សង្គម​ស៊ីវិល​សាទរ​ចំណាត់​ការ​ក្រសួង​ដែនដី​ក្នុង​ករណី​វិវាទ​ដីធ្លី​នៅ​ស្រុក​ស្រែអំបិល​ខេត្ត​កោះកុង

2019-08-24
RFA

លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្លែង​​ក្រោយ​កិច្ចប្រជុំ​ នាទីស្ដីការ​ក្រសួង នៅ​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Sorn Chanratha
លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្លែង​​ក្រោយ​កិច្ចប្រជុំ​ នាទីស្ដីការ​ក្រសួង នៅ​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Sorn Chanratha


អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ផ្នែក​សិទ្ធិមនុស្ស និង​បញ្ហា​ដីធ្លី នៅ​ខេត្ត​កោះកុង សាទរ​សេចក្ដី​សម្រេច​របស់​ក្រសួង​ដែនដី ដែល​ថា នឹង​ចុះ​ពិនិត្យមើល​វិវាទ​ដីធ្លី​មួយ​កន្លែង រវាង​ពលរដ្ឋ​ជាមួយ​ឧកញ៉ា​ម្នាក់ នៅ​ស្រុក​ស្រែអំបិល។ ចំណែក​ក្រុម​ប្រជាពលរដ្ឋ​ជិត ២​រយ​គ្រួសារ ប្រកាន់​ជំហរ​ថា ប្រសិនបើ​ខាង​ក្រសួង​ចុះ​ពិនិត្យមើល​ហើយ នៅតែ​មិន​អាច​ដោះស្រាយ​បាន ពួកគាត់​នៅតែ​បន្ត​ការ​តវ៉ា​ទៀត។

ក្រសួង​ដែនដី​សម្រេច​ឱ្យ​ក្រុមការងារ​របស់​ខ្លួន នឹង​ចុះទៅ​ពិនិត្យមើល​ជម្លោះដីធ្លី​ក្នុង​ខេត្ត​កោះកុង ដើម្បី​ធ្វើ​អត្តសញ្ញាណ​កម្ម​ដី​ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រី ខលឈ័រ គ្រុប (Heng Huy Agriculture Group) និង​ដី​ពលរដ្ឋ​ជិត ២​គ្រួសារ ស្ថិតនៅ​ឃុំ​ជីខលើ និង​ឃុំ​ជីក្រោម ក្នុងស្រុក​ស្រែអំបិល​។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២២ សីហា ក្រសួង​ដែនដី​បញ្ជាក់​ថា ការ​ចុះ​ពិនិត្យ​នេះ មិនមែន​ដោះស្រាយ​ដី​ជូន​ពលរដ្ឋ​នោះ​ទេ​។ ប្រសិនបើ​ក្រសួង​ដែនដី​ពិនិត្យ​ឃើញ​ថា ទីតាំង​វិវាទ​នោះ​ស្ថិតនៅ​លើ​ដី​ប័ណ្ណ​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ឬ​បុគ្គល​ផ្សេង គឺ​ត្រូវ​ទៅ​ដោះស្រាយ​នៅ​តុលាការ។

ប៉ុន្តែ​នៅ​ក្នុង​លិខិត​របស់​ក្រសួង​ដែនដី មិន​បាន​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​ថា នឹង​ចុះទៅ​នៅ​ថ្ងៃ ណា​នោះ​ទេ​។ អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​រឿង​នេះ ពី​អនុរដ្ឋលេខាធិការ​ក្រសួង​ដែនដី លោក ទេព ធន បាន​ទេ នៅ​ថ្ងៃ​ទី​២៤ សីហា ដោយសារ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​ទទួល។

ចំណែក​តំណាង​ពលរដ្ឋ លោកស្រី អ៊ិន ធូ ប្រាប់​អាស៊ីសេរី​ថា ខាង​ក្រសួង​នឹង​ចុះទៅ​មើល​រឿងរ៉ាវ​ពួកគាត់​នៅ​ខែ​វិច្ឆិកា​ខាងមុខ ប៉ុន្តែ​មិន​កំណត់​ថា ថ្ងៃ​​ទី​ប៉ុន្មាន​នោះ​ទេ។ «»

ការដែល​ក្រសួង​ដែនដី​ងាក​មក​ពិនិត្យមើល​បញ្ហា​របស់​ព​ល​រដ្ឋ​វិញ​នេះ គឺ​បន្ទាប់ពី​មានការ​តវ៉ា​របស់​អ្នក​កោះកុង​ប្រមាណ ១​រយ​នាក់ នៅមុខ​ក្រសួង​ដែនដី ក្នុង​រាជធានី​ភ្នំពេញ អស់​រយៈពេល​ជិត ២​ខែ​មក​នេះ​។ ក្នុង​ពេល​តវ៉ា​មួយ​រយៈពេល​ចុងក្រោយ​នេះ អ្នក​កោះកុង​ទទួលរង​ការ​ប្រើ​អំពី​ហិង្សា​ពី​ក្រុម​សន្តិសុខ​ខណ្ឌ​ចម្ការមន ដែល​រុញច្រាន និង​វាយដំ​ពួកគាត់​ឱ្យ​ចេញ​ឆ្ងាយ​ពីមុខ​ក្រសួង។

កាលពីដើម​ខែ​កក្កដា​កន្លង​មក រដ្ឋបាល​ខេត្តកោះកុង បាន​ចេញ​លិខិត​មួយ​ច្បាប់ ដោយ​បដិសេធ​សំណើ​ពលរដ្ឋ​ដែល​សុំ​កាត់​ឆ្វៀល​ដី​ទំហំ ៤២១​ហិកតារ ចេញពី​គម្រោង​របស់​ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រី ខលឈ័រ គ្រុប ស្ថិត​នៅក្នុង​ឃុំ​ជីខលើ ស្រុកស្រែ​អំបិល​។ ក្នុង​លិខិត​នោះ អាជ្ញាធរ​ខេត្ត​កោះកុង​អះអាង​ថា ទីតាំង​ដែល​ពលរដ្ឋ​ស្នើសុំ​កាត់​ឆ្វៀល​នោះ គឺ​ស្ថិត​លើ​ដី​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​រួចហើយ របស់​ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រី ខលឈ័រ គ្រុប។ អាជ្ញាធរ​បញ្ជាក់​ថា ការ​ដោះស្រាយ គឺ​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ។

លោកស្រី អ៊ិន ធូ ដែល​ជាប់​បណ្ដឹង​ឧកញ៉ា ហេង ហ៊ុយ នៅ​តុលាការ​ខេត្ត​កោះកុង ឱ្យ​ដឹង​ថា ពួកគាត់​ដែល​ជា​ប្រជាពលរដ្ឋ​ក្រក្រី រស់នៅ​ទីតាំង​នោះ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក​ម្ល៉េះ​។ លោកស្រី​លើកឡើង​ថា ស្រាប់តែ​នៅ​ឆ្នាំ​២០០៧ រហូត​មក​ដល់​ឆ្នាំ​២០១៣ ទើប​លេច​ឈ្មោះ​ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រី ខលឈ័រ គ្រុប ចូល​មក​ឈូស​ឆាយ​ដី​ស្រែចម្ការ​ពួកគាត់ ដោយ​អះអាង​ថា ដី​ពលរដ្ឋ​ដែល​អាស្រ័យ​ផល គឺជា​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋ​ផ្ដល់​ឱ្យ​ក្រុមហ៊ុន​ទៅវិញ។

លោកស្រី​មិន​យល់ថា ហេតុអ្វី​បានជា​អាជ្ញាធរ​មិន​អាច​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ឱ្យ​ពលរដ្ឋ​ដែល​រស់នៅ​លើ​ដី​រស់​ខ្លួន​បាន បែរជា​ចេញ​ឱ្យ​ក្រុមហ៊ុន មាន​ប្លង់ និង​ប័ណ្ណ​កាន់កាប់​ដីធ្លី​របស់​ពួកគាត់​ទៅវិញ​។ តំណាង​ពលរដ្ឋ​រូប​នេះ​នៅតែ​ទាមទារ​សំណង​ជា​ដីធ្លី និង​ថវិកា​មួយ​ចំនួន​ពី​ភាគី​ក្រុមហ៊ុន។ «»

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំខេត្ត​កោះកុង លោក មាន ព្រហ្មមុនី សាទរ​ចំណាត់​ការ​របស់​ក្រសួង​ដែនដី ដែល​យល់ព្រម​ទទួល​តាម​សំណើ​ពលរដ្ឋ ចុះ​ពិនិត្យ​ករណី​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ​។ លោក មាន ព្រហ្មមុនី លើកឡើង​ថា ក្រសួង​ដែនដី ក្នុងនាម​ជា​អាជ្ញាធរ​រដ្ឋ គួរតែ​រិះរក​ដំណោះស្រាយ​ណា ដែល​ពលរដ្ឋ​អាច​ទទួល​យក​បាន ចៀសវាង​ការ​ចុះ​ទៅ​ពិនិត្យ​ហើយ ដោះស្រាយ​មិនបាន។ មន្ត្រី​ផ្នែក​សិទ្ធិមនុស្ស​រូប​នេះ ហាក់​ជំនឿ​តិចតួច ដែល​ពលរដ្ឋ​ក្រីក្រ​នឹង​អាច​ឈ្នះក្ដី​លើ​ភាគី​ក្រុមហ៊ុន ប្រសិនបើ​ក្រសួង​មិន​អាច​ដោះស្រាយ​បាន ហើយ​ឱ្យ​ពលរដ្ឋ​ទៅ​ដោះស្រាយ​នៅ​តុលាការ​វិញ​នោះ។ «»

របប​ក្រុងភ្នំពេញ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ជាង ៤​ពាន់​ហិកតារ ដើម្បី​វិនិយោគ​ដំណាំ​ស្ករអំពៅ កាលពី​ឆ្នាំ​២០០៧​។ នៅ​ឆ្នាំ​២០១០ ពលរដ្ឋ​ចោទ​ក្រុមហ៊ុន ហេង ហ៊ុយ ថា បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​លំនៅ​ប្រជាពលរដ្ឋ និង​គំរាម​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ណា ដែល​ហ៊ាន​តវ៉ា ចំពោះ​ការ​ឈូស​ឆាយ​វាទ​យក​ដី​របស់​ក្រុមហ៊ុន​។ ពួកគាត់​អះអាង​ថា បាន​ចូល​កាន់កាប់ និង​អាស្រ័យ​ផល​លើ​ដី​ធ្លី​ចាប់តាំង​ពី​ឆ្នាំ​១៩៩៣ មក​ម្ល៉េះ ដោយមាន​ប័ណ្ណ​កាន់កាប់​ដីធ្លី​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន។

ក្នុង​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយនេះ ពលរដ្ឋ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រី ខលឈ័រ គ្រុប ដែល​ប្ដូរ​ឈ្មោះ​ពី​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ បាន​ឈប់​ដាំ​ដំណាំ​អំពៅ ចំណែក​រោងចក្រ​ផលិត​ចេញ​ស្ករស ក៏​មិន​ឃើញ​មាន​សកម្មភាព​មមាញឹក​នោះ​ដែរ។

ក្នុង​វិវាទ​ដីធ្លី​នេះ មាន​តំណាង​ប្រជាពលរដ្ឋ ១០​នាក់ មាន​ស្រី ៥​នាក់ និង​ប្រុស ៥​នាក់ ជាប់​បណ្ដឹង​របស់​ឧកញ៉ា ហេង ហ៊ុយ នៅ​តុលាការ​ខេត្ត​កោះកុង ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ បទ​បរិហារ​បង្កាច់​កេរ្តិ៍ និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។

ទោះបីជា​យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ខេត្ត​កោះកុង បញ្ជាក់​ថា ពួកគាត់​នឹង​បន្ត​ការ​តវ៉ា​រក​ដោះស្រាយ​ពីមុខ​ក្រសួង​ដែនដី​ជាថ្មី បើ​ក្រសួង​ចុះ​ពិនិត្យមើល​ករណី​ពួកគាត់​ក្នុង​ខែ​វិច្ឆិកា​ខាងមុខ​នេះ​ហើយ នៅតែ​មិន​អាច​ដោះស្រាយ​បាន​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment