លោក ហ៊ុន សែន បន្ត​គំរាម​ចាប់​លោក សម រង្ស៊ី ដាក់​គុក​ នៅ​ពេល​វិល​ចូល​ស្រុក​ថ្ងៃ​ទី៩ វិច្ឆិកា

ដោយ សេក បណ្ឌិត
2019-08-25
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ប្រធាន​គណបក្ស​ ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ សង្គ្រោះ​ជាតិ។ រូប៖ ហ្វេសប៊ុក លោក ហ៊ុន សែន និង RFA/Sorn Chanratha
លោក ហ៊ុន សែន ប្រធាន​គណបក្ស​ ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ សង្គ្រោះ​ជាតិ។ រូប៖ ហ្វេសប៊ុក លោក ហ៊ុន សែន និង RFA/Sorn Chanratha


មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ លោក​ ហ៊ុន សែន​ បន្ត​ចេញ​សារ​គំរាម​​ ចាប់​ប្រធាន​ស្ដី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ដាក់​គុក​ជាថ្មី​ទៀត​ ប្រសិន​បើ​លោក​ត្រឡប់​មក​ដល់​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា​​ មន្ត្រី​គណបក្ស​ប្រឆាំង​ និង​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ឯណោះ​វិញ​ លើក​ឡើង​ថា សារ​គំរាម​នេះ​ ជា​ការ​ភ័យខ្លាច​កាន់​តែ​ខ្លាំង​របស់​លោក​ ហ៊ុន​ សែន រហូត​​ធ្វើ​ឱ្យ​​លោក​ដេក​មិន​លក់​បក់​មិន​ល្ហើយ​ ដោយសារ​ខ្លាច​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​ប៉ះពាល់​ដល់​របប​ដឹក​នាំ​របស់​ខ្លួន។

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ លោក​ ហ៊ុន​ សែន​ និពន្ធ​បទ​បទ​ចំរៀង​បែប​គំរាម​កំហែង និង​ចំអក​ឡកឡឺយ​ដាក់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី។ ចំរៀង​នេះ​ លោក​ ហ៊ុន សែន​ ដាក់​ចំណង​ជើង​ ទទារ​យំ​ឆ្លង​ឆ្នាំ​២០១៩ ហើយ​លោក​បាន​​បង្ហោះ​នៅ​ក្នុង​ហ្វេស​ប៊ុក​របស់​ខ្លួន នៅ​ថ្ងៃ​ទី២៥​ សីហា។ បុរស​ខ្លាំង​ខាង​គំរាម​កំហែង​រូប​នេះ​ អះអាង​ថា​ លោក​តែង​បទ​ចម្រៀង​ថ្មី​ មួយ​បទ​នេះ​ ដើម្បី​អោយ​ស្រប​ជាមួយ​សភាព​ការ​ណ៍ថ្មី។ បទ​ថ្មី​នេះ​បង្កប់​ដោយ​ការ​បំភិតបំភ័យ​​តាំង​ពី​ដើម​រហូត​ដល់​ចប់ ជា​ពិសេស​រឿង​ការ​ចាប់​ខ្លួន​លោក សម រង្ស៊ី ​​ហើយ​បទ​នេះ លោក​ ហ៊ុន សែន បញ្ជាក់​ថា ​ក្រុម​អ្នក​ចម្រៀង​គ្រួសារ​ ដែល​គាំទ្រ​លោក​ នឹង​យក​ទៅ​ប្រគំ​ជាមួយ​ភ្លេង​ដើម្បី​ច្រៀង​កម្សាន្ត។

ផ្ទុយ​ពី​សារ​គំរាម​​នេះ​ លោក​ សម រង្ស៊ី មាន​ប្រសាសន៍​ពី​ទីក្រុង ព្រីសបាន (Brisbane) ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី២៤ សីហា ដោយ​អំពាវនាវ​​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ស្នេហាជាតិ បែរ​ចុង​កាណុង​សំដៅ​ទៅ ហ៊ុន សែន វិញ បើ​លោក ហ៊ុន សែន​ បញ្ជា​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​បាញ់​ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ ដែល​គ្រោង​ទៅ​ទទួល​លោក នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាងមុខនេះ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​ប្រទេស​ថៃ​ និង​ពលករ​ខ្មែរ​​ធ្វើ​ការ​នៅ​​ថៃ​មួយ​ចំនួន​ លើក​ឡើង​ថា ការ​និពន្ធ​បទ​ចំរៀង​នេះ គឺ​ជា​ការ​បញ្ជាក់​កាន់​តែ​ច្បាស់​ថា លោក ហ៊ុន សែន កំពុង​តែ​ភ័យ​ដេក​មិន​លក់​បក់​មិន​ល្ហើយ នៅ​ពេល​​ដំណឹង​ជាក់លាក់​​របស់​លោក សម រង្ស៊ី ​ត្រឡប់​ទៅ​កម្ពុជា​វិញ។

មន្ត្រី​សម្របសម្រួល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ថៃ លោក ម៉ោញ សារ៉ាត់ ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​២៥​សីហា​ថា មន្ត្រី​គណបក្ស​លោក​នៅ​ក្រៅ​ប្រទេស​បាន​ប្រជុំ​ដាក់​ផែនការ​ច្បាស់​លាស់​រួច​ហើយ​ ដើម្បី​អម​ដំណើរ​លោក​ សម រង្ស៊ី​ វិល​ទៅ​កម្ពុជា​​ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ឱ្យបាន​ប្រសើរឡើង​វិញ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បន្ថែម​ថា ​ប្រសិន​បើ​លោក​ ហ៊ុន សែន​ ចង់​ចាប់​លោក​ សម សង្ស៊ី ចូល​គុក​ សូមឱ្យ​របប​សព្វថ្ងៃត្រៀម​ខ្នោះ​ឱ្យ​បាន​ច្រើន​​ ដើម្បី​ដាក់​ប្រជាពលរដ្ឋ​របស់​ខ្លួន​​ ព្រោះ​អ្នក​អម​ដំណើរ​លោក​ សម រង្ស៊ី រាប់​សែន​នាក់​ ត្រៀម​លះបង់​គ្រប់​បែប​យ៉ាង​ ដើម្បី​ប្ដូរ​យក​ប្រជាធិបតេយ្យ​ និង​ សេរីភាព​​ជា​មួយ​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​វិញ៖ «គាត់​តែង​តែ​និយាយ​ថា​ឈប់​និយាយ​ឆ្លើយ​ឆ្លង​ ឥលូវ​នេះ​គាត់​ចេញ​មក​ឆ្លើយ​ឆ្លង​ឈប់​ព្រួយបារម្ភ​ ឥឡូវ​នេះ​គាត់​បង្ហាញ​ការ​ព្រួយបារម្ភ​។សូម្បី​តែ​អ្នក​បម្រុង​ការពារ​គាត់​ ដែល​ស្រែក​ថា​ការពារ​គាត់​មក​ដល់​ម៉ោង​នេះ​ ប្រហែល​ជា​មនុស្ស​ច្រើន​ណាស់​ ដែល​គេ​មិន​សុខ​ចិត្ត​ស្លាប់​ជា​មួយ​លោក​ ហ៊ុន សែន​ ទេ។ គេ​អាច​រក​ពេល​ទៅ​កំដរ​ក្រុម​គ្រួសារ​គេ។ អីចឹង​យើង​អាណិត​គាត់​ដែរ​ ដែល​ខំ​ចេញ​មក​គំរាម​យើង​ តែ​ពួក​យើង​មិន​ខ្លាច​ទេ ហើយ​ពួក​យើង​នឹង​វិល​តាម​ការ​សន្យា​អត់​មាន​ការ​ប្រែប្រួល​ទេ»

ពលករខ្មែរ​ម្នាក់​ដែល​កំពុង​​ធ្វើ​ការ​នៅ​ទីក្រុង​បាងកក​ លោក ជីម ផាត ថ្លែង​ថា​ បទ​ចំរៀង​របស់​លោក ហ៊ុន សែន នេះមិន​បាន​ផល​ដល់​របប​ក្រុង​ភ្នំពេញនោះ​ទេ ល្គឹកណា​របប​នេះ​មិន​ប្រញាប់​ដោះ​ស្រាយ​បញ្ហា​នយោបាយ​ឱ្យ​បាន​ល្អ​ឡើង​វិញ​នោះ។ ពលករ​រូប​នេះ បន្ថែម​ទៀត​ថា ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​រាប់​ម៉ឺន​នាក់ ​ត្រៀម​លុយ​​កាក់​វិល​ត្រឡប់​ទៅ​កម្ពុជា​ជា​មួយ​លោក សម រង្ស៊ី ដើម្បី​ស្ដារមុខ​មាត់​របស់​ប្រទេស​ឱ្យ​ល្អ​ឡើង​វិញ​នៅ​លើ​ឆាក​អន្តរជាតិ៖ «ខ្ញុំ​មើល​ឃើញ​នេះ​គឺ​គណបក្ស​ប្រជាជន​ព្យាយាម​ទប់​ស្កាត់​គ្រប់​ស្ថានភាព​ និង​គ្រប់​ស្ថានការណ៍​ទាំង​អស់​ គាត់​ខ្លាច​ពលរដ្ឋ​ច្រើន​ទៅ​ទទួល​លោក សម រង្ស៊ី​ ។យើង​ដឹង​ថា​កាល​បី​ឆ្នាំ​២០១៣​កន្លង​មក​មាន​ព្រឹត្តិការណ៍​ទទួល​ស្វាគមន៍​លោក​ សម រង្ស៊ី​ យ៉ាង​ចាស់​ដៃ​ ហើយ​ខ្ញុំ​ជឿជាក់​ថា​នៅ​ថ្ងៃ​ទី​៩​វិច្ឆិកា​ ប្រជាពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​នាំ​គ្នា​ទទួល​លោក​ សម រង្ស៊ី យ៉ាង​ច្រើន​កុះករ​ ហើយ​ពេល​នោះ​គណបក្ស​ប្រជាជន​មិន​អាច​ទប់​នឹង​កម្លាំង​ពលរដ្ឋ​បាន​ទេ»

ថ្មីៗ នេះ​រដ្ឋមន្ត្រី​ជួរ​មុខ​របប​ក្រុង​ភ្នំពេញ​ចំនួន ២រូប រួម​មាន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ទៀ បាញ់ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ កុំ​ឱ្យ​ចាញ់​បោក​ក្រុម​បក្ស​ប្រឆាំង​ចូលរួម​ផ្ដួល​រំលំ​របប​ខ្លួន។

អ្នក​សម្រប​សម្រួល និង​អង្កេត​នៃ​​អង្គការ ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស លើក​ឡើង​ថា ការ​ទៅ​ទទួល​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​ស្រលាញ់​បុគ្គល​ណា​ម្នាក់​ ដោយ​មិន​ខុស​ច្បាប់​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​លោក​ បន្ត​ថា​ ការ​វិល​ចូល​ស្រុក ឬ​មិន​ចូល​ស្រុក​មិន​មែន​ជា​​ដំណោះ​ស្រាយ​នយោបាយ​នោះ​ឡើយ ប្រសិន​បើ​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​មិន​ឆាប់​​ចរចា​ត្រូវ​រ៉ូវ​គ្នា ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន បន្ត​គំរាម​ចាប់​លោក សម រង្ស៊ី ដាក់​គុក​ នៅ​ពេល​វិល​ចូល​ស្រុក​ថ្ងៃ​ទី៩ វិច្ឆិកា"

  1. Anonymous says:

    Theses two guy are the bad for khmer people’

  2. Anonymous says:

    yes it is too much for Cambodian . the question is did Cambodia have only one man that can be able to leaded this poor nation?? Cambodian are really sick and tied to see and hearing all kind of animal word and action again each other. now we Cambodian seeing and hearing a commitment from Mr SAM RANSY will going back to face HUN SEN . not that long all Cambodian will see what going to happen . HUN SEN that we have known as a rough human being in the world saying again and again about handcuff his enemy put in his jail. sorry I’m sick and tied to hear HUN SEN speaking it is not going to happen as what HUN SEN said. the reason why I said that SAM RANSY going back whit many foreign official and the green light from the UN how can HUN SEN order his killer to get SAM RANSY in front of those foreigner??. not even that we knew there will be so many Cambodian whit SAM RANSY at that time my question is will HUN SEN order his killer to shoot all those people?? that is the way HUN SEN can not do if he still stubborn that will be the end of him. CHINA can not help HUN SEN because it is internal problem in this nation . I just want to mentioning to Cambodian to be aware of a bad situation that coming soon. I’m praying to GOD to help this nation ones more

Leave a Reply

Submit Comment