សកម្មជន​បក្ស​ប្រឆាំង​នៅ​កំពង់ចាម​បន្ត​ជួប​ប្រជុំ​គ្នា​រឿង​បារម្ភ​សហភាព​អឺរ៉ុប​ផ្ដាច់​ពន្ធ EBA

ដោយ អាស៊ីសេរី
2019-08-11
RFA

ផែនទី​ខេត្ត​កំពង់ចាម (Photo: RFA)
ផែនទី​ខេត្ត​កំពង់ចាម (Photo: RFA)


សកម្មជន​គណបក្សប្រឆាំង​នៅ​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់ចាម ប្រមូល​ផ្ដុំ​គ្នា​ថ្លែង​សារ​ព្រួយបារម្ភ​ខ្លាច​សហភាព​អឺរ៉ុប​ផ្ដាច់​ពន្ធ​EBA ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ ជាពិសេស​ធ្វើ​ឱ្យ​កម្មករ​រោងចក្រ​បាត់បង់​ប្រាក់ចំណូល។ មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​ថ្លែង​សារ​នេះ ជា​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ពលរដ្ឋ​ដោយ​ស្របច្បាប់។

សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ចាម​ថា ពួកគាត់​ថ្លែង​សារ​នេះ​ដោយសារ​ថ្ងៃ​កំណត់​ពិនិត្យ​វាយតម្លៃ​ការ​ផ្ដាច់ ឬ​មិន​ផ្ដាច់​ពន្ធ​EBA របស់​សហគមន៍​អឺរ៉ុប​ជិត​ដល់​ហើយ ស្រប​ពេល​ដែល​របប​លោក ហ៊ុន សែន នៅតែ​មិន​មាន​ប្រជាធិបតេយ្យ​ពេញ​លេញ​នៅឡើយ​ទេ។

សមាជិក​ក្រុមប្រឹក្សា​ក្រុង​កំពង់ចាម​ជាប់ឆ្នោត នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក វ៉ា គឹមហៀន ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១១ សីហា ថា ពួកគាត់​ប្រមាណ ១៥​នាក់ គឺជា​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ បាន​ជួប​ប្រជុំ​គ្នា​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម កាលពី​ថ្ងៃ​ទី​១០ សីហា ថ្លែង​សារ​ព្រួយបារម្ភ​ខ្លាច​សហភាព​អឺរ៉ុប​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ ជាពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ មាន​កូន​ធ្វើ​ការងារ​ក្នុង​កម្មករ​រោងចក្រ​នឹង​បាត់បង់​ប្រាក់ចំណូល។ លោក​បន្ត​ថា សារសំខាន់​របស់​ពួក​លោក គឺ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ឯក​បក្ស គោរព​តាម​ការ​ស្នើសុំ​របស់​សហ​ភាព​អឺរ៉ុប ជាពិសេស​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​បើកផ្លូវ​ឱ្យ​គណបក្ស​នេះ​រស់​ឡើងវិញ ដើម្បី​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​ជាថ្មី៖ «ព្រោះ​អី​ប្រជាធិបតេយ្យ​សព្វថ្ងៃ​មិន​ពេញលេញ​ទេ ដោយសារ​មានការ​បិទ​សិទ្ធ​សេរីភាព​ពលរដ្ឋ ដល់​អ៊ីចឹង​ហើយ​ប្រទេស​ជឿនលឿន​មួយ​ចំនួន​គេ​ឃើញ​មិន​សមស្រប​ដូច​តែ​ពលរដ្ឋ​ខ្មែរ​ដែរ បាន​ជា​គេ​បង្ខំ​កាត់​EBA។ កាលណា​តែ​យើង​នៅ​សំងំ​ស្ងៀម​ទាំងអស់​គ្នា​កូន​ចៅ​យើង​វេទនា ហើយ​ខ្លួន​យើង​ក៏​វេទនា​ដែរ​មិនមែន​វេទនា​តែ​ខ្លួន​យើង​ទេ វា​ទាំងអស់​តែ​គ្នា​នឹង សូម្បីតែ​ខាង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ព្រួយ​បារម្ភ​លើ​រឿង​នេះ​ដែរ តែ​ពួកគាត់​មិន​ហ៊ាន​និយាយ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី​ថា របប​ដឹកនាំ​សព្វថ្ងៃ​មាន​ប្រជាធិបតេយ្យ​ត្រឹមត្រូវ ដោយ​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ឡើយ​។ ផ្ទុយទៅវិញ គឺ​ក្រុម​បក្ស​ប្រឆាំង​ដែល​នៅ​ក្រៅ​ស្រុក​ទេ ដែល​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​ស្អប់ខ្ពើម​កម្ពុជា​នោះ៖ «សុទ្ធតែ​ពួក​អ្នក​វ៉ៃ​ឆ្នាំ​បាយ​របស់​កម្មករ រីឯ​រដ្ឋាភិបាល​ខំប្រឹង​ការពារ​ឆ្នាំងបាយ​កម្មករ វា​ជា​ការពិត​មិន​បាច់​គាត់​ថា​យ៉ាងម៉េច​ទេ។ អ្នក​ដែល​ដុត​ភ្លើង​ឱ្យ​ឆេះ​អ្នក​នោះ​ត្រូវ​ចូលរួម​ពន្លត់ ខាង​រដ្ឋាភិបាល​បាន​ធ្វើ​គ្រប់​ជ្រុង​ហើយ ការងារ​របស់​មហាជន​តាំងពី​រក្សា ស្វែងរក​ទីផ្សារ​បន្ថែម ត្រូវ​បាន​យើង​កំពុងតែ​ជជែក​ជាមួយ​នឹង​ខាង​សហភាព​អឺរ៉ុប»

កាលពី​ថ្ងៃ​ទី​១០ សីហា សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​ស្រុក​ចម្ការលើ ប្រមាណ ២០​នាក់ និង​ក្រុង​កំពង់ចាម ប្រមាណ ១៥​នាក់ បាន​ជួប​ប្រជុំ​គ្នា​ថ្លែង​សារ​ព្រួយបារម្ភ​អំពី​EBA នៅ​តាម​ស្រុក​រៀងៗ ខ្លួន។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែនករុណា លើកឡើង​ថា ការ​ជួប​ប្រជុំគ្នា​នេះ​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ ដែល​មាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​មិន​ខុសច្បាប់​នោះ​ទេ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ទៀត​ថា ការ​បារម្ភ​របស់​ពល​រដ្ឋ គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​កូនសោ​សំខាន់ ដើម្បី​កុំ​ឱ្យ​អឺរ៉ុប​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA លុះត្រាតែ​រដ្ឋាភិបាល​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ តាម​ការ​ស្នើសុំ​របស់​សហភាព​អឺរ៉ុប៖ «បញ្ហា​ទាំងអស់​នេះ​មិនមែន​ជា​បញ្ហា​របស់​គណបក្ស​ប្រឆាំង​ទេ គឺជា​បញ្ហា​របស់​រដ្ឋាភិបាល​ខ្លួនឯង​ដែល​ចាប់ផ្ដើម​បង្ក​ឱ្យ​មាន​ការ​រឹតត្បិត​ទៅលើ​ការ​ដាក់​សម្ពាធ​ពី​ខាងក្រៅ​ប្រទេស​មក​នោះ។ អីចឹង​ហើយ​បើសិនជា​យើង​នៅ​តែ​មិន​អាច​ធ្វើការ​ដោះស្រាយ​បញ្ហា​នេះ​បាន​ទេ អីចឹង​វា​នៅតែ​បន្ត​អូស​បន្លាយពេល​ទៀត»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា នៅ​ពេល​អឺរ៉ុប​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​ធំ​ដល់​សេដ្ឋកិច្ច​ជាតិ ជាពិសេស​ប៉ះពាល់​ពលរដ្ឋ​ធ្វើការ​ក្នុង​វិស័យ​កាត់ដេរ នឹង​បាត់បង់​ប្រាក់ចំណូល។

មួយរយៈ​ចុងក្រោយ​នេះ សកម្មជន​គណបក្សប្រឆាំង​នៅ​តាម​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​បាត់ដំបង និង​ខេត្ត​កំពង់ចាម បាន​ជួប​ប្រជុំ​គ្នា​ថ្លែង​សារ​បង្ហោះ​តាម​ហ្វេសប៊ុក ជំរុញ​របប​លោក ហ៊ុន សែន ឱ្យ​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ​ជាបន្ទាន់ ដើម្បី​រក្សា​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​ឱ្យ​បាន​គង់វង្ស ដើម្បី​ជា​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​ជាតិ។ សកម្មជន​ទាំងនេះ​អះអាង​ថា ពួកគាត់​ត្រៀម​ជួបជុំគ្នា​ថ្លែង​សា​រលើ​រឿង​នេះ ជា​បន្តបន្ទាប់​ទៀត ក្នុង​ពេល​ឆាប់ៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "សកម្មជន​បក្ស​ប្រឆាំង​នៅ​កំពង់ចាម​បន្ត​ជួប​ប្រជុំ​គ្នា​រឿង​បារម្ភ​សហភាព​អឺរ៉ុប​ផ្ដាច់​ពន្ធ EBA"

  1. so socheath says:

    បទ : ស្អែក !
    I- ស្អែកហើយស្អែកទៀតស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
    ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
    II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ពេលស្រែកបន្លឺ
    ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
    R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
    ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកមានគ្រប់គ្នា ព្រោះមានថ្ងៃស្អែក ។
    III-ឈប់បោកប្រាសទៅកុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតគ្រប់គ្រា
    បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ។

  2. so socheath says:

    មន្ត្រីខ្សោយ !
    …….
    ភាពកំសោយរបស់មន្ត្រី គេអាចថ្លឹងថ្លែងបានតាមរយះ
    ការអនុវត្តន៍ការងារចំពោះមុខ មិនមែនផ្អែកលេីសញ្ញាបត្រ
    នោះទេ ។ ព្រោះថាសញ្ញាប័ត្រ ជួនកាលវាមិនស្មេីនឹង
    សញ្ញាឃេីញនោះឡេីយ ។
    មានមន្ត្រីខ្លះ អាងលេីសញ្ញាបត្រ ឈរទះទ្រូងអួតពីបិរិញ្ញាបត្រ
    អួតខ្លួនអនុបណ្ឌឹត ជាខ្លួនបណ្ឌឹត តែទីបំផុតប្រគល់ភារកិច្ចឲ្យ
    បំពេញទទេស្អាតសូន្យសុង។ និយាយរូមខ្លះចាប់ផ្តេីមសរសេរ
    ខ្វោក មួយបន្ទាត់ខុសបី បួនអក្សរ ងាកខាងកំព្យូទ័រ ទទេស្អាត
    ចំណែកភាសា កុំថាឡេីយភាសាបរទេស សូម្បីភាសាជាតិ
    តែហ៊ានសរសេរព្យាង្គតម្រួត ដឹងតែដេក សរសេរមិនកេីត
    អានលែងចេញតែម្តង ។
    សម្រាប់ការស្តីបន្ទោស ពួកគេតែងមានហេតុផលគ្រប់
    បែបយ៉ាង ។ ខ្លះឆ្លេីយថាខ្ញុំមិនធ្លាប់បួស សរសេរតាមនិយាម
    គរុកោសល្យឥឡូវ ខ្លះថាសរសេរបែបខេមរៈយានកម្ម សម័យ
    លន់ណុល តែការពិត ទោះបីមានការប្រែប្រួលផ្នែក
    អក្សសាស្ត្រ ឲ្យរត់របត់ជាមួយសម័យបច្ចេកវិទ្យា ដែលប្រេី
    ពាក្យបច្ចេកទេសពិបាកយល់យ៉ាងណាក្តី ក៏សូរសៀង នៅតែ
    ប្រកបជាមួយស្រៈ ព្យញ្ជនៈ តាងដល់ជាព្យាង្គតម្រួត
    ដដែលទេ ។
    ខ្លះដោះសារ ពីកាលនៅរៀនមិនសូវពូកែខាងភាសាខ្មែរ ដូច្នេះ
    ខំស្រូតរៀនតែពីភាសាបរទេស តែដល់ប្រគល់កិច្ចការឲ្យកាន់
    លទ្ធផលសូន្យ ថាមកពីសំណេរសរសេរវាជ្រៅពេក ទាក់ទង
    កិច្ចការនយោបាយ សេដ្ឋកិច្ច វប្បធម៍ សង្គម ។ល។គាត់
    ចេះមិនដល់ ចេះត្រឹមនិយាយ សរសេរ នាយអាយប៉ុណ្ណោះ។
    ជាតិថ្កេីងរុងរឿង ទៅបាន គឺអាស្រ័យលេីធនធានមនុស្ស ។
    ចាស់បុរាណបានរម្លឹកថា ចេះមកពីរៀន មានព្រោះការរក។
    សម្រាប់ការសិក្សារៀនសូត្រ មិនថាវ័យប៉ុណ្ណា ការសិក្សា
    មិនចេះចប់ទេ។ យ៉ាងណាមុិញ មនុស្សនៅរស់ពោះវាឃ្លាន
    ដូចនេះរកសុីដេីម្បីហូប ក៏វាមិនប្រកែកពីវ័យដែរ។
    សម្រាប់មន្ត្រីខ្សោយ បេីមិនតាំងចិត្តប្រព្រឹត្តបែបនេះទេ អនាគត
    អ្នកមិនប្រាកដថាប្រសេីរទេ ព្រោះរដ្ឋាភិបាល
    បានដាក់ឲ្យអនុវត្តន៍រួចហេីយនូវអភិក្រមទាំង ៥ ដែល
    សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានដាក់ចុះ។
    ជាការពិតណាស់ មន្រ្តី ដែលទះទ្រូងខ្លួនហេីយ អួតពី
    សញ្ញាបត្រកន្លងមកខ្លាំងជាងគេ គឺពួកអតីតបក្សសង្គ្រោះជាតិ
    គឺពីលេីដល់ក្រោមតែម្តង។
    តែការពិត ពពួកជនទាំងនេះ សុទ្ធតែជាពពួកជនចោលម្សៀត
    អត់បានការ ពូកែតែខាងអួត ភូតភរ បោកប្រាស ញុះញង់
    អុចអាល បង្ករតែភាពចលាចល វឹកវរដល់សង្គមជាតិ
    រហូតដល់ហ៊ានប្រព្រឹត្តអំពេីក្បត់ជាតិ លក់ទឹកដី លក់
    អធិបតេយ្យជាតិឲ្យជនបរទេស រហូតជាប់ទោសទណ្ឌ
    ពីបទក្បត់ជាតិទៀតផង ។
    សម្រាប់គំរូអាក្រក់ដូចលេីកឡេីង សូមមន្ត្រីខ្សោយភ្ញាក់
    រលឹកឡេីង ហេីយដុះខាត់ស្មារតីខ្លួនរត់ឲ្យទាន់សភាពការណ៍ ពុំនោះ
    សោតទេ ភាពកំសត់នឹងរត់មករកអ្នកជាមិនខាន ៕