សហរដ្ឋ​អាមេរិក​អំពាវនាវ​ជា​ថ្មី​ទៀត ឱ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា

ដោយ ហេង រស្មី
2019-09-10
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​ស្រី ម៉ូហ្គែន អរថាហ្គឺស (Morgan Ortagus) អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក ថ្លែង​ក្នុង​វីដេអូ​ខ្លី​ ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក​ប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ២០១៩។ រូប៖ Screenshot
អ្នក​ស្រី ម៉ូហ្គែន អរថាហ្គឺស (Morgan Ortagus) អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក ថ្លែង​ក្នុង​វីដេអូ​ខ្លី​ ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក​ប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ២០១៩។ រូប៖ Screenshot


សហរដ្ឋ​អាមេរិក​អំពាវនាវ​ជា​ថ្មី​ទៀត​ ឱ្យ​មាន​ការ​ដោះលែង​លោក​ កឹម សុខា


សហរដ្ឋ​អាមេរិក​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​ដល់​របបក្រុ​ងលោក ហ៊ុន សែន ឱ្យ​ដោះ​លែង​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ។ ក្រសួង​យុត្តិធម៌​ថា ការ​អំពាវនាវ​របស់​សហរដ្ឋ​អាមេរិក​នេះ មាន​ចេតនា​ផ្សេង​នៅ​ពី​ក្រោយ និង​មិន​បាន​ពិនិត្យ​មើល​ទិដ្ឋភាព​ច្បាប់​របស់​កម្ពុជា។

សហរដ្ឋ​អាមេរិក​​​​ចាត់​ទុកចំណាត់​ការ​លើ​​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​គ្មាន​ភស្តុតាង​ច្បាស់​លាស់​នោះ​ថា ជា​​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក អ្នក​ស្រី ម៉ូហ្គែន អរថាហ្គឺស (Morgan Ortagus) ថ្លែង​ក្នុង​វីដេអូ​ខ្លី​មួយ ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃ​ទី១០ កញ្ញា​ថា បទ​ចោទ​ប្រកាន់​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​​ចាប់​ខ្លួន​លោក​​ កឹម សុខា នោះ គឺ​ជា​បទ​ចោទ​ប្រកាន់​ដែល​​គ្មាន​មូលដ្ឋាន។ អ្នក​ស្រី​បន្ត​​ថា របបលោក ហ៊ុន សែន ​មិន​បាន​បង្ហាញ​ភស្តុតាង​រឹងមាំ ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​​នោះ​ទេ ដែល​ទង្វើ​​ទាំង​នេះ​​ជា​ការ​អនុវត្ត​បំពាន​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា៖ «រដ្ឋាភិបាល​កម្ពុជាមិន​ទាន់​បាន​កាត់​ទោស​ ឬបង្ហាញ​​ភស្តុតាង​ណា​មួយ​ដ៏​​គួរ​ឱ្យ​ទុកចិត្ត​នោះ​ឡើយ ដើម្បី​បញ្ជាក់​ចំពោះ​ការ​អះអាង​របស់​ខ្លួន ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​ដើម្បី​ដក​តំណែង​តំណាង​ជាប់​ឆ្នោត​ត្រឹម​ត្រូវ​ជាង ៥.០០០​នាក់។ ទង្វើ​នេះ​បំផ្លាញលទ្ធិ​ប្រជាធិបតេយ្យ​ពហុបក្ស​នៅ​ប្រទេស​កម្ពុជា ដែល​ជា​គោល​ការណ៍​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នេះ។ សហរដ្ឋ​អាមេរិក​សូ​មអំពាវនាវ​ម្តង​ទៀត​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ទម្លាក់​រាល់​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ទៅ​លើ​លោក កឹម សុខា ប្រគល់​ឡើង​វិញ​នូវ​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ​ជូន​គាត់ និង​ដោះ​លែង​នូវ​អ្នក​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត»

ទន្ទឹម​នេះ សហរដ្ឋ​អាមេរិក​ក៏​អំពាវនាវ​ដល់​របប​ក្រុង​ភ្នំពេញ​ឱ្យ​ប្រកាន់​យក​ជំហាន​ជាក់​ស្តែង ដើម្បី​ជំរុញ​ការ​ផ្សះផ្សា​ឡើង​វិញ ដោយ​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល​ដំណើរ​ការ​ដោយ​មិន​ភ័យ​ខ្លាច​​ការ​គំរាម​កំហែង ឬ​ការ​សងសឹក ដោយសារ​ការ​អនុវត្ត​សិទ្ធ​របស់​ពួក​គេ​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​ជួប​ប្រជុំ​ ដែល​ធានា​ដោយ​ច្បាប់​ផង​ដែរ។

ការ​អំពាវនាវ​ជាថ្មី​ទៀត​របស់​កំពូល​មហា​អំណាច​ពិភពលោក​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​របប​លោក ហ៊ុន សែន ​បន្ត​ឃុំ​ខ្លួន​ លោក កឹម សុខា ក្នុង​ផ្ទះ ហើយ​ស្ថានការណ៍​ធ្លាក់​ចុះ​ផ្នែក​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​តែ​ស្ថិត​ក្នុង​ភាព​យ៉ាប់យ៉ឺន​ដដែល។

អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ចាត់​ទុក​សេចក្តីអំពាវនាវ​របស់​សហរដ្ឋ​អាមេរិ​ក​នេះ ថា​ជា​ការ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បំពាន​ច្បាប់។ លោក​​ថ្លែង​ថា ទាំង​ករណី​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ សុទ្ធសឹង​ជា​ការ​អនុវត្ត​ច្បាប់​របស់​ស្ថាប័ន​តុលាការ ដែល​រដ្ឋាភិបាល​មិន​អាច​លូក​លាន់​បាន​ឡើយ៖ «វា​ដូច​អត់​មាន​រឿង​អី​ចម្លែក​ទេ ដែល​ខាង​ស្ថាន​ទូត​លើក​ឡើង ហើយ​វា​មិន​មែន​ជា​លើក​ទីមួយ​ទេ ដែល​ធ្វើ​មិន​ព្រម​យល់ មិន​ព្រម​ទទួល​យក​យន្ត​ការ​អនុវត្ត​ច្បាប់​របស់កម្ពុជា។ ប្រហែល​ជា​​មាន​អី​នៅក្រោយ​ហ្នឹង ក៏​ប៉ុន្តែ​ខ្ញុំ​មិនអាច​ធ្វើ​ការ​​សន្និដ្ឋាន​បាន​​ទេ ទាល់​តែ​សួរ​ខាង​ស្ថានទូត​អាមេរិក។ ក៏​ប៉ុន្តែ​សម្រាប់​កម្ពុជា យើង​នៅ​តែ​ប្រកាន់​ជំហរ​ថា អ្វី​ដែល​ខាង​​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ គឺ​ជា​យន្ត​ការនៃ​ការ​​អនុវត្ត​ច្បាប់​របស់​កម្ពុជា»

ប្រធាន​​គណបក្ស​​សង្គ្រោះ​ជាតិ​​លោក កឹម សុខា ត្រូវ​​បាន​​សមត្ថកិច្ច​​របប​ក្រុង​​ភ្នំពេញ​សម្រុក​​ចូល​​ចាប់​ខ្លួន​​ទាំង​​កណ្តាល​​​អាធ្រាត្រ​ថ្ងៃ​ទី២ ឈាន​​ចូល​​ថ្ងៃ​ទី៣ កញ្ញា ឆ្នាំ២០១៧ ទាំង​​ពេល​ដែល​​រូប​​លោក​​កំពុង​មាន​​​អភ័យ​​ឯក​សិទ្ធិ​សភា ក្នុង​​នាម​​ជា​​អ្នក​​តំណាង​​រាស្ត្រ​​ស្រប​​ច្បាប់​នៅ​​ឡើយ។ ​តុលាការ​របប​លោក ហ៊ុន សែន ​បាន​​ចោទ​​ប្រកាន់​លោក​​​​ពី​​បទ​ “សន្ទិដ្ឋិភាព” ឬ​​ការ​​ត្រូវ​រ៉ូវ​គ្នា​​​ជាមួយ​​បរទេស​ ដើម្បី​​ផ្តួល​រំលំ​រដ្ឋាភិបាល។ របប​ក្រុង​​ភ្នំពេញ​ តាម​​រយៈ​​ការ​​ស្រែក​​បន្ទរ​​ពី​​ប្រព័ន្ធ​ឃោសនា​ស្មោះស្ម័គ្រ​នឹង​​​ខ្លួន បានចោទ​​​​សហរដ្ឋ​អាមេរិក​​ថា ជា​​អ្នក​​រៀប​ចំ​ផែន​ការ​​ពី​​ក្រោយ​​ខ្នង​​លោក កឹម សុខា។

បន្ទាប់​ពី​​ចាប់​ខ្លួន​លោក​ កឹម សុខា របប​ក្រុង​ភ្នំពេញ​បាន​​រំលាយ​គណបក្ស​សង្រោះ​ជាតិ ​នៅ​ខែ​វិច្ឆិកា ឆ្នាំ២០១៧ ។ របបនេះ​បាន​ហាម​ឃាត់​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ​​ មិន​ឱ្យ​ធ្វើសកម្មភាពនយោបាយ​រយៈពេល៥ ឆ្នាំ ហើយ​បាន​យក​អាសនៈសភា និង​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ជាង ៥ពាន់​អាសនៈ​របស់​បក្ស​ប្រឆាំង​ទៅ​ចែក​គ្នា​កាន់​​កាប់ ប្រៀប​បាន​នឹង​គេ​កាត់​នំ​ចែក​គ្នា​ហូប​យ៉ាង​ដូច្នេះ​ដែរ។

បន្ទាប់​ពី​អវត្ត​មាន​បក្ស​សង្គ្រោះ​ជាតិ របប​លោក ហ៊ុន សែន បាន​រៀប​ចំ​ការ​បោះ​ឆ្នោត​បែប​បង្រ្គប់​កិច្ច​ នៅ​ចុង​ខែ​កក្កដា ឆ្នាំ២០១៨ ដោយ​ក្រសោប​យក​អាសនៈ​សភា​ទាំង​ស្រុង​មក​ក្តោបក្តាប់​តែ​ម្នាក់​ឯង ធ្វើ​ឱ្យ​កម្ពុជា​ប្រែក្លាយ​ជា​ប្រទេស​ឯក​បក្ស​មិន​ធ្លាប់​មានក្នុង​ប្រវត្តិសាស្ត្រ ​ក្រោយ​កិច្ចព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ១៩៩១។ ទង្វើ​ទាំង​អស់​នេះ​ហើយ​ ដែល​សហគមន៍​អន្តរជាតិ​និយម​ប្រជាធិបតេយ្យ​វាយ​តម្លៃ​ថា ​ជា​ការ​អនុវត្ត​ផ្ទុយ​នឹង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និងបទ​ដ្ឋាន​អន្តរជាតិ​នានា ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា យល់​ថា មាន​មូលហេតុ​មួយ​ចំនួន​ដែល​សហរដ្ឋ​អាមេរិក​អំពាវនាវ​ម្ត​ងហើយ​ម្តង​ទៀត​ឱ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា។ លោក​ថា ទីមួយ​ដោយសារ​រដ្ឋាភិបាល​កម្ពុជា​ចោទ​អាមេរិក​ថា ជា​អ្នក​នៅពីក្រោយ​ខ្នង លោក កឹម សុខា ដូច្នេះ​អាមេរិក​ចាំបាច់​ត្រូវ​តែរក​ខុស​ត្រូវ​រឿង​នេះ។ ទីពីរ​លោក​ថា ក្នុង​នាម​ជា​ប្រទេស​ប្រជាធិបតេយ្យ​គំរូ សហរដ្ឋ​អាមេរិក​ចាំបាច់​ត្រូវ​តែ​បង្ហាញ​កង្វល់​របស់​ខ្លួន​​នៅ​ពេល​ឃើញ​កម្ពុជា​ដើរ​ផ្ទុយ​ពី​គោល​ការណ៍​ប្រជាធិបតេយ្យ។ ម្យ៉ាង​វិញ​ទៀត លោក​ថា​ការ​អំពាវនាវ​នេះ ទំនង​ជា​សហរដ្ឋ​អាមេរិក​ចង់​ដាស់​តឿន​រដ្ឋាភិបាល​​កម្ពុជា​ឱ្យ​ងាក​មក​ដោះស្រាយ​បញ្ហា​នយោបាយ​ស្រុក​ទេស​វិញ ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​ការ​ទូត និង​សេដ្ឋកិច្ច​ពី​សហរដ្ឋ​អាមេរិក​ផ្ទាល់ និង​ពី​សហភាពអឺរ៉ុប៖ «បើ​ស្ថានភាព​របស់​កម្ពុជា​យើង​អត់​មាន​ឆ្លើយ​តប​ទៅនឹង​ការ​លើក​ឡើង​ពី​​ភាគី​អាមេរិក ឬ​អឺរ៉ុប​ទេ ខ្ញុំ​គិត​ថា សហរដ្ឋ​អាមេរិក​អាច​នឹង​មាន​វិធានការ​បន្ត​បន្ទាប់ ដូច​ជា ពន្លឿន​នីតិវិធី​ច្បាប់​ពាក់ព័ន្ធ​នឹង​ច្បាប់​ប្រជាធិបតេយ្យ​ H.R ៥២៦ ការ​ជំរុញ​ឱ្យ​មាន​ការ​កោះ​ប្រជុំ​សមាជិក​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឡើង​វិញ ទី​បី អាច​វិធានការ​ GSP ដែល​កម្ពុជា​ទទួល​បាន​ពីរ​ឆ្នាំ​ម្តងៗ ហ្នឹង»

សមាជិក​សភា​សហរដ្ឋ​អាមេរិក​កំពុង​រៀប​ចំ​​ច្បាប់​ស្តីពីប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ២០១៩ ឬ H.R.៥២៦ ដើម្បី​​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន ចំពោះ​ទង្វើ​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ ច្បាប់​នេះកំពុង​ស្ថិត​ក្នុង​ដៃ​ព្រឹទ្ធសភា​អាមេរិក ហើយ​ប្រសិន​បើ​ច្បាប់​នេះ​អាច​អនុម័ត​បាន​មែន នោះ​​សហរដ្ឋ​អាមេរិកនឹង​បង្កក​​ទ្រព្យ​សម្បត្តិ​ និង​បដិសេធ​ទិដ្ឋការ​មន្ត្រី​គ្រាក់ៗ របប​ក្រុង​ភ្នំពេញ​មិន​ឱ្យ​ជាន់​ទឹក​ដី​អាមេរិក។

ដោយ​ឡែក សហភាព​អឺរ៉ុប​វិញ​កំពុង​តែ​អនុវត្ត​​​នីតិវិធី​ព្យួរ​ការ​​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ហើយ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​នឹង​ធ្វើ​ឡើង​នៅ​អំឡុង​ខែ​កុម្ភៈ ឆ្នាំ២០២០ ខាង​មុខ។ សហភាព​អឺរ៉ុប​បាន​បញ្ជាក់​រួច​ហើយ​ថា ប្រសិន​បើ​ស្ថានភាពស្រុក​ខ្មែរ​មិន​ប្រសើរឡើង​ទេ នោះ​កម្ពុជា​នឹង​បាត់​បង់​ការ​អនុគ្រោះ​ពន្ធ ដែល​ធ្លាប់​ទទួល​បាន​នា​ពេល​កន្លង​មក។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ថ្លែង​ថា រដ្ឋាភិបាល​គួរ​តែ​ឆ្លើយ​តប​ជាវិជ្ជមាន​ចំពោះ​កង្វល់ និង​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក បើ​ពុំ​ដូច្នេះ​ទេ​កម្ពុជា​នឹង​រង​ផល​ប៉ះពាល់​ពីការ​ដាក់​ទណ្ឌកម្ម​របស់​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ទាំង​នោះ៖ «អំណាច​មិន​ស្ថិត​លើ​តុលាការ​ឯករាជ្យ​ឯ​ណា? តុលាការ​របស់​កម្ពុជា​មាន​ស្ថានភាព​មួយ​ក្រោម​ឥទ្ធិពល​នៃ​គណបក្ស​កាន់​អំណាច​ទេ។ នាយក​រដ្ឋ​មន្ត្រី​លោក​មាន​ឥទ្ធិពល​នៅ​ក្នុង​ការ​ដោះ​ស្រាយ​ទេ មិន​មែន​ថា តុលាការ​ផ្សេង នាយក​រដ្ឋ​មន្ត្រី​ផ្សេង​នោះ​ទេ អាហ្នឹង​សហគមន៍​អន្តរជាតិ ពលរដ្ឋ​កម្ពុជា​ក៏​អាច​មើល​ឃើញ​ទិដ្ឋភាព​នេះ​ដែរ។ អ៊ីចឹង​កន្លែង​ហ្នឹង ខ្ញុំ​គិត​ថា គួរ​ឆ្លើយ​តប​ឱ្យ​ត្រូវ​នឹង​អ្វី​ដែល​ទិដ្ឋភាព​ជាក់​ស្តែង​ជា​ជាង​ការ​ដោះ​បន្ទុក។ កាល​ណា​ដោះ​បន្ទុក វា​មិន​អាច​ជា​ដំណោះ​ស្រាយ​ទេ»

ទាក់ទង​នឹង​ចំណាត់​ការ​លើ​លោក​ កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ពិនិត្យ​ឃើញ​ថា ករណី​នេះ​ជា​រឿង​នយោបាយ​សុទ្ធសាធ ហើយ​ធ្វើ​ឡើង​ដើម្បី​រក្សា​អំណាច​របស់​លោក ហ៊ុន សែន។ អង្គការ​នេះ​វាយ​តម្លៃ​ជា​រួម​ថា លោក ហ៊ុន សែន ដែល​កាន់​អំណាច​ជាង ៣០ឆ្នាំ​មក​ហើយ​នោះ បាន​ប្រើ​ល្បិច​កល​មិន​ស្រប​ច្បាប់​គ្រប់​បែប​យ៉ាង ដែល​មាន​ក្នុង​សៀវភៅ ដើម្បី​ពង្រឹង​ការ​គ្រប់​គ្រង​បែប​ផ្តាច់​ការ​ឯក​បក្ស និង​កម្ទេច​គណបក្ស​ប្រឆាំង​ដែល​មាន​សង្ឃឹម​ឈ្នះ​ឆ្នោត​តែ​មួយ​គត់​នៅ​កម្ពុជា។ អង្គការ​អន្តរជាតិ​មួយ​នេះ ជំរុញ​ឱ្យ​ប្រទេស​ម្ចាស់​ជំនួយ និង​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជាទាំងអស់ ដាក់​សម្ពាធ​ឱ្យ​របបក្រុង​ភ្នំពេញ​ដោះ​លែង​លោក​ កឹម សុខា ដោយ​ឥត​លក្ខខណ្ឌ ដែល​ជា​ជំហាន​ឆ្ពោះ​ទៅ​បញ្ឈប់​ការ​ធ្លាក់​ចុះ​ដុន​ដាប​សឹង​មិន​គួរ​ឱ្យ​ជឿ​នៃ​វិស័យ​សិទ្ធិ​មនុស្ស​នៅក​ម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "សហរដ្ឋ​អាមេរិក​អំពាវនាវ​ជា​ថ្មី​ទៀត ឱ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា"

  1. so socheath says:

    ​សារ​នយោបាយ​ច្រំដែលៗ របស់អាមេរិក ​ ឲ្យដោះលែងកឹមសុខា ដែលជាប់ចោទពីទោសក្បត់ជាតិ
    ​​មិនខុសអីពីការ​ជ្រៀត​ជ្រែក​ចូល​ទៅ​ក្នុង​កិច្ច​ការ
    ​ផ្ទៃ​ក្នុង​ ​នៃ​រដ្ឋ​អធិបតេយ្យ នោះឡើយ ។
    ​ព្រោះថាសារដែលសហរដ្ឋ អាមេរិក​​ប្រើប្រាស​នេះគឺដើម្បីជាន់ឈ្លី​លើច្បាប់​អន្តរជាតិផង
    ​​ច្បាប់​ការ​ទូតផង ​​សំដៅជ្រៀត​ជ្រែក​ចូល​ទៅ​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​ នៃ​រដ្ឋ​អធិបតេយ្យមួយ ។
    សួរថា ! តើអធិបតេយ្យភាពរដ្ឋ របស់សហរដ្ឋអាមេរិក ទាមទារឲ្យប្រទេសដ៏ទៃអាច
    ប្រើសារជ្រៀតជ្រែកចូលកិច្ចការផ្ឬៃក្នុងរបស់សហរដ្ឋអាមេរិកដូច្នេះបានដែរទេ ?
    អាមេរិកគ្រាន់តែជាប្រទេសមួយក្នុងចំណោមប្រទេសដ៏ទៃក្នុងលោក ដែលអាមេរិក
    មិនគួរតាំងខ្លួនជាឪលើប្រទេសទាំងអស់ក្នុងលោក​នេះទេ ។
    ហើយអាមេរិក ក៏មិនមានសមត្ថភាពគ្រប់គ្រាន់ណាមួយ ដើម្បីតាំងខ្លួនជាបងធំដាច់គេ​
    លើលោកនេះនោះដែរ ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិន​អនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោក​លើគ្រប់វិស័យ ​​ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    បើគឹតពីប្រវត្តិសាស្ត្រ ទាក់ទងនិងវប្បធម៍ អារីយធម៍ អាមេរិក មានប្រវត្តិក៏កើតប្រទេសដោយ
    ឯករាជ្យប្រមាណជាង ២០០ ប៉ុណ្ណោះ ហើយអាមេរិកក៏ជាប្រទេសធ្លាប់មានប្រវត្តិជាប្រទេសស្ថិតនៅ
    អាណានិគមនៃប្រទេសដ៏ទៃដែរ ។ ដូច្នេះទំហំនៃការឈឺចាប់ សម្រាប់ការជិះជាន់ អាមេរិក
    ក៏ធ្លាប់បានភ្លក់រសជាតិហើយដែរ ថាតើឈឺចាប់យ៉ាងណា ទើបមានការរើបម្រាស់ដណ្តើមឯករាជ្យ
    នោះ ?
    ដូច្នេះការសងសឹក ដើម្បីដាក់អាណានិគមលើប្រទេសដ៏ទៃ តាមរយះការប្រើមនោគមវិជ្ជា ស្តីពី
    សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ដែលសូម្បីតែអាមេរិកខ្លួនឯងធ្វើមិនបានផងនោះ
    ពិសេសរំលោភ​អធិបតេយ្យ​ភាព​កម្ពុជា​ ដែល​ជា​រដ្ឋ​ឯករាជ្យ តើអាមេរិក អាចរំលឹកពីការឈឺចាប់
    ដែលប្រទេសខ្លួនធ្លាប់ត្រូវបានរំលោភបំពានដោយប្រទេសដ៏ទៃ ថាវាឈឺចាប់យ៉ាងណាដែរទេ ?

Leave a Reply

Submit Comment