ក្រុ​ម​យុវជន​​អតី​ត CNRP​ នឹង​ធ្វើ​​បាតុកម្ម​​ទាមទា​​រ​ឱ្យ​​ជប៉ុន​​ជួយ​​ដឹង​ឮ​​ពី​​មាតុភូមិនិវត្តន៍​​លោក សម រង្ស៊ី​​ នៅ​​ថ្ងៃ​ស្អែក​

ដោយ វណ្ណ សុគន្ធា
11/08/2019
RFI

media
លោក សម​ រង្ស៊ី ​កាល​នៅ​ក្នុង​ប្រទេស​កម្ពុជា
@Sam Rainsy Facebook


នៅ​ថ្ងៃ​ចន្ទ ទី១២ ខែ សីហា​ស្អែក​នេះ សកម្មជន និង អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ប្រទេស​ជប៉ុន នឹង​ជួបជុំគ្នា​ធ្វើបាតុកម្ម​នៅក្នុង​ទីក្រុង​តូ​ក្យូ។ បាតុកម្ម​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជួយ​ដឹងឮ និង សម្របសម្រួល​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី មក​កម្ពុជា។

បាតុកម្ម​ជាថ្មី​នៅក្នុង​ប្រទេស​ជប៉ុន​នេះ​នឹង​ដឹកនាំ និង រៀបចំ​ធ្វើឡើង​ដោយ​គណៈកម្មការ​ចលនា​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​ប្រទេស​ជប៉ុន ហើយ​បាតុកម្ម​នេះ នឹងធ្វើ​ឡើង​ក្រោម​វត្តមាន​របស់លោក​ស្រី​ មូរ សុខ​ហួរ ដែលជា​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ គណៈកម្មការ​ចលនា​សង្គ្រោះ​ជាតិ​នៅ​ជប៉ុន​គូសបញ្ជាក់​ឱ្យដឹងថា បាតុកម្ម​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ទាមទារ​ឱ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជួយសង្គ្រោះ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ព្រមទាំង​ទាមទារ​ឲ្យ​ប្រទេស​ហត្ថលេខី​ទាំងនោះ​ជួយ​ដឹងឮ​អំពី​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក ​សម រង្ស៊ី មកកាន់​ប្រទេស​កម្ពុជា​វិញ។

បន្ថែម​លើ​នេះ ក្រុម​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​ក៏​នឹង​យក​ការធ្វើ​បាតុកម្ម​នេះ ដើម្បី​ប្រកាស​ជា​សាកល​ថា ពួកគេ​ប្រឆាំង​ដាច់ខាត​រាល់​អំពើហិង្សា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ ហ៊ុន សែន មកលើ​ប្រតិភូ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង ពលរដ្ឋ​ខ្មែរ​ដែល​នឹងធ្វើ​មាតុភូមិនិវត្តន៍​ជាមួយ​លោក​ សម រង្ស៊ី និង មិន​ទទួលស្គាល់​រដ្ឋាភិបាលរ​បស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

ប៉ុន្តែ លោក​ សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា បាតុកម្ម​នេះ​នឹង​គ្មាន​បានការ​អ្វី​នោះទេ ព្រោះ​ប្រទេស​ហត្ថលេខី​ទាំងនោះ​គ្មាន​ហេតុផល​អ្វី​មក​ឈឺឆ្អាល​នឹង​រឿង​លោក​ សម រង្ស៊ី​ ឡើយ។លោក​បន្ថែមថា បើទោះបី​ក្រុមយុវជន​ខ្មែរ​នៅ​ជប៉ុន​ធ្វើបាតុកម្ម​រាប់លាន​ដង​ទៀត​ក៏ដោយ ក៏​ប្រជាជន​កម្ពុជា​កំពុង​រស់នៅ​ដោយ​សប្បាយរីករាយ​ក្រោម​ម្លប់​សន្តិភាព​និង​ការ​អភិ​វ​ឌ្ឈ​ន៏​ប្រទេស។ ចំពោះ​បញ្ហា​ប្រជាធិបតេយ្យ​វិញ អ្នកនាំពាក្យ​បក្ស​កានអំណាច គូសបញ្ជាក់ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅតែ​រីកចម្រើន​ជាធម្មតា មិនត្រូវ​ការស្តារ​នោះទេ ។

ប៉ុន្តែ គណៈកម្មការ​ចលនា​សង្គ្រោះ​ជាតិ​នៅ​ជប៉ុន​បាន​បញ្ជាក់ថា ការធ្វើ​បាតុកម្ម​នៅ​ជប៉ុន​នេះ នឹង​ជា​កាតាលីករ​ដ៏​សំខាន់​មួយ​ដើម្បីឱ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ធ្វើការ​គាបសង្កត់​កាន់តែខ្លាំង​ឡើង​មកលើ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុង​ការជំរុញឱ្យ​ស្ដារ​លទ្ធិ​ប្រជា​ធិ​ប​តេត​យ្យ​ឡើងវិញ។ ជាមួយគ្នានេះ គណៈកម្មការ​ចលនា​សង្គ្រោះ​ជាតិ​នៅ​ជប៉ុន ក៏​នៅ​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នៅ​ជប៉ុន និង ប្រទេស​ផ្សេងទៀត​ក្នុង​រួម​ក្នុង​បាតុកម្ម​នេះ​ផងដែរ បើទោះបី​អ្នកនាំពាក្យ​ប្រជាជន​កម្ពុជា​អះអាងថា ជា​បាតុកម្ម​អត់​បាន​ប្រយោជន៍​អ្វី​ក៏ដោយ៕

What Next?

Recent Articles

2 Responses to "ក្រុ​ម​យុវជន​​អតី​ត CNRP​ នឹង​ធ្វើ​​បាតុកម្ម​​ទាមទា​​រ​ឱ្យ​​ជប៉ុន​​ជួយ​​ដឹង​ឮ​​ពី​​មាតុភូមិនិវត្តន៍​​លោក សម រង្ស៊ី​​ នៅ​​ថ្ងៃ​ស្អែក​"

  1. so socheath says:

    បទ : ស្អែក !
    I- ស្អែកហើយស្អែកទៀតស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
    ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
    II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ពេលស្រែកបន្លឺ
    ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
    R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
    ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកមានគ្រប់គ្នា ព្រោះមានថ្ងៃស្អែក ។
    III-ឈប់បោកប្រាសទៅកុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតគ្រប់គ្រា
    បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ។

  2. so socheath says:

    មន្ត្រីខ្សោយ !
    …….
    ភាពកំសោយរបស់មន្ត្រី គេអាចថ្លឹងថ្លែងបានតាមរយះ
    ការអនុវត្តន៍ការងារចំពោះមុខ មិនមែនផ្អែកលេីសញ្ញាបត្រ
    នោះទេ ។ ព្រោះថាសញ្ញាប័ត្រ ជួនកាលវាមិនស្មេីនឹង
    សញ្ញាឃេីញនោះឡេីយ ។
    មានមន្ត្រីខ្លះ អាងលេីសញ្ញាបត្រ ឈរទះទ្រូងអួតពីបិរិញ្ញាបត្រ
    អួតខ្លួនអនុបណ្ឌឹត ជាខ្លួនបណ្ឌឹត តែទីបំផុតប្រគល់ភារកិច្ចឲ្យ
    បំពេញទទេស្អាតសូន្យសុង។ និយាយរូមខ្លះចាប់ផ្តេីមសរសេរ
    ខ្វោក មួយបន្ទាត់ខុសបី បួនអក្សរ ងាកខាងកំព្យូទ័រ ទទេស្អាត
    ចំណែកភាសា កុំថាឡេីយភាសាបរទេស សូម្បីភាសាជាតិ
    តែហ៊ានសរសេរព្យាង្គតម្រួត ដឹងតែដេក សរសេរមិនកេីត
    អានលែងចេញតែម្តង ។
    សម្រាប់ការស្តីបន្ទោស ពួកគេតែងមានហេតុផលគ្រប់
    បែបយ៉ាង ។ ខ្លះឆ្លេីយថាខ្ញុំមិនធ្លាប់បួស សរសេរតាមនិយាម
    គរុកោសល្យឥឡូវ ខ្លះថាសរសេរបែបខេមរៈយានកម្ម សម័យ
    លន់ណុល តែការពិត ទោះបីមានការប្រែប្រួលផ្នែក
    អក្សសាស្ត្រ ឲ្យរត់របត់ជាមួយសម័យបច្ចេកវិទ្យា ដែលប្រេី
    ពាក្យបច្ចេកទេសពិបាកយល់យ៉ាងណាក្តី ក៏សូរសៀង នៅតែ
    ប្រកបជាមួយស្រៈ ព្យញ្ជនៈ តាងដល់ជាព្យាង្គតម្រួត
    ដដែលទេ ។
    ខ្លះដោះសារ ពីកាលនៅរៀនមិនសូវពូកែខាងភាសាខ្មែរ ដូច្នេះ
    ខំស្រូតរៀនតែពីភាសាបរទេស តែដល់ប្រគល់កិច្ចការឲ្យកាន់
    លទ្ធផលសូន្យ ថាមកពីសំណេរសរសេរវាជ្រៅពេក ទាក់ទង
    កិច្ចការនយោបាយ សេដ្ឋកិច្ច វប្បធម៍ សង្គម ។ល។គាត់
    ចេះមិនដល់ ចេះត្រឹមនិយាយ សរសេរ នាយអាយប៉ុណ្ណោះ។
    ជាតិថ្កេីងរុងរឿង ទៅបាន គឺអាស្រ័យលេីធនធានមនុស្ស ។
    ចាស់បុរាណបានរម្លឹកថា ចេះមកពីរៀន មានព្រោះការរក។
    សម្រាប់ការសិក្សារៀនសូត្រ មិនថាវ័យប៉ុណ្ណា ការសិក្សា
    មិនចេះចប់ទេ។ យ៉ាងណាមុិញ មនុស្សនៅរស់ពោះវាឃ្លាន
    ដូចនេះរកសុីដេីម្បីហូប ក៏វាមិនប្រកែកពីវ័យដែរ។
    សម្រាប់មន្ត្រីខ្សោយ បេីមិនតាំងចិត្តប្រព្រឹត្តបែបនេះទេ អនាគត
    អ្នកមិនប្រាកដថាប្រសេីរទេ ព្រោះរដ្ឋាភិបាល
    បានដាក់ឲ្យអនុវត្តន៍រួចហេីយនូវអភិក្រមទាំង ៥ ដែល
    សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានដាក់ចុះ។
    ជាការពិតណាស់ មន្រ្តី ដែលទះទ្រូងខ្លួនហេីយ អួតពី
    សញ្ញាបត្រកន្លងមកខ្លាំងជាងគេ គឺពួកអតីតបក្សសង្គ្រោះជាតិ
    គឺពីលេីដល់ក្រោមតែម្តង។
    តែការពិត ពពួកជនទាំងនេះ សុទ្ធតែជាពពួកជនចោលម្សៀត
    អត់បានការ ពូកែតែខាងអួត ភូតភរ បោកប្រាស ញុះញង់
    អុចអាល បង្ករតែភាពចលាចល វឹកវរដល់សង្គមជាតិ
    រហូតដល់ហ៊ានប្រព្រឹត្តអំពេីក្បត់ជាតិ លក់ទឹកដី លក់
    អធិបតេយ្យជាតិឲ្យជនបរទេស រហូតជាប់ទោសទណ្ឌ
    ពីបទក្បត់ជាតិទៀតផង ។
    សម្រាប់គំរូអាក្រក់ដូចលេីកឡេីង សូមមន្ត្រីខ្សោយភ្ញាក់
    រលឹកឡេីង ហេីយដុះខាត់ស្មារតីខ្លួនរត់ឲ្យទាន់សភាពការណ៍ ពុំនោះ
    សោតទេ ភាពកំសត់នឹងរត់មករកអ្នកជាមិនខាន ៕