លោក កឹម សុខា ថា ពលិកម្ម​របស់​លោក​មិន​មែន​ល្ងង់​នោះ​ទេ​ ប៉ុន្តែ​លោក​ត្រូវ​ហ៊ាន​លះ​បង់​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ

ដោយ ហេង រស្មី
2019-09-03
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថត​កាល​ពី​ឆ្នាំ២០១៧។ RFA
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថត​កាល​ពី​ឆ្នាំ២០១៧។ RFA


ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ​បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថ្ងៃ​ទី២ ខែ​កញ្ញា ជា​ថ្ងៃ​គម្រប់​ពីរ​ឆ្នាំ​នៃ​ការ​ឃុំ​ខ្លួន​លោក​ថា ពលិកម្ម​របស់​លោក​មិនមែន​លោក​ល្ងង់​នោះ​ទេ ប៉ុន្តែ​លោក​ត្រូវ​ហ៊ាន​លះបង់​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ។ អ្នក​វិភាគ​នយោបាយ ជំរុញ​ទៅ​របប​ក្រុង​ភ្នំពេញ​​ឲ្យ​ដោះ​លែង​លោក កឹម សុខា បើ​ចង់​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA

សារ​កម្រ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា រៀបរាប់​ពី​អារម្មណ៍ សោកសៅ​ប្តីព្រាត់​ប្រពន្ធ កូន​ព្រាត់​ឪពុក និង​កូន​ព្រាត់​ម្ដាយ​ ដែល​ត្រូវ​សមត្ថកិច្ច​នៃ​របប​ក្រុង​ភ្នំពេញ​ចូល​ឆ្មក់​ចាប់​ខ្លួន​លោក​ទាំង​កណ្ដាល​យប់​កាល​ពី ២ឆ្នាំ​មុន។ ព្រឹត្តិការណ៍​នេះ​ធ្វើ​លោក កឹម សុខា ​នឹកដល់​ឪពុក​របស់​លោក ដែល​ត្រូវ​ក្រុម​ប្រដាប់​អាវុធ​ខ្មែរក្រហម​ចាប់​យក​ទៅ​ទាំង​កណ្ដាល​អាធ្រាត្រ​កាល​ពី​ឆ្នាំ១៩៧៥។

ប៉ុន្តែ​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា លោក​ដឹង​ខ្លួន​ជា​មុន​រួច​ទៅ​ហើយ​ថា ក្នុងនាម​ជា​អ្នក​ប្រជាធិបតេយ្យ​នឹង​ត្រូវ​ជួប​គ្រោះថ្នាក់ និង​ការ​ឈឺ​ចាប់​រាប់​មិន​អស់​ឡើយ។

លោក កឹម សុខា បន្ត​លើក​ឡើង​ទៀត​ថា លោក​ស្ម័គ្រ​ចិត្ត​ធ្វើ​ពលិកម្ម​ជូន​ជាតិ​នេះ មិន​មែន​លោក​មិន​ចេះ​ខ្លាច មិន​មែន​លោក​មិន​ដឹង​ពី​គ្រោះថ្នាក់ មិន​មែន​ព្រោះ​លោក​ល្ងង់​ទេ តែ​ក្នុង​តួនាទី​ជា​អ្នក​ដឹក​នាំ គឺ​ខុស​ពី​ចៅហ្វាយ ឬ​ថៅកែ។ លោក​បញ្ជាក់​ថា ចៅហ្វាយ​ឬ​ថៅកែ​គេ​ជា​អ្នក​ចាំ​យក​លទ្ធផល​ពី​ការងារ តែ​អ្នក​ដឹក​នាំ​គឺ​ជា​អ្នក​ដែល​លះបង់​មុន​គេ​និង​ច្រើន​ជាង​គេ ដើម្បី​ជា​គំរូ​ដល់​អ្នក​គាំទ្រ។

សារ​ចុង​ក្រោយ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ អំពាវនាវ ខ្មែរ​គ្រប់​និន្នាការ​បញ្ឈប់​នូវ​នយោបាយ​យក​ឈ្នះ​ចាញ់​ខ្មែរ​គ្នា​ឯង ដោយ​យក​ប្រជាពលរដ្ឋ និង​ជោគ​វាសនា​ប្រទេស​ជាតិ​ជា​ឈ្នាន់ ឬ​ជា​របាំង​ត​ទៅ​ទៀត ព្រោះ​ថា ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​បាន​ឈឺចាប់​គ្រប់​គ្រាន់​ហើយ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​អាជ្ញាធរ​ក្រុងភ្នំពេញ​ចូល​ចាប់​ខ្លួន​នៅ​កណ្ដាល​យប់​ក្នុង​គេហដ្ឋាន​របស់​លោក​កាលពី​ថ្ងៃ​ទី​២ ឈាន​ចូល​ដល់​ថ្ង​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទ ប្រកាន់​ពី​ទោស​ក្បត់ជាតិ ដែល​បទ​ចោទ​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា មាន​ចរិត​នយោបាយ​ហើយ​លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​ប្រទេស​វៀតណាម និង​បន្ត​ឃុំខ្លួន​ក្នុង​ផ្ទះ​អស់​រយៈពេល ២ ឆ្នាំ​ហើយ រហូត​ម​ដល់​ថ្ងៃទី២ ខែ​កញ្ញា ឆ្នាំ២០១៩​នេះ។ ប៉ុន្តែ ​មកដល់​ពេលនេះ សំណុំរឿង​លោក កឹម សុខា មិន​ទាន់​ត្រូវ​បាន​តុលាការ​ជំនុំ​ជម្រះ​ក្តី​នៅ​ឡើយ​ទេ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត និយាយ ផ្អែក​គោលការណ៍​សិទ្ធិមនុស្ស និង​ច្បាប់​អន្តរជាតិ​ជនជាប់ចោទ​ ឬ​ជន​ត្រូវ​ចោទ ត្រូវ​ទទួល​ការ​ជំនុំ​ជម្រះ​បាន​យ៉ាង​ឆាប់​បំផុត​តាម ដែល​ធ្វើ​ទៅ​បាន។ បន្ត​ថា ការ​ឃុំ​ខ្លួន លោក កឹម សុខា រយៈ​ពេល​ពីរ​ឆ្នាំ​គ្មាន​ការ​ជម្រះ​ក្តី​បែប​នេះ ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​សេរីភាព​របស់​លោក កឹម សុខា។

លោក អំ សំអាត បន្ត​ថា ករណី​ចោទ​ប្រកាន់​លើ​លោក កឹម សុខា គឺ​ជា​បទល្មើស​ឧក្រិដ្ឋ​ ដែល​រយៈ​ពេល​រង់ចាំ​ការ​ជំនុំជម្រះ​ក្តី​មិន​ឱ្យ​ហួស​ពី ២២ខែ​ទេ ប៉ុន្តែ សមត្ថកិច្ច​បាន​បង្វែរ​ពី​ការ ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ មក​ជា​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ដែល​វិធានការ​ថ្មី​ច្បាប់​មិន​បាន​ចែង​រយៈ​ពេល​ជាក់​លាក់​ណាមួយ​ដើម្បី​ជំនុំជម្រះ​ក្តី​នោះ​ទេ។ ទោះ​បែប​នេះ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ យល់​ថា តុលាការ​ក៏​ត្រូវ​ពន្លឿន​ការ​ក្នុង​ជំនុំជម្រះ​ក្តី​ដែរ ដោយ​ផ្អែក​លើ​គោលការណ៍​សិទ្ធិមនុស្ស៖ «»

ទាក់ទង​ការ​ឃុំ​ខ្លួន​គ្មាន​ការ​ជម្រះ​ក្តី​នេះ អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ក្រុម​មេធាវី លោក កឹម សុខា និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន នៅ​ថ្ងៃ​ទី២ ខែ​កញ្ញា ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ទេ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា មួយ​រូប​គឺ​លោក ផែង ហេង ឲ្យ​សារ​ព័ត៌មាន​ក្នុង​ស្រុក (វិទ្យុ​បារាំង​អន្តរជាតិ) ដឹង​ថា សំណុំ​រឿង​របស់​លោក កឹម សុខា ហាក់​នៅ​ទ្រឹង​ដោយ​មិន​មាន​ការ​វិវត្តន៍​ទៅ​មុខ​នោះ​ទេ។ លោក​មេធាវី​បន្ត​ថា សំណុំរឿង​នេះ​ត្រឹម​អ្នកបច្ចេកទេស​មិន​អាច​ដោះ​ស្រាយ​បាន​ទេ បើ​គ្មាន​ការ​ចរចា​ផ្នែក​នយោបាយ។

អ្នក​វិភាគ​នយោបាយ បណ្ឌិត ឡៅម៉ុងហៃ សង្កេត​ឃើញ​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា គឺ​ខុស​ច្បាប់​ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន​ដំបូង​រហូត​មក​ដល់​ការ​ឃុំ​ខ្លួន​សព្វ​ថ្ងៃ​នេះ​ដែល​នេះ ជា​អំពើ​អយុត្តិធម៌​ចំពោះ​លោក កឹម សុខា។ បណ្ឌិត ឡៅ ម៉ុងហៃ ចាត់​ទុក​ករណី​លោក កឹម សុខ គឺ​ជា​រឿង​នយោបាយ​សុទ្ធសាធ។ អ្នក​វិភាគ​នយោបាយ​ជើង​ចាស់​រូប​នេះ​យល់​ថា លោក កឹម សុខា គឺ​ជា​មនុស្ស​គន្លឹះ​សំខាន់​ម្នាក់ ដែល​ថែ​រក្សា​ប្រពន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប។ ដូច្នេះ​លោក​ថា បើ​រដ្ឋាភិបាល​ចង់​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA ត្រូវ​តែ​ដោះ​លែង​លោក កឹម សុខា ឲ្យ​មាន​សេរីភាព​ពេញ៖ «»

សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប តែង​រម្លឹក​ជា​រឿយៗ ទៅ​របប​ក្រុង​ភ្នំពេញ​ឲ្យ​ដោះលែង​ លោក កឹម សុខា។ ប៉ុន្តែ​របប​ក្រុង​ភ្នំពេញ​តែង​ឆ្លើយ​បដិសេធ និង​ចាត់​ទុក​ការ​អំពាវនាវ​ទាំង​នោះ​ថា ការ​ជា​ការ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ខ្លួន។ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ក្នុងថ្ងៃខួប២ឆ្នាំ​នៃ​ការ​ឃុំ​ខ្លួន​លោក កឹម សុខា ថា ដំណោះ​ស្រាយ​ជា​វិជ្ជមាន​ ក្នុង​ការ​បន្ត​ដំណើរ​ប្រជាធិបតេយ្យ​សេរី​ពិត​ប្រាកដ​ ដោយមាន​ការ​ដោះ​លែង​លោក​ កឹម​ សុខា​ ឱ្យ​ទទួល​បាន​នូវ​សិទ្ធិ​សេរីភាព​ពេញលេញ​ ពីព្រោះ​គាត់​មិន​មែន​ជា​បុគ្គល​ហិង្សា​និយម​ ប៉ុន្តែ​លោក កឹម សុខា បុគ្គល​ដែល​មាន​គោលការណ៍​អហិង្សា​ ផ្សះផ្សា​ជាតិ​ ជា​អ្នក​ប្រជាធិបតេយ្យ​ពិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "លោក កឹម សុខា ថា ពលិកម្ម​របស់​លោក​មិន​មែន​ល្ងង់​នោះ​ទេ​ ប៉ុន្តែ​លោក​ត្រូវ​ហ៊ាន​លះ​បង់​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ"

  1. so socheath says:

    Wow ! កឹម សុខា និយាយថា ពលិកម្ម​របស់​​វា​មិនមែន​​​ល្ងង់​នោះ​ទេ
    ប៉ុន្តែ​​វា​ត្រូវ​ហ៊ាន​លះបង់​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ ?
    ហាស ! ហាស
    ពលិកម្មស្អីគេអ្ហា !
    ជាប់គុកហ្នឹង គេហៅថាធ្វើពលិកម្មដែរ ?
    អញ្ចឹងឲ្យតែអ្នកជាប់គុក សុទ្ធតែជាអ្នកធ្វើពលិកម្ម ?
    អញ្ចឹង សូមធ្វើពលិកម្មជាប់គុកឲ្យបានយូរទៀតចុះ អាឡប់ ! សម្រាប់ការលះបង់ក្នុងនាមជាអ្នកដឹកនាំ
    របស់អ្ហែង !
    អានេះ​ដូចជាបែកព្រី​អាម៉េចទេ ?
    ទើបតែជាប់គុកពីរឆ្នាំសោះ បែរជាឆ្កួតបាត់អញ្ចឹងទៅ វ៉ី !

Leave a Reply

Submit Comment