សង្គម​ស៊ីវិល​ស្នើសុំ​ព្រះមហាក្សត្រ​យាង​អន្តរាគមន៍​ដោះស្រាយ​វិបត្តិ​នយោបាយ

ដោយ មួង ណារ៉េត
2019-09-05
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA


សង្គម​ស៊ីវិល​ដាក់​លិខិត​ថ្វាយ​ព្រះ​មហាក្ស​ត្របង្ហាញ​ពី​កង្វល់​ជុំវិញ​វិបត្តិ​នយោបាយ


សង្គម​ស៊ីវិល​ចំនួន ៤ ស្ថាប័ន​ផ្សេងគ្នា បាន​ដាក់​លិខិត​មួយ​ច្បាប់​ថ្វាយ​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ទី​៥ កញ្ញា នេះ ដើម្បី​បង្ហាញ​ពី​កង្វល់​ជុំវិញ​វិបត្តិ​នយោបាយ ដែល​កំពុង​រុញច្រាន​កម្ពុជា​ឱ្យ​ប្រឈម​មុខ​នឹង​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ។ របប​ក្រុងភ្នំពេញ​ចំអក​ថា សកម្មភាព​របស់​សង្គម​ស៊ីវិល​នេះ គឺ​រឿង​គួរ​ឱ្យ​អស់សំណើច។

សង្គម​ស៊ីវិល​ដែល​ដាក់​លិខិត​ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ រួមមាន សហភាព​សហជីព​កម្ពុជា សហព័ន្ធ​សហជីព​កម្ពុជា សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា។

ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) និង​ជា​អតីតមន្ត្រី​ជាន់ខ្ពស់ គ​.​ជ​.​ប លោក រ៉ុង ឈុន ថ្លែង​ថា សហជីព និង​សមាគម​សម្រេច​ដាក់​លិខិត​ទៅ​ព្រះមហាក្សត្រ ដើម្បី​បង្ហាញ​ពី​ក្តី​ព្រួយបារម្ភ​ទាក់ទង​នឹង​ស្ថានភាព​នយោបាយ​អាប់អួ និង​ការរំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ដែល​កំពុង​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈមមុខ​នឹង​ការ​កាត់ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង GSP របស់​សហរដ្ឋអាមេរិក​។ លោក​ថា ប្រសិនបើ​អ្នកនយោបាយ​ខ្មែរ​មិន​បន្ទន់​ជំហរ​ដោះស្រាយ​វិបត្តិ​នយោបាយ​ទេ នោះ​កម្ពុជា​នឹង​ចៀស​មិន​ផុត​ពី​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំង​នោះ​ឡើយ ហើយ​ពេលនោះ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​នឹង​ត្រូវ​រងគ្រោះ៖ «ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវតែ​អង្គុយ​ជជែក​គ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ​មួយ ហើយ​បើ​គណបក្ស​កាន់អំណាច​នៅតែ​ទាត់ចោល ផាត់​ចោល​ក្រុម​បក្ស​ប្រឆាំង ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​យើង​មិន​អាច​ឆ្ពោះ​ទៅ​រក​ការ​រីកចម្រើន​បានទេ ហើយក៏​មិន​អាច​ធ្វើ​ឱ្យ​ស្ថិរភាព​សង្គម​ហ្នឹង​បាន​ល្អ​ប្រសើរ​ដែរ»

ក្រុម​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អ្នកនយោបាយ​វិល​មក​រក​តុ​ចរចា​វិញ ដើម្បី​ផ្សះផ្សា​ការ​ប្រេះស្រាំ​ទាំងឡាយ ដែល​អាច​នាំ​បញ្ហា​ដល់​ជាតិ​។ ក្រុម​សង្គម​ស៊ីវិល​ស្នើ​ដល់​អង្គ​ព្រះមហាក្សត្រ​ប្រើ​បុព្វសិទ្ធិ​ពិសេស យាង​ជា​អធិបតី​ជួយ​សម្របសម្រួល​នយោបាយ​រវាង​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ធានា​ប្រក្រតី​ភាព​របស់​កម្ពុជា​ឡើងវិញ។

ទោះជា​យ៉ាងណា ការ​ដាក់​លិខិត​របស់​ក្រុម​សង្គម​ស៊ីវិល​នេះ គឺ​នៅ​ចំ​ពេល​ដែល​ព្រះមហាក្សត្រ​មិន​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ឡើយ ដោយ​ទ្រង់ និង​ព្រះ​មាតា សម្តេច​ម៉ែ នរោត្តម មុនីនាថ សីហនុ កំពុង​ស្ថិតនៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ឡើយ។

អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ចាត់​ទុក​ទង្វើ​របស់​ក្រុម​សហជីព និង​សមាគម​នេះ ថា ជា​រឿង​គួរ​ឱ្យ​អស់សំណើច និង​ជា​ការ​ដាក់​សម្ពាធ​លើ​ព្រះមហាក្សត្រ​។ លោក​ចោទ​ថា ក្រុម​សង្គម​ស៊ីវិល​កំពុង​ធ្វើ​សកម្មភាព​បម្រើ​ឱ្យ​បក្ស​ប្រឆាំង ដោយ​ជ្រក​ក្រោម​ផ្លាក​សហជីព និង​សមាគម​។ លោក​អះអាង​ថា នឹង​គ្មាន​ការចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ព្រោះ​លោក​ថា កម្ពុជា​មិន​មាន​វិបត្តិ​នយោបាយ​ដូច​ការ​លើក​ឡើង​នោះ​ទេ៖ «ចៅហ្វាយ​របស់​គេ​បាន​បញ្ចុះបញ្ចូល​ឱ្យ​សហភាព​អឺរ៉ុប​ឈប់​ទិញ​ឥវ៉ាន់​ពី​កម្ពុជា អាហ្នឹង​ជា​ការ​ចាប់ផ្ដើម ឥលូវ​ក្រុម​ដដែល​ហ្នឹង​ក៏បាន​ទៅ​បង្កើត​សាច់រឿង​មួយទៀត​ដើម្បី​ដាក់​បន្ទុក​លើ​រាជរដ្ឋាភិបាល សម្រាប់​ធ្វើ​យ៉ាងម៉េច​ដើម្បី​កុំ​ឱ្យ​បាត់បង់ EBA​។ អាហ្នឹង​ជា​រឿង​មួយ​គួរ​ឱ្យ​សំណើច​។ ចំណែក​ចំណុច​ទី​ពីរ​ដែល​ខំ​យាង​ព្រះមហាក្សត្រ​មក​លូកលាន់​រឿង​ហ្នឹង គឺជា​ការ​ដាក់​សម្ពាធ​លើ​ព្រះមហាក្សត្រ ធ្វើ​ឱ្យ​ព្រះអង្គ​ហ្នឹង​ប្រាសចាក​ពី​អ្វី​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ»

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ដែល​ចូលរួម​ថ្វាយ​លិខិត​ទៅ​ព្រះមហាក្សត្រ​ដែរ​នោះ ប្រតិកម្ម​ថា ប្រសាសន៍​របស់​មន្ត្រី​នាំ​ពាក្យ​របប​ក្រុងភ្នំពេញ​នេះ បង្ហាញ​ថា រដ្ឋាភិបាល​គ្មាន​បំណង​បង្រួម​បង្រួម​ជាតិ​ឡើយ ហើយ​រឹតតែ​ធ្វើ​ឱ្យ​ជាតិ​បែកបាក់​ធ្ងន់ធ្ងរ។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក ថ្លែង​ថា ពួក​លោក​មិន​ចង់​ឃើញ​អ្នក​នយោបាយ​ខ្មែរ​បន្ត​ហែកហួរ​គ្នា​បែប​នេះ​ឡើយ ហើយ​កាន់តែ​មិន​ចង់​ឃើញ​អ្នកនយោបាយ​ប្រើប្រាស់​កងកម្លាំងប្រដាប់អាវុធ និង​កម្លាំង​មហាជន​ប្រឈមមុខ​ដាក់គ្នា​ថែមទៀត​។ លោក​បញ្ជាក់​ថា សកម្មជន​ភាព​របស់​ក្រុម​សហជីព និង​សមាគម​នេះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​ណា​ឡើយ ប៉ុន្តែ​ធ្វើឡើង​ក្នុង​គោលបំណង​ជួយ​ស្រោចស្រង់​ស្ថានការណ៍​អាក្រក់ ដែល​អាច​នឹង​កើតមានឡើង​តាមរយៈ​ជម្លោះ​នយោបាយ​រវាង​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា ព្រះមហាក្សត្រ​មាន​ព្រះរាជ​បុព្វសិទ្ធិ​ពិសេស​ក្នុង​ការ​យាង​អន្តរាគមន៍​ដោះស្រាយ​វិបត្តិ​នយោបាយ ហើយ​នេះ​ជា​អ្វី​ដែល​ព្រះបិតា​ព្រះអង្គ គឺ​ព្រះ​បរមរតនកោដ្ឋ នរោត្តម សីហនុ តែងតែ​ធ្វើ កាល​ទ្រង់​នៅ​មាន​ព្រះជន្ម​៖ «ពេលនេះ គឺ​ប្រទេស​កម្ពុជា​កំពុងតែ​ជួប​ផលវិបាក អ៊ីចឹង​ការ​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​នេះ គឺ​មិនមែន​ដាក់​សម្ពាធ​ទៅលើ​ព្រះអង្គ​ទេ ព្រោះ​ព្រះ​អង្គជា​និមិត្តរូប​នៃ​ការ​បង្រួបបង្រួម​ជាតិ​។ អ៊ីចឹង​ការ​លើកឡើង​របស់​លោក ផៃ ស៊ីផាន នេះ គឺ​មិន​ត្រឹមត្រូវ​ទេ ហើយ​មិនបាន​ផ្ដល់​តម្លៃ​ទៅលើ​ការ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ​ទេ»

រដ្ឋធម្មនុញ្ញ​ចែង​ច្បាស់​ថា ព្រះមហាក្សត្រ​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ​។ ព្រះអង្គ​ទ្រង់​ជា​អ្នកធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ និង​បូរណភាព​ទឹកដី ទ្រង់​ជា​អ្នកធានា​ការ​គោរព​សិទ្ធិ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ​។ ទ្រង់​ក៏​មាន​តួនាទី​ខ្ពង់ខ្ពស់​ជា​អាជ្ញាកណ្ដាល ដើម្បី​ធានា​ការ​ប្រព្រឹត្តទៅ​នៃ​អំណាច​សាធារណៈ​ឱ្យ​មាន​ភាព​ទៀងទាត់​ដែរ​។

ក្រុម​អ្នក​តាម​ស្ថានការណ៍​កម្ពុជា​វាយតម្លៃ​ថា ជម្លោះ​នយោបាយ​រវាង​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង កំពុង​ស្ថិត​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ ដែល​ទាមទារ​ឱ្យ​ព្រះមហាក្សត្រ​យាង​អន្តរាគមន៍​ជាបន្ទាន់ ដើម្បី​បញ្ចៀស​គ្រោះកាច ដែល​អាច​នឹង​កើតមានឡើង​។ គ្រោះកាច​នោះ គឺ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​នឹង​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​នៅ​ទូទាំង​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "សង្គម​ស៊ីវិល​ស្នើសុំ​ព្រះមហាក្សត្រ​យាង​អន្តរាគមន៍​ដោះស្រាយ​វិបត្តិ​នយោបាយ"

  1. so socheath says:

    ្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល
    គឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ជានិច្ចកាល ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគម
    និងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យ
    របស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និង
    ប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេលបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បន្ទាប់ពីបានមើលឃើញសកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បាន
    ចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ពិតណាស់ ជាមួយសកម្មភាពដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការ
    ធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំងដើម្បីត្រៀមកម្លាំង ដើម្បី
    បង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA
    ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយ ដោយហេតុថា
    កម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ។
    ពួកគេនូវបានបំផុស ចលនាសម្អប់ ចងគំនុំ ក្នុងការបំភ័ន្តជាមួយរឿងរ៉ាវ ដែលទាក់ទងជាមួយ
    ស្ថាប័នមីក្រូហិរញ្ញវត្ថុនានានៅកម្ពុជា ដែលបានផ្តល់ឥណទាន ជូនប្រជាពលរដ្ឋខ្ចីដើម្បីធ្វើកិច្ចអភិវឌ្ឍ
    គ្រួសារ ការធ្វើអាជីវកម្ម ខ្នាតតូច ឬធំ ដែលវាដូចជាសំណុំនៃការរីកចម្រើនក្នុងជីវភាពរស់នៅរបស់
    ប្រជាពលរដ្ឋ បានក្លាយទៅជាសំណុំភ្លើងដុតក្បាលពួកគេ ឲ្យគេចផុតពីពាក្យភូតភរ បោកប្រាស
    ដែលពួកគេបានបង្ករឡើង ។
    បញ្ហាទំនាស់ដីធ្លី ក្នុងសកម្មភាព ឲ្យមានការលួចដីរដ្ឋ ប្លន់ដីរាស្ត្រ ស្ថិតនៅក្រោមទិសស្លោក ឈ្នះបានដី
    ចាញ់បានលុយ ដែលបង្ករឡើងដោយពួកក្រុមសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល
    បានក្លាយជាដំបៅ ដែលត្រូវធ្វើការព្យាបាលរាល់ថ្ងៃ ជាមួយការបំផុសបន្ថែមរបស់ពួកគេ សម្រាប់បង្កររឿងហេតុ ។
    ដោយឡែក សម្រាប់រឿងដែល សម រង្ស៊ី សន្យាថានឹងវិលត្រឡប់ទៅស្រុកខ្មែរវិញនាថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ពួកនេះបានប្រើប្រាស់ភាពសកម្ម ក្នុងការបំផុសឲ្យមានការប្រមូលផ្តុំកម្លាំងមនុស្ស ដើម្បី
    ចាំទទួលសមរង្សី ដែលសូម្បីពួកគេដឹងយ៉ាងច្បាស់ថា សមរង្ស៊ីជាជនកំសាក ជាទណ្ឌឹត ដែលដែលត្រូវតែជាប់គុក ហើយសមរង្ស៊ីពិតជាមិនហ៊ានត្រឡប់មកវិញក្តី ។ តែថា ទោះជាយ៉ាងណា សកម្មភាព
    ដែលធ្វើឡើងដោយពួកគេ ក៏មិនអត់ប្រយោជន៍នោះដែរ ព្រោះពួកគេគឺជាក្រុមតែមួយ ធ្វើសកម្មភាព
    ដើម្បីផលប្រយោជន៍នយោបាយផង និងបានទទួលជំនួយពីបរទេស ដើម្បីទ្រទ្រង់សកម្មភាពអង្គការ
    សមាគម របស់ពួកគេបន្តទៀតផងដែរ ។ដូច្នេះផលប្រយោជន៍ពួកគេ ត្រូវបានទុកជាធំជាងសេចក្តី
    សុខសាន្តរបស់ប្រជាជន ដែលកំពុងរស់នៅក្រោមដំបូលសន្តិភាពដែលរកបានដោយកម្រពីសំណាក់
    សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ។
    ប្រជាជនកម្ពុជា ទទូចស្នើសុំរាជរដ្ឋាភិបាល មេត្តាពិនឹត្យនៅលើផ្លូវច្បាប់ចំពោះ ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលទាំងនេះ ព្រោះថាសកម្មភាពអនុវត្តរបស់ពួកគេ ដូចគ្នានិងក្រុមភេរវកម្ម បំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាជន ដែលច្បាប់មិនត្រូវអត់អោន
    នោះទេ ៕

  2. Anonymous says:

    Cambodia and her people living in the cage of Veitcong mafia dictator and his groups opposition can be jail or killed if they talk ‘ so this tiny country have no democracy at all ‘.The crimes of veitcong mafia dictator and his groups since they did the coup 1997 can’t count ‘ they killed a lot of innocents solders and people ‘ and they gave Tral island to Youn hanoi without approve from opposition party and people of cambodia’ . Now they jail mr SO KHA without proof anything wrong that against the constitution of cambodia’ so this regime rule like mafia’

Leave a Reply

Submit Comment