រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ត្អូញ​ពិបាក​ធ្វើ​ការ​ដោយសារ​ជាន់​ការងារ​គ្នា​ជាមួយ​ក្រសួង​ធនធាន​ទឹក

ដោយ មួង​ ណារ៉េត
2019-08-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ថ្លែង​ក្នុង​ពិធី​ចែក​ពូជ​ស្រូវ​ផ្កា​រំដួល​ជូន​កសិករ​នៅ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo courtesy of MAFF.gov.kh
រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ថ្លែង​ក្នុង​ពិធី​ចែក​ពូជ​ស្រូវ​ផ្កា​រំដួល​ជូន​កសិករ​នៅ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo courtesy of MAFF.gov.kh


រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ត្អូញ​ថា លោក​ពិបាកធ្វើ​ការងារ ចុះ​ជួយ​កសិករ​នៅ​តាម​វាលស្រែ ដោយសារ ជាន់​ការងារ​គ្នា​ជាមួយ​ក្រសួង​ផ្សេង ដែល​សំដៅ​លើ​ក្រសួង​ធនធាន​ទឹក។ អ្នក​ជំនាញ​អភិបាលកិច្ច យល់ថា ថ្វីបើ​នេះ​ជា​លេស​ដោះ​សារ តែ​រដ្ឋាភិបាល​ក៏​ល្មម​បង្រួម​ក្រសួង​ខ្លះ​ហើយ កុំ​ឱ្យ​ជាន់​ការងារ​គ្នា។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន ថ្លែង​ថា លោក​លែង​ហ៊ាន​ទៅ​ដល់​ស្រែ​ពលរដ្ឋ ដោយសារ​លោក​ត្រូវ​គេ​ចោទ​ថា លូកលាន់​ការងារ​របស់​គេ​។ បើ​ទោះ​​ជា​លោក មិន​បញ្ជាក់​ចំ តែ​ទំនង​សំដៅ​ដល់​ក្រសួង​ធនធាន​ទឹក ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​ទឹក​ធ្វើស្រែ​របស់​កសិករ៖ «បញ្ហា​ទឹក គឺជា​បញ្ហា​គន្លឹះ​ដ៏​ធំ ដែល​ហាក់បីដូចជា​នៅ​ទ្រឹង​មិន​សូវ​មាន​ភាព​ជឿនលឿន​ប៉ុន្មាន​ទេ ទាក់ទង​នឹង​បញ្ហា​នេះ រហូតដល់​ឥឡូវនេះ ខ្ញុំ​លែង​ហ៊ាន​ទៅ​ដល់​វាលស្រែ​។ ឱ្យ​តែ​ដល់​វាលស្រែ គឺ​កន្លែង​ហ្នឹង កន្លែង​ប្រយុទ្ធ​របស់​គេ​ហ្មង គឺថា ខ្ញុំ​ហ្នឹង​ទៅ​លូកលាន់​ការងារ​របស់​គេ​។ មិន​អាច​ទៅ​មើល​ស្រូវ​បានទេ ឥឡូវនេះ​។ ឱ្យ​តែ​ចុះ​ទៅដល់​កន្លែង​ដែល​គេ ប្រជាជន​យើង​ដាំ​ដុះ​ស្រូវ​ហ្នឹង គឺថា វាយប្រហារ​ហ្មង ហាក់បីដូចជា​ក្រសួងកសិកម្ម នៅ​លើ​មេឃ ឋាន​ព្រះចន្ទ។ អ៊ីចឹង ហាក់​បីដូច​មិន​ត្រូវ​គ្នា»

លោក វេង សាខុន ថ្លែង​បែបនេះ នៅ​ក្នុង​កម្មវិធី​មហាសន្និបាត និង​បោះឆ្នោត​អាណត្តិ​ទី​៣ របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កាលពី​ថ្ងៃ​ទី​៩ សីហា នៅ​ក្រសួង​កសិកម្ម។

ពាក់ព័ន្ធ​នឹង​បញ្ហា​ដាំ​ដុះ​ស្រូវ នៅ​ឆ្នាំនេះ លោក វេង សាខុន បន្ទោស​ផ្នែក​ធនធាន​ទឹក ឬ ប្រព័ន្ធ​ធារាសាស្ត្រ ថា ហាក់​មិនសូវ​រីកចម្រើន ឆ្លើយ​តប​នឹង​សម័យកាល​ប្រកួតប្រជែង។ លោក​ថា​បញ្ហា​ធនធាន​ទឹក និង​ប្រព័ន្ធ​ធារាសាស្ត្រ ជា​បញ្ហា​គន្លឹះ​ដ៏​ធំ ដែល​ជំរុញ​ឱ្យ​វិស័យ​កសិកម្ម ដើរ​ទៅ​មុខ និង​រីកចម្រើន តែ​ផ្ទុយទៅវិញ វិស័យ​នេះ ហាក់​នៅ​ទ្រឹង មិនសូវ​ជឿនលឿន​សោះ​។ ក្រៅ​ពី​នេះ លោក​ក៏បាន​រិះគន់ និង​ស្នើ​ឱ្យ​កែ​លម្អ​ប្រព័ន្ធ​ដឹកជញ្ជូន ថ្លៃ​អគ្គិសនី ទើប​ការ​នាំចេញ​អង្ករ មាន​ភាព​ប្រសើរ​ជាង​បច្ចុប្បន្ន។

៧​ខែ​ដើម​ឆ្នាំ​២០១៩ ដំណាំ​ស្រូវ បាន​ក្រៀម​ស្វិត ងាប់​ច្រើន​ហិកតារ ដោយសារ​គ្រោះ​រាំងស្ងួត​នៅ​ដើម​ឆ្នាំ និង​កំពុង​បន្ត​រលួយ ដោយសារ​ទឹកជំនន់ នៅ​ដើមខែ​សីហា​នេះ។ បើ​ទោះ​ផលដំណាំ​ស្រូវ​ត្រូវ​បាន​ពលរដ្ឋ​រាយការណ៍​មក​ថា ងាប់​ច្រើន​ហិកតារ​នៅ​តាម​ភូមិ​នីមួយៗ ប៉ុន្តែ​ក្រសួង​កសិកម្ម មិន​បាន​បង្ហាញ​ទិន្នន័យ​ស្រូវ ដែល​រង​ការខូចខាត នៅ​ដើម​ឆ្នាំ​២០១៩ មាន​ចំនួន​ប៉ុន្មាន​ឡើយ។

គេហទំព័រ​ក្រសួង​កសិកម្ម បាន​ចុះផ្សាយ​ទិន្នន័យ​ខូចខាត​ស្រូវ​តាម​តំបន់​មួយ​ចំនួន ដូចជា នៅ​ឃុំ​អញ្ចើម ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ខូចខាត ស្រូវវស្សា​អស់​ ៣២៣ហិកតារ ដោយ​សារ​​ខ្វះ​ភ្លៀង​នៅ​ដើម​រដូវ​វស្សា គ្មាន​ប្រភព​ធនធាន​ទឹក បណ្ដាល​ឱ្យ​ស្រូវ​ក្រៀម​ស្វិត​ស្រពោន និង​ស្មៅ​ជើង​ក្រាស់​វាយលុក​តាម​វាលស្រែ។ ចំណែក​នៅ​ស្រែ​របស់​កសិករ​នៅ​ភូមិ​វៀរ ឃុំ​ម៉ង់វៀរ ស្រុក​ត្បូងឃ្មុំ ខូចខាត ១៤៤ហិកតារ ដោយ​មូលហេតុ​ដូចគ្នា។

ប៉ុន្តែ សម្រាប់​ការ​នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​វិញ លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែមួយ សម្រាប់​បំពេញ​បែបបទ​នាំ​ចេញ​អង្ករ បង្ហាញ​ថា រយៈពេល​កន្លះ​ឆ្នាំ​ដំបូង នៃ​ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំ​ចេញ​​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ កើន​ឡើង​ ៣,៧​ភាគ​រយ បើ​ធៀប​នឹង ៦​ខែ ដើម​ឆ្នាំ​២០១៨​។ ការ​នាំចេញ​អង្ករ ៦​ខែ​ដើម​ឆ្នាំ​២០១៩ មាន​ ២៨១.៥៣៨​តោន ឯ​ការនាំចេញ​អង្ករ ៦​ខែ ដើម​ឆ្នាំ ២០១៨ មាន​ ២៧១.៥៣៧តោន។ ទោះជា​យ៉ាង​នេះ​ក្តី ការ​កើនឡើង​នៃ​ការ​នាំ​អង្គរ​ចេញ​នេះ គឺ​ភាគច្រើន​នាំ​ទៅ​ទីផ្សារ​ចិន​។ ដោយឡែក​អង្ករ​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប បាន​ធ្លាក់​ចុះ តាំងពី​សហគមន៍​អឺរ៉ុប យក​ពន្ធ​លើ​ការ​នាំ​ចេញ​អង្ករ​ខ្មែរ។

ជុំវិញ​ការ​លើក​ឡើង​ថា របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ដែល​ពិបាក​ធ្វើការ​ដោយសារ​ជាន់គ្នា ជាមួយ​ក្រសួង​ធនធាន​ទឹក អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា កាលពី​ថ្ងៃ​ទី​១១ សីហា តែ​លោក​មិន​ទទួល​ទូរស័ព្ទ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា ការ​ត្អូញត្អែរ​លេស​ដោះសា​របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​។ ទោះ​យ៉ាង​ណា អ្នកឃ្លាំមើល​អភិបាលកិច្ច​រូប​នេះ មិន​ជំទាស់​ថា ការងារ​របស់​ក្រសួង​កសិកម្ម​ជាន់​គ្នា ជាមួយ​ក្រសួង​ធនធាន​ទឹក​ឡើយ។

លោក សន ជ័យ ថា វិធីសាស្ត្រ​ដោះស្រាយ កុំ​ឱ្យ​មានការ​ដោះសា ឬ​រុញ​ការ​ទទួលខុសត្រូវ​ដាក់​គ្នា គឺ​ត្រូវ​ផ្ដល់​អាទិភាព ឱ្យ​ច្បាស់​ទៅ​ក្រសួង​ណាមួយ​ឱ្យ​ដាច់។ សង្គម​ស៊ីវិល​រូប​នេះ សង្កេត​ឃើញ​ថា ដោយសារ​ការងារ​មិន​ច្បាស់​លាស់ ក្រសួង​ជាន់​ការងារ​គ្នា បណ្ដាល​ឱ្យ​គម្រោង​អភិវឌ្ឍន៍​ខ្លះ​ត្រូវ​ព្យួរ​ចោល​រាប់​ឆ្នាំ ឬ​បោះបង់ចោល ជាហេតុ​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​ពលរដ្ឋ។ ដំណោះស្រាយ​មួយទៀត លោក សន ជ័យ ថា ជា​ការ​ចង់បាន​របស់​ពលរដ្ឋ​គ្រប់រូប គឺ​ការ​បង្រួម​ក្រសួង​ពាក់ព័ន្ធ​បញ្ចូល​គ្នា ឱ្យ​ទៅ​ជា​ក្រសួង​តែមួយ មាន​នាយកដ្ឋាន​ជំនាញ​ផ្សេងគ្នា។

លោក សន ជ័យ ពន្យល់​ថា ការ​បង្រួម​ក្រសួង​បញ្ចូល​គ្នា មិនមែន​មានន័យថា បញ្ឈប់​មន្ត្រីរាជការ​ជំនាញ​ទេ តែ​ត្រូវ​ដាក់​ក្រោម​ក្រសួង​តែមួយ រដ្ឋមន្ត្រី​តែមួយ​។ លោក​ថា នៅ​ពេល​បង្រួម​ក្រសួង អ្នក​ដែល​ត្រូវ​បញ្ឈប់ គឺ​រដ្ឋមន្ត្រី និង​ក្រុម​មន្ត្រី​ហែហម​តាម​ក្រសួង ដូចជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និង​ជំនួយការ​ជាដើម៖ «បង្រួម​មិន​មានន័យថា​រំលាយ​ចោល​ទេ​។ គ្រាន់តែ​ជា​ការ​រុះរើ ឬក៏​ធ្វើ រៀបចំ​រចនាសម្ព័ន្ធ​ហ្នឹង ឱ្យ​ស្រប​ទៅ​តាម​តម្រូវការ​ជាក់ស្ដែង ហើយ​និង​ជំនាញ​ក្នុង​វិជ្ជាជីវៈ​ពិតប្រាកដ។ គេ​ត្រូវ​មើល​ទៅ​លើ​ឆន្ទ​នយោបាយ»

លោក សន ជ័យ ផ្ដល់​យោបល់​ថា ក្រសួង​ពាក់ព័ន្ធ​ច្រើន គួរ​ត្រូវ​បាន​បង្រួម​បញ្ចូល​គ្នា ដើម្បី​កុំ​ឱ្យ​ជាន់​ការងារ​គ្នា។ ក្នុង​នោះ ដូចជា ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ក្រសួង​បរិស្ថាន គួរ​ត្រូវ​បញ្ចូល​ជា​ក្រសួង​តែមួយ និង​ក្រសួង​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បញ្ចូល​គ្នា​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles