធ្វើ​ឱ្យ​បាត់​បង់​ដល់​មុខ​តំណែង​របស់​ពួក​គេ​ប៉ុណ្ណោះ។

មន្ត្រី​សម្របសម្រួល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​ប្រទេស​ថៃ​ លោក ម៉ោញ សារ៉ាត់​ ប្រាប់​អាស៊ី​សេរី​​ថា អំណាច​របស់​លោក​ហ៊ុន សែន​ និង​បក្ស​ពួក​របស់​របប​លោក​ នឹង​អស់​សុពលភាព​នៅ​ក្នុង​ឆ្នាំ​២០១៩​ នេះ​ហើយ​ ព្រោះ​កម្លាំង​មហាជន​រាប់​សែន​នាក់​ត្រៀម​ទៅ​អម​ដំណើរ​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដោយ​មិន​ខ្លាច​សមត្ថកិច្ច​ចាប់​ខ្លួន​នោះ​ទេ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ បន្ត​ថា សមត្ថកិច្ច​មួយ​ចំនួន​ធំ​ក៏​មិន​ស្ដាប់​បញ្ជា​លោក​ហ៊ុន​ សែន ដែរ ព្រោះ​ពួកគាត់​ស្អប់​ខ្ពើម​របប​ដឹក​នាំ​សព្វ​ថ្ងៃ ដែល​មាន​រំលោភ​សិទ្ធិមនុស្ស​ធ្វើ​បាប​ពលរដ្ឋ​ស្លូតត្រង់ និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​ដែល​លង់​នឹង​ឧបាយកល​របស់​លោក​ហ៊ុន សែន​ ក៏​គេ​ត្រៀម​ចង់​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​ស្រុក​វិញ​ដែរ​ ព្រោះ​ពួកគាត់​រំពឹង​ថា​សង្គ្រោះ​ជាតិ​គឺ ជា​កន្លែង​ដ៏​រឹងមាំ​មួយ​ដើម្បី​ជួយ​រំដោះ​ប្រទេស​បាន​។ដូច្នេះ​ខ្ញុំ​មាន​ជំនឿ​ថា​ពេលវេលា​នៃ​ការ​ក្រោក​ឈរ​របស់​ពលរដ្ឋ​ដើម្បី​រំដោះ​ប្រទេស​ជាតិ​ គឺ​ដល់​ពេល​ហើយ​។អីចឹង​បើ​ថា​ចង​រក្សា​អំណាច​បន្ត​ទៀត​មាន​វិធី​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​គឺ​អស់​ពេល​ត្រូវ​និយាយ​គ្នា​ហើយ»

ចំណែក​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ​លោក ជីម ផាត មាន​ប្រសាសន៍​ថា ពលករ​នៅ​ប្រទេស​ថៃ​រាប់​ម៉ឺន​នាក់​ត្រៀម​ខ្លួន​​រង់ចាំ​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​គ្រប់​ពេល​វេលា​ ដើម្បី​ចូលរួម​ស្ដារ​មុខ​មាត់​កម្ពុជា​ឱ្យ​បាន​ប្រសើរ​ឡើង​វិញ​នៅ​លើ​ឆាក​អន្តរជាតិ។ ពលករ​រូប​នេះ​អះអាង​ទៀត​ថា ការ​អម​ដំណើរ​នេះ ពួកគាត់​ហាន​លះបង់​គ្រប់យ៉ាង ដើម្បី​ដណ្ដើម​ប្រជាធិបតេយ្យ​ពី​របប​ឯក​បក្ស​ប្រគល់​ឱ្យ​ពលរដ្ឋ​ខ្មែរ​ឡើង​វិញ៖ «ជា​ធម្មតា​លោក​ហ៊ុន សែន​ ចេះ​តែ​អះអាង​ច្រើន​លើក​ច្រើន​សារ​ហើយ​ គឺ​បញ្ជាក់​ថា​គាត់​ខ្លាច​តែ​ម្ដង​ ព្រោះ​បើ​ចង់​ចាប់​គេ​មិន​បាច់​បង្ហើរ​ពាក្យ​សំដី​ឱ្យ​គេ​ដឹង​មុន​ទេ​ ចាំ​ចាប់​ទៅ​ ដូច​ខ្ញុំ​អី​នេះ​ត្រៀម​អម​ដំណើរ​ឱ្យ​លោក​ហ៊ុន សែន​ ចាប់​តែ​ម្ដង​ខ្ញុំ​អត់​មាន​ខ្លាច​រុញរា​អី​ទេ​។បើ​លោក​ឯង​ចង់​ចាប់​លោក​សម រង្ស៊ី​យុវជន​ក៏​ចូល​រួម​ទាំង​គ្នា​ចូល​គុក​ ទាំង​គេ​ទាំង​ខ្ញុំ​ដល់​ដំណាក់​ការ​នេះ​ហើយ​លេង​គិត​ហើយ»

ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី​ សរសេរ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ កាល​ពី​ថ្ងៃ​ទី២៨ កក្កដា​ថា ការ​គំរាម​ចាប់​គឺ​ជា​កិត្តិយស​សម្រាប់​លោក​ទៅ​វិញ​ទេ ដែល​ក្រោម​របប​ផ្ដាច់ការ ដូច​របប ហ៊ុន សែន សព្វថ្ងៃ មាន​ប៉ូលិស​បម្រើ​ឃាតក​ តាម​ចាប់​លោក​ ហើយ​មាន​តុលាការ​ជា​អាយ៉ង​របប​លោក​ក្រុង​ភ្នំពេញ​តាម​ញាំញី​លោក។ លោក​បន្ត​ថា​ ពួក​ជន​ផ្ដាច់ការ និង​ពួក​ឃាតក តាម​រក​រឿង​លោក​កាន់​តែ​ខ្លាំង​ ធ្វើ​ឱ្យ​លោក​ទទួល​បាន​ពាន​រង្វាន់​ជើង​ឯក​សេរីភាព​និង​ប្រជាធិបតេយ្យ កាន់​តែ​ច្រើន ពី​អន្តរជាតិ​ទៅ​វិញ​ទេ។

ថ្មីៗ នេះ​លោក សម រង្ស៊ី​ ប្រកាស​ថា លោក​នឹង​វិល​ចូល​ស្រុក​វិញ​យ៉ាង​យូរ​ក្នុង​ខែ​កញ្ញា​ខាង​មុខ ដើម្បី​ចូល​រួម​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើង​វិញ។

បន្ថែម​ពី​នេះ​ លោក​ សម រង្ស៊ី រំពឹង​ថា មាតុភូមិ​និវត្តន៍​នេះ នឹង​មាន​ភាព​អធិកអធម ជាង​កាល​ពី​ឆ្នាំ២០១៣ ទៅ​ទៀត ហើយ​នឹង​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ ដែល​លោក ហ៊ុន សែន មិន​អាច​ជៀស​វាង​បាន​ឡើយ។

ខុស​ពី​អ្នកគាំទ្រ​គណបក្ស​នយោបាយ អ្នក​សម្រប​សម្រួល ​និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស លើក​ឡើង​ថា ការ​វិល​ចូល​ស្រុក​ ឬ​មិន​ចូល​ស្រុក​មិន​មែន​ជា​ដំណោះ​ស្រាយ​នយោបាយ​នោះ​ឡើយ ប្រសិន​បើ​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​មិន​ឆាប់​​ចរចា​ត្រូវ​រ៉ូវ​គ្នា​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើង​វិញ​នោះ៖ «ខ្ញុំ​គិត​ថា គួរ​តែ​មាន​ការ​សម្រប​សម្រួល​គ្នា​មក​ដល់​នេះ​ហើយ យើង​ត្រូវ​មើល​ក្បែរ​យើង​ផង គេ​បាន​ទ្រព្យ​សម្បត្តិ​គេ​បាន​លាភ​សក្ការៈ​យ៉ាង​ច្រើន​ទាញ​ចេញ​ពី​ជម្លោះ​របស់​ខ្មែរ។ យើង​គួរ​តែ​ល្មម​ដោះដូរ​កែ​សម្រួល​ការងារ​ចារឹក​នយោបាយ​ឱ្យ​អាច​រក​វិធី​ជជែក​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នយោបាយ​ប្រសើរ​ជាង​ កុំ​ឱ្យ​ខ្លាំង​រៀង​ខ្លួន​នាំ​ឱ្យ​ខាត​បង់​ប្រយោជន៍​ជាតិ​ បើ​កាល​ណា​ខ្លាំង​រៀង​ខ្លួន​មិន​មាន​ប្រយោជន៍​ណា​មួយ​ដល់​សង្គម​ទេ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​​បន្ត​ថា ជម្លោះ​នយោបាយ​របស់​កម្ពុជា​បាន​អូស​បន្លាយ​ពេល​ប្រមាណ ២ឆ្នាំ​មក​នេះ​ បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ជា​បន្ត​បន្ទាប់ និង​មាន​ឈ្មោះ​មិន​ល្អ​នៅ​លើ​ឆាក​អន្តរជាតិ​​ ហើយ​កម្ពុជា​អាច​ប៉ះពាល់​កាន់​តែ​ខ្លាំង​នៅ​ពេល​សហគមន៍​អឺរ៉ុប​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធEBA ជា​ផ្លូវ​ការ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "មេ​ប៉ូលិស និង​ទាហាន​ប្រជុំ​ត្រៀម​កម្លាំង​តាម​ព្រំដែន​ចាំ​ចាប់​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ"

  1. so socheath says:

    សំណាញ់ !
    …….
    ភាពអន្ទោកអន្ទោលស្តីពីការចង់វិលត្រឡប់មកកម្ពុជាវិញ
    ពីសំណាក់អ្នកនយោបាយក្បត់ជាតិ សមរង្ស៊ី និងបក្សពួក
    បានប្រព្រឹត្តទៅក្នុងជំនឿមួយ សម្រាប់បរិបទដែលមិន
    សមហេតុផល។
    ជំនឿលង់ប្រកបដោយអំនួត ក្នុងភាពហៃអើពីសំណាក់
    សកម្មជនអតីតគណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ
    ចោលដោយតុលាការអាស្រ័យលើទោសកំហុសក្បត់ជាតិ
    ដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខា
    ដែលកំពុងជាប់ពិរុទ្ធពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌
    តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បីផ្តួលរំលំ
    រដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំ
    ទាំងពីរមកជាប់ទោសរួមគ្នានៅកម្ពុជា នឹងធ្វើឲ្យមានការកែប្រែ
    ស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
    ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិ។ ព្រោះថា
    បសមរង្ស៊ីហ៊ានវិលត្រឡប់មក និងមានមនុស្សម្នារជាច្រេីន
    ទៅទទួល សម្រាប់សុវត្ថិភាពក្នុងការត្រឡប់មក។
    នេះជាការវាយតម្លៃខុស ។ បើយើងចាំមិនភ្លេច កឹមសុខា
    ដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
    នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយ
    សាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបានពួនសម្ងំលាក់ខ្លួនក្នុង
    ទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមាន
    សកម្មជនជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាម
    ការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួនកឹមសុខា
    ពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់
    កម្លាំងគាំទ្រនៃបក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មាន
    កម្លាំឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹងច្បាស់ថា
    កឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បី
    គាំទ្រជននេះ មិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួន
    ចំពោះមុខច្បាប់ ថាពួកគេ គឺជាជនក្បត់ជាតិដែរនោះទេ ។
    វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ី
    និងបក្សពួក ក្នុងការវិលត្រឡប់ចូលកម្ពុជាវិញនោះទេ ។
    តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការ
    ត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោសតាមកំហុសដែលពួកគេបាន
    ប្រព្រឹត្តក្នុងអំពើក្បត់ជាតិ។
    វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់
    សមរង្ស៊ីនិងបក្សពួក ដែលយល់ខុសពីស្ថានភាពបច្ចុប្បន្ន
    និងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើក
    លែងទោសពីអង្គព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់
    នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ
    ហ៊ុន សែន ។
    ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិ
    ទាំងនេះ មកកាត់ទោសតាមច្បាប់ ហើយសន្តិភាពជាតិ
    សុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀត
    ក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕

  2. Anonymous says:

    every article is SOM NANH……….OH GOD …….SAM NANH my ass

  3. so socheath says:

    មន្ត្រីខ្សោយ !
    …….
    ភាពកំសោយរបស់មន្ត្រី គេអាចថ្លឹងថ្លែងបានតាមរយះ
    ការអនុវត្តន៍ការងារចំពោះមុខ មិនមែនផ្អែកលេីសញ្ញាបត្រ
    នោះទេ ។ ព្រោះថាសញ្ញាប័ត្រ ជួនកាលវាមិនស្មេីនឹង
    សញ្ញាឃេីញនោះឡេីយ ។
    មានមន្ត្រីខ្លះ អាងលេីសញ្ញាបត្រ ឈរទះទ្រូងអួតពីបិរិញ្ញាបត្រ
    អួតខ្លួនអនុបណ្ឌឹត ជាខ្លួនបណ្ឌឹត តែទីបំផុតប្រគល់ភារកិច្ចឲ្យ
    បំពេញទទេស្អាតសូន្យសុង។ និយាយរូមខ្លះចាប់ផ្តេីមសរសេរ
    ខ្វោក មួយបន្ទាត់ខុសបី បួនអក្សរ ងាកខាងកំព្យូទ័រ ទទេស្អាត
    ចំណែកភាសា កុំថាឡេីយភាសាបរទេស សូម្បីភាសាជាតិ
    តែហ៊ានសរសេរព្យាង្គតម្រួត ដឹងតែដេក សរសេរមិនកេីត
    អានលែងចេញតែម្តង ។
    សម្រាប់ការស្តីបន្ទោស ពួកគេតែងមានហេតុផលគ្រប់
    បែបយ៉ាង ។ ខ្លះឆ្លេីយថាខ្ញុំមិនធ្លាប់បួស សរសេរតាមនិយាម
    គរុកោសល្យឥឡូវ ខ្លះថាសរសេរបែបខេមរៈយានកម្ម សម័យ
    លន់ណុល តែការពិត ទោះបីមានការប្រែប្រួលផ្នែក
    អក្សសាស្ត្រ ឲ្យរត់របត់ជាមួយសម័យបច្ចេកវិទ្យា ដែលប្រេី
    ពាក្យបច្ចេកទេសពិបាកយល់យ៉ាងណាក្តី ក៏សូរសៀង នៅតែ
    ប្រកបជាមួយស្រៈ ព្យញ្ជនៈ តាងដល់ជាព្យាង្គតម្រួត
    ដដែលទេ ។
    ខ្លះដោះសារ ពីកាលនៅរៀនមិនសូវពូកែខាងភាសាខ្មែរ ដូច្នេះ
    ខំស្រូតរៀនតែពីភាសាបរទេស តែដល់ប្រគល់កិច្ចការឲ្យកាន់
    លទ្ធផលសូន្យ ថាមកពីសំណេរសរសេរវាជ្រៅពេក ទាក់ទង
    កិច្ចការនយោបាយ សេដ្ឋកិច្ច វប្បធម៍ សង្គម ។ល។គាត់
    ចេះមិនដល់ ចេះត្រឹមនិយាយ សរសេរ នាយអាយប៉ុណ្ណោះ។
    ជាតិថ្កេីងរុងរឿង ទៅបាន គឺអាស្រ័យលេីធនធានមនុស្ស ។
    ចាស់បុរាណបានរម្លឹកថា ចេះមកពីរៀន មានព្រោះការរក។
    សម្រាប់ការសិក្សារៀនសូត្រ មិនថាវ័យប៉ុណ្ណា ការសិក្សា
    មិនចេះចប់ទេ។ យ៉ាងណាមុិញ មនុស្សនៅរស់ពោះវាឃ្លាន
    ដូចនេះរកសុីដេីម្បីហូប ក៏វាមិនប្រកែកពីវ័យដែរ។
    សម្រាប់មន្ត្រីខ្សោយ បេីមិនតាំងចិត្តប្រព្រឹត្តបែបនេះទេ អនាគត
    អ្នកមិនប្រាកដថាប្រសេីរទេ ព្រោះរដ្ឋាភិបាល
    បានដាក់ឲ្យអនុវត្តន៍រួចហេីយនូវអភិក្រមទាំង ៥ ដែល
    សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានដាក់ចុះ។
    ជាការពិតណាស់ មន្រ្តី ដែលទះទ្រូងខ្លួនហេីយ អួតពី
    សញ្ញាបត្រកន្លងមកខ្លាំងជាងគេ គឺពួកអតីតបក្សសង្គ្រោះជាតិ
    អង្គការសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ​
    ដែលមូយម៉ាត់ណាអួតខ្លួនជាបណ្ឌឹត គឺពីលេីដល់ក្រោមតែម្តង។
    តែការពិត ពពួកជនទាំងនេះ សុទ្ធតែជាពពួកជនចោលម្សៀត
    អត់បានការ ពូកែតែខាងអួត ភូតភរ បោកប្រាស ញុះញង់
    អុចអាល បង្ករតែភាពចលាចល វឹកវរដល់សង្គមជាតិ
    រហូតដល់ហ៊ានប្រព្រឹត្តអំពេីក្បត់ជាតិ លក់ទឹកដី លក់
    អធិបតេយ្យជាតិឲ្យជនបរទេស រហូតជាប់ទោសទណ្ឌ
    ពីបទក្បត់ជាតិទៀតផង ។
    សម្រាប់គំរូអាក្រក់ដូចលេីកឡេីង សូមមន្ត្រីខ្សោយភ្ញាក់
    រលឹកឡេីង ហេីយដុះខាត់ស្មារតីខ្លួនរត់ឲ្យទាន់សភាពការណ៍ ពុំនោះ
    សោតទេ ភាពកំសត់នឹងរត់មករកអ្នកជាមិនខាន ៕