ជនជាតិចាម​​ថា​ ការ​ឃុំ​ខ្លួន​លោក​ អះម៉ាត់ យ៉ះយ៉ា​ គឺ​ជា​រឿង​អយុត្តិធម៌

2019-08-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​រដ្ឋលេខាធិការ​ក្រ​សួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា និយាយ​ជាមួយ​អ្នក​កាសែត​ក្រោយ​ពេល​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo: RFA
អតីត​រដ្ឋលេខាធិការ​ក្រ​សួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា និយាយ​ជាមួយ​អ្នក​កាសែត​ក្រោយ​ពេល​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo: RFA


តុលាការ​កាត់​ទោស​លោក ​អះម៉ាត់ យ៉ះយ៉ា ជាប់​ពន្ធ​នា​គារ​១៥​ឆ្នាំ​ពីបទជួញដូរមនុស្ស


តុលាការ​របប​ក្រុង​ភ្នំពេញ​បាន​សម្រេច​ផ្ដន្ទាទោស អះម៉ាត់ យ៉ះយ៉ា​ អតីត​រដ្ឋលេខាធិការ​ ក្រសួង​សង្គម​កិច្ច​រយៈពេល​ ១៥​ឆ្នាំ និង​បញ្ជូន​ទៅ​ខ្លួន​ភ្លាមៗ នៅ​ពន្ធនាគារ​ព្រៃស​ក្រោយ​សវនាការ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី១៣ សីហា​នេះ ​ពាក់ព័ន្ធ​ករណី​ជួញ​ដូរ​មនុស្ស​ជាង ៣០០នាក់​ទៅ​ប្រទេស​​​អារ៉ាប់។

ជនជាតិ​ចាម​​បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ក្រុង​ភ្នំពេញ​បែប​នេះ​ថា ជា​រឿង​អយុត្តិធម៌​ និង​​មិន​អាច​ទទួល​យក​បាន​ចំពោះ​ករណី​លោក​ អះម៉ាត់ យ៉ះយ៉ា​ និង​​ក្មួយ​ប្រុស​លោក​នោះ​ឡើយ។

ក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃ​ទី១៣​ ខែ​សីហា អនុ​ប្រធាន​តុលាការ ​​លោក​ កូយ សៅ​ ​ក្រុង​ភ្នំពេញ ​បាន​សម្រេច​ផ្ដន្ទាទោស​លោក​ អះម៉ាត់​ យ៉ះយ៉ា​ និង​ ក្មួយ​ប្រុស​របស់​ឈ្មោះ​ អ៊ីស្មាអែល ពិនឧស្មាន ឱ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​រយៈពេល​ ១៥​ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​រួម​គ្នា​ចំនួន​ ២០០​លាន​រៀល​ ប្រមាណ​​​ ៥ម៉ឺនដុល្លា​ ទៅ​ឲ្យ​ជន​រងគ្រោះ​ពីរ​នាក់​ បន្ទាប់​ពី​តុលាការ​រក​ឃើញ​ថា​ អ្នក​ទាំង​ពីរ​ជាប់​ពាក់​ព័ន្ធ​ករណី​ជួញ​ដូរ​មនុស្ស​ទៅ​ប្រទេស​អារ៉ាប់។

ជនជាតិ​ចាម​ម្នាក់​ឈ្មោះ​ សុខ ក្រី ដែល​បាន​ចូល​រួម​ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី១៣ សីហា​នេះ ប្រាប់​អាស៊ី​សេរី​ថា តុលាការ​មិន​បាន​បង្ហាញ​ភស្តុតាង​ណាមួយ​រឹងមាំ​មក​ដាក់​បន្ទុក​ទៅ​លើ​ជន​សង្ស័យ​ទាំង​ពីរ​នោះ​ទេ។ ​លោក​បាន​ថ្លែង​ការ​ពារ​ថា​ លោក អះម៉ាត់ យ៉ះយ៉ា​ គឺ​ជា​មនុស្ស​ស្អាតស្អំ​ និង​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញ​ដូរ​មនុស្ស​ទេ៖ «លោក​ អះម៉ាត់ យ៉ះយ៉ា​ មិន​មែន​សម្រាប់​ខ្លួន​ខ្ញុំ​ទេ​​ គឺ​សម្រាប់​ជនជាតិ​ចាម​នៅ​ទូទាំង​ប្រទេស​ទាំងអស់​ គឺ​ចាត់​ទុក​គាត់​ជា​មនុស្ស​ល្អ​ដោយសារ​អី? ដោយសារ​គាត់​ជា​មនុស្ស​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​គំនិត​ផ្ដួចផ្ដើម​ដល់​កូន​ខ្មែរ​អ្នក​កាន់​សាសនា​ឥស្លាម​ទាំង​អស់​បាន​រៀន​សូត្រ​ខាង​ចំណេះ​ដឹង​ទូទៅ ហើយ​សរុប​កូន​សិស្ស​ដែល​គាត់​ជួយ​ហ្នឹង​បាន​ជាង​ ១.០០០​នាក់​ហើយ គឺ​ឲ្យ​បណ្ដុះបណ្ដាល​ឱ្យ​ចប់​មាន​ការងារ​ធ្វើ​ល្អ​ អ្នក​ខ្លះ​បាន​ធ្វើ​ជាឯកឧត្តម​អី​ច្រើន​ណាស់​តាម​រយៈ​គាត់​ហ្នឹង»

លោក អ៊ីស្មាអែល ពិនឧស្ម័ន ត្រូវ​ជា​ក្មួយ​បង្កើត​លោក អះម៉ាត់ យ៉ះយ៉ា ត្រូវ​កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី៩ ខែ​កុម្ភៈ ឆ្នាំ២០១៨ សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​ករណី​នាំ​ពលករ​ទៅ​ធ្វើ​ការ​ខុស​ច្បាប់ នៅ​ប្រទេស​អារ៉ាប់ប៊ី សាអូឌីត។ កាល​ពី​អំឡុង​ឆ្នាំ២០០៤ លោក អ៊ីស្មាអែល ពិនឧស្ម័ន បាន​និយាយ​ថា លោក​ត្រូវ​ការ​ជ្រើសរើស​ពល​ការិនី​ ដើម្បី​បញ្ជូន​ទៅ​ធ្វើ​ការ​ជា​ជំនួយ​ការ​មេ​ផ្ទះ នៅ​ប្រទេស​អារ៉ាប់ប៊ី សាអូឌីត ប្រាក់​ឈ្នួល​ចំនួន​​២២០ដុល្លារ​​អាមេរិក ដោយ​មាន​​​កិច្ចសន្យា​ការងារ​រយៈ​ពេល ២ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles