អ្នកស្រី រ៉ូណា ស្មីត៖ ស្ថានភាពសិទ្ធិ​មនុស្ស​​កម្ពុជា​គ្របដណ្ដប់ដោយការ​គាប​សង្កត់

សិទ្ធិមនុស្ស
លោក វណ្ណ វិចារ | ១០ កញ្ញា ២០១៩ | ម៉ោង ៥:៤៥ ល្ងាច
https://vodhotnews.com

លោកស្រី រ៉ូណា ស្មីត ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរាជធានីភ្នំពេញ អំឡុងបញ្ចប់ទស្សនកិច្ចរបស់លោកស្រី នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ


អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណាស្មីត (Rhona Smith) កត់សម្គាល់ថា លំហរប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា គ្របដណ្ដប់ទៅ​ដោយការគាបសង្កត់សិទ្ធិនយោបាយ។ នេះបើតាមរបាយការណ៍កម្រាស់ ២០ទំព័ររបស់​អ្នកស្រី រ៉ូណា ស្មីត ដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅក្រុងហ្ស៊ឺណែវ ប្រទេសស្វីស។

ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចាប់ផ្តើមកិច្ចប្រជុំលើកទី៤២​របស់​ខ្លួន ចាប់​ពីថ្ងៃទី០៩ ដល់ថ្ងៃទី២៧ ខែ​កញ្ញា​នេះ។ កិច្ចប្រជុំនេះនឹងលើកយកបញ្ហាសិទ្ធិមនុស្សរបស់កម្ពុជាមកពិភាក្សាក្នុងប្រធានបទទី៦០ និយាយពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និង​របាយការណ៍របស់អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានសរសេរក្នុងរបាយការណ៍ថា មួយឆ្នាំបន្ទាប់​ពីការបោះឆ្នោត ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែគ្របដណ្ដប់ដោយការសង្កត់សង្កិន​សិទ្ធិនយោបាយ។

អ្នកស្រីបន្តថា អតីតមេបក្សប្រឆាំង លោក កឹម សុខា នៅតែស្ថិតក្នុងការឃុំឃាំងសិទ្ធិនយោបាយ ខណៈដែលគណបក្សប្រជាជនកម្ពុជាកាន់អំណាចផ្តាច់មុខ។

អ្នកស្រីបញ្ជាក់ក្នុងរបាយការណ៍ថា ជាប្រការមួយសោកស្ដាយដែលអាជ្ញាធរកម្ពុជាមិនអនុញ្ញាតឱ្យអ្នកស្រីចូលជួបលោក កឹម សុខា និងអ្នកទោសនយោបាយមួយចំនួនដែលកំពុងជាប់ឃុំ អំឡុង​ពេលដែលអ្នកស្រីមកបំពេញការងារ​នៅកម្ពុជា។

អ្នកស្រីផ្តល់អនុសាសន៍ឱ្យបក្សកាន់អំណាច​ដោះលែង លោក កឹម សុខា បើកចំហរលំហប្រជាធិបតេយ្យ សេរីភាពសារព័ត៌មាន អនុម័តច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានឱ្យបានឆាប់ ធានាសិទ្ធិជនជាតិភាគតិច និង​ពង្រឹងការគោរព​ច្បាប់ប្រឆាំងពុករលួយ ជាដើម។

ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អ្នកស្រី មីឆែល បាឆេលេត (Michelle Bachelet) ក៏បានលើក​នូវ​ការព្រួយបារម្ភពីស្ថានភាពសិទ្ធិនៅកម្ពុជាដែរ។ អ្នកស្រីស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា បើកចំហរសេរីភាពមូលដ្ឋានជូនប្រជាពលរដ្ឋ ដើម្បីធានាឱ្យមានការអភិវឌ្ឍន៍យូរអង្វែង។

ឆ្លើយតបនឹងបញ្ហានេះ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជា​អ្នកនាំពាក្យ លោក ជិន ម៉ាលីន ចាត់ទុកថា ការលើកឡើងពីចំណុចអវិជ្ជមាននៃបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ជា​រឿងធម្មតា ខណៈដែលលោកអះអាងថា មន្ត្រីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិ ក៏បានលើកឡើងពីចំណុចល្អរបស់កម្ពុជាដែរ។

លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា៖ «សម្រាប់រដ្ឋាភិបាល យល់ថា នេះគ្រាន់តែការទទួលព័ត៌មានមួយជ្រុងប៉ុណ្ណោះទេ។ រាជរដ្ឋាភិបាលនឹងបន្តធ្វើការជាមួយ​ឧត្តមស្នងការ និងភ្នាក់ងារសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិផ្សេងៗទៀត ដើម្បីធ្វើការពន្យល់បកស្រាយ និងបញ្ជាក់ថា ក្ដីកង្វល់នេះ មិនមែនជាបញ្ហាសិទ្ធិមនុស្សដូចដែលក្រុមមួយចំនួនលើកឡើងទេ តែវាជាយន្តការអនុវត្តច្បាប់របស់កម្ពុជា។ យើងនឹងព្យាយាមធ្វើការតាមយន្តការការទូតរបស់យើង»

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​ពី​អ្នកស្រី រ៉ូណា ស្មីត ថា អ្នកស្រី​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួប​លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ​នោះ លោក ជិន ម៉ាលីន ប្រាប់ថា៖ «ទោះបីយូអិន ឬមិនយូអិនអីក៏ដោយ ឱ្យតែមកបំពេញទស្សនកិច្ចនៅកម្ពុជា ត្រូវគោរពច្បាប់កម្ពុជា បានន័យថា បុគ្គលដែលស្ថិតក្នុងដំណើរការនៃការស៊ើបសួរអ្នកណាក៏ដោយដែលចង់ជួប គឺត្រូវមានការអនុញ្ញាតពីចៅក្រមស៊ើបសួរ។ បើចៅក្រមស៊ើបសួរយល់ថា ការស៊ើបសួរនេះ មិនប៉ះពាល់ដល់ការស៊ើបសួររបស់គាត់ទេ គាត់អនុញ្ញាត»

ទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានេះ អង្គការក្រៅរដ្ឋាភិបាលជាតិអន្តរជាតិចំនួន ២៨ បានចេញសេចក្ដីថ្លែងការណ៍​មួយកាលពីថ្ងៃទី៣០ ខែ​សីហា​កន្លង​មក ដោយជំរុញឱ្យ​កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជួយស្ដារស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។

ជា​ស្ថាប័នមួយ​ដែល​បានចូលរួមចេញសេចក្ដីថ្លែងការណ៍នេះ ប្រធានបណ្ដាញយុវជនកម្ពុជា លោក ទឹម ម៉ាឡៃ មាន​ប្រសាសន៍ថា លោក​ចង់ឃើញស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាល្អប្រសើរជាងសព្វថ្ងៃ។

លោក ម៉ាឡៃ បញ្ជាក់​ថា សព្វថ្ងៃនេះ បក្សកាន់អំណាចនៅកម្ពុជា បានរឹតបន្តឹងខ្លាំងលើសិទ្ធិនយោបាយរបស់ពលរដ្ឋ និងសង្គមស៊ីវិល ដែលទង្វើទាំងនោះរួមមាន ការគំរាមកំហែង ការចាប់ដាក់គុក និងបំបិទសិទ្ធិសេរីភាពបញ្ចេញមតិជាដើម។

លោក ទឹម ម៉ាឡៃ៖ «ក្នុងនាមអង្គការសង្គមស៊ីវិល យើងមានក្ដីបារម្ភទៅលើការវិវត្តលើការអភិវឌ្ឍនៅក្នុងប្រទេសជាតិ។ ស្ថានភាពទាំងនេះ ប៉ះពាល់ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។ សង្ឃឹមថា រដ្ឋាភិបាលខ្លួនឯង និងប្រជាពលរដ្ឋ នឹងចូលរួមធ្វើយ៉ាងណាឱ្យមានប្រជាធិបតេយ្យពិតប្រាកដ នាំឱ្យមានការគោរពសិទ្ធិមនុស្សដែលមានស្ដង់ដារជាសកលព្រមទាំងមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ»

របាយការណ៍សង្គមស៊ីវិលដែលធ្វើការងារផ្នែកសិទ្ធិមនុស្ស បញ្ជាក់ថា គិតមកដល់បំណាច់​ខែ​សីហាកន្លងទៅនេះ មន្ត្រីមូលដ្ឋានរបស់អតីតគណបក្សប្រឆាំងចំនួន ២២នាក់ ត្រូវបាន​ចាប់ខ្លួន និងជាង ១៤០នាក់ ត្រូវបានកោះហៅមកសាកសួរដោយសមត្ថកិច្ច។

របាយការណ៍សិក្សាស្រាវជ្រាវមួយ​របស់​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​កាលពីខែសីហា​កន្លង​មក រកឃើញថា សិទ្ធិសេរីភាព​នៃ​ការ​ជួបប្រជុំ ត្រូវបានរឹតត្បិតកាន់តែខ្លាំងឡើង៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "អ្នកស្រី រ៉ូណា ស្មីត៖ ស្ថានភាពសិទ្ធិ​មនុស្ស​​កម្ពុជា​គ្របដណ្ដប់ដោយការ​គាប​សង្កត់"

  1. so socheath says:

    ​សារ​នយោបាយ​ច្រំដែលៗ របស់អាមេរិក ​ ឲ្យដោះលែងកឹមសុខា ដែលជាប់ចោទពីទោសក្បត់ជាតិ
    ​​មិនខុសអីពីការ​ជ្រៀត​ជ្រែក​ចូល​ទៅ​ក្នុង​កិច្ច​ការ
    ​ផ្ទៃ​ក្នុង​ ​នៃ​រដ្ឋ​អធិបតេយ្យ នោះឡើយ ។
    ​ព្រោះថាសារដែលសហរដ្ឋ អាមេរិក​​ប្រើប្រាស​នេះគឺដើម្បីជាន់ឈ្លី​លើច្បាប់​អន្តរជាតិផង
    ​​ច្បាប់​ការ​ទូតផង ​​សំដៅជ្រៀត​ជ្រែក​ចូល​ទៅ​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​ នៃ​រដ្ឋ​អធិបតេយ្យមួយ ។
    សួរថា ! តើអធិបតេយ្យភាពរដ្ឋ របស់សហរដ្ឋអាមេរិក ទាមទារឲ្យប្រទេសដ៏ទៃអាច
    ប្រើសារជ្រៀតជ្រែកចូលកិច្ចការផ្ឬៃក្នុងរបស់សហរដ្ឋអាមេរិកដូច្នេះបានដែរទេ ?
    អាមេរិកគ្រាន់តែជាប្រទេសមួយក្នុងចំណោមប្រទេសដ៏ទៃក្នុងលោក ដែលអាមេរិក
    មិនគួរតាំងខ្លួនជាឪលើប្រទេសទាំងអស់ក្នុងលោក​នេះទេ ។
    ហើយអាមេរិក ក៏មិនមានសមត្ថភាពគ្រប់គ្រាន់ណាមួយ ដើម្បីតាំងខ្លួនជាបងធំដាច់គេ​
    លើលោកនេះនោះដែរ ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិន​អនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោក​លើគ្រប់វិស័យ ​​ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    បើគឹតពីប្រវត្តិសាស្ត្រ ទាក់ទងនិងវប្បធម៍ អារីយធម៍ អាមេរិក មានប្រវត្តិក៏កើតប្រទេសដោយ
    ឯករាជ្យប្រមាណជាង ២០០ ប៉ុណ្ណោះ ហើយអាមេរិកក៏ជាប្រទេសធ្លាប់មានប្រវត្តិជាប្រទេសស្ថិតនៅ
    អាណានិគមនៃប្រទេសដ៏ទៃដែរ ។ ដូច្នេះទំហំនៃការឈឺចាប់ សម្រាប់ការជិះជាន់ អាមេរិក
    ក៏ធ្លាប់បានភ្លក់រសជាតិហើយដែរ ថាតើឈឺចាប់យ៉ាងណា ទើបមានការរើបម្រាស់ដណ្តើមឯករាជ្យ
    នោះ ?
    ដូច្នេះការសងសឹក ដើម្បីដាក់អាណានិគមលើប្រទេសដ៏ទៃ តាមរយះការប្រើមនោគមវិជ្ជា ស្តីពី
    សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ដែលសូម្បីតែអាមេរិកខ្លួនឯងធ្វើមិនបានផងនោះ
    ពិសេសរំលោភ​អធិបតេយ្យ​ភាព​កម្ពុជា​ ដែល​ជា​រដ្ឋ​ឯករាជ្យ តើអាមេរិក អាចរំលឹកពីការឈឺចាប់
    ដែលប្រទេសខ្លួនធ្លាប់ត្រូវបានរំលោភបំពានដោយប្រទេសដ៏ទៃ ថាវាឈឺចាប់យ៉ាងណាដែរទេ ?