Al Jazeera៖ បទល្មើសព្រៃឈើនៅកម្ពុជាមិនមានអ្នកអាចទប់ស្កាត់បានទេ

រូបភាពពី ​សកម្មជនការពារព្រៃឈើ លោក អ៊ូច ឡេង ថតនៅដើមឆ្នាំ ២០១៩

Plundering Cambodia’s Forestshttps://interactive.aljazeera.com


របាយការណ៍ស៊ើបអង្កេតរបស់សារព័ត៌មានអន្តរជាតិ​ Al Jazeera  ចេញផ្សាយនៅដើមខែសីហានេះ បង្ហាញថា បទល្មើសព្រៃឈើពាក់ព័ន្ធជាមួយឧកញ៉ាមួយចំនួននៅកម្ពុជាមិនមានអ្នកណាអាចទប់ស្កាត់បាននោះទេ។​

វិឌីអូស៊ើបអង្កេតមានរយៈពេល២៦នាទីចេញផ្សាយកាលពីថ្ងៃទី២ខែសីហា សារព័ត៌មាន​ Al Jazeera របស់ហ្គាតាបានបង្ហាញរូបភាពពីការកាប់ផ្លាញព្រៃដោយខុសច្បាប់ពីឈ្មួញដែលមានងារជាឧកញ៉ា។ រូបភាពបង្ហាញពីសកម្មភាពកាប់ឈើ ទីតាំងស្តុក ការដឹកជញ្ជូនជាលក្ខណៈរថយន្តធំ ការដឹកជញ្ជូនជាលក្ខណៈពលរដ្ឋ និង ការដឹកជញ្ជូនទៅព្រំដែនវៀតណាមផងដែរ។​

តំបន់ដែលវីឌីអូនេះបង្ហាញពីការកាប់បំផ្លាញមាននៅព្រៃឡង់ និងតំបន់ការពារធនធានធម្មជាតិភ្នំព្រេច រួមទាំងភស្តុតាងនៃការរលាយបាត់នូវគម្របព្រៃបៃតងនៅតំបន់ការ​ពារស្នួល និងបឹងពារ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ។

សកម្មជនការពារព្រៃឈើ លោក អ៊ូច ឡេង ដែលបានចូលរួមក្នុងសកម្មភាពស៊ើបអង្កេតសម្រាប់ទូរទស្សន៍ Al Jazeera បានលើកឡើងក្នុងវីដេអូនោះថា​ លោកបានផ្ញើរបាយការណ៍ភស្តុតាងអំពីបទល្មើសព្រៃឈើ ដែលខ្លួនបានចុះស៊ើបអង្កេត និងប្រមូលជាច្រើនឆ្នាំ ដាក់ទៅកាន់រដ្ឋាភិបាលជាច្រើនលើក ប៉ុន្តែ របាយការណ៍ទាំងនោះត្រូវបានភាគីរដ្ឋាភិបាលទាត់ចោល និងបានឆ្លើយតបជាអវិជ្ជមាន ហើយថាមានចរឹតប្រឆាំងនឹងរដ្ឋាភិបាល។

លោក អ៊ូច ឡេង លើកឡើងក្នុងវីដេអូថា៖ «ខ្ញុំធ្លាប់ដាក់វា[របាយការណ៍]ទៅកាន់រដ្ឋាភិបាលនៅក្នុងឱកាសមួយចំនួន ប៉ុន្តែ របាយការណ៍របស់ខ្ញុំត្រូវបានចាត់ទុកថាជាការជំទាស់ អវិជ្ជមាន និងគ្មានមូលដ្ឋានច្បាស់​លាស់ ប្រឆាំងនឹងរដ្ឋាភិបាល»។    

សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ ដែលបានចូលរួមក្នុងសកម្មភាពស៊ើបអង្កេត​ជាមួយលោក អ៊ូច ឡេង ឱ្យទូរទស្សន៍ Al Jazzeera ដែរនោះប្រាប់វី.អូ.ឌី.ថា ការកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម គឺមានសកម្មភាពខ្លាំងក្លានៅអំឡុងពីឆ្នាំ ២០១៦ ដល់ដើមឆ្នាំ២០១៩ ដោយមានក្រុមហ៊ុនធំៗ និងឈ្មួញមានអំណាចនៅពីក្រោយ។

កំណាត់ឈឺនៅក្នុងបរិវេណក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ច ថតដោយសកម្មជនព្រៃឈើលោក អ៊ូច ឡេង នៅដើមឆ្នាំ២០១៩


លោករកឃើញថា ឈើចំនួនជាង ៣០ ម៉ឺនម៉ែត្រគូបត្រូវបានដឹកជញ្ជូនចេញទៅប្រទេសវៀតណាម ហើយនៅដើមឆ្នាំ២០១៩ សកម្មភាពនៃការដឹកគឺនៅតែបន្តកើតមាន។

អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត ភក្ត្រា មិនបកស្រាយបន្ថែមលើករណីនេះទេ លោកថា បានឆ្លើយតបជាមួយAl Jazeera រួចហើយ។​

លោក ភក្រ្តា បានប្រាប់ទរទស្សន៍ Al Jazeera  ថាបច្ចុប្បន្នមិនមានបទល្មើសព្រៃឈើទ្រង់ទ្រាយធំទៀតទេ។ លោកបន្តថា ការនៅតែមានការនាំឈើឆ្លងដែននេះដោយសារតែមានទីផ្សារងងឹតហើយអាជ្ញាធរពាក់ព័ន្ធកំពុងតែបង្ក្រាប។​

លោកនេត ភក្ត្រា៖ «ការដឹកជញ្ជូនឈើឆ្លងកាត់ព្រំដែន [វៀតណាម] នៅតែបន្តកើតមាន ព្រោះទីនោះមានទីផ្សារងងឹត។ ទាំងនេះ គឺជាសកម្មភាពខុសច្បាប់ ដូច្នេះហើយ​ទើបក្រសួងបរិស្ថាន ក៏ដូចជាក្រសួងពាក់ព័ន្ធ និងមន្រ្តីព្រំដែនកំពុងធ្វើការបង្រ្កាប»។ 

ឆ្លើយតបទៅនឹងវិធានការបង្រ្កាបក្នុងរយៈពេលចុងក្រោយនេះ លោក ហេង ស្រស់ មើលឃើញថា វាពិតជាធ្វើឱ្យសកម្មភាពបទល្មើសមានសភាពស្ងប់ស្ងាត់មែន។ ប៉ុន្តែ ដោយយោងតាមបទពិសោធជាសកម្មជនការពារព្រៃឈើរបស់លោក លោកយល់ឃើញថា សកម្មភាពចុះអនុវត្តច្បាប់គួរតែ​ធ្វើឡើងនៅរដូវប្រាំង ជាជាងរដូវវស្សាដែលឈ្មួញឈើពិបាកក្នុងការដឹកជញ្ជូន។

កំណាត់ឈឺនៅក្នុងបរិវេណក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ច ថតដោយសកម្មជនព្រៃឈើលោក អ៊ូច ឡេង នៅដើមឆ្នាំ២០១៩


លោក ស្រស់ ឱ្យដឹងថា៖ «ក្នុងនាមខ្ញុំជាសកម្មជនព្រៃឈើដែលធ្វើការស៊ើបអង្កេតរឿងហ្នឹង [បទ​ល្មើសព្រៃឈើ] គឺជាទូទៅ តាមបទពិសោធន៍ខ្ញុំ នៅខែវស្សាទោះបីគណកម្មការមិនចុះបង្ក្រាបក៏ [សកម្មភាពល្មើស] មានភាពស្ងប់ស្ងាត់ដែរ ដោយសារតែខែវស្សាក្រុមឈ្មួញទាំងនោះពិបាកក្នុងការចូលយក និងពិបាកក្នុងការដឹកជញ្ជូនចេញ ដោយសារតែផ្លូវវាពិបាកចូលទៅក្នុងព្រៃ…»។

គួររំឭកថា រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៦ បានសម្រេចបង្កើតគណកម្មការជាតិដើម្បីទប់ស្កាត់​ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយតែងតាំងអគ្គមេបញ្ជាការកងរាជអាវុធ​ហត្ថលើផ្ទៃប្រទេសជាប្រធាន។ បន្ទាប់ពីនោះ ក៏មានការបង្រ្កាបបទល្មើសព្រៃឈើជាបន្តបន្ទាប់ ដោយចុងក្រោយ គឺមានការកោះហៅ ឧកញ្ញ៉ាឈ្មួញឈើមួយរូប គឺលោក គង់ គ្រឹង ឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺពីបទល្មើសព្រៃឈើ។

របាយការណ៍របស់ Global Forest Watch បង្ហាញថា ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៨ កម្ពុជាបាត់បង់ព្រៃឈើ ២,១៧លានហិកតា ធ្វើឱ្យព្រៃឈើកម្ពុជាថយចុះ២៥%៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "Al Jazeera៖ បទល្មើសព្រៃឈើនៅកម្ពុជាមិនមានអ្នកអាចទប់ស្កាត់បានទេ"

  1. Anonymous says:

    OH……NO ….do not say that are you sour??? if that true it mean SAO SOKHA need coffin