ក្រុមសង្គមស៊ីវិលនឹងលើកបញ្ហា​សិទ្ធិមនុស្សចំនួន៣នៅកម្ពុជាបញ្ចូលក្នុង​របៀបវីរៈនៃកិច្ចប្រជុំមហាសន្និបាត UNHRC

|
https://vodhotnews.com

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) (រូបដោយ៖ ជន ចាន់រ៉ែន)

អង្គការសង្គមស៊ីវិល ២៨ ចេញសេចក្តីថ្លែងការរួមគ្នាមួយ ដើម្បីស្នើទៅអង្គការសហប្រជាជាតិ ឱ្យលើកយកពីបញ្ហាសិទ្ធិមនុស្សដាក់បញ្ចូលក្នុងរបៀបវីរៈនៃកិច្ចប្រជុំមហាសន្និបាតសិទ្ធិមនុស្សអន្តរជាតិ UNHRC លើកទី៤២ នៅទីក្រុងហ្សឺណែវ ដើម្បីស្វែងរកដំណោះស្រាយពិតប្រាកដមួយ។

យោងតាមសេចក្តីថ្លែងការណ៍​ចេញថ្ងៃទី៣០ សីហា ក្រុមអង្គការសង្គមជាតិ និងអន្តរជាតិចំនួន២៨ ដែលធ្វើការផ្តោតលើបញ្ហាសិទ្ធិមនុ​ស្ស ក្រមច្បាប់ និងប្រជាធិបតេយ្យ ក្នុងនិង​ក្រៅប្រទេសកម្ពុជា បានលើកពីបញ្ហាពាក់ព័ន្ធនឹង​សិទ្ធិមនុស្សចំនួន​៣ ចំណុច ដើម្បីស្នើសុំការគាំទ្រស្វែងរកដំណោះស្រាយពីអង្គមហាសន្និបាទក្នុងខែកញ្ញានេះ និងក្រើនរំឭកពីបញ្ហា​សិទ្ធិមនុស្សដែលកំពុងបន្តកើតឡើងនៅកម្ពុជា។

អង្គការ​ទាំងនោះរួមមាន​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការលីកាដូ សមាគមការពារសិទ្ធិមនុស្សអាដហុក អង្គការលើកលែងទោសអន្តរជាតិ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងអង្គការសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្សជាដើម។

តាមសេចក្តីថ្លែងការណ៍​ដដែលនេះ​ បញ្ហាទាំង៣ ចំណុចរួមមានការប្រើវិធានការបង្ក្រាបលើមានអ្នក​និន្នាការប្រឆាំងរដ្ឋាភិបាល​ ការរឹតបណ្តឹងសេរីភាពបាតុកម្មអហិង្សា និងក្រុមការពារសិទ្ធិមនុស្ស និងការវាយប្រហារអ្នកសារព័ត៌មាន និងគ្រប់​គ្រង​ប្រព័ន្ធផ្សព្វ​ផ្សាយ​ពីរដ្ឋាភិបាលកម្ពុជា ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៨។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ដែលអង្គការរបស់លោកបានចូលរួមចេញសេចក្តីថ្លែងការណ៍ខាងលើ ចង់ឃើញបញ្ហាទាំង៣ ចំណុចនោះ ត្រូវបានចោទសួរទៅរដ្ឋាភិបាលកម្ពុជា ក្នុងមហាសន្និបាតសិទ្ធិមនុស្សអង្គការសហប្រជាជាតិថ្ងៃខាងមុខ បើទោះកន្លងមករដ្ឋាភិបាលបានបដិសេធ និងទាត់ចោលរួចហើយក្តី។

លោក អំ សំអាត មានប្រសាសន៍ថា៖ «ជាទូទៅ ទោះបីរបាយការណ៍អង្គការអន្តរជាតិ របាយការណ៍អង្គការជាតិក៏ដោយ កន្លងមកយើងឃើញរដ្ឋាភិបាលតែងតែធ្វើការបដិសេធ ហើយទាត់ចោល ហើយជូនកាលថារបាយការណ៍នោះវាជា មាននិន្នាការប្រឆាំងអីជាដើម។ អាហ្នឹងវាជាសិទ្ធិរបស់រដ្ឋាភិបាលទេ ប៉ុន្តែ អ្វីដែលការលើកឡើង អាហ្នឹងគេ [UNHRC] ធ្វើការថ្លឹងថ្លែងទៅ។ ព្រោះយើងចង់ឱ្យមានការកែលម្អអីចឹងទេ»

អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំអាស៊ី លោក Phil Robertson ថា ការស្វែងរកដំណោះស្រាយមួយ ចំពោះវិបត្តិសិទ្ធិមនុស្សនៅកម្ពុជា ដែលលោកថាកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ គឺជារឿងចាំបាច់។

លោក Robertson ប្រាប់ វីអូឌី តាមសារអេឡិចត្រូនិចអ៊ីមែលថា៖ «ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គឺអាក្រក់បំផុត និងកំពុងវិវឌ្ឍន៍ទៅកាន់តែអាក្រក់ ដែលទាមទារឱ្យមានការឆ្លើយតបកាន់តែខ្លាំងពីសហគមន៍អន្តរជាតិ។ ការទាមទារឱ្យមានដំណោះស្រាយ​មួយ នៅឯមហាសន្និបាតសិទ្ធិមនុស្សសហប្រជាជាតិ ជាជំហានសំខាន់មួយដែលគួរតែទទួលយកដោយរដ្ឋាភិបាលនៅឯមហាសន្និបាតក្រុងស៊ឺណែវ»

លោក Robertson បន្ថែមថា លោកចង់ឃើញសហគមន៍អន្តរជាតិចាត់វិធានការតឹងរឹងលើរដ្ឋាភិបាលកម្ពុជា ចំពោះបញ្ហាសិទ្ធិមនុស្ស ក្រោយការបោះឆ្នោតឆ្នាំ ២០១៨​ ការបំបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យស្ទើរតែទាំងស្រុង និងការរុកគួនអ្នកការពារសិទ្ធិមនុ​ស្ស និងអង្គការរបស់ពួកគេ។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កក្តា អ៊ន លើកឡើងថា រដ្ឋាភិបាលកម្ពុជាបានបកស្រាយរួចរាល់ហើយចំពោះការចោទប្រកាន់ដូចនៅក្នុងសេចក្តីថ្លែងការអង្គការទាំង២៨ ទៅកាន់អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ ហើយថា កង្វល់ក្នុងសេចក្តីថ្លែងការណ៍នោះ គឺជាការលើកឡើងដដែលៗ។

លោក កក្តា អ៊ន មានប្រសាសន៍ប្រាប់ វីអូឌី ថា៖ «វាមិនមែនជារបាយការណ៍ថ្មីទេដែលអង្គការសង្គមស៊ីវិលបានធ្វើកន្លងមកនេះ។ របាយការណ៍នេះគ្រាន់តែជារបាយការណ៍​ដដែលៗដែលគាត់សន្និដ្ឋានឡើងវិញ ហើយដាក់ជាថ្មីឡើងវិញ ទៅកាន់អង្គការសហប្រជាជាតិនៅថ្ងៃខាងមុខ»

លោកបន្ថែមថា កម្ពុជាបានត្រៀមរបាយការណ៍ និងមន្ត្រីទូតដើម្បីឆ្លើយបំភ្លឺអំពីបញ្ហាពាក់ព័ន្ធសិទិ្ធមនុស្សផ្សេងៗ ដែលអាចនឹងត្រូវបានលើកឡើងនៅឯមហាសន្និបាត UNHRC លើកទី៤២ ថ្ងៃខាងមុខរួចហើយ។

កាលពីដើមឆ្នាំ២០១៩​ ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អន្តរជាតិ នៅទីក្រុងហ្សឺណែវ សមាជិកនៃក្រុមប្រឹក្សា UNHRC មានទាំងសហរដ្ឋអាមេរិក បានរំឭករដ្ឋាភិបាលកម្ពុជា ឲ្យ​​វិលទៅ​ស្តារ​លទ្ធិ​ប្រ​ជា​ធិប​តេយ្យឡើងវិញ តាមរយៈការឈប់យាយីគណបក្ស​ប្រ​​ឆាំ​ង ​សង្គ​ម​ស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ។

តបក្នុងកិច្ចប្រជុំកាលនោះដែរ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី លើកឡើងថា កម្ពុជា ព្រមទទួលយករាល់ការផ្តល់យោបល់ និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់សមាជិក ប៉ុន្តែ ជំទាស់​​ដាច់​ខាត​ការ​ប្រើប្រាស់​សិទ្ធិ​មនុស្ស ​​ធ្វើជា​លេស​​​ដើម្បីជ្រៀតជ្រែក​​កិច្ច​ការ​ផ្ទៃ​​ក្នុង​ប្រទេស​ដទៃ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment