មេធាវី​ស្នើសុំ​ចៅក្រម​ឱ្យ​ឆាប់​ប្រកាស​សាល​ក្រម​សំណុំ​រឿង​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ី​សេរី

ដោយ សុជីវី
2019-09-10
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​បុគ្គលិក​អាស៊ី​សេរី លោក អ៊ូន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ ហៅ សុជា មេត្តា ពេល​ទៅ​សវនាការ​នៅ​សាលាឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី២១ ខែ​មិថុនា ២០១៩។ រូប៖ Radio Free Asia
អតីត​បុគ្គលិក​អាស៊ី​សេរី លោក អ៊ូន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ ហៅ សុជា មេត្តា ពេល​ទៅ​សវនាការ​នៅ​សាលាឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី២១ ខែ​មិថុនា ២០១៩។ រូប៖ Radio Free Asia


មេធាវី​ការពារ​ក្ដី​ឲ្យ​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​​អាស៊ី​សេរី​ នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា​នេះ ដើម្បី​​ស្នើសុំ​ឲ្យ​​ពន្លឿន​ការ​ប្រកាស​សាល​ក្រម​ លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ។ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ មិន​ដឹង​ពី​មូលហេតុ​ និង​ពេល​វេលា​ជាក់​លាក់​នៃ​ការ​ប្រកាស​សាល​ក្រម​សំណុំ​រឿង​នេះ​ទេ តែ​លោក​ថា មេធាវី​មាន​សិទ្ធិ​ដាក់​ពាក្យ​ស្នើសុំ​ឲ្យ​ពន្លឿន​​ការ​ប្រកាស​សាល​ក្រម។

មេធាវី​ការពារ​ក្ដី​ឲ្យ​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ី​សេរី គឺ​លោក សំ​ ចំរើន ប្រាប់​ថា លោក​បាន​សួរ​ទៅ​មន្ត្រី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ច្រើន​ដង​ហើយ តែ​ខាង​តុលាការ​ប្រាប់​ថា ចៅក្រម​មិន​ទាន់​កំណត់​ថ្ងៃ​ជាក់​លាក់​ ដើម្បី​ប្រកាស​សាលក្រម​សំណុំ​រឿង លោក អ៊ួន ឈិន និង​ លោក យាង​ សុធារិន្ទ ទេ។ លោក​ថា បើ​ដល់​ពាក់​កណ្ដាល​ខែ​កញ្ញា​នេះ តុលាការ​នៅ​តែ​មិន​ព្រម​ប្រកាស​សាល​ក្រម​ទៀត លោក​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​​កំណត់​ថ្ងៃ​ប្រកាស​សាលក្រម៖ «ចាំ​មើល​លើស​ពី​ថ្ងៃ (ទី) ១៥ ខ្ញុំ​ដាក់​ហើយ ខ្ញុំ​អត់​ឲ្យ​យូរ​ទេ។ ខ្ញុំ​ដាក់​សុំ​ឲ្យ​ប្រកាស​ ទាំង​ពីរ​រឿង​តែ​ម្ដង ព្រោះ​កាល​ពី​ថ្ងៃ៣០ គេ​គ្រោង​ប្រកាស​ទាំង​២»

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ឹម វណ្ណៈ បាន​លើក​ពេល​ប្រកាស​សាល​ក្រម​ អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​នាក់ កាល​ពី​ថ្ងៃ​ទី៣០ ខែ​សីហា ដោយ​គ្មាន​​ប្រាប់​មុន និង​​មិនកំណត់​ពេល​វេលា​ប្រកាស​សាល​ក្រម​ជាក់​លាក់​ឡើយ ដោយ​​ប្រើ​មូល​ហេតុ​ថា ជាប់​រវល់​ប្រជុំ​នៅ​ក្រសួង​យុត្តិធម៌។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ​ថ្លែង​ថា ខាង​ក្រសួង​មិន​ដឹង​ថា មន្ត្រី​សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាល​ក្រម​សំណុំ​រឿង​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​នេះ​នៅ​ពេល​ណា​នោះ​ទេ ព្រោះ​ជា​​ការ​កំណត់​របស់​តុលាការ​ ប៉ុន្តែ​លោក​ថា ​មេធាវី​មាន​សិទ្ធិ​​ដាក់​ពាក្យ​ស្នើសុំ​ពន្លឿន​ការ​ប្រកាស​សាល​ក្រម​នេះ។ អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ និង​ចៅក្រម​កាន់​សំណុំ​រឿង លោក អ៊ឹម វណ្ណៈ បាន​ទេ នៅ​ថ្ងៃ​ទី១០ កញ្ញា ដោយ​ពួក​លោក​​​មិន​លើក​ទូរស័ព្ទ។

លោក អ៊ួន ឈិន និង​ លោក យាង​ សុធារិន្ទ ត្រូវ​បាន​តុលាការ​របប​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់ ២បទ​ចោទ គឺ​ទី​មួយ​បទ “​ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ​” និង​ទី​ពីរ​បទ “​ផលិត​វីដេអូ​អាសអាភាស”។ តុលាការ​បាន​ឃុំខ្លួន​អ្នក​ទាំង​ពីរ ក្នុង​ពន្ធនាគារ​ព្រៃ​ស​ អស់​ជាង ៩​ខែ មុន​នឹង​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ក៏ប៉ុន្តែ​តុលាការ​ នៅតែ​រក្សាទុក​វត្ថុ​ចាប់​យក និង​លិខិតឆ្លងដែន​របស់​អ្នក​ទាំងពីរ​ដដែល ហើយ​មិន​ព្រម​ប្រកាស​សាលក្រម​អ្នក​ទាំង​ពីរ​ឡើយ។ ចំណាត់​បែបនេះ ធ្វើ​ឱ្យ​អ្នក​ទាំងពីរ​ គ្មាន​សិទ្ធិ​ពេញលេញ​ឡើយ ហើយ​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​ក៏​ជួប​ការ​លំបាក​ដែរ ព្រោះ​គ្មាន​ឧបករណ៍​ប្រើប្រាស់ ក្រោយ​ពី​តុលាការ​ដកហូត​ទុក។

មន្ត្រី​​​អង្កេត​ជាន់​ខ្ពស់​សមាគម អាដហុក និង​ជា​អ្នក​ធ្លាប់​ត្រូវ​បាន​តុលាការ​ពន្យារ​ពេល​ប្រកាស​សាលក្រម គឺ​លោក យី សុខសាន្ត ហៅ​ការ​លើក​ពេល​ ប្រកាស​សាលក្រម​លើ​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ី​សេរី​ថា ជា​ចេតនា​នយោបាយ។ លោក​យល់​ថា តុលាការ​ពន្យារ​ពេល​ប្រកាស​សាល​ក្រម ដោយសារ​រង់​ចាំ​ការ​សម្រេច​ពី​អ្នក​នយោបាយ។ លោក​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ទាំង​ជន​ជាប់​ចោទ តុលាការ និង​រដ្ឋាភិបាល៖ «រដ្ឋាភិបាល​ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​តុលាការ​វា​ខាត​​ប្រយោជន៍​ត្រង់​ថា យើង​ទៅ​ធ្វើ​ការងារ​រឿង​ហ្នឹង កាត់​ហើយ យើង​មិន​ហ៊ាន​សម្រេច​ទុក​ចោល​អ៊ីចឹង​ទៅ ហើយ​យើង​លើក​ពេល​ ពេល​ខ្លះ យើង​ប្រកាស​អ៊ីចឹង​ទៅ វា​ធ្វើ​ឲ្យ​ពេលវេលា​​កាន់​តែ​ច្រើន​ទៅៗ។ វា​បំផ្លាញ​ថវិកា​រដ្ឋ យើង​​ខ្ជះខ្ជាយ​ ។ អា​ហ្នឹង​ហើយ​ ​ដែល​វា​ធម្មតា តែ​រឿង​នយោបាយ មិន​គិត​គូរ​ពី​ប្រយោជន៍​ជាតិ​ទេ។ គេ​ច្រើន​តែ​គិតគូរ​ពី​ប្រយោជន៍​បុគ្គល​ បក្ខ​ពួក​ក្រុម ដែល​ធ្វើ​ឲ្យ​ គេ​ហៅ​ថា ធ្វើ​ឲ្យ​តែ​ឈ្នះ​ណា។ តែ​ត្រង់​ថា ចំណេញ​ ឬ​ខាត យើង​អត់​បាន​គិត»

សហគមន៍​ជាតិ និង​អន្តរជាតិ​ថ្កោល​ទោស​របប​ក្រុង​ភ្នំពេញ​ជា​បន្ត​បន្ទាប់ ចំពោះ​ចំណាត់​ការ​លើ​អតីត​អ្នក​រាយការណ៍​​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប​នេះ។ កាល​ពី​ពេល​ថ្មីៗ នេះ តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ៥នាក់ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា ​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​​លើ​​អតីត​​អ្នក​​យក​ព័ត៌មាន​​អាស៊ី​សេរី​​ទាំង​២​នាក់​ជា​កំហិត។ សមាជិក​សភា​​អាមេរិក​ចាត់​ទុក​ការ​ចោទ​ប្រកាន់​លើ​អ្នក​ទាំង២ ថា ជា​ការ​ប្រឌិត​ឡើង​​ទាំង​ស្រុង និង​​​ជា​ផ្នែក​មួយ​នៃ​ការ​វាយ​ប្រហារ​លើ​សិទ្ធិ និង​សេរីភាព​​​ប្រជាពលរដ្ឋ​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment