លោក​​ខៀវ សុភ័គ​៖​ការ​ដក​​ឈ្មោះ​​លោក​​អា​ឡិច​​ចេញ​ពី​ប​ញ្ជី​ខ្មៅ​​របស់​​ក្រសួង​មហាផ្ទៃ ​មិន​អាច​​ធ្វើ​ទៅ​​រួច​​ទេ

ដោយ វណ្ណ សុគន្ធា
25/08/2019
RFI

media
លោក អាឡិច ហ្គន់សាឡេស ដេវិតសុន
@អាឡិច ហ្គន់សាឡេស ដេវិតសុន


បន្ទាប់ពី​តុលាការខេត្ត​កោះកុង​បាន​ទម្លាក់ចោល​ការចោទប្រកាន់​នៅក្នុង​សប្ដាហ៍​នេះ លោក​ អា​ឡិច ហ្គូ​ន​សា​ឡេស ដា​វិដ​សុន សកម្មជន​ការពារ​បរិស្ថាន​ដ៏​ល្បី​នៅ​តំបន់​អា​រ៉ែ​ង បាន​ស្នើសុំ​ទៅកាន់​លោ​ក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា​ឱ្យ​ដក​រូបលោក​ចេញពី​បញ្ជីខ្មៅ ដើម្បីឱ្យ​លោក​អាច​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា។ ប៉ុន្តែ លោក​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​អះអាងថា មិនអាច​ទៅរួច​នោះទេ ព្រោះ​គ្មាន​ច្បាប់​ណា​ដែល​អាច​ដក​ឈ្មោះ​លោក​អា​ឡិច​ចេញពី​បញ្ជីខ្មៅ​របស់​ក្រសួងមហាផ្ទៃ​បានឡើយ។

ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ លោក​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​កម្ពុជា​បាន​គូសបញ្ជាក់ថា ការសម្រេច​របស់​ក្រសួងមហាផ្ទៃ​ក្នុងការ​ដាក់​ជនបរទេស​ណាមួយ​ទៅក្នុង​បញ្ជីខ្មៅ គឺ​ប្រៀបដូចជា​ការសម្រេចរ​បស់​តុលាការ​កំពូល​ដូច្នេះ​ដែរ គឺ​ស្មើនឹង​ការបិទផ្លូវ​តវ៉ា។ ក្នុងន័យនេះ លោក​ពន្យល់ថា នៅក្នុង​ប្រទេស​កម្ពុជា គ្មាន​ច្បាប់ ឬ គ្មាន​នីតិវិធី​ណាមួយ​ដែល​អាច​យកទៅអនុវត្ត ដើម្បី​លុបឈ្មោះ​ជនបរទេស​ណា​ចេញពី​បញ្ជីខ្មៅ​របស់​ក្រសួងមហាផ្ទៃ​បាន​នោះទេ។

ការបញ្ជាក់ច្បាស់ៗរបស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​នាពេលនេះ គឺជា​ការឆ្លើយតប​ទៅនឹង​សំណើ​តាម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ អា​ឡិច។ លោក ​អា​ឡិច ដែលជា​ជនជាតិ​អេ​ស្ប៉ា​ញ​តែ​មកជួយ​ការពារ​ព្រៃឈើ​កម្ពុជា បានស្នើ​សុំ​ទៅ​លោ​ក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឱ្យ​ដក​រូបលោក​ចេញពី​បញ្ជីខ្មៅ ដើម្បី​អនុញ្ញាតឱ្យ​រូបលោក​អាចមក​កាន់​ប្រទេស​កម្ពុជា​វិញ​បាន។ ការស្នើសុំ​របស់លោក​ អា​ឡិច​ នេះ ធ្វើឡើងភ្លាមៗបន្ទាប់ពី​រូបលោក​ត្រូវបាន តុលាការ​ខេត្តកោះកុង​បានសម្រេច​ទម្លាក់​ចោលកា​រ​ចោទប្រកាន់​ពីបទ​ផ្តើមគំនិត​គំរាមកំហែង​ធ្វើឱ្យ​ខូចខាត​ដោយ​ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ បន្ទាប់ពី​រូបលោក និង​សហការី​បាន​តវ៉ា​ប្រឆាំងនឹង​ការ​បូ​ប​ខ្សាច់​នៅ​ខេត្តកោះកុង​កាលពី​អំឡុង​ខែកក្កដា និង​សីហា ឆ្នាំ២០១៥។

សម្រាប់​លោក​ អា​ឡិច កាស​ម្រេច​ទម្លាក់​ចោលកា​រ​ចោទប្រកាន់នេះ គឺជា​រឿង​ដ៏​រីករាយ​មួយ។ ប៉ុន្តែ​លោក​នៅតែមាន​ការសោកស្តាយ​ជាខ្លាំង​ដែល​លោក​នៅតែ​មិនអាច​វិល​ត្រលប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​បាន ព្រោះ​រូបលោក​ត្រូវបាន​ក្រសួងមហាផ្ទៃ​ចុះ​នៅក្នុង​បញ្ជីខ្មៅ និង បាន​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ២០១៥កន្លងទៅ។ បើទោះបីជា​យ៉ាងណាក៏ដោយ លោក​ ខៀវ សុភ័គ បាន​អះអាងថា ការមិនអាច​លុបឈ្មោះ​ចេញពី​បញ្ជីខ្មៅ​នេះ មិនមែន​មានតែ​លោក​អា​ឡិច​តែ​ម្នាក់​នោះទេ ពោល គឺធ្វើឡើង​លើ​គ្រប់​ជនបរទេស​ទាំងអស់​តែម្តង​មិន​ថា​ជនជាតិ​វៀតណាម ឬ ជនជាតិ​ចិន​នោះឡើយ៕

What Next?

Recent Articles

One Response to "លោក​​ខៀវ សុភ័គ​៖​ការ​ដក​​ឈ្មោះ​​លោក​​អា​ឡិច​​ចេញ​ពី​ប​ញ្ជី​ខ្មៅ​​របស់​​ក្រសួង​មហាផ្ទៃ ​មិន​អាច​​ធ្វើ​ទៅ​​រួច​​ទេ"

  1. Anonymous says:

    can’t do anything because Angka lour tell ‘

Leave a Reply

Submit Comment