តុលាការខេត្តកំពង់ចាម កោះហៅអតីតយុវជន​បក្សប្រឆាំងម្នាក់ឱ្យចូលបំភ្លឺ

|
https://vodhotnews.com

អតីតយុវជន ​CNRP លោក រិន រដ្ឋ ថតនៅលើស្ពានមួយនាក្រុងបាងកកប្រទេសថៃ។ (រូបភាព៖ហ្វេសប៊ុក លោក រិន រដ្ឋ)

តំណាងអយ្យការ​អមសាលាដំបូងខេត្តកំពង់ចាម  បានចេញដីកាកោះហៅអតីតសមាជិកយុវជនគណបក្សប្រឆាំងនៅខេត្តកំពង់ចាមម្នាក់ឱ្យចូលបំភ្លឺពាក់ព័ន្ធនឹងអំពើញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

ក្នុងដីកាកោះហៅចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ តំណាងអយ្យការ​អមសាលាដំបូងខេត្តកំពង់ចាម  លោក ហាក់ ហ៊ាន់ បានបង្គាប់ឱ្យ លោក រិន រដ្ឋ រស់នៅភូមិព្រះអណ្ដូងទី២ ឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ចូលទៅកាន់តុលាការខេត្តនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨  : ៣០ នាទីព្រឹក។

ដីកានោះ​ បញ្ជាក់ថាការកោះហៅនេះគឺដើម្បីសាកសួរក្នុងដំណើររឿងអំពើញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

អតីតសមាជិកយុវជនគណបក្សប្រឆាំង លោក រិន រដ្ឋ ប្រាប់វីអូឌីនៅថ្ងៃនេះថាការចេញដីកាកោះហៅនេះ ធ្វើឡើងបន្ទាប់ពីលោកបានទៅជួបអតីតមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩។

លោក ថា៖«ខ្ញុំត្រឡប់មកវិញនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ​២០១៩ ពេលល្ងាច ដល់ថ្ងៃទី១៩ ខែសីហា ខ្ញុំបានទទួលព័ត៌មានថាមានប៉ូលីសមកស៊ើបអង្កេតឈ្មោះអី។ ហើយខ្ញុំក៏រត់នៅថ្ងៃទី១៩ ខែសីហាហ្នឹងតែម្ដង»។

កាលពីថ្ងៃទី២ និង៣ ខែកញ្ញា ឆ្នាំ២០១៩ តុលាការខេត្តកំពង់ធំសម្រេចឃុំខ្លួនអតីតសកម្មជននិងអតីត​សមាជិកក្រុមប្រឹក្សាឃុំគណបក្សប្រឆាំង៣នាក់នៅពន្ធនាគារបណ្ដោះអាសន្ន។ ការសម្រេចឃុំខ្លួនអតីតសកម្មជនបក្សប្រឆាំងទាំង៣ នាក់នោះ  ធ្វើឡើងបន្ទាប់ពីពួកគេបានបង្ហោះសារនិងចែករំលែកព័ត៌មានវិទ្យុអាស៊ីសេរីដោយគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី មកកម្ពុជា។

របាយការណ៍​របស់​អង្គការលីកាដូ បាន​បង្ហាញ​ថា អតីត​សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ១៥៦​នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ ឬ​តុលាការ​កោះ​ហៅ​សាក​សួរ ឬ​ចូល​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​ការ​សម្ដែង​មតិ និង​ការ​ជួប​ជុំ​របស់​ពួកគេ ស្រប​ពេល​ដែល​សកម្មជន​បក្ស​ប្រឆាំង១៩​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួននិង​ដាក់​ឃុំ​​ គិត​ត្រឹម​ចុង​ខែ​សីហា​ក្នុង​​ឆ្នាំ​២០១៩​។


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment