លោក ឈាង វុន ថា វៀតណាម​បន្ត​សើ្ន​សុំ​កម្ពុជា​ផ្ដល់​សញ្ជាតិ​ដល់​ពលរដ្ឋ​ខ្លួន​

អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា​ លោក​ ឈាង វុន

សមាជិក​សភា​បក្សកាន់អំណាច លោក ឈាង វុន បាន​អះ​អាង​ថា លោក​បានបដិសេធសំណើ​របស់ភាគីវៀតណាមដែលបានស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាជួយផ្ដល់សញ្ជាតិឱ្យពលរដ្ឋខ្លួន​ដែលរស់នៅ និងរកស៊ីក្នុងប្រទេសជាកម្ពុជាយូរ​មក​ហើយ។

លោក ឈាង វុន អះអាង​ថា ការស្នើសុំរបស់ភាគីវៀតណាមធ្វើឡើងក្នុងសន្និសីទលើកទី៧ នៃគណៈកម្មការកិច្ចការបរទេសសភាកម្ពុជា ឡាវ និងវៀតណាម ដែលធ្វើឡើងនៅប្រទេសវៀតណាមថ្មីៗនេះ។

លោក ឈាង វុន ដែលបានទៅចូលរួមសន្និសីទនៅប្រទេសវៀតណាមនោះប្រាប់អ្នកសារព័ត៌មាន​បន្ទាប់វិលមកដល់ប្រទេសកាលពីម្សិលមិញថា សន្និសីទនេះមានគោលដៅជជែកទៅលើការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម ដែលកម្ពុជាមានខេត្តចំនួន ៤ រួមមាន ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។

លោកបន្តថា ក្នុងសន្និសីទនោះ ភាគីវៀតណាមបានស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាជួយផ្ដល់សញ្ជាតិដល់ពលរដ្ឋវៀតណាមដែលរស់នៅក្នុងប្រទេសកម្ពុជាយូរហើយ  ប៉ុន្តែ សំណើនេះ ត្រូវបានបដិសេធ ដោយថា កម្ពុជាមិនអាចផ្ដល់សញ្ជាតិដល់ពលរដ្ឋវៀតណាមផ្ទុយពីច្បាប់សញ្ជាតិ និងអន្តោប្រវេសន៍បានទេ។

លោក ឈាង វុន ប្រាប់អ្នកសារព័ត៌មាន​កាលពីម្សិលមិញនេះថា៖ «ភាគីវៀតណាម លោកបានស្នើយើងពីរឿងប្រជាពលរដ្ឋវៀតណាម ដែលមករស់នៅតំបន់ហ្នុងយូរហើយ ម៉េចយើងមិនផ្តល់សញ្ជាតិឱ្យអីចឹង? ខ្ញុំ និងគណៈប្រតិភូយើង បានឆ្លើយតបច្បាស់លាស់​ពីរឿងនេះថា យើងមានច្បាប់ទម្លាប់របស់យើង ហើយច្បាប់ជាច្រើនហ្នឹង ​រួមទាំងច្បាប់សញ្ជាតិហ្នឹងផង ច្បាប់អន្តោប្រវេសន៍ផង។ យើងមិនអាចឱ្យគាត់​ឱ្យគ្រប់សញ្ជាតិអូតូម៉ាទិច ស្វ័យប្រវត្តិចំពោះបងប្អូនវៀតណាមរបស់គាត់ ដែលមករស់នៅខុសច្បាប់នៅក្នុងដែនដីកម្ពុជាកន្លងទៅ យើងមិនអាចឱ្យកើតទេ ប៉ុន្តែ គាត់ដាក់សុំសញ្ជាតិសុំអីអ៊ីចឹងទៅ ច្បាប់ទម្លាប់របស់យើងគឺអ៊ីចឹង…»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលមិនអាចផ្ដល់សញ្ជាតិដល់ពលរដ្ឋវៀតណាមផ្ទុយទៅនឹងច្បាប់នោះទេ។

លោក ផៃ ស៊ីផាន ប្រាប់ថា៖ «រដ្ឋសភាលោកបានពន្យល់ប្រាប់ហើយ​ថា អ្វីដែលកម្ពុជាមិនអាចធ្វើបានទៅតាមអារម្មណ៍ ឬមនោសញ្ចេតនាបានទេ។ កម្ពុជាមានច្បាប់អន្តោប្រវេសន៍ ច្បាប់ចូលសញ្ជាតិគ្រប់គ្រាន់ ហើយនិងអនុវត្តទៅតាមគោលការណ៍ច្បាប់នេះឯង ដែលគេហៅថា នីតិរដ្ឋ។ នេះ​ជាការលើកឡើងរបស់ឯកឧត្តម ឈាង វុន ហើយជំហររបស់រដ្ឋាភិបាល គ្មានអ្វីក្រៅពីអនុវត្តច្បាប់»។

របាយការណ៍​​រដ្ឋាភិបាល បង្ហាញ​ថា ​​ជន​បរទេសដែលរស់នៅប្រទេស​ដោយខុសច្បាប់មានជាង ១៨​ម៉ឺន​នាក់ ក្នុង​នោះ​ ភាគច្រើនជាជនជាតិវៀតណាម ដែលមានចំនួន ៩៩​ភាគរយ ឬ​ស្មើ​នឹង ១៨​ម៉ឺន​នាក់។

ប្រធានបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ការផ្ដល់សញ្ជតិដល់ជនអន្តោប្រវេសន៍ដែលមានព្រំទល់ជាប់គ្នានេះ នឹងធ្វើឱ្យ​ប្រទេសជួបហានិភ័យខ្លាំង ហើយ​លោកថា រដ្ឋាភិបាលត្រូវបញ្ជូនជនអន្តោប្រវេសន៍ដែលរស់នៅដោយខុសច្បាប់ទៅប្រទេសដើមវិញ ដោយមិនត្រូវទុកឱ្យពួកគេរស់នៅប្រទេសកម្ពុជាទាំងខុសច្បាប់នោះទេ។

លោក សុខ ទូច ប្រាប់ថា៖ «តើមានប្រទេសណាមួយដែលនៅជិតខាងគ្នា​ឱ្យសញ្ជាតិ។ កន្លែងហ្នឹង តើវៀតណាមសុំកម្ពុជា ចង់បានកម្ពុជាក្នុងចំណុចទាល់ ចំណុចទាល់បើទិដ្ឋភាពនយោបាយ ព្រោះមិនអាចទេ គ្មានរឿង​ប្រទេសណាមួយដែលនៅជិតគ្នា ហើយរួចដាក់ចូលសញ្ជាតិ មកនូវហើយបានសញ្ជាតិ វាអត់ដែលមានទេ។ … មានសញ្ជាតិ គឺមានសិទ្ធិអ្វីៗទាំងអស់ មានសិទ្ធិក្នុងកាសម្រេចជោគវាសនា មានសិទ្ធិទិញដី មានសិទ្ធិបោះឆ្នោត តើក្រុមហ្នឹង​នឹងក្លាយទៅជាអ្វីនៅថ្ងៃអនាគត ជាម្ចាស់ជោគវាសនាប្រទេសជាតិ»

របាយការណ៍​អន្តោ​ប្រវេសន៍​ចេញ​កាល​ពី​ថ្ងៃ​ខែមុនឱ្យដឹងថា សមត្ថកិច្ចបានដកហូតឯកសាររដ្ឋបាល​មិនប្រក្រតី​ពី​ជនបរទេសជាង ៣ម៉ឺន ៧​ពាន់ច្បាប់​ក្នុង​រយៈ​ពេល ៦​ខែ​ដើម​ឆ្នាំ​នេះ។

ឯកសារមិនប្រក្រតីទាំងអស់នោះ មានដូចជា សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិត​ឆ្លងដែន សំបុត្រកំណើត សេចក្ដីចម្លងសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ ដោយឯកសារទាំងអស់នេះ អាជ្ញាធរឃុប​ឃិតគ្នា​ផ្ដល់ឯកសារឱ្យជនបរទេសទាំងនោះ ។

អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោក គៀត ច័ន្ទថារិទ្ធិ ឲ្យ​ដឹងថា កម្ពុជាបានសម្រេចផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឱ្យជនបរទេស ៨៨ ១១២​នាក់ ដែល​ភាគ​ច្រើន​លើស​លប់​ផ្ដល់​​ឱ្យ​ជន​ជាតិវៀតណាម​ចំនួន ៨៧ ៧៩៧នាក់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "លោក ឈាង វុន ថា វៀតណាម​បន្ត​សើ្ន​សុំ​កម្ពុជា​ផ្ដល់​សញ្ជាតិ​ដល់​ពលរដ្ឋ​ខ្លួន​"

  1. Anonymous says:

    I don’t think Hun Sen government dares to reject his boss request to naturalize vietnamese. Their goal is at least increase vietnamese population 1/3 of the whole population in Cambodia.

  2. Anonymous says:

    WOW … it seem to be HUN SEN former boss loss their trust on HUN SEN. at first HUN SEN’s former boss wanted their slave to register their people as Cambodian . after HUN SEN gone 90 degree to CHINA that right HUN SEN former boss getting worry. we should learn about relation between CHINA and Vietcong both of them was not like each other. the most Vietcong concerning is they can not continuous their policy to take over Cambodia. Vietcong have ask Cambodia many time to finish the border post that left over . I knew the reason why it take so long because Vietcong think they are not took enough land from Cambodia and they also worry if CHINA come they can not even talking about the border. another reason why ?? because Cambodia will become a new CHINESE province .

Leave a Reply

Submit Comment