អ្នកវិភាគ៖ សាលដីកា​អយុត្តិធម៌ ការ​អនុវត្ត​ច្បាប់​បែប​ប្រតិសកម្ម រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ

ដោយ ជី វិតា
2019-09-02
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ជិន ម៉ាលីន (ឆ្វេង) អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ និង​បណ្ឌិត ឡៅ ម៉ុង ហៃ អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ (រូប៖ ហ្វេសប៊ុក និង RFA)
លោក ជិន ម៉ាលីន (ឆ្វេង) អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ និង​បណ្ឌិត ឡៅ ម៉ុង ហៃ អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ (រូប៖ ហ្វេសប៊ុក និង RFA)


កាល​ពី​ឆ្នាំមុន នៅ​ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ២០១៧ វេលា​រំលង​អាធ្រាត្រ មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន។ ជាង​ពីរ​ខែ​បន្ទាប់​មក គឺ​នៅ​ថ្ងៃ​ទី១៦ វិច្ឆិកា តុលាការ​កំពូល​បាន​បើក​សវនាការ ហើយ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ អ្នក​វិភាគ​ហៅ​សាលដីកា មាន​ចំនួន ៥៣ទំព័រ ដែល​រំលាយ​គណបក្សប្រឆាំង​នេះ​ថា អយុត្តិធម៌ និង​ផ្ទុយ​ពី​គោលការណ៍​ច្បាប់។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ច្រាន​ចោល​ការ​លើក​ឡើង​នេះ។

អ្នកវិភាគ​យល់​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់​ប្រព័ន្ធ​យុត្តិធម៌ និង​ច្បាប់ នៅ​កម្ពុជា។

នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ២៩១៧ តុលាការ​កំពូល បាន​សម្រេច​ចេញ​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​យោង​ទៅ​លើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ជា​ចម្បង។ ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ ត្រូវ​បាន​រដ្ឋសភា ដែល​មាន​តែ​តំណាង​រាស្ត្រ​ពី​គណបក្ស​កាន់​អំណាច​អនុម័ត​យ៉ាង​ប្រញាប់ប្រញាល់ នៅ​ដើម​ឆ្នាំ២០១៧ នៅ​ខណៈ​កម្ពុជា​កំពុង​មាន​វិបត្តិ​នយោបាយ។

គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ជា​គណបក្ស ដែល​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៣លាន (បី​លាន) នាក់ តាម​រយៈ​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ ឆ្នាំ២០១៣ ដែល​មាន​អាសនៈ​រដ្ឋសភា​ចំនួន ៥៥អាសនៈ។

ចេតនា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​គេ​មើល​ឃើញ​ថា បាន​ធ្វើ​ឡើង​ជា​ប្រព័ន្ធ ដោយ​មាន​កិច្ច​សហការ​គ្នា​រវាង​ស្ថាប័ន​ជាតិ​កំពូល​ទាំង​បី គឺ​អង្គ​នីតិ​ប្រតិបត្តិ (រដ្ឋាភិបាល) អង្គ​នីតិ​បញ្ញត្តិ (រដ្ឋសភា) និង​តុលាការ។

រដ្ឋសភា​ឯក​បក្ស បាន​ធ្វើ​ច្បាប់​មួយ បើក​ដៃ​ឱ្យ​តុលាការ​កំពូល​មាន​អំណាច​រំលាយ​គណបក្ស​ប្រឆាំង ដោយ​មិន​ឱ្យ​មាន​សិទ្ធិ​ប្ដឹង​ឧទ្ធរណ៍។ ក្រសួង​មហាផ្ទៃ​តំណាង​ឱ្យ​រដ្ឋាភិបាល បាន​ខ្ចី​ដៃ​គណបក្ស​រណប​ខ្លួន​ចំនួន​ពីរ ឱ្យ​ដាក់​បណ្ដឹង​មក​ក្រសួង​របស់​ខ្លួន ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​បន្ត​ទៅ​តុលាការ​កំពូល។ ចំណែក​តុលាការ​កំពូល ដោយ​មិន​ខ្វល់​ពី​អវត្តមាន​ចុង​ចម្លើយ និង​សាក្សី ក៏​បាន បើ​សវនាការ​សម្រេច​រំលាយ​គណបក្ស​ប្រឆាំង​មួយ​នេះ ហើយ​បិទ​ផ្លូវ​តវ៉ា បើ​ទោះ​ជា​រដ្ឋធម្មនុញ្ញ​កម្ពុជា​ចែង​ថា កម្ពុជា​មាន​តុលាការ​បី​ថ្នាក់ គឺ​សាលា​ដំបូង សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល។

បណ្ឌិត ឡៅ ម៉ុង ហៃ អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ មាន​ប្រសាសន៍​ថា សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ របស់​តុលាការ​កំពូល បាន​បង្កើត​នូវ​គំរូ​ដ៏​អាក្រក់​ជា​ប្រវត្តិសាស្ត្រ​មួយ សម្រាប់​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា។

ផែនការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​មាន​សក្ដានុពល​អាច​ដណ្ដើម​ជ័យជម្នះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា តាម​រយៈ​សន្លឹក​ឆ្នោត​នោះ ទំនង​ជា​បាន​ចាប់​ផ្ដើម​តាំង​ពី​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​នៅ​លើក​ដំបូង នៅ​ដើម​ខែ​មីនា ឆ្នាំ២០១៧ មក​ម៉្លេះ។ ហើយ​បន្ទាប់​មក​បាន​យក​ច្បាប់​ថ្មី​នេះ ទៅ​អនុវត្ត​លើ​អង្គហេតុ​នៃ​សកម្មភាព​នានា របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើត​មាន​មុន​ច្បាប់​នេះ។ បណ្ឌិត ឡៅ ម៉ុង ហៃ មាន​ប្រសាសន៍​ថា ការ​អនុវត្ត​ច្បាប់​ធាក់​ថយ​ក្រោយ​នេះ ផ្ទុយ​ពី​គោលការណ៍​គតិយុត្តិ៖ «ការ​ចោទ​ប្រកាន់ កឹម សុខា ក្នុង​សាលដីកា​ហ្នឹង​ថា អាមេរិក​គេ​ជួយ​គណបក្ស​សង្គ្រោះ ឱ្យ​ធ្វើ​សកម្មភាព ដើម្បី​រំលំ​រដ្ឋាភិបាល។ យក​ការ​ចោទ​ប្រកាន់​ហ្នឹង​ទៅ​សំអាង រួច​អា​ហ្នឹង​វា​កើត​នៅ​ឆ្នាំ២០១៣។ ទង្វើ​ហ្នឹង​កើត​មាន​ច្បាប់​ចេញ​ជា​ធរមាន។ គេ​ថា នីតិវិធី​រដ្ឋប្បវេណី​ហ្នឹង អាច​មាន​ប្រតិសកម្ម​បាន អា​ហ្នឹង​វា​អយុត្តិធម៌​ប្រៀបធៀប​គោល​ការណ៍​ច្បាប់»

បណ្ឌិត ឡៅ ម៉ុងហៃ ប្រៀបធៀប​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដូច​គ្នា​ទៅ​នឹង​ករណី​ម្ចាស់​ផ្ទះ​រំលាយ​កិច្ចសន្យា​ជួល​ផ្ទះ​នៅ​កណ្ដាល​ទី គឺ​ជា​ការ​បំពាន​ច្បាប់​កិច្ចសន្យា ដែល​បាន​ព្រមព្រៀង​គ្នា​រួច​ហើយ៖ «គេ​ជា​គណបក្ស ហើយ​បាន​ចូលរួម​ការ​បោះ​ឆ្នោត បាន​អាសនៈ​ក្នុង​រដ្ឋសភា​អ៊ីចឹង​ទៅ ហើយ​មាន​ការ​គាំទ្រ​ច្រើន​អ៊ីចឹង​ទៅ។ វា​ដូច​ជា​យើង​មាន​កុងត្រា​រវាង​បុគ្គល​ពីរ​នាក់​អ៊ីចឹង ជួល​ផ្ទះ​ឱ្យ​គេ បើក​ដៃ​ឱ្យ​គេ​ប្រើប្រាស់ និង​មាន​លក្ខខណ្ឌ​អ៊ីចឹង​ទៅ ដូច​ជា ច្បាប់​អ៊ីចឹង ហើយ​គេ (អ្នក​ជួល​ផ្ទះ) ប្រកប​អាជីវកម្ម​បាន​ជោគជ័យ​អ៊ីចឹង​ទៅ ហើយ​ស្រាប់​តែ (យើង​ម្ចាស់​ផ្ទះ) ថា ហេ អ្នក​ឯង (អ្នក​ជួល) ធ្វើ​អត់​ត្រូវ​ទេ ហើយ​បង្ខំ​គេ​ឱ្យ​ធ្វើ​កុងត្រា​ថ្មី។ គឺ​ខ្លួន​ឯង​ជា​ម្ចាស់​មាន​អំណាច​ហ្នឹង​ទៅ​បង្ខំ​គេ​តែ​ម្ដង ដោយ​ចោទ​គេ​ថា គេ​ធ្វើ​អត់​ត្រូវ​ទេ អត់​បាន​ធ្វើ​តាម​កុងត្រា​ថ្មី ដែល​កំណត់​ទេ បង្ខំ​គេ​ឱ្យ​ត្រូវ​តែ​ចេញ​ទៅ ចេញ​ពី​ផ្ទះ​ហ្នឹង​ទៅ ផ្ទះ​ដែល​ជួល​ហ្នឹង។ អា​ហ្នឹង​វា​អត់​ត្រូវ​ទេ ខុស​នឹង​គោលការណ៍​យុត្តិធម៌​ហើយ»

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ប្រកែក​ថា ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​បាន​ធ្វើ​ឡើង​នៅ​ដើម​ឆ្នាំ២០១៧ នោះ មិន​បាន​ការ​អនុវត្ត​ច្បាប់​ធាក់​ថយ​ក្រោយ​ទេ ហើយ​ក៏​មិន​បាន​ធ្វើ​ឡើង​សម្រាប់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ។

ទោះ​ជា​យ៉ាង​ណា លោក ជិន ម៉ាលីន ទទួល​ស្គាល់​ថា សុន្ទរកថា​របស់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដែល​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី កាល​ពី​ឆ្នាំ២០១៣ នោះ គឺ​កើត​ឡើង​មុន​ពេល​មាន​ច្បាប់​នេះ​ពិត​មែន តែ​លោក​នៅ​តែ​អះអាង​ថា នៅ​មាន​សកម្មភាព​ផ្សេង​ទៀត​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​មួយ​នេះ ដែល​ជា​មូលហេតុ​នាំ​ឱ្យ​តុលាការ​សម្រេច​រំលាយ៖ «អ្វី​ដែល​កើត​ឡើង​មុន​ច្បាប់​ហ្នឹង​ចេញ​វា​គ្រាន់​តែ​មូលដ្ឋាន​ក្នុង​ការ​ពិចារណា​ទេ។ ការ​ថ្លែង​របស់​កឹម សុខា គ្រាន់​តែ​មូលដ្ឋាន​មួយ​ក្នុង​ការ​ពិចារណា​ទេ ហើយ​វា​មាន​សកម្មភាព​ផ្សេងៗ ទៀត​គួប​ផ្សំ​នឹង​សកម្មភាព​របស់​លោក សម រង្សី និង​សកម្មភាព​ផ្សេងៗ ទៀត​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ។ អ៊ីចឹង​ជា​គោលការណ៍​ច្បាប់​មិន​ទាក់ទង​នឹង​ប្រតិសកម្ម​អី​នោះ​ទេ។ មិន​មែន​រឿង​នោះ​កើត​ឡើង​មុន​ច្បាប់​ហើយ ហើយ​រំលាយ​ដោយ​សារ​តែ​ព្រឹត្តិការណ៍​កើត​ឡើង​មុន​ច្បាប់​នោះ​ចេញ មិន​មែន​អ៊ីចឹង​ទេ»

បើ​ទោះ​ជា​មាន​ការ​បដិសេធ​ពី​លោក ជិន ម៉ាលីន បែប​នេះ​ក្តី លោក កឹម សុខា​ គឺ​បុគ្គល ដែល​សាលដីកា​របស់​តុលាការ​កំពូល លើក​យក​មក​រៀបរាប់​ធ្វើ​ជា​ទឡ្ហីករណ៍​ចម្បង​នៅ​ទំព័រ​មុខ​គេ និង​ច្រើន​ជាង​គេ ដើម្បី​ជា​សេចក្ដី​សំអាង​ហេតុ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

សកម្មភាព និង​សេចក្ដី​ថ្លែង​ការណ៍​នានា របស់​លោក កឹម សុខា ពី​អតីតកាល រួម​ទាំង​ការ​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅឆ្នាំ២០០២ ផង ក៏​ត្រូវ​បាន​តុលាការ​កំពូល​ដាក់​បញ្ចូល​ក្នុង​សាលដីកា​របស់​ខ្លួន​ដែរ។ ទំព័រទី៤ ចំណុច ២ នៃ​សាលដីកា សរសេរ​ថា៖ «សម្ដី​របស់​លោក កឹម សុខា ក្នុង​ឋានៈ​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​រៀបរាប់​នៅ​ក្នុង​វីដេអូ​ឃ្លីប​ខាង​លើ​នេះ គឺ​ជា​ភស្តុតាង​ដ៏​សំខាន់​មិន​អាច​ប្រកែក​បាន​អំពី​ការ​ចំណុះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ទៅ​នឹង​បរទេស ហើយ​ស្ថិត​នៅ​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​បរទេស ក្នុង​ការ​រៀបចំ និង​ចាត់ចែង​អនុវត្ត​ផែនការ​ឃុបឃិត​គ្នា​ជា​សម្ងាត់ ដើម្បី​ផ្ដួល​រំលំ​រដ្ឋ​អំណាច​ស្រប​ច្បាប់​បច្ចុប្បន្ន​តាម​ទម្រង់​បដិវត្តន៍ ដោយ​យក​គំរូ​តាម​ប្រទេស​យូហ្គោស្លាវី ស៊ែប៊ី ជ្រក​ក្រោម​លេស​នៃ​ទិស​ស្លោក​នយោបាយ «ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន» និង​ក្រោម​លេស​នៃ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស»។​

សម្រាប់​បណ្ឌិត ឡៅ ម៉ុងហៃ​ អ្វី​ដែល​កាន់​តែ​មិន​យុត្តិធម៌​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ និង​ម្ចាស់​ឆ្នោត​របស់​គណបក្ស​នេះ គឺ​តុលាការ​កំពូល​បាន​បក​ស្រាយ​ខ្លឹមសារ​ច្បាប់​ថ្មី​ស្ដីពី​គណបក្ស​នយោបាយ​តាម​អំពើ​ចិត្ត ដើម្បី​តម្រូវ​ចិត្ត​ដើម​បណ្ដឹង គឺ​ក្រសួង​មហាផ្ទៃ ដែល​ប្ដឹង​សុំ​រំលាយ​គណបក្ស​ប្រឆាំង​មួយ​នេះ៖ «សាលដីកា​ហ្នឹង យក​ច្បាប់​នោះ​មក​ឱ្យ​និយមន័យ ដូច​ជា ពាក្យ​ចោទ​ថា វិទ្ធង្សនា​ហ្នឹង នៅ​ក្នុង​ច្បាប់​ស្ដីពី​វិសោធនកម្ម (ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ) អត់​មាន​និយមន័យ​ទេ ប៉ុន្តែ​នៅ​តុលាការ​យក​មក​ឱ្យ​និយមន័យ ហើយ​ឱ្យ​និយមន័យ​បែប​សម្របសម្រួល​ឱ្យ​ទៅ​ខាង​ព្រះរាជ​អាជ្ញា និង​ភាគី​រដ្ឋាភិបាល ដែល​ប្ដឹង​ផ្ដល់​ហ្នឹង។ (ពាក្យ​ផ្សេង​ទៀត) ដូច​ជា រឿង​ទំនាក់ទំនង​ជាមួយ​បរទេស​ហ្នឹង ចោទ​ប្រកាន់​លោក កឹម សុខា ដែល​ជា​ប្រធាន​គណបក្ស​ហ្នឹង​ថា ឃុបឃិត​ជាមួយ​បរទេស ដើម្បី​រំលំ​រដ្ឋាភិបាល គឺ​ករណី​ហ្នឹង​វា​អត់​ទាន់​ជាក់​ច្បាស់​ផង ទើប​តែ​ចោទ​ប្រកាន់ ហើយ​អា​ហ្នឹង​ជា​បទ​ចោទ​ប្រកាន់​មួយ​ចម្បង​ក្នុង​សាលដីកា​ដែល​ខ្ញុំ​ឃើញ​នោះ។ អញ្ចឹង​បាន​ជា​វា​អយុត្តិធម៌! គឺ​បទ​ល្មើសៗ មួយ​គេ​ត្រូវ​ឱ្យ​និយមន័យ​ឱ្យ​បាន​ច្បាស់លាស់​នៅ​ក្នុង​ច្បាប់​រួច​ស្រេច​តែ​ម្ដង ហើយ​យើង​ចេះ​តែ​ដាក់​ទូទៅៗ ហើយ​យក​មក​បកស្រាយ បក​ស្រាយ​ឱ្យ​និយមន័យ​នៅ​ក្នុង​តុលាការ អា​ហ្នឹង​វា​អត់​ត្រូវ»

ក្រោយ​ពី​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ត្រូវ​បាន​រដ្ឋសភា​ឯក​បក្ស ប្រកាស​ជា​ការ​ប្រញាប់ ហើយ​អនុម័ត​ភ្លាមៗ ដោយ​មិន​បាន​ទុក​ពេល​ឱ្យ​សង្គម​ស៊ីវិល​ចូលរួម​ផ្ដល់​យោបល់​នោះ ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ប្រចាំ​កម្ពុជា បាន​ផ្ដល់​អនុសាសន៍​កែ​លំអ ជូន​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​រំលឹក​ថា៖ សុចរិត​ភាព​នៃ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស មិន​អាច​នឹង​ត្រូវ​បាន​ធានា​ឡើយ ប្រសិន​ជា​គណបក្ស​នយោបាយ​ទាំង​ឡាយ​មិន​អាច​ប្រើប្រាស់​សេរីភាព​បញ្ចេញ​មតិ​យោបល់ រាប់​ទាំង​សិទ្ធិ​ក្នុង​ការ​ស្វែង​រក ការ​ទទួល​ព័ត៌មាន និង​ការ​ចែក​រំលែក​ព័ត៌មាន។

នៅ​ក្នុង​អនុសាសន៍​របស់​ខ្លួន​ជា​ច្រើន​ចំណុច ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ប្រចាំ​កម្ពុជា ក៏បានលើកឡើងពីបញ្ហានៅក្នុងមាត្រា៦ដែរ។ ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​ចុះ​ហត្ថលេខា​ប្រកាស​ឱ្យ​ប្រើ ដោយ​ប្រមុខ​រដ្ឋ​ស្តីទី និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ ឈុំ ចុះ​កាល​បរិច្ឆេទ នៅ​ដើម​ខែ​មិនា ឆ្នាំ២០១៧ មិនបានផ្តល់និយមន័យដល់មាត្រា៦ទេ។ មាត្រា៦ចែងថា៖

គ្រប់​គណបក្ស​នយោបាយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ណា​មួយ ដូច​ខាង​ក្រោម៖
. ធ្វើ​ឱ្យ​មាន​អបគមន៍ ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ឯកភាព​ជាតិ និង​បូរណភាព​ដែន​ដី។

. ធ្វើវិទ្ធង្ស​នា​ប្រឆាំង​នឹង​របប​ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ។

. ធ្វើ​ប៉ះ​ពាល់​សន្តិសុខ​នៃ​រដ្ឋ។

. បង្កើត​កម្លាំង​ប្រដាប់​អាវុធ។

. ធ្វើ​ការ​ញុះញង់​ដែល​អាច​នាំ​អោយ​មាន​ការ​បែក​បាក់​ជាតិ។

ក្រៅ​ពី​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​មាន​ប្រសាសន៍​ថា ពាក្យពេចន៍​ក្នុង​មាត្រា ៦ ដែល​មិន​មាន​កំណត់​និយមន័យ​នេះ អាច​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ក្នុង​ការ​អនុវត្ត​ច្បាប់​នោះ ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ក៏​បាន​សំដែង​ក្ដី​បារម្ភ​របស់​ខ្លួន​ដែរ។ ស្ថាប័ន​សហប្រជាជាតិ​នេះ​លើក​ឡើង​ថា ពាក្យពេចន៍​មិន​ច្បាស់លាស់ និង​ស្រពិចស្រពិល ក្នុង​កថាខណ្ឌ​ទី១ ទី២ ទី៣ និងទី៥ នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ អាច​នាំ​ឱ្យ​មាន​ការ​បក​ស្រាយ​ជា​អត្តនោម័តិ ដូច្នេះ​ហើយ វា​នឹង​កម្រិត​កំណត់​សិទ្ធិ​ស្រប​ច្បាប់​របស់​ប្រជា​ពលរដ្ឋ ដែល​បាន​ប្រើប្រាស់​តាម​រយៈ​គណបក្ស​នយោបាយ។

ទោះ​ជា​យ៉ាង​ណា តុលាការ​កំពូល ដែល​មាន​ចៅក្រម​ទាំង​អស់​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​នោះ បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី១៦ វិច្ឆិកា ឆ្នាំ២០១៧ ដោយ​លើក​ហេតុផល​ថា សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បំពាន​ធ្ងន់ធ្ងរ​ដល់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​នេះ។ អង្គហេតុ​នៃ​សកម្មភាព​នានា ដែល​តុលាការ​បាន​លើក​យក​មក​ចោទ​ប្រកាន់​គណបក្ស​សង្គ្រោះ​ជាតិ ថា​បាន​បំពាន​ច្បាប់​ធ្ងន់ធ្ងរ ហើយ​រៀបរាប់​នៅ​ក្នុង​សាលដីកា​នេះ រួមមាន៖ ពាក្យ​សំដី​របស់​លោក កឹម សុខា នៅឆ្នាំ២០១៣ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ប្រទេស​អូស្ត្រាលី​ថា អាមេរិក​ជា​អ្នក​គាំទ្រ​លោក​ឱ្យ​ធ្វើ​ការ​ផ្លាស់ប្ដូរ​ដោយ​វិជ្ជមាន​តាម​សន្តិវិធី និង​ការ​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​របស់​លោក នៅ​ឆ្នាំ២០០២។

ការប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតឆ្នាំ២០១៣ របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ដឹក​នាំ​បាតុកម្ម​មហាជន​នៅ​ទីលាន​ប្រជាធិបតេយ្យ​របស់​គណបក្ស​នេះ។ បាតុកម្ម​បិទ​ផ្លូវ វេង ស្រេង របស់​កម្មករ ដើម្បី​ទាមទារ​ប្រាក់​ខែ​គោល​នៅ​ដើម ឆ្នាំ២០១៤ និង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​របស់​ប្រជា​ពលរដ្ឋ និង​សង្គម​ស៊ីវិល ដើម្បី​ទាមទារ​ឱ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ អាដហុក (ADHOC) ៥រូប​ពី​ពន្ធនាគារ​ព្រៃ​ស។ ក្នុង​បណ្ដឹង​របស់​ខ្លួន​ដាក់​ទៅ​តុលាការ​កំពូល ក្រសួង​មហាផ្ទៃ​ចោទ​ថា អង្គហេតុ​នៃ​សកម្មភាព​ទាំង​អស់​នេះ គឺ​ជា​ផែនការ​បដិវត្តន៍​ពណ៌​ផ្ដួល​រំលំ​រដ្ឋ​អំណាច​កម្ពុជា​ស្រប​ច្បាប់ ជា​ផែនការ​មាន​លក្ខណៈ​ប្រព័ន្ធ​ដោយ​មាន​បក្ស​ប្រឆាំង​ជា​ស្នូល និង​មាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទទួល​លុយ​ពី​បរទេស។

បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ​ហៅ សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​សាលដីកា​របស់​តុលាការ​កំពូល​ថា ជា​សាលដីកា​អយុត្តិធម៌​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា។ លោក​បញ្ជាក់​ថា យុត្តិធម៌​មិន​អាច​កើត​មាន​ទេ ប្រសិន​បើ​មិន​មាន​ការ​ពិត​នោះ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "អ្នកវិភាគ៖ សាលដីកា​អយុត្តិធម៌ ការ​អនុវត្ត​ច្បាប់​បែប​ប្រតិសកម្ម រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ"

  1. so socheath says:

    Send to facebook
    Wow ! កឹម សុខា និយាយថា ពលិកម្មរបស់វាមិនមែនល្ងង់នោះទេ ។
    ព្រោះវាត្រូវហ៊ានលះបង់ក្នុងនាមជាអ្នកដឹកនាំ ?
    ហាស ! ហាស
    ពលិកម្មលើស្អីគេអ្ហា !
    ជាប់គុកហ្នឹង គេហៅថាធ្វើពលិកម្មដែរ ?
    អញ្ចឹងឲ្យតែអ្នកជាប់គុក សុទ្ធតែជាអ្នកធ្វើពលិកម្ម ?
    អញ្ចឹង សូមធ្វើពលិកម្មជាប់គុកឲ្យបានយូរទៀតចុះ អាឡប់ ! ដើម្បីការលះបង់ក្នុងនាមជាអ្នកដឹកនាំ
    របស់អ្ហែង !
    អានេះដូចជាបែកព្រីអាម៉េចទេ ?
    ទើបតែជាប់គុកពីរឆ្នាំសោះ អានេះបែរជាឆ្កួតបាត់អញ្ចឹងទៅ វ៉ី !
    កឹមសុខានិយាយបន្តទៀតថា វាស្ម័គ្រចិត្តធ្វើពលិកម្មជូនជាតិនេះ មិនមែនវាមិនចេះខ្លាច មិនមែនវាមិនដឹងពីគ្រោះថ្នាក់ មិនមែនព្រោះវាល្ងង់ទេ ? វាថាក្នុងតួនាទីជាអ្នកដឹកនាំ គឺខុសពីចៅហ្វាយ ឬថៅកែ។
    វាបញ្ជាក់ថា ចៅហ្វាយឬថៅកែគេជាអ្នកចាំយកលទ្ធផលពីការងារ ។ តែអ្នកដឹកនាំគឺជាអ្នកដែលលះបង់មុនគេនិងច្រើនជាងគេ ដើម្បីជាគំរូដល់អ្នកគាំទ្រ ? ។ គំរូក្នុងការធ្វើបដិវត្តន៍ពណ៍ ?
    សម្រាប់ពាក្យវាថា ក្នុងតួនាទីជាអ្នកដឹកនាំ គឺខុសពីចៅហ្វាយ ឬថៅកែ ត្រូវបានអ្នកវិភាគខ្លះ ថាគឺជា
    សម្តីរបស់វាឌឺដងឲ្យសមរង្ស៊ី ។ តែវាហាក់មិនស៊ីគ្នា ជាមួយសម្តីដែលកឹមសុខា និយាយអួតពីពលិកម្ម
    របស់វាសោះ ។ វាហាក់ដូចមិនដែលមានសោះ ដែលគ្រប់អ្នកនយោបាយក្នុងលោកនេះ សុខៗ ស្រាប់
    តែដើរចូលគុក ហើយស្រែកថា ស្ម័គ្រចិត្តធ្វើពលិកម្មជូនជាតិ ?
    បើមានមែន ។ មានអ្នកដឹង ជួយប្រាប់ខ្ញុំផងបាទ !

Leave a Reply

Submit Comment