សមាជិកគណបក្សសង្គ្រោះជាតិ៦រូបទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន

|
https://vodhotnews.com

លោក យ៉ាត ភារម្យ យុវជនគណបក្សសង្រ្គោះជាតិ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចចាប់ខ្លួនថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៩ (រូបពីហ្វេសប៊ុកលោក គង់ សភា)

​សមាជិក៦រូបទៀត របស់គណបក្សសង្គ្រោះជាតិត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្តបន្ទាប់ពីទីតាំងផ្សេងគ្នា នៅព្រឹកថ្ងៃនេះ និង កាលពីម្សិលមិញ ដោយមិនទាន់បានបញ្ជាក់មូលហេតុច្បាស់លាស់នៃការចាប់ខ្លួននេះនៅឡើយ។​

 នេះបើតាមការបញ្ជាក់របស់មន្ត្រីសង្គមស៊ីវិលនិង​អតីត​សហការីរបស់ពួកគេនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។

ប្រភពពីសកម្មជននិងអតីមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងឱ្យដឹងថា មន្ត្រីមូលដ្ឋាន​អតីតបក្ស​សង្រ្គោះជាតិ៣​រូបត្រូវបាន​ចាប់ខ្លួន ​នៅព្រឹកថ្ងៃទី១៤ ខែកញ្ញារួមមាន លោក​ លី​ ម៉េងឃាង​ អតីតសមាជិកគណ:កម្មការប្រតិបត្តិស្រុកស្អាង​ ខេត្តកណ្តាល​  លោក​ លី​ លីន​ អតីតមេឃុំ​ សំរោងធំ​ ស្រុកកៀនខេត្តកណ្តាលនិង​ លោក ឈុន ថៃយុទ្ធ អតីតជំទប់ទី១ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ។

ចំណែកឯមនុស្សបីនាក់​ដែល​ត្រូវចាប់ខ្លួនកាលពីថ្ងៃទី១៣ខែកញ្ញា​រូមមាន លោក យ៉ាត ភារម្យ អតីតសមាជិកយុវជនបក្ស ស្រុកស្វាយចេក​ខេត្តបន្ទាយ​មានជ័យ ត្រូវចាប់ខ្លួននៅខេត្ត​បន្ទាយមានជ័យ កញ្ញា យូ ចាន់សុធានី ជាអតីតអ្នកអាន​ព័ត៌មាន​ផេក​ហ្វេសប៊ុក​របស់លោក សម រង្ស៊ី ត្រូវចាប់ខ្លួននៅ​ភ្នំពេញ លោក ទុំ ប៊ុនឆន អតីតបេក្ខជនក្រុមប្រឹក្សាសង្កាត់ផ្សារដេប៉ូ២ រាជធានីភ្នំពេញ ត្រូវចាប់ខ្លួននៅខេត្តសៀមរាប។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន​ ម៉ាលីន​ មានប្រសាសន៍ថា ការចាប់ខ្លួនសកម្មជន​គណបក្សសង្គ្រោះជាតិទាំងនេះ​ គឺជានិតិវិធីរបស់សមត្ថកិច្ចក្នុងការស៊ើបអង្កេតបទល្មើស​ខណៈដែលការសម្រេចចោទប្រកាន់ឬអត់នោះជាឆន្ទានុសិទ្ធរបស់ព្រះរាជអាជ្ញា។ 

លោក ជិន ម៉ាលីន៖  ជួនកាលសមត្ថកិច្ចរកឃើញមានតម្រុយបទល្មើសគេហៅមកសួរនាំសិន បើសិនមិនពាក់ព័ន្ធនឹងបទល្មើសគេអាចឱ្យទៅវិញ បើសិនពាក់ព័ន្ធនឹងបទល្មើសគេអាចបន្តធ្វើនិតិវិធីចោទប្រកាន់។យើងចាំមើលចំណាត់ការរបស់ព្រះរាជអាជ្ញាបើគេចោទប្រកាន់តើពាក់ព័ន្ធនឹងបទល្មើសអីមូលដ្ឋាននៃការចោទប្រកាន់ហ្នឹងមានអ្វីខ្លះ? ជួនកាលបើគាត់មិនពាក់ព័ន្ធបទល្មើសឬអង្គការចលនាអីខុសច្បាប់ទេ គេនឹងលែងពួកគាត់ទៅវិញហើយ តែបើមានពាក់ព័ន្ធគេនឹងបន្តនិតិវិធីទៀត។

វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ្រ បានទេ នៅថ្ងៃសៅរ៍នេះ ខណៈដែលស្នងការនគរបាលខេត្តកណ្ដាលលោក អ៊ាវ ចំរើន ​ក៏មិនឆ្លើយនឹងសំណួរដែល​សួរ​ពីការចាប់ខ្លួនអតីមន្ត្រីមូលដ្ឋានបក្សនៅស្រុកស្អាង និងស្រុកកោះធំនោះទេ។

លោក ទុំ ប៊ុនលី ជាបងបង្កើតរបស់ លោក ទុំ ប៊ុនឆន ដែលអតីតបេក្ខជនក្រុមប្រឹក្សាសង្កាត់ផ្សារដេប៉ូ២ រាជធានីភ្នំពេញ រៀបរាប់ថា ប្អូនប្រុស​របស់​​ខ្លួនត្រូវសមត្ថកិច្ចតាមដាន​អស់ច្រើនថ្ងៃ​និង​ត្រូវចាប់ខ្លូននៅវេលាម៉ោង៣រសៀល​ថ្ងៃ​ទី១៣កញ្ញានៅទីតាំងរកស៊ីទិញលក់​អចលទ្រព្យនៅខេត្តសៀមរាប។

លោក ទុំ ប៊ុនលី៖ ដំបូងតេរកទិញដីអ៊ីចឹងក៏គេ(នគរបាលបន្លំ)​មកកន្លែងហ្នឹងមួយសន្ទុះក៏ឃើញមានម៉ូតូច្រើនទៅចាប់ឆនហ្នឹងកំពុងបើកឡានទៅគេចាប់។មួយម៉ោងក្រោយមកឆនវាតេមកខ្ញុំប្រាប់ថាគាត់ត្រូវបានគេចាប់ហើយ ហើយខ្ញុំក៏សួរថាមានដីកាអត់ម៉េចបានគេចាប់?អត់ទាន់បានឆ្លើយខ្ញុំផងទូរស័ព្ទក៏បិទទៅ។

លោកបន្តថា ក្រុមគ្រួសាររបស់គាត់កំពុងបារម្ភខ្លាំង ព្រោះមិនបានដឹងដំណឹងពិតប្រាកដសោះថា សមត្ថកិច្ចឃុំខ្លួនលោក ប៊ុន ឆននៅទីណានោះឡើយ។

លោក ប៊ុន លី ៖ «ខ្ញុំចង់ជួបថាយកប្អូនខ្ញុំទៅដាក់នៅឯណា ចោទហ្នឹងពីបទអី?ខ្ញុំក៏ចង់សុំឡានសុំរបស់របរអីទុកឱ្យប្រពន្ធវារកស៊ីចិញ្ចឹមកូន។ធ្វើការសន្និដ្ឋានតាមសម្តីគាត់ (លោក ឆន) និយាយទៅរឿងនេះគឺពាក់ព័ន្ធនឹងនយោបាយ៩០ភាគរយហើយ ព្រោះវាអត់ដែលមានរឿងអី(រឿងក្ដីក្ដាំ)មិនល្អទេ វាមិនដែលទៅឈ្លោះពីណាទេ គាត់មានតែជួយគេអាណិតគេ តែដល់ថាមានរឿងជាមួយអ្នណាគឺអត់មាន។»

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ​គង់ សភា បានសរសេរលើ​ផេកផ្លូវការ​របស់ខ្លួនដោយភ្ជាប់នឹងរូបថតមនុស្សទាំង៦នាក់ដែលត្រូវចាប់ខ្លួន។ លោក គង់ សភា បាន​សរសេរថា៖ នេះជាចេតនាគំរាមកំហែង ផ្នែកនយោបាយបំបាក់ស្មារតីទប់ស្កាត់កម្លាំងយុវជនដែលហ៊ានងើបឡើងណាមួយដែលទៅទទួលលោកប្រធាន សម រង្ស៊ីធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។អាស្រ័យ ដូចបានជម្រាបជូនខាងលើនេះ សូមអំពាវនាវដល់ អង្គការសិទ្ធិមនុស្ស សង្គមស៊ីវិលជាតិ និងអន្តរជាតិ មេត្តាជួយតាមដានក្នុងរឿងនេះផង។

ទាក់ទងនឹងការចាប់ខ្លួននេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថាសមាជិកក្រុមគ្រួសារអ្នកដែល​ត្រូវចាប់ខ្លូនមួយចំនួន​បានទាក់​ទងមកអាដហុក ដើម្បីឱ្យជួយសុំយោបល់ជំនួយផ្នែកច្បាប់និងសុំឱ្យជួយតាម​ឃ្លាំមើលករណី​ទាំងនេះ។​ លោកបន្ត​ថា ករណីទាំងអស់នេះទំនងជាចេតនារបស់គណបក្សកាន់​អំណាចដើម្បី​ឆ្លើយទៅតបទៅនឹងការប៉ុនប៉ងវិលចូលស្រុករបស់លោក សម រង្ស៊ី។ លោកបញ្ជាក់ថា ការចាប់​ខ្លួនមន្ត្រីថ្នាក់ក្រោមរបស់អតីតបក្សប្រឆាំងនេះ គឺស្តែងឱ្យឃើញ​ពីស្ថានភាពរំលោភសិទ្ធិ​មនុស្ស​​ដែលគួរឱ្យបារម្ភ។

លោក ស៊ឹង សែនករុណា៖ «យើងគិតថាយើងមានការព្រួយបារម្ភព្រោះយើងឃើញមានការចាត់វិធានការជាបន្តបន្ទាប់អ៊ីចឹង។ ហើយរាជរដ្ឋាភិបាលហាក់ដូចជាអត់បានងាកគិតមិនយកការស្នើសុំរបស់សហគមអន្តរជាតិ(ឱ្យគោរពសិទ្ធិមនុស្ស) ទាល់តែសោះផ្ទុយទៅវិញស្ថានភាពកាន់តែធ្ងន់ធ្ងរទៅស្របនឹងស្ថានភាពនយោបាយនៅកម្ពុជាកាន់តែធ្លាក់​(អាក្រក់)ចុះនោះ។

មន្ត្រីអង្គការសង្គមស៊ីវិលឱ្យដឹងថា បើគិតអ្នកទាំង៦នាក់ដែលចាប់ខ្លួនលើកនេះ សរុបចំនួន​មនុស្សបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួនមានចំនួន២៨នាក់និងជាង ១៥០នាក់ ត្រូវបានកោះហៅមកសាកសួរដោយសមត្ថកិច្ច។

របាយការណ៍កម្រាស់ ២០ទំព័ររបស់​អ្នកស្រី រ៉ូណា ស្មីត ដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅក្រុងហ្ស៊ឺណែវ ប្រទេសស្វីសថា មួយឆ្នាំបន្ទាប់​ពីការបោះឆ្នោត ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែគ្របដណ្ដប់ដោយការសង្កត់ សង្កិន​សិទ្ធិនយោបាយ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "សមាជិកគណបក្សសង្គ្រោះជាតិ៦រូបទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន"

  1. so socheath says:

    Send to facebook
    អ្នកនយោបាយក្បាលទទូរសារុង!
    *******
    ពាក្យចំអករបស់ខ្មែរ ទៅលើដែគូរប្រជែងណាមួយ ដែលបានតែសម្តីអត់បានការ
    ហើយកំសាកញី គេតែងចំអកឲ្យថាជាមនុស្សក្បាលទទូរសារុង ដែលមានន័យថា
    ជាមនុស្សខ្លាំងក្នុងគ្រប ជាកង្កែបក្នុងអណ្តូង ជាមនុស្សដែលត្រូវមនុស្សស្រីដឹកមុខ
    និយាយរួមគឺជាមនុស្សចោលម្សៀតអត់បានការ ។យ៉ាងណាម៉ិញសមរង្ស៊ី គឺជាមនុស្ស
    បែបនេះ ។
    ពិតណាស់សមរង្ស៊ី ធ្វើនយោបាយ គឺចូលចិត្តប្រើក្បាច់មាត់ត្រីកំផ្លាញ។
    ជានិច្ចកាលភាពបង្កររឿង តាមនិយមន័យដំបៅមិនឈឺយកឈើចាក់ វាជាកត្តា
    យុទ្ធសាស្ត្រដែលសមរង្ស៊ីត្រូវប្រើជាប្រចាំខានមិនបាន ក្នុងន័យកេងចំណេញ
    នយោបាយផង និងដើម្បីបោកប្រាសយកលុយពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែ
    លោភលន់ចង់បានអំណាចផងតាមទិសស្លោកបោកប្រាសថាចូលរួមថវិកាជាមួយ
    សមរង្ស៊ីគឺស្នេហាជាតិ។ ព្រោះថាចូលលុយច្រើន ស្នេហាជាតិច្រើន ចូលលុយតិច
    ស្នេហាជាតិតិច ។
    ភាពជាអ្នកនយោបាយដែលស្មោះត្រង់ចំពោះជាតិនិងប្រជាជនមិនមានឡើយក្នុង
    ជម្រៅចិត្តសមរង្ស៊ី ដែលវាដូចគ្នា ជាមួយកឹមសុខាបេះដាក់។ តែថាអ្នកទាំងពីរនេះថ្វីត្បឹតចំណុចខាងលើដូចគ្នា តែមានភាពខុសគ្នាសម្រាប់ការប្រជែងយកអំណាចសម្រាប់បក្សពួករៀងខ្លួន។ ចំណុចនេះហើយដែលធ្វើឲ្យអតីតបក្សសង្គ្រោះជាតិ ដែលកើតចេញពីសម្ព័ន្ធភាព
    រវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់កឹមសុខា មានការមិនសូវចុះ
    សម្រុងគ្នា ដែលកឹមសុខាបាននិយាយដោយបើកចំហរថា ជាតិជាអ្នកនយោបាយគឺ
    មានតែកឹមសុខាមួយគត់ ដែលអាមេរិកគាំទ្រនិងបង្ហាត់បង្រៀនយុទ្ធសាស្ត្រធ្វើនយោបាយដោយផ្ទាល់ចាប់តាំងពីឆ្នាំ១៩៩៣មក ដែលវាហាក់ជាសារព្រមានដល់សមរង្ស៊ីថា សូម្បីតែសមរង្ស៊ី ក៏មិនមែនជាដៃគូរខាងនយោបាយជាមួយកឹមសុខាដែរ ។
    ពិតហើយក្រោយពេលសមរង្ស៊ីរត់ចេញទៅក្រៅប្រទេស ដើម្បីគេចចេញពីផ្លូវច្បាប់នៅកម្ពុជា វាជាឱកាសដែលកឹមសុខា ត្រូវរុញច្រានសមរង្ស៊ីផ្ទប់គៀនជញ្ជាំង។
    រដ្ឋប្រហារក្នុងបក្សសង្គ្រោះជាតិបានចាប់បង្ខំឲ្យសមរង្ស៊ីឲ្យលាលែងចេញពីតំណែង
    ប្រធានគណបក្សសង្គ្រោះជាតិ និងពីសមាជិកភាពក្នុងបក្ស ប្រែក្លាយទៅជាជនសាមញ្ញ
    ធម្មតា។ តែថាការដើរនយោបាយឃុបឃឹតជាមួយបរទេសក្នុងការធ្វើបដិវត្តន៍ពណ៌ដើម្បី
    ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានបើកកកាយចេញពីមាត់កឹមសុខាដែលទើប
    ដណ្តើមតំណែង មេបក្សសង្គ្រោះជាតិ បានពីសមរង្ស៊ី ហើយក៏គាប់ជួនក្នុងពេលដែល
    គណបក្សសង្គ្រោះជាតិបានកើនអាសនៈបន្ថែមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
    ជាមួយនយោបាយភូតភរបោកប្រាសសន្យាផ្តល់ថវិកា៥០ម៉ឺនដុល្លារសម្រាប់ឃុំសង្កាត់
    និមួយៗក្នុងមួយឆ្នាំ។ យើងសុំមិនរម្លឹកពីរឿងសន្យាបោកប្រាសទៀតទេ តែថាក្រោយ
    កឹមសុខា ត្រូវបានជាប់ទោស ពីបទសង្ស័យថាក្បត់ជាតិវាជាឱកាសសម្រាប់អ្នកនយោបាយទទូរសារុងសមរង្ស៊ីក្រោកឈរវិញដែរ ។
    ក្រោយសម្រេចជោគជ័យក្នុងការដណ្តើមតំណែងជាប្រធានបក្សបានមកវិញ សមរង្ស៊ី
    ដែលប្រាកដក្នុងចិត្តដោយច្បាស់ថា ខ្លួនសមរង្សីផ្ទាល់និងបក្សពួក ដែលកំពុងរត់ភៀស
    ខ្ឡួនទៅក្រៅប្រទេសគេចចេញពីសំណាញ់ច្បាប់ បន្ទាប់ពីបានកសាងកំហុសច្រើនស្អេកស្កះរាប់មិនអស់ក្នុងការចូលរួមដៃជាមួយកឹមសុខា ក្នុងការប្រព្រឹត្តអំពើក្បត់ជាតិ បានរៀបចំប្រើវិធីនយោបាយដើម្បីកេងចំណេញនយោបាយផង និងដើម្បីបោកប្រាសយកលុយពីជនល្ងង់ខ្លៅ
    នៅក្រៅប្រទេស តែលោភលន់ចង់បានអំណាចផងតាមទិសស្លោកបោកប្រាសថាចូលរួមថវិកាជាមួយសមរង្ស៊ីគឺស្នេហាជាតិ។
    យើងមិនបដិសេធទេថា ក្នុងសកម្មភាពនយោបាយកន្លងមក សមរង្ស៊ី និងកឹមសុខា ទោះបី
    បានប្រើមហិច្ឆិតាដណ្តើមអំណាចគ្នាទៅវិញទៅមកក្នុងបក្សសង្គ្រោះជាតិក្តី តែដើម្បីមាន
    កម្លាំងផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដែលចាគណបក្សកាន់អំណាច ពួកគេបានកសាង
    កម្លាំងប្រតិកិរិយារបស់ពួកគេបានខ្លះ ដែលកម្លាំងទាំងនោះ មានខ្លះនៅក្នុងកម្លាំង
    ប្រដាប់អាវុធ ជាយោធា នគរបាល ជាគ្រូបង្រៀន ជាគ្រូពេទ្យ មួយចំនួននៅតាម
    ស្ថាប័នក្រសួង មន្ទីរនិងក្នុងចំណោមសកម្មជនមូដ្ខាន ដែលពួកអ្នកទាំងនោះ សុទ្ធជាអ្នក
    លោភលន់ខាងបុណ្យសក្តិ ដើម្បីមុខមាត់ ហើយបើពួកគេឈរចំកន្លែងដែលអាចមួលក
    ប្រជាពលរដ្ឋទាញយកប្រយោជន៍សម្រាប់ពួកគេទៀតនោះ ពួកគេរឹតតែមិនខ្លាចក្នុងការធ្វើ
    សកម្មភាពដើម្បីទាញយកប្រយោជន៍ឲ្យពួកគេសម្រាប់ការទម្លាក់កំហុស ដាក់លើការ
    គ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះក៏មានការចូលរួមក្នុងសកម្មភាពបែបនេះ ពី
    សំណាក់សង្គមស៊ីវិល អង្គការសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាលផងដែរ ។
    សំអាងលើកម្លាំងប្រតិកិរិយាក្នុងប្រទេសបែបនេះ ទើបម្តងហើយម្តងទៀត សមរង្ស៊ី បាន
    ធ្វើការអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្លាំងផ្សេងទៀត ដែលពួកគេបានកសាងនៅ
    មូលដ្ឋាន ឲ្យក្រោកឈរប្រឆាំងរដ្ឋាភិបាល ប៉ុន្តែសមរង្ស៊ីប្រហែលភ្លេចគឹតថា ទង្វើក្បត់ជាតិ
    ដែលសមរង្ស៊ីនិងបក្សពួកបានសាងឡើង មិនអាចទាក់ទាញទឹកចិត្តពួកគេបានទៀតឡើយ
    ទោះបីសមរង្សីបញ្ជូនសកម្មជនពីប្រទេសថៃឲ្យមកភ្ជាប់ទំនាក់ទំនងខ្សែរយះរបស់ខ្លួនក្តី ។
    នៅមានសកម្មជនឃ្លានអំណាច តែឆោតល្ងង់ខ្លះក្នុងប្រទេស បានបញ្ចេញភាពហក់កញ្ឆេង
    បញ្ចើចបញ្ជោរសមរង្សី ឲ្យមានសេចក្តីក្លាហានហានវិលត្រឡប់មកកាន់កម្ពុជាវិញ ។
    ពួកគេបានធ្វើឱកាសជួបជុំ ឃោសនានយោបាយ តាមរយះការស៊ីនំបញ្ចុក ការជប់លៀង
    ដែលគ្មានកម្មវិធី ដោយផ្អែកលើពាក្យ សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ តាមការបន្ទរ
    អុចអាលពីសំនាក់សង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដោយភ្លេច
    គឹតពីផ្លូវច្បាប់របស់ជាតិ ។ សកម្មភាពបែបនេះហើយ ទើបជម្រុញឲ្យសមរង្ស៊ី និងបក្សពួកអន្ទោកអន្ទោលចង់វិលត្រឡប់មកកម្ពុជាវិញ ហើយដែលការចង់នេះ ធ្វើឡើងក្នុងជំនឿមួយ សម្រាប់បរិបទដែលមិនសមហេតុផល។
    ជាមួយជំនឿលង់ប្រកបដោយអំនួត ផ្តល់ឲ្យពីភាពហៃអើពីសំណាក់សកម្មជនអតីត
    គណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ ចោលដោយតុលាការអាស្រ័យលើទោសកំហុសក្បត់ជាតិដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខាដែលកំពុងជាប់ពិរុទ្ធពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បី
    ផ្តួលរំលំរដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំទាំងពីរមកជាប់ទោសរួមគ្នានៅកម្ពុជា នឹងធ្វើឲ្យមានការកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
    ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិនោះ វាជាការវាយតម្លៃខុស ហើយក៏បង្ហាញយ៉ាងច្បាស់ថា ខួរក្បាលសមរង្ស៊ី គឺជាខួរក្បាលអ្នកនយោបាយទទូរសារ៉ុង ។
    បើយើងចាំមិនភ្លេច កឹមសុខាដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
    នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយសាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបានពួនសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមានសកម្មជនជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាមការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួនកឹមសុខាពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់កម្លាំងគាំទ្រនៃ
    បក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មានកម្លាំឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹង
    ច្បាស់ថាកឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បីគាំទ្រសមរង្ស៊ីនិងបក្សពួកដែលជាជនក្បត់ជាតិមិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួនចំពោះមុខច្បាប់ ថាពួកគេ
    គឺជាជនក្បត់ជាតិដែរនោះទេ ។
    វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ក្នុងការវិលត្រឡប់
    ចូលកម្ពុជាវិញនោះទេ ។
    តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោស
    តាមកំហុសដែលពួកគេបានប្រព្រឹត្តក្នុងអំពើក្បត់ជាតិ។
    វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់សមរង្ស៊ីនិងបក្សពួក ដែលយល់ខុស
    ពីស្ថានភាពបច្ចុប្បន្ននិងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើកលែងទោសពីអង្គ
    ព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ។
    ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិទាំងនេះ មកកាត់ទោសតាមច្បាប់ ហើយសន្តិភាពជាតិសុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀត
    ក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕