វេទិកា​ប្រជាជន​ឆ្នាំ​២០១៩ ​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​ស្តី​ពី​ការ​ប្រឈម​៧​ចំណុច ​តែ​រដ្ឋា​ភិបាល​មិន​ឲ្យ​តម្លៃ​

ដោយ ញឹម សុផល
10/09/2019
RFI

media
ប្រជាពលរដ្ឋកំពុងធ្វើការលក់ដូរ (រូបភាពតំណាង)
@REUTERS


វេទិកា​ប្រជា​ពល​រដ្ឋ នៅ​ថ្ងៃ​ចន្ទ​ទី០៩​ខែ​កញ្ញា​នេះ បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​មួយ ដែល​ជា​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​កន្លង ដោយ​មាន​ការ​លើក​ឡើង​ពី​ចំណុច​ប្រឈម និង​សេច​ក្តី​ស្នើ​កែ​លម្អ ក្នុង​ន័យ​ស្ថាបនា ព្រម​ទាំង​ដាក់​អនុ​សាសន៍​ទៅ​ដល់​អ្នក​តាក់​តែង និង​អនុវត្ត​គោល​នយោ​បាយ និង​ថ្នាក់​ដឹក​នាំ​នា​នា​។ សេចក្តី​ថ្លែង​ការណ៍​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​កិច្ច​ពិភាក្សា​មួយ​កាល​ពី​ថ្ងៃ​ទី៣១​ខែ​សីហា​កន្លង​ទៅ ដោយ​មាន​ការ​ចូល​រួម​ពី ប្រជា​ពលរដ្ឋ​មក​ពី​សហគមន៍​នា​នា អ្នក​ការពារ​សិទ្ធិ​មនុស្ស កម្មករ សហជីព​កម្មករ យុវជន សិល្ប​ករ ប្រជា​ពលរដ្ឋ​មូល​ដ្ឋាន ជា​ដើម សរុប​ចំនួន​២៦៨​នាក់​។

ក្រោម​ប្រធាន​បទ «ពង្រឹង​សម្លេង​ប្រជាជន និង​សាមគ្គី​ភាព» វេទិកា​ប្រជា​ពលរដ្ឋ​កម្ពុជា​ឆ្នាំ​២០១៩ បាន​លើក​ឡើង​ចំនួន​៧​ចំណុច​ធំៗ ដែល​ចំណុច​ធំៗ​ទាំង​នោះ មាន​បញ្ហា​ប្រឈម និង​កង្វល់​ធំៗ​ពាក់​ព័ន្ធ​នឹង​ស្ថាន​ភាព​សិទ្ធិ​មនុស្ស ប្រជា​ធិប​តេយ្យ និង​ការ​ទទួល​បាន​យុត្តិ​ធម៌ ពាក់​ព័ន្ធ​នឹង​ស្ថាន​ភាព​ការ​ធ្វើ​ជំនួញ វិនិ​យោគនិង​អំណាច​សាជីវ​កម្ម ស្ថាន​ភាព​សនិ្តភាព និង​សុវត្ថិ​ភាព​។

បន្ថែម​ពី​នេះ វេទិកា​ក៏​បាន​បង្ហាញ​ពី​បញ្ហា និង​កង្វល់​ធំៗ ពាក់​ព័ន្ធ​នឹង​ស្ថាន​ភាព​ចំណាក​ស្រុក​ក្រៅ​ប្រទេស ការងារ​សម​រម្យ សុខ​ភាព និង​ការ​គាំ​ពារ​សង្គម ពាក់​ព័ន្ធ​នឹង​ស្ថាន​ភាព​និរន្តរ​ភាព​ប្រព័ន្ធ​អេកូឡូ​ស៊ី បញ្ហា​ប្រឈម និង​កង្វល់​ធំៗ​ពាក់​ព័ន្ធ​នឹង​ស្ថាន​ភាព​ការ​ច្នៃ​ប្រឌិត បច្ចេក​វិទ្យា​ថ្មី និង​ទាក់​ទង​នឹង​សិទ្ធិ​ឌីជី​ថល​។

សេចក្តី​ថ្លែង​ការណ៍ ចំនួន​៩ទំព័រ ក៏​បាន​លម្អិត​ផង​ដែរ នូវ​ចំណុច​តូចៗ​មួយ​ចំនួន ក្នុង​នោះ​មាន​ការ​លើក​ឡើង​ពី​បញ្ហា សេចក្តី​ស្នើ​កែ​លម្អ និង​មតិ​ស្ថាបនា​។ ក្នុង​ចំណោម​ចំណុច​សំខាន់ ដែល​ជា​លទ្ធ​ផល​នៃ​វេទិកា​ប្រជា​ពល​រដ្ឋ​កម្ពុជា​ឆ្នាំ​២០១៩​នេះ បញ្ហា​សិទ្ធិ​សេរី​ភាព​ជា​មូល​ដ្ឋាន​របស់​ប្រជា​ពល​រដ្ឋ ត្រូវ​បាន​វេទិកា​លើក​ឡើង​ថា មាន​ការ​រឹត​ត្បឹត​យ៉ាង​ខ្លាំង​។ ម្យ៉ាង​វិញ​ទៀត ស្ថាន​ភាព​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ធ្លាក់​ចុះ និ​ទណ្ឌ​ភាព​នៅ​តែ​បន្ត​កើត​មាន ឯករាជ្យ​ភាព​របស់​តុលាការ​ក្នុង​ការ​ផ្តល់​សេវា​យុត្តិ​ធម៌​ដល់​ប្រជា​ពលរដ្ឋ​នៅ​តែ​បន្ត​ធ្លាក់​ចុះ រួម​នឹង​អំពើ​ពុក​រលួយ​បាន​ជ្រៀត​ជ្រែក​អំណាច​តុលា​ការ​ជា​ដើម​។ នេះ​បើ​តាម​សេច​ក្តី​ថ្លែង​ការណ៍​។

ចំណុច​ទាំង​អស់​នេះ ត្រូវ​បាន​វេទិកា​ប្រជា​ពលរដ្ឋ​ផ្តល់​សេចក្តី​ស្នើ​កែ​លម្អ និង​មតិ​ស្ថាបនា ដោយ​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា និង​រដ្ឋ​សមាជិក​អាស៊ាន ត្រូវ​ធានា​ឲ្យ​បាន​ច្បាស់​លាស់​រាល់​ចំណុច​ពាក់​ព័ន្ធ​ខាង​លើ​។

ក៏​ប៉ុន្តែ លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ទាត់​ចោល​នូវ​ការ​លើក​ឡើង​តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​នេះ ដោយ​ហេតុ​ថា សេចក្តី​ថ្លែង​ការណ៍​នេះ មិន​បាន​ឆ្លុះ​បញ្ចាំង​នូវ​ស្ថាន​ភាព​ពិត​ពី​កម្ពុជា និង​មាន​ការ​រៀប​ចំ​ជា​របៀប​វារៈ​នយោបាយ​នៅ​ពី​ក្រោយ​៕

What Next?

Recent Articles

One Response to "វេទិកា​ប្រជាជន​ឆ្នាំ​២០១៩ ​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​ស្តី​ពី​ការ​ប្រឈម​៧​ចំណុច ​តែ​រដ្ឋា​ភិបាល​មិន​ឲ្យ​តម្លៃ​"

  1. so socheath says:

    ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល
    គឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ជានិច្ចកាល ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគម
    និងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យ
    របស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និង
    ប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេលបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បន្ទាប់ពីបានមើលឃើញសកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បាន
    ចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ពិតណាស់ ជាមួយសកម្មភាពដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការ
    ធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំងដើម្បីត្រៀមកម្លាំង ដើម្បី
    បង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA
    ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយ ដោយហេតុថា
    កម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ។
    ពួកគេនូវបានបំផុស ចលនាសម្អប់ ចងគំនុំ ក្នុងការបំភ័ន្តជាមួយរឿងរ៉ាវ ដែលទាក់ទងជាមួយ
    ស្ថាប័នមីក្រូហិរញ្ញវត្ថុនានានៅកម្ពុជា ដែលបានផ្តល់ឥណទាន ជូនប្រជាពលរដ្ឋខ្ចីដើម្បីធ្វើកិច្ចអភិវឌ្ឍ
    គ្រួសារ ការធ្វើអាជីវកម្ម ខ្នាតតូច ឬធំ ដែលវាដូចជាសំណុំនៃការរីកចម្រើនក្នុងជីវភាពរស់នៅរបស់
    ប្រជាពលរដ្ឋ បានក្លាយទៅជាសំណុំភ្លើងដុតក្បាលពួកគេ ឲ្យគេចផុតពីពាក្យភូតភរ បោកប្រាស
    ដែលពួកគេបានបង្ករឡើង ។
    បញ្ហាទំនាស់ដីធ្លី ក្នុងសកម្មភាព ឲ្យមានការលួចដីរដ្ឋ ប្លន់ដីរាស្ត្រ ស្ថិតនៅក្រោមទិសស្លោក ឈ្នះបានដី
    ចាញ់បានលុយ ដែលបង្ករឡើងដោយពួកក្រុមសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល
    បានក្លាយជាដំបៅ ដែលត្រូវធ្វើការព្យាបាលរាល់ថ្ងៃ ជាមួយការបំផុសបន្ថែមរបស់ពួកគេ សម្រាប់បង្កររឿងហេតុ ។
    ដោយឡែក សម្រាប់រឿងដែល សម រង្ស៊ី សន្យាថានឹងវិលត្រឡប់ទៅស្រុកខ្មែរវិញនាថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ពួកនេះបានប្រើប្រាស់ភាពសកម្ម ក្នុងការបំផុសឲ្យមានការប្រមូលផ្តុំកម្លាំងមនុស្ស ដើម្បី
    ចាំទទួលសមរង្សី ដែលសូម្បីពួកគេដឹងយ៉ាងច្បាស់ថា សមរង្ស៊ីជាជនកំសាក ជាទណ្ឌឹត ដែលដែលត្រូវតែជាប់គុក ហើយសមរង្ស៊ីពិតជាមិនហ៊ានត្រឡប់មកវិញក្តី ។ តែថា ទោះជាយ៉ាងណា សកម្មភាព
    ដែលធ្វើឡើងដោយពួកគេ ក៏មិនអត់ប្រយោជន៍នោះដែរ ព្រោះពួកគេគឺជាក្រុមតែមួយ ធ្វើសកម្មភាព
    ដើម្បីផលប្រយោជន៍នយោបាយផង និងបានទទួលជំនួយពីបរទេស ដើម្បីទ្រទ្រង់សកម្មភាពអង្គការ
    សមាគម របស់ពួកគេបន្តទៀតផងដែរ ។ដូច្នេះផលប្រយោជន៍ពួកគេ ត្រូវបានទុកជាធំជាងសេចក្តី
    សុខសាន្តរបស់ប្រជាជន ដែលកំពុងរស់នៅក្រោមដំបូលសន្តិភាពដែលរកបានដោយកម្រពីសំណាក់
    សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ។
    ប្រជាជនកម្ពុជា ទទូចស្នើសុំរាជរដ្ឋាភិបាល មេត្តាពិនឹត្យនៅលើផ្លូវច្បាប់ចំពោះ ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលទាំងនេះ ព្រោះថាសកម្មភាពអនុវត្តរបស់ពួកគេ ដូចគ្នានិងក្រុមភេរវកម្ម បំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាជន ដែលច្បាប់មិនត្រូវ
    អត់អោននោះទេ ៕

Leave a Reply

Submit Comment