សមាជិកសភាអាមេរិក ផ្តាំទៅលោក ហ៊ុន សែន កុំ​ចាំបាច់​ឌឺ​ឲ្យ​​ប្រញាប់​បង្កក​ទ្រព្យ​សម្បត្តិ ព្រោះ​ថ្ងៃ​នោះ គង់​តែ​មក​ដល់

ដោយ មួង ណារ៉េត
2019-08-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ឆ្វេង) លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ (ស្ដាំ) លោក ថិត យ៉ូហូ (Ted Yoho) តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ហ្វ្ល័ររីដា (Florida) និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​កិច្ចការ​បរទេស​ទទួល​បន្ទុក​កិច្ចការ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ RFA
(ឆ្វេង) លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ (ស្ដាំ) លោក ថិត យ៉ូហូ (Ted Yoho) តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ហ្វ្ល័ររីដា (Florida) និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​កិច្ចការ​បរទេស​ទទួល​បន្ទុក​កិច្ចការ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ RFA


ថ្មីៗនេះ ​ជនជាតិ​អាមេរិក​ម្នាក់ ដែល​ជា​អតីត​មេធាវី​ការពារ​ក្ដី​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​សារព័ត៌មាន the Florida Daily ដកស្រង់​មតិ ចុះផ្សាយ​ក្នុង​ទំព័រ​មតិ​មិត្ត​អ្នកអាន រិះគន់​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ដែល​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​របប​លោក ហ៊ុន សែន​។ លោក គ្រីស្តូហ្វ៊ើ ប៊ែរេះស៍ (Christopher Beres) អះអាង ការពារ​ចំណាត់​ការ​របប​លោក ហ៊ុន សែន ដែល​បង្ក្រាប​បក្ស​ប្រឆាំង និង​ថា ច្បាប់​ដាក់ទណ្ឌកម្ម មន្ត្រី​របប​លោក ហ៊ុន សែន ធ្វើ​ឡើង​ដោយ​សមាជិកសភា​មួយ​ក្រុម ដែល​មាន​ទោសាគតិ គឺ​សេចក្ដី​លម្អៀង​ព្រោះ​ស្អប់​លោក ហ៊ុន សែន តែ​ប៉ុណ្ណោះ។ ប៉ុន្តែ តំណាងរាស្ត្រ​អាមេរិក ដែល​ស្នើ​ច្បាប់​នេះ​ថា ច្បាប់​នេះ​ធ្វើឡើង សមស្រប​តាម​សភាពការណ៍​ពិត នៅ​កម្ពុជា និង តាម​គោលការណ៍​ស្រលាញ់​ប្រជាធិបតេយ្យ​របស់​អាមេរិក។

នេះ​ជា​បទសម្ភាសន៍​របស់​លោក មួង ណារ៉េត ជាមួយ​សមាជិកសភា​អាមេរិក​លោក ថិត យ៉ូហូ ជុំវិញ​រឿង​នេះ ដូច​តទៅ៖

មួង ណារ៉េត៖ លោក Christopher Beres ចោទ​ថា ច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​របប​លោក ហ៊ុន សែន ដែល​​លោក​​បាន​​ស្នើ​​ឡើង និង​​ទើបតែ​សភា​ជាន់​ទាប​អនុម័ត​រួច​នេះ គឺ​ធ្វើ​ខូចប្រយោជន៍​យុទ្ធសាស្ត្រ​អាមេរិក​។ តើ​លោក​យល់ស្រប​ការ​លើកឡើង​នេះ ដែរ​ឬទេ​?

ថិត យ៉ូហូ៖ អត់​ទាល់តែសោះ​! នរណា​ក៏ដោយ ឱ្យ​តែ​តាមដាន​សាវតារ​របស់​លោក គ្រីស្តូហ្វ៊ើ ប៊ែរ៉េះស៍ (Christopher Beres) នឹង​ដឹង​ភ្លាម​ថា គាត់​ជា​នរណា បាន​ជា​សរសេរ​អត្ថបទ​គាំទ្រ​អំពើ​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​របស់​របប​លោក ហ៊ុន សែន បែប​នេះ។

មួង ណារ៉េត៖ ជា​ការ​ពិត​ណាស់​លោក Christopher Beres ធ្លាប់​ធ្វើជា​មេធាវី​ឱ្យ​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន។ ដោយសារតែ​គាត់​កាន់ជើង​របប​លោក ហ៊ុន សែន នេះឯង​ហើយ ទើប​លោក​ថា សមាជិកសភា​អាមេរិក មិនបាន​អញ្ជើញ​លោក​ឱ្យ​​មក​​ធ្វើ​​សក្ខីកម្ម​​ការពារ​​របប​​លោក ហ៊ុន សែន ក្នុង​សវនាការ​របស់​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​រដ្ឋសភា មុន​នឹង​អនុម័ត​ច្បាប់​នេះ​។ តើ​លោក​តប​យ៉ាងម៉េច​ដែរ ចំពោះ​រឿង​នេះ?

ថិត យ៉ូហូ៖ តើ​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​សភា មានរឿង​អ្វី​ដែល​ត្រូវ​ទុកចិត្ត​លោក Christopher Beres ឱ្យ​មក​ធ្វើ​សក្ខីកម្ម​ក្នុង​រឿង​នេះ​នោះ​? គាត់​មិនមែន​ជា​អ្នក​ជំនាញ​ផ្នែក​កិច្ចការ​បរទេស​នោះ​ឡើយ​។ គាត់​គ្រាន់តែ​ជា​មេធាវី​មួយ​រូប ដែល​ការពារ​មន្ត្រី​របប​លោក ហ៊ុន សែន ដែល​រំលោភ​សិទ្ធិមនុស្ស​តែ​ប៉ុណ្ណោះ​។ ដូច្នេះ ខ្ញុំ​មិន​ចាត់​ទុក​គាត់​ជា​អ្នក​ជំនាញ​អ្វី​នោះ​ឡើយ​។

មួង ណារ៉េត៖ ទោះ​គាត់​មិនមែន​ជា​អ្នក​ជំនាញ រឿង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ក៏​ពិតមែន តែ​គាត់​អះអាង​ថា ការ​ចាប់ខ្លួន​លោក កឹម សុខា និង​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​រឿង​ត្រឹមត្រូវ​។ តើ​លោក​យល់​យ៉ាងម៉េច​ដែរ​រឿង​នេះ?

ថិត យ៉ូហូ៖ ខ្ញុំ​គួរតែ​សួរ​ទៅ​គាត់​វិញ ថា តើ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន មាន​ប្រជាធិបតេយ្យ តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​ឬ​នៅ​? តើ​គាត់​ដឹង​ថា សព្វថ្ងៃ​ប្រជាធិបតេយ្យ នៅ​កម្ពុជា គឺ​គ្រាន់តែ​ជា​ស្រមោល​តែប៉ុណ្ណោះ​? គាត់​មាន​យក​ភ្នែក​មើល​ទេ ដែល​ក្នុង​របប​នេះ ប្រជាពលរដ្ឋ​ខ្មែរ រង​ការ​គំរាមកំហែង​ឥត​ស្រាកស្រាន្ត តំណាងរាស្ត្រ​បក្ស​ប្រឆាំង ត្រូវ​គេ​វាយដំច្រំធាក់ ចាប់​មន្ត្រី​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល និង រម្លាយ​គណបក្ស​សង្គ្រោះជាតិ? ការបំពាន​អស់ទាំង​នេះ កើតមានឡើង​ជាក់ស្ដែង​នៅ​កម្ពុជា គាត់​មាន​មើល​ឃើញ​ទេ​? តើ​គាត់​ជឿ​ថា ការបោះឆ្នោត មួយ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ រួច​ដែរ​ឬទេ ក្នុង​ស្ថានភាព​បែបនេះ​? សរុប​សេចក្ដី​មក លោក Christopher Beres ធ្វើ​នេះ គឺ​គ្រាន់តែ​ការពារ​របប​ស្មោកគ្រោគ​មួយ​តែប៉ុណ្ណោះ​។ ខ្ញុំ​មិនដឹង​ថា គាត់​បាន​ប្រាក់​ប៉ុន្មាន ពី​ការ​ប្រឹងប្រែង​ការពារ​របប​លោក ហ៊ុន សែន បែបនេះ​នោះ​ទេ​។ ប៉ុន្តែ ខ្ញុំ​ជឿជាក់​ថា គាត់​រកលុយ​បាន ដោយ​ធ្វើ​យ៉ាង​ដូច្នេះ​។ ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​ធ្វើ​ដូច​គាត់​មិន​កើត​ទេ។

មួង ណារ៉េត៖ ក្រោយ​ច្បាប់​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ដល់​ដៃ​ព្រឹទ្ធសភា លោក ហ៊ុន សែន អន្ទះសា​ឱ្យ​អាមេរិក​ប្រញាប់ បង្កក​ទ្រព្យសម្បត្តិ​គាត់ និង ក្រុម​គ្រួសារ​គាត់​ឱ្យ​បាន​ឆាប់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​មិន​ចាំបាច់ ចាំ​យូរ​តទៅទៀត​ទេ​។ តើ​ការ​អន្ទះសា​របស់​លោក ហ៊ុន សែន បង្ហាញ​ពី​ការ​មិន​ខ្លាច​ទណ្ឌកម្ម ឬ ដោយសារតែ​លោក​កំពុង​ព្រួយបារម្ភ​ខ្លាំង​ក្នុង​រឿង​នេះ​?

ថិត យ៉ូហូ៖ លោក ហ៊ុន សែន មិន​ចាំបាច់​អន្ទះសា​ខ្លាំង​ពេក​ទេ។ យើង​នឹង​បន្ត​ដំណើរការ​នីតិវិធី​ច្បាប់​នេះ ទៅ​ព្រឹទ្ធសភា និង​ប្រធានាធិបតី ដើម្បី​ចុះ​ហត្ថលេខា​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ។ ពេល​នោះ​ទ្រព្យសម្បត្តិ​ទាំង​ប៉ុន្មាន របស់​លោក ហ៊ុន សែន ក្រុម​គ្រួសារ និង​មន្ត្រី​របស់​គាត់ នឹង​ត្រូវ​បង្កក​។ យើង​មិន​ធ្វើ​អ្វី​តាម​ខ្សែ​ញាក់ និង​ការ​នឹក​ឃើញ​របស់​លោក ហ៊ុន សែន នោះ​ទេ។ គ្រាន់តែ​ចាំ​ថា មិនមែន​មានតែ​សហរដ្ឋអាមេរិក​ទេ ដែល​ឈឺឆ្អាល​រឿង​ខ្មែរ​នេះ សហភាព​អឺរ៉ុប​ក៏​រក​ឃើញ​ការ​ប្រព្រឹត្តិ​មិន​ត្រឹមត្រូវ​របស់​របប​លោក ហ៊ុន សែន​ដែរ គឺ​ខុស​តាំង​ការរៀបចំ​បោះឆ្នោត​ក្លែងក្លាយ​មក​ម្ល៉េះ​។ យើង​ដឹង​ទៀត​ថា លោក ហ៊ុន សែន ត្រូវរ៉ូវ​គ្នា​ខ្លាំង​ជាមួយ​ចិន​។ គ្រួសារ​ត្រកូល​ហ៊ុន និង​មន្ត្រី​គ្រាក់ៗ​របប​នេះ មាន​ប្រាក់​វាល់​លាន​ដុល្លារ សុទ្ធតែ​ជា​សេដ្ឋី​អស់​ទៅ​ហើយ ប៉ុន្តែ​រាស្ត្រ​ខ្មែរ​ទូទៅ​ឯណោះ​វិញ នៅតែ​ក្រីក្រ និង​រក​ប្រាក់​ចំណូល​បាន​តិច​ជាង​គេ នៅ​លើ​ពិភពលោក។

​មួង ណារ៉េត៖ ប៉ុន្តែ​ការ​ដាក់​ទណ្ឌកម្ម​មន្ត្រី​របប​លោក ហ៊ុន សែន នឹង​រឹតតែ​ធ្វើ​ឱ្យ​កម្ពុជា​ឯកោ​ពី​សហគមន៍​អន្តរជាតិ និង​ធ្វើ​ឱ្យ​របប​នេះ ងាយ​នឹង​ពឹង​ចិន​ដើម្បី​ជួយ ដែល​អាច​ខាង​ខាត​ប្រយោជន៍​អាមេរិក ដូច​លោក គ្រីស្តូហ្វ៊ើ ប៊ែរ៉េះស៍ ថា​ទេ​អ៊ីចឹង?

ថិត យ៉ូហូ៖ យើង​ដឹង​ថា ចិន​បាន​សាងសង់​មូលដ្ឋាន​ទ័ព​ជើងទឹក​នៅ​កម្ពុជា ទោះបី​កម្ពុជា​ប្រកែក​យ៉ាង​ណាក្តី​។ ភស្តុតាង​ឃើញ​ជាក់ស្តែង​តាម​ប្រព័ន្ធ​ផ្កាយរណប ដែល​បង្ហាញ​រូបភាព​ទាំងនេះ​។ គ្មាន​ស្អី​ចម្លែក​ទេ ព្រោះ​ចិន​ធ្វើ​តែ​អ៊ីចឹង​ឯង មិនមែន​នៅតែ​ខ្មែរ​ទេ នៅឯណា​ក៏​អ៊ីចឹង​ដែរ​។ លោក គ្រីស្តូហ្វើប៊ែរ៉េះស៍ ថា ច្បាប់​នេះ រុញច្រាន​កម្ពុជា ឱ្យ​ធ្លាក់​ចូល​ក្នុង​កណ្ដាប់​ដៃ​ចិន ដែល​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​អាមេរិក​ចំណេញ​ចិន។ ការ​លើកឡើង​បែបនេះ មិន​ត្រឹមត្រូវ​ទេ​! គឺ​លោក ហ៊ុន សែន ខ្លួនឯង​ទេ ដែល​ជ្រើសរើស​ទៅ​រណប​ចិន​។ អ្វី​ដែល​លោក គ្រីស្តុហ្វើ ប៊ែរ៉េះស៍ មិន​យល់​នោះ គឺ​ចិន​កំពុង​ត្រួតត្រា​លោក ហ៊ុន សែន ទៅ​ហើយ​។ សូម​កុំភ្លេច​ថា លោក ហ៊ុន សែន ជា​អតីត​កម្មាភិបាល​ជាន់ខ្ពស់​ខ្មែរក្រហម​។ អ្វី​ដែល​លោក ហ៊ុន សែន កំពុង​ធ្វើ​នេះ គឺ​មិន​ខុស​ពី​ពួក ប៉ុល ពត ទេ គឺ​ធ្វើ​ទុក្ខបុកម្នេញ និង​បង្ក្រាប​ប្រជាពលរដ្ឋ​ខ្លួនឯង ដែល​ហ៊ាន​ប្រឆាំង​នឹង​ការដឹកនាំ​មិន​ត្រឹមត្រូវ​របស់​ខ្លួន​។ ខ្ញុំ​សុំ​សួរ​ទៅវិញ​ថា តើ​ឱ្យ​អាមេរិក​បន្ត​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​យ៉ាងម៉េច បើ​របប​លោក ហ៊ុន សែន ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ? បើ​ថា​ច្បាប់​នេះ គ្មាន​បាន​ការ​អ្វី ហេតុអ្វី​គាត់​ចាំបាច់​ខ្វល់​ម្ល៉េះ​? ចាំតែ​មើល​ទៅ នឹង​ដឹង​ហើយ​! គង់​មាន​ថ្ងៃ​គាត់​ដឹងខ្លួន​ជាមិន​ខាន​ឡើយ!

មួង ណារ៉េត៖ ចុះ​ការ​ឌឺ​របស់​លោក ហ៊ុន សែន ឱ្យ​ប្រញាប់​ដាក់ទណ្ឌកម្ម​នោះ តើ​មាន​ន័យថា ទណ្ឌកម្ម​នឹង​គ្មាន​ប្រសិទ្ធភាព​ដូច​គាត់​អះអាង ឬ​យ៉ាងម៉េច?

ថិត យ៉ូហូ៖ ការណ៍​ដែល​លោក ហ៊ុន សែន កាន់តែ​ផ្គើន​ខ្លាំង គឺ​ល្អ​ទៅវិញ​ទេ ព្រោះ​យើង​ឃើញ​របប​លោក ហ៊ុន សែន កំពុង​រង​សម្ពាធ​ខ្លាំង​ហើយ ទើប​គាត់​អន្ទះសា​ដូច្នេះ​។ មួយ​រយៈ​ចុងក្រោយ​នេះ របប​នេះ​ប្រឹង​ប្រវេប្រវា រក​អ្នក​ជួយ​ការពារ​របប​នេះ​យ៉ាង​សម្បើម ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​ទេ​។ របប​នេះ​បាន​ចាយ​លុយ​យ៉ាង​សន្ធឹក ដើម្បី​ជួល​មនុស្ស ឱ្យ​តស៊ូ​មតិ ដើម្បី​ការពារ​របប​នេះ។ យើង​ឃើញ​ទាំង​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក និង​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​វ៉ាស៊ីនតោន ស្តេត មួយ​រូប សុទ្ធតែ​ប្រឹង​ការពារ​របប​នេះ។ ហេតុអ្វី​បាន​របប​លោក ហ៊ុន សែន ចំណាយ​លុយ​យ៉ាង​សន្ធឹក ដើម្បី​ជួយ​ការពារ​របប​នេះ? បើ​លោក ហ៊ុន សែន អួតអាង​ថា អត់​ខ្វល់ ហេតុអ្វី​ចាំបាច់​ចំណាយ​លុយ ជួល​មនុស្ស​ឱ្យ​ជួយ​បិទបាំង​ទង្វើ​ខុសឆ្គង​របស់​ខ្លួន​បែប​នេះ? ខ្ញុំ​ថា​លោក ហ៊ុន សែន កំពុង​ព្រួយបារម្ភ​ខ្លាំង​រឿង​នេះ​។ គាត់​មិនមែន មិន​ដឹង​ថា របប​គាត់ នឹង​រង​ផលវិបាក​ខ្លាំង ដោយសារ​ច្បាប់​នេះ​នោះ​ទេ។ បើ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ផ្ដាច់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា គឺ​លោក ហ៊ុន សែន នៅ​សល់​តែ​ចិន​ប៉ុណ្ណោះ​។ បើ​ពាណិជ្ជកម្ម​កម្ពុជា ពឹង​តែ​ប្រទេស​ចិន​មួយ តើ​សង្ឃឹម​អី​? ចាំតែ​មើល​ទៅ នឹង​ដឹង​ហើយ!

មួង ណារ៉េត៖ បាទ​! សូម​អរគុណ​លោក ថិត យ៉ូហូ ដែល​បាន​ចំណាយ​ពេល ឱ្យ​ខ្ញុំ​សម្ភាស​ជុំវិញ​រឿង​នេះ​!

ថិត យ៉ូហូ៖ បាទ​! សូម​អរគុណ!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "សមាជិកសភាអាមេរិក ផ្តាំទៅលោក ហ៊ុន សែន កុំ​ចាំបាច់​ឌឺ​ឲ្យ​​ប្រញាប់​បង្កក​ទ្រព្យ​សម្បត្តិ ព្រោះ​ថ្ងៃ​នោះ គង់​តែ​មក​ដល់"

  1. so socheath says:

    Ah ! breed dog crazy Ted Yoho
    oh ! Christopher Beres Write articles supporting human rights abuses and democracy ?

  2. Anonymous says:

    HO………. YES …… this is my SAMDANH AKAK SENA MOHA PEN CHO …HUN SEN he is the strongest man in the whole world. please look at the pitcher on the top it can not match just like water and oil . I knew that kind of dog it seem to be burking till the end of his breath .

  3. so socheath says:

    មន្ត្រីខ្សោយ !
    …….
    ភាពកំសោយរបស់មន្ត្រី គេអាចថ្លឹងថ្លែងបានតាមរយះ
    ការអនុវត្តន៍ការងារចំពោះមុខ មិនមែនផ្អែកលេីសញ្ញាបត្រ
    នោះទេ ។ ព្រោះថាសញ្ញាប័ត្រ ជួនកាលវាមិនស្មេីនឹង
    សញ្ញាឃេីញនោះឡេីយ ។
    មានមន្ត្រីខ្លះ អាងលេីសញ្ញាបត្រ ឈរទះទ្រូងអួតពីបិរិញ្ញាបត្រ
    អួតខ្លួនអនុបណ្ឌឹត ជាខ្លួនបណ្ឌឹត តែទីបំផុតប្រគល់ភារកិច្ចឲ្យ
    បំពេញទទេស្អាតសូន្យសុង។ និយាយរូមខ្លះចាប់ផ្តេីមសរសេរ
    ខ្វោក មួយបន្ទាត់ខុសបី បួនអក្សរ ងាកខាងកំព្យូទ័រ ទទេស្អាត
    ចំណែកភាសា កុំថាឡេីយភាសាបរទេស សូម្បីភាសាជាតិ
    តែហ៊ានសរសេរព្យាង្គតម្រួត ដឹងតែដេក សរសេរមិនកេីត
    អានលែងចេញតែម្តង ។
    សម្រាប់ការស្តីបន្ទោស ពួកគេតែងមានហេតុផលគ្រប់
    បែបយ៉ាង ។ ខ្លះឆ្លេីយថាខ្ញុំមិនធ្លាប់បួស សរសេរតាមនិយាម
    គរុកោសល្យឥឡូវ ខ្លះថាសរសេរបែបខេមរៈយានកម្ម សម័យ
    លន់ណុល តែការពិត ទោះបីមានការប្រែប្រួលផ្នែក
    អក្សសាស្ត្រ ឲ្យរត់របត់ជាមួយសម័យបច្ចេកវិទ្យា ដែលប្រេី
    ពាក្យបច្ចេកទេសពិបាកយល់យ៉ាងណាក្តី ក៏សូរសៀង នៅតែ
    ប្រកបជាមួយស្រៈ ព្យញ្ជនៈ តាងដល់ជាព្យាង្គតម្រួត
    ដដែលទេ ។
    ខ្លះដោះសារ ពីកាលនៅរៀនមិនសូវពូកែខាងភាសាខ្មែរ ដូច្នេះ
    ខំស្រូតរៀនតែពីភាសាបរទេស តែដល់ប្រគល់កិច្ចការឲ្យកាន់
    លទ្ធផលសូន្យ ថាមកពីសំណេរសរសេរវាជ្រៅពេក ទាក់ទង
    កិច្ចការនយោបាយ សេដ្ឋកិច្ច វប្បធម៍ សង្គម ។ល។គាត់
    ចេះមិនដល់ ចេះត្រឹមនិយាយ សរសេរ នាយអាយប៉ុណ្ណោះ។
    ជាតិថ្កេីងរុងរឿង ទៅបាន គឺអាស្រ័យលេីធនធានមនុស្ស ។
    ចាស់បុរាណបានរម្លឹកថា ចេះមកពីរៀន មានព្រោះការរក។
    សម្រាប់ការសិក្សារៀនសូត្រ មិនថាវ័យប៉ុណ្ណា ការសិក្សា
    មិនចេះចប់ទេ។ យ៉ាងណាមុិញ មនុស្សនៅរស់ពោះវាឃ្លាន
    ដូចនេះរកសុីដេីម្បីហូប ក៏វាមិនប្រកែកពីវ័យដែរ។
    សម្រាប់មន្ត្រីខ្សោយ បេីមិនតាំងចិត្តប្រព្រឹត្តបែបនេះទេ អនាគត
    អ្នកមិនប្រាកដថាប្រសេីរទេ ព្រោះរដ្ឋាភិបាល
    បានដាក់ឲ្យអនុវត្តន៍រួចហេីយនូវអភិក្រមទាំង ៥ ដែល
    សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានដាក់ចុះ។
    ជាការពិតណាស់ មន្រ្តី ដែលទះទ្រូងខ្លួនហេីយ អួតពី
    សញ្ញាបត្រកន្លងមកខ្លាំងជាងគេ គឺពួកអតីតបក្សសង្គ្រោះជាតិ
    អង្គការសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ​
    ដែលមូយម៉ាត់ណាអួតខ្លួនជាបណ្ឌឹត គឺពីលេីដល់ក្រោមតែម្តង។
    តែការពិត ពពួកជនទាំងនេះ សុទ្ធតែជាពពួកជនចោលម្សៀត
    អត់បានការ ពូកែតែខាងអួត ភូតភរ បោកប្រាស ញុះញង់
    អុចអាល បង្ករតែភាពចលាចល វឹកវរដល់សង្គមជាតិ
    រហូតដល់ហ៊ានប្រព្រឹត្តអំពេីក្បត់ជាតិ លក់ទឹកដី លក់
    អធិបតេយ្យជាតិឲ្យជនបរទេស រហូតជាប់ទោសទណ្ឌ
    ពីបទក្បត់ជាតិទៀតផង ។
    សម្រាប់គំរូអាក្រក់ដូចលេីកឡេីង សូមមន្ត្រីខ្សោយភ្ញាក់
    រលឹកឡេីង ហេីយដុះខាត់ស្មារតីខ្លួនរត់ឲ្យទាន់សភាពការណ៍ ពុំនោះ
    សោតទេ ភាពកំសត់នឹងរត់មករកអ្នកជាមិនខាន ៕