សកម្មជន​បក្ស​ប្រឆាំង និង​​បរិស្ថាន​ប្ដេជ្ញា​បន្ត​​សកម្មភាព​រិះគន់​សង្គម​ក្រោយ​ត្រូវ​បាន​ដោះលែង

ដោយ មួង ណារ៉េត
2019-08-24
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​បរិស្ថាន កញ្ញា សៅ ឧសភា ដែល​ជា​ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ សភា មយូរ៉ា។ រូប​ពី​ហ្វេសប៊ុក សភា មយូរ៉ា
សកម្មជន​បរិស្ថាន កញ្ញា សៅ ឧសភា ដែល​ជា​ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ សភា មយូរ៉ា។ រូប​ពី​ហ្វេសប៊ុក សភា មយូរ៉ា


សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ព្រះសីហនុ និង​ជា​សកម្មជន​បរិស្ថាន កញ្ញា សៅ ឧសភា ប្ដេជ្ញា​ថា នឹង​នៅតែ​បន្ត​សកម្មភាព​សង្គម​ដដែល បើ​ទោះ​រង​ការ​គំរាមកំហែង​ពី​ប៉ូលិស ឱ្យ​បញ្ឈប់​សកម្មភាព​រិះគន់​សង្គម​ក៏ដោយ។ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ថា ការ​អញ្ជើញ​កញ្ញា សៅ ឧសភា ទៅ​សាកសួរ​បាន​បញ្ចប់​ហើយ និង​គ្មាន​គម្រោង​កោះ​អញ្ជើញ​ទៀត​ទេ បើ​មិន​មាន​អ្វី​ថ្មី​។ សកម្មជន​បរិស្ថាន ដែល​ធ្លាប់​ធ្វើការ​ជាមួយ​កញ្ញា សៅ ឧសភា និង​សង្គម​ស៊ីវិល​ថ្លែង​ថា ការ​កោះ​អញ្ជើញ​របៀប​ចាប់ខ្លួន​បញ្ចូល​ឡាន​របស់​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​គំរាមកំហែង​ដល់​យុវជន​ផ្សេង​ទៀត។

កញ្ញា សៅ ឧសភា ប្រាប់​ថា កញ្ញា​គ្មាន​ភាព​តក់​ស្លុក ចំពោះ​ការចោទប្រកាន់​របស់​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឡើយ ហើយ​កញ្ញា​នឹង​បន្ត​សកម្មភាព​ទាំងឡាយ ដែល​ច្បាប់​មិន​ហាមឃាត់​បន្ត​ទៀត​។ សកម្មជន​បក្ស​ប្រឆាំង និង​ជា​សកម្មជន​បរិស្ថាន​រូប​នេះ ប្រាប់​ទៀត​ថា ក្នុង​ពេល​ចាប់ខ្លួន​ឡើង​ឡាន​ទៅ​ស្នងការ និង​ក្នុង​ពេល​បង្ខាំង​សួរចម្លើយ សមត្ថកិច្ច​បាន​គំរាមកំហែង ដោយ​ការ​ចោទ​ថា នាង​ជា​ក្រុម​ឧទ្ទាម តែ​ល្បួង​ឱ្យ​នាង​ឈប់​រិះគន់​រដ្ឋាភិបាល​តទៅ​ទៀត៖ «ជា​សំណួរ​នៅ​ក្នុង​កំណត់ហេតុ តែ​សំណួរ​នៅ​ខាងក្រៅ គ្មាន​កំណត់ហេតុ​គេ​សួរ​បន្ថែម​ទៀត​។ សួរ​អំពី​បញ្ហា ដែល​ខ្ញុំ​Live វីដេអូ ចេញ​ឃ្លិប​វីដេអូ​មួយ ដែល​ទាក់ទង​នឹង​កូន​របស់​លោក ជា សុផារ៉ា ហើយ​មួយវិញទៀត គាត់​ចោទ​ខ្ញុំ​ថា ជា​ពួក​ឧទ្ទាម ពួក​ក្បត់​ជាតិ ដោយសារតែ​ខ្ញុំ​ហ្នឹង ជា​យុវជន​របស់ លោក សម រង្ស៊ី ហើយ​អ៊ីចឹង​ទៅ គាត់​ចោទ​ខ្ញុំ​ជា​ពួក​ឧទ្ទាម ពួក​ក្បត់ជាតិ​អ៊ីចឹង​ទៅ»

កញ្ញា សៅ ឧសភា ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បង្គាប់​ឱ្យ​ផ្ដិតមេដៃ លើ​កិច្ចសន្យា​ឈប់​រិះគន់​សង្គម មុន​ពេល​ដោះលែង នៅ​ម៉ោងជាង ១១​យប់ ថ្ងៃ​ទី​២៣ សីហា​។ កញ្ញា​រំលឹក​ថា កញ្ញា​ត្រូវ​បាន​ចាប់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​២៣ សីហា ដោយ​ជន​ស្លៀកពាក់​ស៊ីវិល​មួយ​ក្រុម បាន​ជិះ​ឡាន​កៀរ​ម៉ូតូ​របស់​កញ្ញា និង​ប្អូនប្រុស ក្នុង​ពេល​ធ្វើដំណើរ​ទៅ​ធ្វើ​ការ​នៅ​រោងចក្រ​។ កញ្ញា​ថា ក្រុម​បុរស ៤​នាក់ បាន​ចុះ​ពី​លើ​ឡាន​ទំនើប ចាប់​បង្ខំ​នាង​ឱ្យ​ឡើង​ឡាន ដោយ​មិន​ប្រាប់​ហេតុផល​ទេ។ កញ្ញា​បាន​ប្រវាយប្រតប់​ជាមួយ​ក្រុម​បុរស​ទាំង ៤​នាក់ ហើយ​បាត់​ទូរស័ព្ទ​ដៃ និង​ត្រូវ​ក្រុម​មនុស្ស​ទាំង ៤​នាក់​នោះ ចាប់​ឡើង​ឡាន ដឹក​ទៅ​ស្នងការ​នគរបាល​ខេត្ត។ កញ្ញា សៅ ឧសភា អះអាង​ថា ជន​ស៊ីវិល​ទាំងនោះ មិន​ណែនាំ​ខ្លួន​ថា ជា​ប៉ូលិស និង​គ្មាន​បង្ហាញ​ដីកាកោះ​អញ្ជើញ ឬ​ចាប់ខ្លួន​ទេ គឺ​ធ្វើ​ឡើង​តាម​ទំនើងចិត្ត​។​

សកម្មជន​បរិស្ថាន​ដដែល​រៀបរាប់​ថា ក្នុង​កំណត់ហេតុ ប៉ូលិស​បាន​សួរនាំ និង​កត់ត្រា តែ​សំណួរ និង​ចម្លើយ​ទាក់ទង​នឹង​សារ​បង្ហោះ​លើ​ហ្វេសប៊ុក (Facebook) ក្លែងក្លាយ ក្នុង​អត្ថន័យ​ជេរប្រមាថ​រដ្ឋាភិបាល​ប៉ុណ្ណោះ​។ ប៉ុន្តែ​នៅ​ក្រៅ​កំណត់ត្រា ប៉ូលិស និង​តំណាង​អយ្យការ បាន​សួរនាំ​ច្រើន​ពី​សារ​វីដេអូ​លាតត្រដាង​ទ្រព្យ​របស់​កូនប្រុស​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា ឈ្មោះ ផារ៉ា មង្គល ដែល​មាន​លុយ​រាប់​លាន​ដុល្លារ​ទិញ​ផ្ទះ​វីឡា នៅ​ប្រទេស​អូស្ត្រាលី​។ វីដេអូ​ឃ្លិប​នេះ បង្ហោះ​កាលពី​ខែ​មិថុនា ក្រោយ​ពេល​ចលនា​មាតា​ធម្មជាតិ រក​ឃើញ​ថា លោក ផារ៉ា មង្គល មាន​លុយ​សន្ធឹកសន្ធាប់​ខ្លាំង​ពេក។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ បញ្ជាក់​ជាថ្មី​ថា សមត្ថកិច្ច​មិន​បាន​ចាប់ ឬ​ឃាត់ខ្លួន កញ្ញា សៅ ឧសភា ទេ គឺ​អញ្ជើញ​មក​សាកសួរ។ លោក​អះអាង​ថា ការ​អញ្ជើញ​នេះ ធ្វើ​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​។ ចំណែក​ករណី​កញ្ញា សៅ ឧសភា លោក​ថា ក្រោយ​ពន្យល់​ចប់​សព្វគ្រប់​សមត្ថកិច្ច​អនុញ្ញាត​ឱ្យ​ត្រលប់​ទៅផ្ទះ​វិញ​។ ក្នុង​ករណី​សមត្ថកិច្ច​រក​ឃើញ​ថ្មី​បន្ថែម​ទៀត សមត្ថកិច្ច​នឹង​កោះ​អញ្ជើញ​សាជាថ្មី៖ «ដូចជា​មិន​មាន​ពាក់ព័ន្ធ​អ្វី​ត្រូវ​អញ្ជើញ​ទេ​។ ទាល់តែ​យើង​មាន​តម្រុយ​ណាមួយ ដែល​ត្រូវតែ​គាត់​សំណូមពរ​សុំ​ជួប​យើង បំភ្លឺ​ថា ឥឡូវ​គាត់​សង្ស័យ​អ្នកណា ហើយ​ឬមួយ​ខាង​សមត្ថកិច្ច​សង្ស័យ​ថា អ្នកណា ដែល​គាត់​អាច​ស្គាល់​ឬ​អត់ អាហ្នឹង​យើង​នឹង​អញ្ជើញ​គាត់​ជួប​គ្នា ពិភាក្សា​គ្នា​។ បើ​ថា អត់​ក៏​អត់​មាន​បញ្ហា​អ្វី​ដែរ​។ តែ​បើ​យើង​រក​តម្រុយ​ឃើញ​ណាមួយ​រៀងខ្លួន អាហ្នឹង​យើង​ត្រូវ​សហការ​គ្នា​ទៀត»

ចំណែក​ករណី​ហ្វេសប៊ុក​ឈ្មោះ សភា មយូ​រ៉ា មួយ​ផ្សេងទៀត ដែល​កញ្ញា សៅ ឧសភា អះអាង​ថា ជនខិលខូច​លួច​បង្កើត ដើម្បី​ធ្វើបាប​នាង និង​ករណី​អ្នក​ប្រើ​ហ្វេសប៊ុក ជា​មន្ត្រី​ប៉ូលិស ២​នាក់ បាន​បង្ហោះ​សារ​គំរាម​នាង លោក ជួន ណារិន្ទ ថា សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ។

សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ អ្នកនាង លឹម គឹមស័រ ហៅ​ការ​ចាប់ខ្លួន កញ្ញា សៅ ឧសភា ថា ជា​រូបភាព​គំរាមកំហែង​ដល់​សកម្មជន​បរិស្ថាន​ផ្សេងទៀត​។ អ្នកនាង​ថា កន្លង​មក ក្រុម​សកម្មជន​បរិស្ថាន​តែង​រង​ការ​គំរាម​បែបនេះ តែ​ពួកគេ​នឹង​មិន​ព្រម​បញ្ឈប់​សកម្មភាព​រិះគន់ ដើម្បី​ស្ថាបនា​ឡើយ​។ អ្នកនាង លឹម គឹមស័រ បន្ត​ថា ការ​ធ្វើ​ទុក​បុក​ម្នេញ របស់​អាជ្ញាធរ គឺជា​កម្លាំងចិត្ត ធ្វើ​ឱ្យ​សកម្មជន​បរិស្ថាន ខិតខំ​ធ្វើការ​ងារ​ជា​ប្រយោជន៍​សង្គម​ថែមទៀត៖ «វា​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​មែនទែន ហើយ​សម្រាប់​ខ្ញុំ ថា​ការ​ធ្វើ​បែប​ហ្នឹង​វា​កំពុង​គំរាម​ដល់​យុវជន​ផ្សេងទៀត​។ និយាយ​វា​អត់​ត្រូវតែ​ម្ដងណា គឺ​វា​ខុស​ខ្លាំង​មែនទែន ហើយ​មួយទៀត គឺ​គាត់ (​សៅ ឧសភា​) ជា​សកម្មជន​ស្ត្រី​វ័យក្មេង​ទៀត​។ មកដល់​ពេល​នេះ មាន​ការ​ដោះលែង​គាត់ តែ​គាត់​ដូច​មានការ​ភ័យខ្លាច​ណា​។ សម្រាប់​ខ្ញុំ អត់​អ្វី​ផង​បង​។ ធម្មតា​ហើយ ព្រោះ​អ្វី​ការ​គំរាមកំហែង​ចំពោះ​ខ្ញុំ​វា​មាន​ច្រើន​មក​ដែរ រហូត​មក​ដល់​ឥឡូវ វា​អត់​មាន​អ្វី​តក់ស្លុត​ទេ ព្រោះ​គាត់​(​សមត្ថកិច្ច​) ធ្វើ​តែ​អ៊ីចឹង​រហូត​មក​ហើយ»

សកម្មជន​បក្ស​ប្រឆាំង​ប្រចាំ​ស្រុក​ព្រៃនប់ និង​ជា​សកម្មជន​បរិស្ថាន កញ្ញា សៅ ឧសភា ថា ការ​ចាប់ខ្លួន​កញ្ញា​បង្ខាំង​ទុក​ពេញ​មួយថ្ងៃ កាលពី​ថ្ងៃ​ទី​២៣ សីហា ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​ទាំងមូល​កាន់តែ​យ៉ាប់យ៉ឺន ព្រោះ​ត្រូវ​រង​ការ​កាត់​ប្រាក់​ឈ្នួល ដោយសារ​មិនបាន​ទៅ​ធ្វើ​ការ​នៅ​រោងចក្រ រង​ការ​ស្ដី​បន្ទោស​ពី​ថៅកែ និង​ប្រឈម​ការ​បណ្ដេញ​ចេញ ដោយសារ​អវត្តមាន​ភ្លាមៗ មិន​បាន​ជូនដំណឹង​ដល់​រោងចក្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment