អ្នកស្រី មូរ សុខហួរ ស្នើ​អ.ស.ប​ជួយ​រក​យុត្តិធម៌​រឿង​ចាប់​ខ្លួន​លោក នុត ពេជ តាម​ទំនើងចិត្ត និង​ដោយ​អមនុស្សធម៌

ដោយ មួង ណារ៉េត
2019-08-22
RFA

សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត និង​ជា​អនុប្រធាន​ប្រតិបត្តិ​បក្ស​ប្រឆាំង​ស្រុក​ឈូក លោក នុត ពេជ ពេល​ត្រូវ​​គេ​បញ្ជូន​ទៅ​តុលាការ​ខេត្ត​នេះ នៅ​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១៩។ Photo courtesy of Adhoc
សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត និង​ជា​អនុប្រធាន​ប្រតិបត្តិ​បក្ស​ប្រឆាំង​ស្រុក​ឈូក លោក នុត ពេជ ពេល​ត្រូវ​​គេ​បញ្ជូន​ទៅ​តុលាការ​ខេត្ត​នេះ នៅ​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១៩។ Photo courtesy of Adhoc


អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ស្នើ​ឱ្យ​ស្ថាប័ន​សិទ្ធិមនុស្ស របស់​អង្គការ​សហប្រជាជាតិ ជួយ​រក​យុត្តិធម៌​រឿង​ចាប់ខ្លួន​អនុប្រធាន​ប្រតិបត្តិ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ស្រុក​ឈូក​ខេត្ត​កំពត នៃ​គណបក្ស​សង្គ្រោះជាតិ​លោក នុត ពេជ តាម​ទំនើងចិត្ត និង ដោយ​អមនុស្សធម៌។

ក្នុង​លិខិត ចុះ​ថ្ងៃ​ទី២១ ខែ​សីហា​នេះ ដែល​ផ្ញើ​ជូន​ទៅ​ប្រធាន​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ អ្នកស្រី មី​ស្សែល បាសេឡេ (Michelle Bachelet) អ្នកស្រី មូរ សុខហួរ ថា​ទង្វើ​របស់​អាជ្ញាធរ​របប​លោក ហ៊ុន សែន ក្នុង​ការ​ចាប់ខ្លួន ដាក់​ខ្នោះ បណ្ដើរ​ទាំង​អត់​ស្បែកជើង ពី​វាលស្រែ​ទៅ​ប៉ុស្តិ៍​ប៉ូលិស និង​ក្រោយមក​កោរសក់​លោក នុត ពេជ ទៀត​នោះ គឺ​បង្ហាញ​ពី​ទម្រង់​នៃ​ការ​ធ្វើ​ទារុណ្ឌកម្ម​ផ្លូវចិត្ត ដែល​ហួស​និស្ស័យ​ជា​មនុស្ស។ ជាង​នេះ​ទៅ​ទៀត ក្រោយ​ការ​ឃុំ​ខ្លួន​ភ្លាមៗ អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​លោក នុត ពេជ បាន​ជួប​សួរសុខទុក្ខ​លោក នៅ​ក្នុង​មន្ទីរឃុំឃាំង​នោះ​ឡើយ។

អ្នកស្រី​ទាមទារ​ឱ្យ​ការិយាល័យ​ឧត្ដមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស របស់​អង្គការសហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ជួយ​ផ្តល់​យុត្តិធម៌​ដល់​លោក នុត ពេជ និង​ក្រុម​គ្រួសារ ដោយ​ស្នើ​ឱ្យ​មានការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​មួយ លើ​ករណី​បំពាន​ច្បាប់​ពី​សំណាក់​អាជ្ញាធរ​នេះ។

អ្នកស្រី មូរ សុខហួរ ស្នើ​ឱ្យ​ស្ថាប័ន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ជួយ​ធ្វើ​យ៉ាងណា ឱ្យ​របប​លោក ហ៊ុន សែន បញ្ឈប់​ការប្រើប្រាស់​ទម្រង់​នៃ​ការ​ធ្វើ​ទារុណកម្ម​ផ្លូវចិត្ត ដល់​អ្នក​ជាប់ឃុំ និង បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ លើ​មន្ត្រី​បក្ស​ប្រឆាំង​តទៅទៀត។

លិខិត​ដដែល​នេះ អ្នកស្រី​ចម្លង​ជូន​មួយ​ច្បាប់ ទៅ​ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប អ្នកស្រី សេស៊ីលីយ៉ា ម៉ាំស្ត្រុម (Cecilia Malmstrom)

ក្រៅពី​លោក នុត ពេជ សកម្មជន​បក្ស​ប្រឆាំង​ជិត ១៥០ នាក់ (១៤៩) នាក់​ផ្សេងទៀត​នៅ​កន្លែង​ដទៃ ក៏​ត្រូវ​បាន​អាជ្ញាធរ កោះហៅ​ឱ្យ​ចូល​ខ្លួន និង​ចេញ​ដីកា​សាកសួរ ជា​បន្តបន្ទាប់​ដែរ រឿង​ចោទ​ថា​រំលោភ​សាលដីកា​តុលាការ​កំពូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment