បាតុករខ្មែរ​ជាង ៥០០នាក់​នៅ​ប្រទេស​ជប៉ុន​ធ្វើ​បាតុកម្ម​ដើរ​ហែ​ក្បួន​ប្រឆាំង​របប​ក្រុង​ភ្នំពេញ

ដោយ សេក បណ្ឌិត
2019-08-12
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បាតុករ​ខ្មែរ​រាប់​រយ​នាក់ កាន់​បដារ និង​ហែ​ក្បួន ស្រែក​ប្រឆាំង​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន នៅ​ទីក្រុង​តូក្យូ (Tokyo) ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី១២ ខែ​សីហា ឆ្នាំ២០១៩។ រូប៖ ពី​វីឌីអូ​លើ​ហ្វេសប៊ុក Vanna Hay
បាតុករ​ខ្មែរ​រាប់​រយ​នាក់ កាន់​បដារ និង​ហែ​ក្បួន ស្រែក​ប្រឆាំង​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន នៅ​ទីក្រុង​តូក្យូ (Tokyo) ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី១២ ខែ​សីហា ឆ្នាំ២០១៩។ រូប៖ ពី​វីឌីអូ​លើ​ហ្វេសប៊ុក Vanna Hay


បាតុករខ្មែរជាង៥០០នាក់ នៅប្រទេសជប៉ុន ទាមទារឲ្យលោកហ៊ុន សែន ចុះចេញពីតំណែង

ស្ដាប់ ឬ​ទាញ​យក​សំឡេង

ស្ដាប់ ឬ​ទាញ​យក​សំឡេង

បាតុករខ្មែររាប់រយ​នាក់ បាន​ដើរ​ហែ​ក្បួន កាន់​បដា និង​ស្រែក​ប្រឆាំង​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន នៅ​ទីក្រុង​តូក្យូ (Tokyo) ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី១២ ខែ​សីហា។ ក្រុម​បាតុករ​ភាគ​ច្រើន គឺ​ជា​យុវជន ដែល​រស់នៅ និង​ធ្វើ​ការ ក្នុង​ប្រទេស​ជប៉ុន ប៉ុន្តែ​ក៏​មាន​ពលរដ្ឋ​ខ្មែរ​មក​ពី​សហរដ្ឋ​អាមេរិក កាណាដា និង​កូរ៉េ​ខាង​ត្បួង​ចូលរួម​ដែរ។ ក្រៅ​ពី​នេះ ក៏​មាន​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​បង្ហាញ​វត្តមាន​ក្នុង​ការ​ទាមទារ​នេះ​ដែរ។

សម្រែក​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង បាន​លាន់​ឮ​ពេញ​ផ្លូវ​ក្នុង​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន ជា​កន្លែង​ដែល​ក្រុម​បាតុករ​ដើរ​ហែ​ក្បួន​ធ្វើ​បាតុកម្ម។ ការ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង​នេះ ព្រោះ​បាតុករ​មិន​ទទួល​ស្គាល់​ថា របប​ក្រុង​ភ្នំពេញ​សព្វ​ថ្ងៃ​ដឹក​នាំ​ប្រទេស​ស្រប​ច្បាប់​នោះ​ទេ។

អ្នក​ដឹក​នាំ​បាតុកម្ម និង​ជា​ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ ​នៅ​ប្រទេស​ជប៉ុន​ លោក ហៃ វណ្ណា ប្រាប់​អាស៊ី​សេរី​ថា អ្នក​ចូលរួម​ធ្វើ​បាតុកម្ម​មាន​ជាង ៥០០នាក់។ លោក​យល់​ថា នេះ​ជោគជ័យ​ខណៈ​ការ​ទាមទារ ដែល​ធ្វើ​ឡើង​ចំ​ថ្ងៃ​ធ្វើ​ការ ប៉ុន្តែ​បែរ​ជា​អ្នក​ចូលរួម​ច្រើន​បែប​នេះ។ លោក​បន្ត​ថា សារ​សំខាន់​ដែល​ក្រុម​បាតុករ​ចង់​បង្ហាញ​ទៅ​សហគមន៍​ជាតិ និង​អន្តរជាតិ មាន​បួន​ចំណុច​សំខាន់ៗ ចំណុច​អ្វី​ដែល​សំខាន់​មួយ​ទៀត​នោះ គឺ​ក្រុម​បាតុករ​ប្រកាស​ថា ពួក​គេ​នឹង​អម​ដំណើរ​លោក សម រង្ស៊ី ធ្វើ​មាតុភូមិ​និវត្តន៍​ក្នុង​ឆ្នាំ២០១៩ នេះ៖ «យើង​ទាមទារ​ឲ្យ​ប្រទេស​ហត្ថលេខី​ទីក្រុង​ប៉ារីស​ជួយ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​សម្លាប់​ដោយ​របប​ក្រុង​ភ្នំពេញ​ដឹក​នាំ​ដោយ​ជន​ផ្តាច់ការ ហ៊ុន សែន ហ្នឹង ហើយ​ទី២ យើង​ចង់​ឲ្យ​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ជួយ​ធ្វើ​សាក្សី​ដឹង​ឮ​អំពី​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី និង​ប្រជា​ពលរដ្ឋ​ខ្មែរ ហើយ​ទី៣ គឺ​យើង​ប្រឆាំង​ដាច់​ខាត​ពី​អ្វី ដែល​របប​លោក ហ៊ុន សែន គ្រោង​ធ្វើ​លើ​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់ ដែល​គាត់​ជា​ម្ចាស់​ស្រុក ដែល​គាត់​គ្រាន់​តែ​ទៅ​ប្រទេស​​កំណើត​គាត់​វិញ​ហេតុ​អី លោក ហ៊ុន សែន ចង់​សម្លាប់​ចង់​ចាប់​ចង​ពួក​គាត់។ ទី៤ យើង​នៅ​ប្រកាស​ថា យើង​មិន​ដែល​ទទួល​ស្គាល់ ហើយ​នៅ​តែ​មិន​ទទួល​ស្គាល់​របប​ខុស​ច្បាប់​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ក្លែងក្លាយ»

បាតុកម្ម​នេះ​ចែក​ចេញ​ជា​ពីរ​វគ្គ។ វគ្គ​ទី១ ចាប់​ផ្តើម​ពី​ម៉ោង១០ ព្រឹក​ដល់​ម៉ោង ១២ ថ្ងៃ​ត្រង់ ជា​ការ​ធ្វើ​វេទិកា​សាធារណៈ ដែល​មាន​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ អ្នកស្រី មូរ សុខហួរ ឡើង​ថ្លែង​សារ។ បន្ទាប់​មក​ នៅ​វគ្គ​ទី២ ក្រុម​បាតុករ​ដើរ​ហែ​ក្បួន ចាប់​ពី​ម៉ោង ២ ដល់​ម៉ោង ៣រសៀល។ ក្នុង​ពេល​ធ្វើ​វេទិកា​សាធារណៈ​ស្តីពី​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ អ្នកស្រី មូរ សុខហួរ លើក​ឡើង​ថា ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែល​មាន​សិទ្ធិ​សេរីភាព​ពេញលេញ ត្រូវ​តែ​យក​សិទ្ធិ​នេះ​ធ្វើ​ជា​ឧបករណ៍​ស្រប​ច្បាប់ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា និង​ទាមទារ​យក​គណបក្ស​សង្គ្រោះ​ជាតិ​មក​វិញ។ អ្នកស្រី ចាត់​ទុក​ការ​ចោទ​ប្រកាន់​ពី​តុលាការ​កម្ពុជា ដែល​បាន​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ និង​ធ្វើ​ការ​ចោទ​ប្រកាន់​នានា ទាក់ទង​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​គណបក្ស​នេះ គឺ​គ្មាន​មូលដ្ឋាន​ច្បាប់​ត្រឹម​ត្រូវ​ទេដែល​ជា​ការ​ធ្វើ​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ៖ «តុលាការ​តេឡេ​ហ្នឹង តុលាការ​ជឹបអូចៗ ហ្នឹង​មែន​ទេ? មាន​សិទ្ធិ​អំណាច​អី​តុលាការ​បែប​ហ្នឹង មែន​ទេ​បងប្អូន

បាតុករ​ម្នាក់ លោក សេង ការី ដែល​បាន​ចំណាយ​ពេល​ជាង ១៦ម៉ោង​ធ្វើ​ដំណើរ​ពី​ព្រំដែន​ប្រ​ទេស​​​​ជប៉ុន​មក​ចូលរួម​ធ្វើ​បាតុកម្ម​នេះ ប្រាប់​អាស៊ី​សេរី​ថា អ្វី​ដែល​លោក​លះបង់ គឺ​ចង់​ឃើញ​ប្រទេស​​ជប៉ុន និង​ប្រទេស​សេរី​ផ្សេង​ទៀត​ជំរុញ​ទៅ​របប​ក្រុង​ភ្នំពេញ​ឲ្យ​ងាក​មក​ស្តារ​ប្រជាធិប​តេយ្យ​​និង​សិទ្ធិ​មនុស្ស​ឡើង​វិញ។ បាតុករ​រូប​នេះ​ផ្ញើ​សារ​ទៅ​របប​ក្រុង​ភ្នំពេញ​ថា ការ​ក្រោក​ឡើង​របស់​ក្រុម​យុវជន​ពេល​នេះ ជា​ការ​បង្ហាញ​ថា នេះ​គឺ​ជា​ការ​ទាមទារ​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ​ផ្តាច់​ការ​ខុស​ច្បាប់​ចេញ​ពី​កម្ពុជា៖ «កូន​ខ្មែរ​ពិត​ជា​មាន​ការ​សាមគ្គី​គ្នា​មែន ហើយ​កូន​ខ្មែរ​ពិត​ជា​ចង់​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ ដែល​គាត់​មិន​​បាន​គោរព​ស្រលាញ់​ពលរដ្ឋ​ខ្មែរ​ហើយ​គាត់​មិន​បាន​យក​បេះដូង​ខ្លួន​មក​បម្រើ​ជាតិ​ពិត​ប្រាកដ​ទេ គាត់​ធ្វើ​ការ​រាល់​ថ្ងៃ​នេះ​គាត់​បម្រើ​តែ​ផល​ប្រយោជន៍​ឲ្យ​បរទេស ជា​ពិសេស គឺ​វៀតណាម និង​ចិន​តែ​ម្តង»

បាតុករម្នាក់ទៀត អ្នកនាង សៀ ណៃគួយ បង្ហាញចិត្តរីករាយនៅពេលឃើញមាន​បាតុករ​ចូល​​រួម​ច្រើន​ដូច​នេះ។ យុវជនខ្មែរនៅក្រៅស្រុករូបនេះស្នើទៅពលរដ្ឋខ្មែរ​ក្នុងប្រទេសឲ្យត្រៀម​ខ្លួនទទួល លោក សម រង្ស៊ី និងពួកគេទាំងអស់គ្នាដែលអមដំណើរ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្ស​​សង្គ្រោះ​​ជាតិ​ផ្សេង​ទៀត ដែល​នឹង​វិល​ទៅកម្ពុជាវិញក្នុងឆ្នាំ២០១៩ នេះ៖ «ក្នុង​អារម្មណ៍​ខ្ញុំ គឺ​សប្បាយ​​ចិត្ត​​ក្នុង​​ថ្ងៃ​​នេះ​​ណាស់ ព្រោះចង់ឃើញការរួបរួមហើយដែលបានឃើញប្រជាជនយើងមកចូលរួម​ច្រើន។ សូម​ផ្តាំ​ទៅ​របប​ក្រុង​ភ្នំពេញ​ថា ទោះ​ពួក​យើង​មាន​កំលាំង​​នៅ​ស្តួច​​ស្តើង​​ក៏​​ពិត​​មែន​ប៉ុន្តែ​​​កំលាំង​​​របស់​​ពួក​​ខ្ញុំ​សន្សំ​គ្នា​ធ្វើ​ជា​រឿយៗ អ៊ីចឹង​ហើយ​បើ​ទោះ​ជា​របប​អ្នក​ខ្លាំង​ប៉ុណ្ណា ក៏​ដោយ​ក៏​ថ្ងៃ​ណា​មួយ​ក៏​គង់​រលំ​រលាយ​ទេ ខ្ញុំ​ជឿ​ជាក់​អ៊ីចឹង​ហើយ​ពួក​ខ្ញុំ​នឹង​ខំ​តស៊ូ​ព្យាយាម​រហួត​ដល់​តែ​ដួល​បាន»

ការធ្វើបាតុកម្ម​របស់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​បែប​នេះ ក្នុង​ពេល​សហភាព​អឺរ៉ុប​កំពុង​អនុវត្ត​នីតិវិធី​ព្យួរប្រព័ន្ធអនុគ្រោះពន្ធEBA ពួក​គេ​យល់​ថា បើ​របប​ក្រុង​ភ្នំពេញ​ព្រម​ធ្វើ​តាម​ការ​ទាមទារ​​របស់​បាតុករ​គឺ​នឹង​អាច​បញ្ចៀស​ការ​កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​​សហភាព​អឺរ៉ុប។

មេដឹកនាំ​បាតុកម្ម​លោក ហៃ វណ្ណា ថា ជំហាន​បន្ទាប់​ក្រោយ​ពេល​ធ្វើ​បាតុកម្ម​នេះ លោក​នឹង​ផ្ញើ​ញត្តិ​តាម​ប្រៃសណីយ៍ ទៅ​រដ្ឋាភិបាល​ប្រទេស​ជប៉ុន និង​បណ្តា​ស្ថានទូត​នៃ​ប្រទេស​ជា​ហត្ថ​លេខី នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣តុលា ពី​អ្វី​ដែល​ក្រុម​បាតុករ​ស្នើ​សុំ ដើម្បី​ឲ្យ​ពួក​គេ​ដឹង​ឮ និង​ជួយ​ធ្វើ​អន្តរាគមន៍​ស្តារ​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ម្ពុជា​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Related Articles

One Response to "បាតុករខ្មែរ​ជាង ៥០០នាក់​នៅ​ប្រទេស​ជប៉ុន​ធ្វើ​បាតុកម្ម​ដើរ​ហែ​ក្បួន​ប្រឆាំង​របប​ក្រុង​ភ្នំពេញ"

  1. so socheath says:

    សំណាញ់ !
    …….
    ភាពអន្ទោកអន្ទោលស្តីពីការចង់វិលត្រឡប់មកកម្ពុជាវិញ
    ពីសំណាក់អ្នកនយោបាយក្បត់ជាតិ សមរង្ស៊ី និងបក្សពួក
    បានប្រព្រឹត្តទៅក្នុងជំនឿមួយ សម្រាប់បរិបទដែលមិន
    សមហេតុផល។
    ជំនឿលង់ប្រកបដោយអំនួត ក្នុងភាពហៃអើពីសំណាក់
    សកម្មជនអតីតគណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ
    ចោលដោយតុលាការអាស្រ័យលើទោសកំហុសក្បត់ជាតិ
    ដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខា
    ដែលកំពុងជាប់ពិរុទ្ធពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌
    តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បីផ្តួលរំលំ
    រដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំ
    ទាំងពីរមកជាប់ទោសរួមគ្នានៅកម្ពុជា នឹងធ្វើឲ្យមានការកែប្រែ
    ស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
    ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិ។ ព្រោះថា
    បើសមរង្ស៊ីហ៊ានវិលត្រឡប់មក និងមានមនុស្សម្នារជាច្រើន
    ទៅទទួល សម្រាប់សុវត្ថិភាពក្នុងការត្រឡប់មក ដែល
    នេះជាការវាយតម្លៃខុស ។
    បើយើងចាំមិនភ្លេច កឹមសុខា
    ដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
    នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយ
    សាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបានពួនសម្ងំលាក់ខ្លួនក្នុង
    ទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមាន
    សកម្មជនជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាម
    ការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួនកឹមសុខា
    ពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់
    កម្លាំងគាំទ្រនៃបក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មាន
    កម្លាំឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹងច្បាស់ថា
    កឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បី
    គាំទ្រជននេះ មិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួន
    ចំពោះមុខច្បាប់ ថាពួកគេ គឺជាជនក្បត់ជាតិដែរនោះទេ ។
    វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ី
    និងបក្សពួក ក្នុងការវិលត្រឡប់ចូលកម្ពុជាវិញនោះទេ ។
    តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការ
    ត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោសតាមកំហុសដែលពួកគេបាន
    ប្រព្រឹត្តក្នុងអំពើក្បត់ជាតិ។
    វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់
    សមរង្ស៊ីនិងបក្សពួក ដែលយល់ខុសពីស្ថានភាពបច្ចុប្បន្ន
    និងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើក
    លែងទោសពីអង្គព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់
    នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ
    ហ៊ុន សែន ។
    ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិ
    ទាំងនេះ មកកាត់ទោសតាមច្បាប់ ហើយសន្តិភាពជាតិ
    សុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀត
    ក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕

    ចម្រៀងបទ : ស្អែកសន្យា !
    I- ស្អែកហើយស្អែកទៀត ស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
    ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
    II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ពេលស្រែកបន្លឺ
    ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
    R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
    ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកជាវេលា ព្រោះមានថ្ងៃស្អែក ។
    III-ឈប់បោកប្រាសទៅ កុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតគ្រប់គ្រា
    បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ។