ចំនួន​ឧកញ៉ា​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​កើន​ដល់​១៣២ នាក់

នយោបាយ


រូបភាព​ឯកសារ៖ ក្រសួង​មហាផ្ទៃ​ នៅតាម​បណ្តោយ​មហាវិថី​នរោត្តម​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ (VOA)


09 កញ្ញា 2019
កាន់ វិច្ឆិកា
វីអូអេខ្មែរ

ក្រសួង​មហាផ្ទៃ​នឹង​បើក​កិច្ច​ប្រជុំ​ពិសេស​មួយ​ក្នុង​សប្តាហ៍​នេះ​ ដើម្បី​កំណត់​ឲ្យ​ឧកញ៉ា​ក្នុង​ជួរ​នគរ​បាល​ទាំង​នោះ បោះបង់​តួនាទី​មួយ និង​រក្សា​តួនាទី​មួយ។

ឧកញ៉ា​ដែល​កំពុង​មាន​តួនាទី​ខ្ពស់​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​កើន​ដល់​ចំនួន​១៣២​នាក់​ដែល​ក្នុង​នោះ​ឧកញ៉ា​ជិត​១០០​នាក់​ជា​មន្ត្រី​យោធា។ ក្រសួង​មហាផ្ទៃ​នឹង​បើក​កិច្ច​ប្រជុំ​ពិសេស​មួយ​ក្នុង​សប្តាហ៍​នេះ​ ដើម្បី​កំណត់​ឲ្យ​ឧកញ៉ាក្នុង​ជួរ​នគរ​បាល​ទាំង​នោះ បោះ​បង់​តួនាទី​មួយ​ និង​រក្សា​តួនាទី​មួយ​។​ ​

ក្រសួង​មហាផ្ទៃ​គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​ពិសេស​មួយ​នៅថ្ងៃព្រហស្បតិ៍សប្តាហ៍​នេះ ដើម្បី​ឲ្យ​ឧកញ៉ា​ចំនួន​៣២​នាក់​ជ្រើសរើស​ជា​ចុង​ក្រោយ​រវាង​តួនាទី​ខ្ពស់​ក្នុង​ក្រសួង​មហាផ្ទៃ​ និង​ងារ​ជា​ឧកញ៉ា​ដែល​តំណាង​ឲ្យ​អ្នក​កាន់​កាប់​មុខ​ជំនួញ​មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ។ នេះ​បើ​តាម​ការ​បញ្ជាក់របស់អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ។

ក្រៅ​ពី​ចំនួន​ឧកញ៉ា​ក្នុង​ក្រប​ខណ្ឌ​នគរបាល ​ក្រសួង​ការពារ​ជាតិ​ក៏​បាន​រក​ឃើញ​ថា​ ចំនួន​ឧកញ៉ា​ដែល​កំពុង​កាន់​តួនាទីសំខាន់​ៗ​ក្នុង​កង​កម្លាំង​យោធា ​បាន​កើន​ដល់​ចំនួន​៩៩​នាក់​។​

នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់ VOA នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ក្នុង​ក្រប​ខណ្ឌ​ក្រសួង​មហាផ្ទៃ​មាន​ឧកញ៉ា​ចំនួន​៣៣​រូប ​ដែល​ក្នុង​ចំណោម​នោះ​មាន​ឧកញ៉ា​ម្នាក់​បាន​លាលែង​ពី​តួនាទី​ជា​មន្ត្រី​មុន​ការ​ប្រកាស​គោល​ការណ៍​របស់​ក្រសួង។ លោក​បន្ត​ថា រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​គឺ​លោក​ស ខេង នឹង​បើក​កិច្ច​ប្រជុំ​មួយនៅ​ថ្ងៃ ព្រហស្បតិ៍ទី​១២​ខែកញ្ញា ​ដើម្បី​សម្រេច​ថា​តើ​ឧកញ៉ាទាំង​នោះ​នឹង​ត្រូវ​ជ្រើស​យក​តួនាទីក្នុង​ក្រប​ខណ្ឌ​នគរបាល ឬ​ក៏​រក្សា​ងារ​ជា​ឧកញ៉ា។

«ជា​គោល​ការណ៍​ប្រសិន​បើ​គាត់​ស្ម័គ្រ​ចិត្ត​លាលែង​ពី​ណាមួយ​វា​គឺជា​ការ​ល្អ ដូច្នេះ​ហើយ​បាន​ក្នុង​រឿង​នេះ​សម្តច​ក្រលា​ហោម​លោក​នឹង​បើក​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​ទី​១២ លោក​នឹងដឹកនាំ​ការងារ​ហ្នឹង»។

ចំណែក​នាយ​ឧត្តម​សេនីយ៍​ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​លើក​ឡើង​ថា រហូត​មក​ដល់​ពេល​នេះ ចំនួន​ឧកញ៉ា​ដែល​ស្ថិត​ក្នុង​ជួរ​កង​កម្លាំង​យោ​ធា​មាន​ចំនួន​៩៩​នាក់ ក្នុង​នោះ​មាន​ក្របខណ្ឌ​ក្រសួង​ចំនួន​៣៤​នាក់ និង​ក្នុង​ក្រប​ខណ្ឌ​អគ្គបញ្ជា​ការ​មាន​ចំនួន​៦៥​នាក់។ លោក​បន្ត​ថា មាន​ឧកញ៉ា​មួយ​ចំនួន​បាន​បញ្ជាក់​ពី​ចេតនា​លា​ឈប់​ពី​តួនាទី​ជាន់​ខ្ពស់​ក្នុង​យោធា​ដើម្បី​រក្សា​ងារ​ជា​ឧកញ៉ា។ ​ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ការ​ធ្វើ​តាម​និតិវិធី​ជាផ្លូវ​ការនៅ​ឡើយ។

«ម៉េចៗ​ទៀត​អាហ្នឹង​អត់​ទាន់​មាន​អី​កំណត់​ច្បាស់​លាស់​ទេ ទាល់​តែ​ចាំ​មាន​ក្រដាស​ស្នាម​ពី​នាយក​ដ្ឋាន​បុគ្គលិក​មក អាហ្នឹង​បាន​ច្បាស់​លាស់​បាន។​ ឥឡូវ​គេ​កំពុង​ធ្វើ​ជំរឿន»។​

ការសម្រច​នេះ​ធ្វើ​ឡើង​ជា​បន្តបន្ទាប់​ ក្រោយ​ពេល​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន បាន​ដាក់​បញ្ជា​កាល​ពី​ពាក់​កណ្តាល​ខែសីហា ឲ្យ​ក្រុម​មន្ត្រី​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​មាន​ងារ​ជា​ឧកញ៉ា ត្រូវ​តែ​ជ្រើសរើស​ជា​បន្ទាន់​ រវាង​ងារ​ជា​ឧកញ៉ា និង​តួនាទី​ជា​កង​កម្លាំង​ប្រដាប់​អាវុធ។

ក្រុម​មន្ត្រី​ផ្លូវ​ការ​អះអាង​ថា បទបញ្ជា​របស់​លោក​ ហ៊ុន សែន គឺ​ «ដើម្បី​លុ​បបំបាត់​ទំនាស់​ផល​ប្រយោជន៍​រវាង​ឈ្មួញ​ដែល​តំណាង​ឲ្យ​ឧកញ៉ា​ និង​មន្ត្រី​ដែល​មាន​តួនាទី​ខ្ពស់​ក្នុង​រដ្ឋា​ភិបាល។

ការ​ដាក់​បញ្ជា​របស់​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ ​ធ្វើ​ឡើង​ក្រោយ​ពី​មន្ត្រី​យោធា​មួយ​រូប​ដែល​មាន​ងារ​ជា​ឧកញ៉ា ត្រូវ​បាន​ចាប់​ខ្លួន ​និង​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ ក្រោយ​ពី​រក​ឃើញ​ថា​មន្ត្រី​យោធា​រូប​នោះ​បាន​ប្រព្រឹត្ត​បទល្មើស​ទាក់​ទង​នឹង​ឧក្រិដ្ឋកម្ម​កាប់​បំផ្លាញ​ព្រៃឈើ។ ចំណែក​ឧកញ៉ា​មួយ​ចំនួន​ទៀត​ដែល​មាន​តួនាទី​ក្នុង​ជួរ​កម្លាំង​ប្រដាប់​អាវុធ​ដែរ​នោះ ក៏​មាន​ការ​ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ផ្សេងៗនា​ពេល​កន្លង​មក។​ នេះ​បើ​ផ្អែក​តាម​សេចក្តី​រាយការណ៍​នានា​របស់​សារព័ត៌មាន​ក្នុង​ស្រុក។

​លោក ឱក សេរីសោភក្តិ៍ អ្នក​ជំនាញ​ផ្នែក​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា ធ្លាប់បាន​លើកឡើង​ថា ការ​កំណត់​ឲ្យ​ក្រុម​ឧកញ៉ា​លាលែង​ពី​ការងារ​ក្នុង​ស្ថាប័ន​រដ្ឋ​គឺជា​រឿង​ត្រឹម​ត្រូវ​ ដើម្បី​ចៀស​វាង​ការ​ដែលក្រុម​មន្ត្រី​ទាំង​នោះ​អាចយក​តួនាទី​ក្នុង​រាជការ​ទៅ​ការពារ​មុខ​របរ​ជំនួញ​របស់​ខ្លួន។

បើ​តាម​តួលេខ​កាល​ពី​ឆ្នាំ២០០៧ ​ឧកញ៉ា​ក្នុង​ប្រទេស​កម្ពុជា​សរុប​មាន​ជាង​៧០០​នាក់។ ប៉ុន្តែ​ជាង​ដប់​ឆ្នាំ​កន្លង​មក​នេះ ប្រភព​មួយ​ចំនួន​ទៀត​បញ្ជាក់​ថា​ចំនួន​ឧកញ៉ា​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​កើន​ដល់​៣០០០​នាក់។ ហើយ​ឧកញ៉ា​មួយ​ចំនួន​បំពេញ​ការ​ងារ​ជំនួញ​ផង​ និង​ការ​ងារ​ជា​ក្រប​ខណ្ឌមន្ត្រី​រាជការ​ផង ថែម​ទាំង​មាន​តួនាទី​សំខាន់​ ទាំង​ក្នុង​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល​ ​និង​ស្ថាប័ន​នីតិបញ្ញត្តិ៕​

What Next?

Recent Articles

One Response to "ចំនួន​ឧកញ៉ា​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​កើន​ដល់​១៣២ នាក់"

  1. Anonymous says:

    Where is SO socheat?? he know everything’ and this is the soldiers who serve people or just to rob the country to feed their families ?? they are associate with big boss Veitcong mafia dictator ‘ so this country is in the hand of Veitcong mafia dictator and his groups ‘ who ever talk true will be killed or jail by veitcong judges and veitcong court . This cases must let so scheat tell all people and the nation ‘

Leave a Reply

Submit Comment