សមត្ថកិច្ច​បញ្ជូន​មេ​ឃុំ​គណបក្ស​សង្គ្រោះ​ជាតិ ហ៊ុន សុគង់ មក​សាកសួរ​បន្ត​នៅ​ខេត្ត​កំពង់ចាម

ដោយ ហេង រស្មី
2019-09-06
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សុគង់ មេឃុំ​បុស្សខ្នុរ ស្រុក​ចម្ការ​លើ ខេត្ត​កំពង់ចាម ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន នៅ​ក្រុង​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃ​ទី៥ ខែ​កញ្ញា ឆ្នាំ២០១៩។ Provided photo
លោក ហ៊ុន សុគង់ មេឃុំ​បុស្សខ្នុរ ស្រុក​ចម្ការ​លើ ខេត្ត​កំពង់ចាម ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន នៅ​ក្រុង​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃ​ទី៥ ខែ​កញ្ញា ឆ្នាំ២០១៩។ Provided photo


សមត្ថកិច្ច​បន្ត​សាកសួរ លោក ហ៊ុន សុខគង់ នៅ​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម


ភរិយា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ហ៊ុន សុគង់ ប្រាប់​ថា សមត្ថកិច្ច​បាន​នាំ​ខ្លួន​ស្វាមី​លោកស្រី មក​សាកសួរ​បន្ត​នៅ​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​នៅ​ថ្ងៃ​ទី៦ ខែ​សីហា ក្រោយ​ពី​សមត្ថកិច្ច​បាន​ចាប់​នៅ​ខេត្ត​បន្ទាយ​មានជ័យ។ មន្ត្រី​សិទ្ធិមនុស្ស​ចាត់​ទុក​ថា ការ​ឃាត់​ខ្លួន​នេះ ជា​ការ​បំពាន​លើ​សិទ្ធិ​នយោបាយ ហើយ​សន្យា​ថា នឹង​តាម​ដាន​ឃ្លាំមើល​ពី​ដំណើរ​រឿង​នៃ​ការ​ចាប់​ខ្លួន​សកម្ម​ជន​គណបក្ស​ប្រឆាំង។

លោកស្រី ខាន់ សុគន្ធា ភរិយា​លោក​ ហ៊ុន សុគង់​ មេឃុំ​បុស្ស​ខ្នុរ​ ខាង​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​ខេត្ត​កំពង់ចាម​មិន​ទាន់​អនុញ្ញាត​ឲ្យ​សមាជិក​ក្រុម​គ្រួសារ​ចាន​ចូល​ជួប​ទេ​ដោយ​សារ​តែ​លើក​ហេតុ​ផល​ថា​ ករណី​នេះ​ជា​រឿង​នយោបាយ ដែល​​ខុស​ពី​ការ​ចាប់​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿង​ញៀន។

អ្នកស្រី​ទទូច​ឲ្យ​សមត្ថកិច្ច​បង្ហាញ​ភស្តុតាង​ថា ស្វាមី​លោក​ស្រី​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​អ្វី​ខ្លះ មុន​នឹង​ចាប់​យក​ទៅ​ឃុំឃាំង។ លោកស្រី​ស្នើសុំ​របប​ក្រុង​ភ្នំពេញ​ឱ្យ​ដោះ​លែង​ស្វាមី​ឱ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​នេះ ដោយ​សារ​តែ​លោក​ ហ៊ុន សុគង់​ ជា​អ្នក​ប្រកប​របរ​រត់​ម៉ូតូឌុប មិន​បាន​ធ្វើ​សកម្មភាព​ណា​មួយ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ៖ «បើ​គ្មាន​ការ​ចោទ​ប្រកាន់​ផង​ហេតុ​អ្វី​បាន​ជា​ចាប់​គាត់​ឃុំ។ ចង់​ឲ្យ​ដោះ​លែង​គាត់​មក​វិញ ពីព្រោះ​ការ​ចាប់​ហ្នឹង​ក៏​មិន​បាន​ចោទ​ប្រកាន់​អ្វី​ដែរ​យក​គាត់​ទៅ​ឃុំ​ធ្វើ​អ្វី​ហេតុ​អ្វី​មិន​ដោះ​លែង​គាត់​មក​វិញ​មក។ បើ​ខ្ញុំ​សួរ​ទៅ​គេ​អត់​មាន​ដីកា​ គេ​អត់​ឆ្លើយ​ជាមួយ​យើង​មាន​ឬ​មិន​មាន​គេ​ឆ្លើយ​ថា​ អត់​ដឹង។ ដល់​ពេល​អ៊ីចឹង ចង់ឲ្យ​ដោះលែង​មក​វិញ​មក។ បើ​គេ​អត់​ឆ្លើយ​ច្បាស់​លាស់​ជាមួយ​គ្រួសារ​ខ្ញុំ​ផង។ អត់មាន​រឿង​អី​ផង​ចេះ​តែ​យក​ឃុំ​ទុក​យ៉ាង​ម៉េច»

មេ​ឃុំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មក​ពី​ឃុំ​បុស្ស​ខ្នុរ ​ស្រុក​ចម្ការ​លើ ខេត្ត​កំពង់ចាម លោក ហ៊ុន សុគង់ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ព្រឹក​ថ្ងៃ​ទី៥ កញ្ញា ពេល​លោក​អ្នក​ប្រកប​មុខ​របរ​ជា​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ទី​នោះ។ មន្ត្រី​សង្គម​ស៊ីវិល សង្កេត​ឃើញ​ថា ការ​ចាប់​ខ្លួន​នេះ​ សមត្ថកិច្ច​មិន​បាន ​បង្ហាញ​ដីកា​ចាប់ខ្លួន​ពី​តុលាការ​នោះ​ទេ។

ជុំវិញ​ការ​ចាប់​ខ្លួន​មេ​ឃុំ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ស្នងការ​រង​ខេត្ត​បន្ទាយមានជ័យ​លោក សិទ្ធិ លោះ នៅ​តែ​អះអាង​ប្រាប់​អាស៊ី​សេរី​ថ្ងៃ​ទី៦ ខែ​កញ្ញា​ថា លោក​មិន​បាន​ដឹង​ទេ​ ដោយសារ​តែ​លោក​កំពុង​ជាប់​បេសកកម្ម​នៅ​ក្រៅ​ខេត្ត និង​បាន​បង្វែរ​សំនួរ​ឲ្យ​ទៅ​សួរ​ស្នងការ​នគរ​បាល​ខេត្ត​វិញ។ ប៉ុន្តែ​អាស៊ី​សេរី​បាន​ទូរស័ព្ទ​ទៅ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​លោក អាត់ ខែម ចូល​ជា​ច្រើន​សា​គ្មាន​អ្នក​ទទួល។

ចំណែក​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ លោក ឯម កុសល បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​រឿង​នេះ ដោយ​លោក​និយាយ​យ៉ាង​ខ្លី​ថា កំពុង​ជាប់​ប្រជុំ៖ «ខ្ញុំ​ជាប់​ប្រជុំ​ប៉ុស្តិ៍​រដ្ឋបាល​ ស្ដាប់​បាន​ទេ»

មន្ត្រី​សម្រប​សម្រួល ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​កំពង់ចាម អ្នកស្រី ធីម ណារីន ប្រាប់​អាស៊ី​សេរី​ថា តាម​ព័ត៌មាន ដែល​អ្នកស្រី​ទទួល​បាន​ពី​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​នេះ អាច​ជាប់​ទាក់ទង​នឹង​ការ​ទៅ​ចូលរួម​ប្រជុំ​របស់​លោក ហ៊ុន សុគង់ កាល​ពី​អំឡុង​ខែ​សីហា​ជាមួយ​លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​អះអាង​ថា នឹង​តាម​ដាន​ឃ្លាំមើល​ករណី​ចាប់​ខ្លួន​នេះ៖ «ករណី​ហ្នឹង​ទី​មួយ​ខាង​ អាដហុក ​យើង​ក៏​អត់​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​សាមី​ខ្លួន ពី​សាច់​ញត្តិ​គាត់​ទេ។ អត់​ទាន់​មាន​ពាក្យ​បណ្ដឹង​ចូល​មក​អាដហុក​យើង​ទេ។ដូច្នេះ​ហើយ​កាលណា​អត់​ទាន់​មាន​ពាក្យ​បណ្ដឹង​ខាង​អាដហុក​យើង​មិន​សម្រេច​បើក​ការ​ស៊ើប​អង្កេត​ទេ។ប៉ុន្តែ​ក្នុង​នាម​យើង​ជា​អង្គការ​សិទ្ធិ​មនុស្ស​​យើង​នឹង​តាម​ដាន​ នៅ​ក្នុង​រឿង​ហ្នឹង​ថា​ វា​វិវត្ត​ទៅ​ដល់​ណា​ ខ្ញុំ​នឹង​ធ្វើការ​តាមដាន»

ភរិយា​លោក ហ៊ុន សុគង់ លោកស្រី ខាន់ សុគន្ធា ប្រាប់​ថា ស្វាមី​លោក​ស្រី​ធ្លាប់​ទៅ​ចូលរួម​សិក្ខាសាលា​នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី១៥ ខែ​សីហា កន្លង​ទៅ​មែន ប៉ុន្តែ​លោក​ស្រី​មិន​បាន​ច្បាស់​ថា តើ​សិក្ខាសាលា​នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ ជាប់​ទាក់ទិន​ជាមួយ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ឬ​យ៉ាង​ណា​ទេ។

គិត​ត្រឹម​ដើមខែ​កញ្ញា​នេះ មាន​មន្ត្រី​គណបក្ស​ប្រឆាំង ២៣នាក់​ហើយ ដែល​ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន ហើយ​ក៏​មាន​មន្ត្រី​បក្ស​ប្រឆាំង​ជា​ច្រើន​រូប​ទៀត​ដែរ ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​វាយដំ និង​គំរាម​ប្រើ​អំពើ​ហិង្សា។

កាលពីថ្ងៃទី២ ខែ​កញ្ញា សមត្ថកិច្ច​ខេត្ត​កំពង់​ធំ​បាន​បញ្ជូន​សកម្មជន​គណបក្ស​ប្រឆាំង ៣នាក់​ទៅ​សាលាដំបូង​ខេត្ត​ពាក់ព័ន្ធ​​រឿង​​​ចែកចាយ​សារ​នៅ​ក្នុង​ហ្វេសប៊ុក​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​របប​ដឹក​នាំ​​ក្រុង​ភ្នំពេញ។ ក្នុង​ចំណោម​អ្នក​ទាំង​៣ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​គឺ លោក ស៊ុន ប៊ុនថុន និង​លោក នូ ភឿន ​តុលាការ​ចោទ​ប្រកាន់​ពី​បទ “ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍” ធ្វើ​ឱ្យ​បាត់​ជំនឿ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ និង​បទ​បន្ត​ធ្វើ​សកម្មភាព​ជា​មន្ត្រី​គណបក្ស​នយោបាយ​ ដែល​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​ ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៧ កន្លង​ទៅ។ មន្ត្រី​សិទ្ធិ​មនុស្ស​ហៅ​ការ​ចាប់​ខ្លួន និង​ការ​ចោទ​ប្រកាន់​ទាំងនេះ ជា​ការ​បំបិទ​សិទ្ធិ​សេរី និង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ក្នុង​សង្គម​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment