គយ​ពន្យារ​ពេល​ដល់​ចុង​ខែ​តុលា ២០១៩ ឱ្យ​ក្រុមហ៊ុន​ចិន​ដឹក​សំរាម​ចេញ​ឱ្យ​អស់ពី​កម្ពុជា

ដោយ ថន ថារ៉ូ
2019-08-25
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​ចុះ​ត្រួត​ពិនិត្យ​កាកសំណល់​ពី​បរទេស​ចំនួន ៨៣​កុងតឺន័រ ទម្ងន់​ប្រមាណ ១.៦០០​តោន ចូល​មក​កំពង់ផែ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី១៦ កក្កដា ២០១៩។ រូប​ពី​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន
មន្ត្រី​ចុះ​ត្រួត​ពិនិត្យ​កាកសំណល់​ពី​បរទេស​ចំនួន ៨៣​កុងតឺន័រ ទម្ងន់​ប្រមាណ ១.៦០០​តោន ចូល​មក​កំពង់ផែ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី១៦ កក្កដា ២០១៩។ រូប​ពី​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន


អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា យល់ព្រម​ឱ្យ​ក្រុមហ៊ុន​ឯកជន​របស់​ចិន​ពន្យារ​ពេល​ដឹក​សំរាម ៦៩​កុងតឺន័រ​ទៀត ចេញ​ឱ្យ​អស់ពី​កម្ពុជា នៅ​ចុងខែ​តុលា ដោយសារ​បញ្ហា​អាកាសធាតុ​មិន​ល្អ។ អ្នក​បរិស្ថាន​មិន​ទុកចិត្ត​លើ​ការ​ពន្យារ​ពេល​នេះ​ទេ និង​សង្ស័យ​ថា ក្រុមហ៊ុន​មាន​ចេតនា​ពន្យារពេល ដើម្បី​គេចវេះ​ពី​ការ​ទទួលខុសត្រូវ។

គម្រោង​នាំ​សំរាម​ប្លាស្ទិក​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ឱ្យ​អស់​ត្រឹម​ថ្ងៃ​ទី​២៤ សីហា ត្រូវ​បាន​ស្ថាប័ន​គយ​កម្ពុជា យល់​ព្រម​ពន្យារ​ឱ្យ ២​ខែ​ទៀត គឺ​ទៅដល់​ថ្ងៃ​ទី​២៥ ខែ​តុលា ដោយ​មូលហេតុ​អាកាសធាតុ លើ​ដែន​សមុទ្រ​មិនល្អ និង​ការ​កកស្ទះ​ទំនិញ​ច្រើន។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​គយ ចុះ​នៅ​ថ្ងៃ​ទី​២៣ សីហា ផ្សាយ​ថា ក្រុមហ៊ុន​ឈ្មោះ ជុងយៀក ប្លាស្ទិក មេនូហ្វេកឈ័រ (Chungyuen Plastic Manufacture) ដែល​នាំ​សំរាម​ចំនួន ៨៣​កុងតឺន័រ​ចូល​កម្ពុជា​ខុសច្បាប់ កាលពី​ចុង​ឆ្នាំ​២០១៨ បាន​ដឹក​សំរាម​ទាំងនោះ ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​អស់ ១៤​កុងតឺន័រ​ហើយ និង​បាន​បង់​ប្រាក់​ថ្លៃ​ផាក​ពិន័យ​គ្រប់​ចំនួន។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ លោក គុណ ញឹម បាន​ទេ នៅ​ថ្ងៃ​ទី​២៤ សីហា ដោយសារ​មិន​លើក​ទូរស័ព្ទ។

របប​ក្រុងភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា បាន​បញ្ចេញ​ព័ត៌មាន​កាកសំណល់​សំរាម​ប្លាស្ទិក ដែល​បាន​វេច​ខ្ចប់​យ៉ាង​មាន​របៀបរៀបរយ​ដាក់​នៅ​ក្នុង​កុងតឺន័រ​ចំនួន​៨៣ បាន​ដឹក​មក​កាន់​កំពង់ផែ​ក្រុង​ព្រះសីហនុ ជា​បន្តបន្ទាប់ តាំងពី​ខែ​តុលា​ឆ្នាំ​២០១៨ មក។ ក្រោយ​មាន​ប្រតិកម្ម​ខ្លាំង​ពី​មហាជន របប​ក្រុងភ្នំពេញ បាន​ដាក់​ចេញ​វិធានការ ៣​ចំណុច ដល់​ក្រុមហ៊ុន ជុង យៀន ប្លាស្ទិក ដែល​បាន​នាំ​សំរាម​មក​ចាក់​ចោល​ក្នុង​ខេត្ត​ព្រះសីហនុ គឺ​ត្រូវ​នាំ​សំរាម​ទាំងនោះ ទៅ​ប្រទេស​ដើម​វិញ និង​ផាក​ពិន័យ​ជា​ប្រាក់​បន្ថែម​ទៀត។ អាជ្ញាធរ​របប​ក្រុងភ្នំពេញ​អះអាង​ថា សំរាម​ទាំង ៨៣​កុងតឺន័រ មាន​ប្រភព​ចេញពី​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា តាមរយៈ​ក្រុមហ៊ុន​ចិន យក​មក​ផ្លុង​ចោល​នៅ​កំពង់ផែ ក្រុងព្រះសីហនុ។

លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុងភ្នំពេញ ក៏​ប្រកាស​ថា កម្ពុជា​មិន​អនុញ្ញាត​ដាច់ខាត​ឱ្យ​មានការ​នាំចូល​សំរាម​ពី​បរទេស​ដើម្បី​កែច្នៃ ឬក៏​ផលិត​ថាមពល​អគ្គិសនី​ទេ ហើយ​លោក​បាន​ដាក់​បញ្ជា​ថា​ត្រូវ​ដឹក​សំរាម​ទាំង ៨៣​កុងតឺន័រ មាន​ទម្ងន់​សរុប​ជិត ២​ពាន់​តោន (.៦០០​តោន​) ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ ឱ្យ​ចប់​សព្វគ្រប់​នៅ​ចុងខែ​សីហា​នេះ។

សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា គ្មាន​ជំនឿ លើ​របប​ក្រុងភ្នំពេញ​ថា នឹង​ចាត់វិធានការ​លើ​ការ​ដឹក​សំរាម​ចេញពី​កម្ពុជា​អស់​ទេ​។ លោក​ថា ការ​ដឹក​ចេញ​តែ ១៤​កុងតឺន័រ ហើយ​ទុក​ជិត ៧០​កុងតឺន័រ សុំ​ពន្យារពេល​បែបនេះ ជា​ការ​ចង់​ដោះដៃ មិន​ទទួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​។ សកម្មជន​បរិស្ថាន​រូប​នេះ​សង្កេត​ឃើញ​ថា បញ្ហា​អាកាសធាតុ មិនមែន​ជា​កត្តា​សំខាន់​ត្រូវតែ​ពន្យារពេល​ដឹក​សំរាម​ចេញពី​កម្ពុជា​ទេ ព្រោះ​រាល់ថ្ងៃ មាន​ការ​ដឹក​កុងតឺន័រ​ធំៗ ជាង​កុងតឺន័រ​ផ្ទុក​សំរាម​ចេញចូល​កំពង់ផែ​ខេត្ត​ព្រះសីហនុ​សឹង​រាល់ពេល៖ «ហេតុផល​ហ្នឹង​វា​ដូចជា មិន​ទំនង ព្រោះ​មាន​របស់របរ​ផ្សេង ដែល​មាន​ទម្ងន់ ធ្ងន់​ជាង​សំរាម​ទៀត នាំ​ចូល​មក​ក្រុងព្រះសីហនុ។ អ៊ីចឹង​អាហ្នឹង អាច​ជា​ចេតនា​មួយ ឬ​ប្រហែល​មាន​ចេតនា​ផ្សេង ដែល​អាច​ថា រៀបចំ​ឈុត​ឆាក​អ្វី​នៅ​ពីក្រោយ ឬក៏​អាច​ថា មានលទ្ធភាព​បើកផ្លូវ​ខៀវ ថា​មិន​អាច​យក​សំរាម​ទៅ​អស់​បាន គេ​ថា យក​តិចតួច​បាន ប៉ុន្តែ​នៅសល់​ជិត​៧០​កុងតឺន័រ​ទៀត អ៊ីចឹង»

លោក ថុន រដ្ឋា យល់​ឃើញ​ដែរ​ថា របប​ក្រុងភ្នំពេញ មិន​គួរ​ពន្យារពេល​ដឹក​សំរាម​ចេញ ពី​កម្ពុជា​ទេ ព្រោះ​របប​នេះ បាន​លាក់កំបាំង​ព័ត៌មាន និង​ទុក​សំរាម​ទាំង ៨៣​កុងតឺន័រ នៅ​កម្ពុជា​ប្រហែល ១​ឆ្នាំ​ហើយ។

នេះ​មិនមែន​ជា​លើកទីមួយ​ទេ ដែល​កម្ពុជា​ទទួល​បាន​ការ​នាំចូល​កាកសំណល់​សំរាម​យក​មក​ផ្លុង​ចោល​បែបនេះ​។ កាលពី​ឆ្នាំ​១៩៩៨ របប​ក្រុងភ្នំពេញ បាន​រក​ឃើញ​កាកសំណល់​ផ្ទុក​សារធាតុពុល​ប្រមាណ​ជិត ៣​ពាន់​តោន បាន​ដឹក​តាម​នាវា​របស់​ក្រុមហ៊ុន​ចិន​តៃវ៉ាន់​មួយ មក​ចាក់​ចោល​នៅ​ក្រុង​ព្រះសីហនុ​អស់​រយៈពេល​ជាច្រើន​ខែ ទើប​របប​ក្រុងភ្នំពេញ សម្រេច​ដឹកជញ្ជូន​ចេញ​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ ក្រោយពី​មានការ​រិះគន់​ចាស់ដៃ​ពី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ភ័យខ្លាច​ពី​ផល​ប៉ះពាល់​ដល់​សុខភាព ដែល​ភាយ​ចេញពី​កាកសំណល់​ជាតិពុល​ទាំងនោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment