អាមេរិកហៅការឃុំខ្លួន​លោក កឹម សុខា និងការ​​រំលាយ​បក្ស​ប្រឆាំង​ថា បំផ្លាញ​ប្រជាធិបតេយ្យនៅកម្ពុជា

|
https://vodhotnews.com

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ម័ហ្គេន អ័រតាហ្គឹស (Morgan Ortagus) ថ្លែងក្នុងវីដេអូលើទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជានៅថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ អំពីការចោទប្រកាន់ លោក កឹម សុខា នាពេលកន្លងមក ថាត្រូវបានធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវ (រូបភាពពី វីដេអូ ស្ថានទូតអាមេរិក)

សហរដ្ឋអាមេរិក បានអំពាវនាវជាថ្មីម្តងទៀត​ទៅ​រដ្ឋាភិបាលលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឱ្យ​ដោះលែងអតីតប្រធាន​បក្សប្រឆាំង លោក កឹម សុខា ប្រគល់សិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋដល់លោក និង​អ្នកទាំងឡាយណា ដែលត្រូវបានរដ្ឋាភិបាលចាប់ និងឃុំខ្លួន​​កន្លងមកដោយទំនើងចិត្ត។

ការអំពាវនាវនេះ ធ្វើឡើងដើម្បីរំលឹកខួប ២ឆ្នាំនៃការចាប់ និងឃុំខ្លួនអតីតប្រធានគណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដោយមិនទាន់មានការជំនុំជម្រះនៅឡើយ។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ​ម័ហ្គេន អ័រតាហ្គឹស (Morgan Ortagus) បានថ្លែងក្នុងវីដេអូរយៈពេល ១នាទី​លើទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅថ្ងៃនេះថា​ការចោទប្រកាន់ លោក កឹម សុខា កន្លងមក ត្រូវ​បាន​ធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវ។

​អ្នកស្រីថា លោក កឹម សុខា ត្រូវ​បាន​ឃុំ​ខ្លួន​រយៈពេលយូរ​ដោយគ្មានការជំនុំជម្រះ ឬ​បង្ហាញភស្តុតាងដែលអាចជឿទុកចិត្តបានទាល់តែសោះ។ សហរដ្ឋអាមេរិក នៅតែអំពាវនាវឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែង និងទម្លាក់ចោលរាល់ការចោទប្រកាន់លើ លោក កឹម សុខា និងអ្នក​នយោបាយដែលកំពុងជាប់ឃុំផ្សេងទៀត។

អ្នកស្រី អ័រតាហ្គឹស បន្តថា៖ «​យើងជំរុញដល់រដ្ឋាភិបាលកម្ពុជា ប្រកាន់នូវជំហានជាក់ស្តែង ដើម្បីជំរុញការផ្សះផ្សាឡើងវិញ ដោយអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល អាចដំណើរការដោយគ្មានការភ័យខ្លាច ការគំរាមកំហែង ឬការសងសឹក ដោយការអនុវត្តសិទ្ធិរបស់ពួកគេ ក្នុងការបញ្ចេញមតិ និងការជួបជុំនៅក្រោមច្បាប់»

មន្ត្រីអាមេរិករូបនេះ ថ្លែង​បន្ត​ថា ការចាប់ខ្លួនលោក កឹម សុខា ការរំលាយគណបក្សសង្រ្គោះជាតិ ដែល​ជាបក្សប្រឆាំងដ៏ធំ ការដកហូតដំណែងសមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោតដោយត្រឹមត្រូវជាង ៥ពាន់នាក់របស់បក្សប្រឆាំង គឺជាទង្វើបំផ្លាញលទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា។

អ្នកនាំពាក្យរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន ប្រាប់វី.អូ.ឌីនៅថ្ងៃនេះថា រដ្ឋាភិបាលសោកស្តាយចំពោះសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកនេះ ដោយថា មិនបានឆ្លុះបញ្ចាំងពីការពិត និងមានចរឹតនយោបាយផងដែរ។

លោក ផៃ ស៊ីផាន មានប្រសាសន៍ថា៖«អរគុណសហរដ្ឋអាមេរិកដែលលើកឡើង ក៏ប៉ុន្តែ ជាការសោកស្តាយ ដែលសហរដ្ឋអាមេរិកលើកឡើងមិនចំគោលដៅពិតប្រាកដ។ គ្រាន់តែជាការបង្ហោះសារនយោបាយតែប៉ុណ្ណោះ​ ព្រោះរាល់ការរំលាយគណបក្ស ឬការចាប់ចង គឺស្ថិតនៅក្នុងអង្គហេតុ។ គួរតែមើលទៅលើអង្គហេតុទៅវិញ តើហេតុដូចម្តេចបានជាជួបនឹងព្រឹត្តិការណ៍ចាប់ ឬក៏ឃុំខ្លួនហ្នុង។ អាហ្នឹងទី១ ហើយទី២ ក្រៅពីអង្គហេតុ គឺមានអង្គច្បាប់»

អ្នកវិភាគនយោបាយលោក ឯម សុវណ្ណរ៉ា កត់សម្គាល់ថា ការលើកឡើងរបស់សហរដ្ឋអាមេរិកនេះ មិនមែនជាលើកទី១នោះទេ ប៉ុន្តែការជំរុញឱ្យដោះលែងលោក កឹម សុខា  និងស្តារលទ្ធិប្រជាធិបតេយ្យ ព្រមទាំងសិទ្ធិមនុស្សជាថ្មីទៀតនេះ គឺជាការដាស់តឿនដល់រដ្ឋាភិបាលឱ្យពិចារណាអំពីហានិភ័យ ដែលនឹងអាចកើតឡើង ប្រសិនបើរដ្ឋាភិបាលមិនព្រមស្តារស្ថានភាពនយោបាយ​ឡើងវិញទេ។

លោក ឯម សុវណ្ណារ៉ា បន្តថា៖ «សារហ្នឹងមិនមែនជារឿងចៃដន្យទេ វាជាការតាំងចិត្ត និងការរៀបចំ​មួយដើម្បីពញាក់ស្មារតី គណបក្សកាន់អំណាចឱ្យគិតអំពីហានិភ័យដែលនឹងអាចកើតឡើង ប្រសិនបើមិនឆ្លើយតបទៅនឹងការបើកលំហសេរីភាព​ ឬការដោះលែងសកម្មជនអ្នកនយោបាយបក្សប្រឆាំងហ្នឹង។ អាចធ្វើឱ្យមានសម្ពាធពីអន្តរជាតិពីលោកខាងលិច ពិសេសពីសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបដែលជាអ្នកដឹកនាំគេ»

​លោក កឹម សុខា ​ត្រូវបានសមត្ថកិច្ចចាប់ និងឃុំខ្លួនកាលពីដើមខែកញ្ញា ក្នុង​ឆ្នាំ២០១៧។ ជាង ២ខែក្រោយការចាប់ខ្លួន​លោក កឹម សុខា គណបក្សសង្រ្គោះជាតិក៏ត្រូវបានរំលាយដោយតុលាការកំពូលមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ចូលមកដល់។

លើសពីនេះ ការដាក់បម្រាមមន្ត្រីជាន់ខ្ពស់បក្សនេះជាង ១រយនាក់ ព្រមទាំងដកហូតដំណែងមន្ត្រីបក្សប្រឆាំងដ៏ធំមួយនេះ ​ដែលមិនព្រមចុះចូលបក្សកាន់អំណាចតាំងថ្នាក់ឃុំ រហូតដល់តំណែងក្នុងរដ្ឋសភាជាតិ ប្រគល់ទៅឱ្យបក្សផ្សេងជំនួសវិញ។

​ក្រៅពីថ្កោលទោសចំពោះការចាប់ខ្លួន និងរំលាយគណបក្សសង្រ្គោះជាតិ សហរដ្ឋអាមេរិក ក៏ជាប្រទេសនាំមុខធំ​គេ ដែលបានបដិសេធមិនទទួលស្គាល់លទ្ធផលបោះឆ្នោតជាតិកាលពីខែកក្កដា ២០១៨ ដោយថា ការបោះឆ្នោតបែបបង្គ្រប់កិច្ច ត្បិតគ្មានវត្តមានបក្សប្រឆាំង​ធំជាងគេចូលរួម។

នៅដើមឆ្នាំ២០១៩នេះ សហរដ្ឋអាមេរិកបានចេញមុខអំពាវនាវឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងលោក កឹម សុខា និងអ្នកនយោបាយជាប់ឃុំផ្សេងទៀត មិនក្រោមពី ៣​លើកឡើយ ប៉ុន្តែ ការស្នើសុំទាំងនោះត្រូវបានរដ្ឋាភិបាលច្រានចោលរហូត៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "អាមេរិកហៅការឃុំខ្លួន​លោក កឹម សុខា និងការ​​រំលាយ​បក្ស​ប្រឆាំង​ថា បំផ្លាញ​ប្រជាធិបតេយ្យនៅកម្ពុជា"

  1. so socheath says:

    ​សារ​នយោបាយ​ច្រំដែលៗ របស់អាមេរិក ​ ​​មិនខុសអីពីការ​ជ្រៀត​ជ្រែក​ចូល​ទៅ​ក្នុង​កិច្ច​ការ
    ​ផ្ទៃ​ក្នុង​ ​នៃ​រដ្ឋ​អធិបតេយ្យ នោះឡើយ ។
    ​ព្រោះថាសារដែលសហរដ្ឋ អាមេរិក​​ប្រើប្រាស​នេះគឺដើម្បីជាន់ឈ្លី​លើច្បាប់​អន្តរជាតិផង
    ​​ច្បាប់​ការ​ទូតផង ​​សំដៅជ្រៀត​ជ្រែក​ចូល​ទៅ​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​ នៃ​រដ្ឋ​អធិបតេយ្យមួយ ។
    សួរថា ! តើអធិបតេយ្យភាពរដ្ឋ របស់សហរដ្ឋអាមេរិក ទាមទារឲ្យប្រទេសដ៏ទៃអាច
    ប្រើសារជ្រៀតជ្រែកចូលកិច្ចការផ្ឬៃក្នុងរបស់សហរដ្ឋអាមេរិកដូច្នេះបានដែរទេ ?
    អាមេរិកគ្រាន់តែជាប្រទេសមួយក្នុងចំណោមប្រទេសដ៏ទៃក្នុងលោក ដែលអាមេរិក
    មិនគួរតាំងខ្លួនជាឪលើប្រទេសទាំងអស់ក្នុងលោក​នេះទេ ។
    ហើយអាមេរិក ក៏មិនមានសមត្ថភាពគ្រប់គ្រាន់ណាមួយ ដើម្បីតាំងខ្លួនជាបងធំដាច់គេ​
    លើលោកនេះនោះដែរ ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិន​អនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោក​លើគ្រប់វិស័យ ​​ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    បើគឹតពីប្រវត្តិសាស្ត្រ ទាក់ទងនិងវប្បធម៍ អារីយធម៍ អាមេរិក មានប្រវត្តិក៏កើតប្រទេសដោយ
    ឯករាជ្យប្រមាណជាង ២០០ឆ្នាំ ប៉ុណ្ណោះ ហើយអាមេរិកក៏ជាប្រទេសធ្លាប់មានប្រវត្តិជាប្រទេសស្ថិតនៅ
    អាណានិគមនៃប្រទេសដ៏ទៃដែរ ។ ដូច្នេះទំហំនៃការឈឺចាប់ សម្រាប់ការជិះជាន់ អាមេរិក
    ក៏ធ្លាប់បានភ្លក់រសជាតិហើយដែរ ថាតើឈឺចាប់យ៉ាងណា ទើបមានការរើបម្រាស់ដណ្តើមឯករាជ្យ
    នោះ ?
    ដូច្នេះការសងសឹក ដើម្បីដាក់អាណានិគមលើប្រទេសដ៏ទៃ តាមរយះការប្រើមនោគមវិជ្ជា ស្តីពី
    សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ដែលសូម្បីតែអាមេរិកខ្លួនឯងធ្វើមិនបានផងនោះ
    ពិសេសរំលោភ​អធិបតេយ្យ​ភាព​កម្ពុជា​ ដែល​ជា​រដ្ឋ​ឯករាជ្យ តើអាមេរិក អាចរំលឹកពីការឈឺចាប់
    ដែលប្រទេសខ្លួនធ្លាប់ត្រូវបានរំលោភបំពានដោយប្រទេសដ៏ទៃ ថាវាឈឺចាប់យ៉ាងណាដែរទេ ?

Leave a Reply

Submit Comment