តុលាការ​បន្ទាយមានជ័យ​កោះហៅ​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ចូល​បំភ្លឺ​រឿង​ការ​ប្រមូល​ផ្ដុំ​គ្នា

ដោយ ទីន ហ្សាការីយ៉ា
2019-09-15
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តុលាការ​ខេត្ត​បន្ទាយមានជ័យ (Photo: RFA)
តុលាការ​ខេត្ត​បន្ទាយមានជ័យ (Photo: RFA)


ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​កោះហៅ​សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែត​ឱ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៨ កញ្ញា ខាងមុខ ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ផ្ដុំ​គ្នា​ថ្លែង​សារ​គាំទ្រ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ដែល​គ្រោង​វិល​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ខាងមុខ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ដីកាកោះ​របស់​តុលាការ​នេះ ថា ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​ដល់​អ្នកគាំទ្រ​បក្ស​ប្រឆាំង។

សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ លោក ឆាំ សុភាន់ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៥ កញ្ញា ថា លោក​នឹង​មិន​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ឡើយ ព្រោះ​លោក​មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​របស់​តុលាការ​នោះ​ទេ​។ លោក​បញ្ជាក់​ថា កន្លងមក​លោក​គ្រាន់តែ​ជួប​ប្រជុំ​ជាមួយ​ពលរដ្ឋ និង​សកម្មជន​គណបក្សប្រឆាំង​ថ្លែង​សារ​គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើងវិញ​ប៉ុណ្ណោះ ដែល​នេះ​គឺជា​ការអនុវត្ត​សិទ្ធិ​សេរីភាព​ដែល​ធានា​ដោយ​ច្បាប់៖ «នេះ​ជា​ល្បិច​នយោបាយ​នឹង​ឯង ព្រោះ​អី​អាជ្ញាធរ​បក្ស​កាន់អំណាច​បង្ខំ​ឱ្យ​ខ្ញុំ​ចុះចូល​ជាមួយ​គណបក្ស​នេះ​ច្រើន​លើក​ច្រើន​សា​ហើយ តែ​ខ្ញុំ​មិន​ចុះចូល អ៊ីចឹង​មក​ធ្វើ​ខ្លាំង​ដាក់​ខ្ញុំ ហើយ​យក​ដីកា​កោះហៅ​ខ្ញុំ។ ខ្ញុំ​មិនបាន​ធ្វើ​អី​ខុស​ដូច​តុលាការ​ចោទ ហើយ​ចេះតែ​សាក​រឿង ចង់​ធ្វើ​អ្នកណា​សាង​រឿង​អាក្រក់​ដាក់​គេ​រួច​ចាប់​គេ ជួល​កាល​ចាប់​គេ​មិន​មាន​ដីកាចាប់ខ្លួន ដូច​វា​ហួសហេតុ​ពេល​ហើយ»

លោក ឆាំ សុភាន់ បាន​រត់​ភៀសខ្លួន​ទៅ​រក​កន្លែង​សុវត្ថិភាព​តាំងពី​ថ្ងៃ​ទី​៥ កញ្ញា​កន្លង​ទៅ បន្ទាប់​មន្ត្រី​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​ជាច្រើន​នាក់ បាន​ទៅ​ឃ្លាំង​មើល​នៅមុខ​ផ្ទះ​របស់​លោក​ជា​បន្ត​បន្ទាប់ ធ្វើ​ឱ្យ​លោក​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព។

សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ប្រសិនបើ​តុលាការ​ឯករាជ្យ​លោក​នឹង​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​ដោយ​មិន​រួញរា​ឡើយ ក៏ប៉ុន្តែ​លោក​ថា លោក​គ្មាន​ជំនឿ​លើ​ស្ថាប័ន​តុលាការ​របប​ក្រុង​ភ្នំពេញ​ទេ ពីព្រោះ​ថ្មីៗ​នេះ​តុលាការ​បាន​ចាប់​សកម្មជន​បក្ស​ប្រឆាំង​ជាច្រើន​នាក់​មក​ហើយ ដោយសារ​ពួកគាត់​តែងតែ​ជួប​ប្រជុំ​គ្នា​សម្ដែង​មតិ​ព្រួយបារម្ភ​ពី​វិបត្តិ​នយោបាយ។

តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​លោក គង់ សំសារ៉េត បញ្ជាក់​ថា ការ​កោះហៅ​លោក ឆាំ សុភាន់ នេះ​គឺ​ដើម្បី​សាកសួរ​អំពី​ដំណើររឿង​ការ​ញុះញង់​បង្ក​ឱ្យ​មាន​ការ​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ។

ផ្ទុយ​ពី​ដីកា​ចោទប្រកាន់​របស់​មន្ត្រី​តុលាការ​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) លោក សឹង សែនករុណា លើក​ឡើង​ថា ដីកាកោះ​របស់​តុលាការ​នេះ គឺ​ចេតនា​នយោបាយ​ច្រើនជាង​ការ​អនុវត្ត​ច្បាប់ ពី​ព្រោះ​លោក​ថា លោក ឆាំ សុភាន់ ជា​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​បាន​ជួប​ប្រជុំ​គ្នា​គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដែល​នេះ​គឺ​មិន​ខុសច្បាប់​ឡើយ។ លោក​ចាត់​ទុក​ការ​កោះ​ហៅ​នេះ​ថា ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​មក​លើ​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​ធ្វើ​ឱ្យ​ពួកគាត់​ភ័យខ្លាច​មិន​ហ៊ាន​ជួបជុំគ្នា​សម្ដែង​មតិ​ឈឺឆ្អាល​រឿង​នយោបាយ ដែល​ច្បាប់​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​បាន​អនុញ្ញាត៖ «ហើយ​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​អនុវត្ត​នូវ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស អាស្រ័យ​លើ​ការ​គោរព​សិទ្ធិមនុស្ស​ទៅ​ទៀត ហើយ​សិទ្ធិមនុស្ស​នេះ​ក៏​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ទៀត បច្ចុប្បន្ន​យើង​ស្ទើរតែ​លាង​ចង់​និយាយ​អំពី​ច្បាប់​កំពូល ឬក៏​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ទៅ​ហើយ។ បច្ចុប្បន្ន​យើង​ឃើញ​ការអនុវត្ត​ផ្ទុយ​ទៅលើ​ច្បាប់​ទាំងនេះ​ជាច្រើន​បែរ​ទៅជា​អត់​ឃើញ​មានការ​កំណែ​ទម្រង់ ងាក​មក​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ហើយ​ងាក​មក​ចាត់វិធានការ​មន្ត្រី​ដែល​ខុសឆ្គង​អី​នោះ​ទេ កាន់តែ​បន្ត​អនុវត្ត​ខុសច្បាប់​បន្ថែម​ទៀត»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ថែម​ថា ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​បែបនេះ មិនមែន​ជា​ដំណោះស្រាយ​នយោបាយ​ទេ ផ្ទុយទៅវិញ គឺ​កាន់តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​បក្ស​ប្រឆាំង​ជិត​កន្លះ​នគរ​កាន់តែ​ក្ដៅក្រហាយ ហើយ​អាច​នឹង​ងើប​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ថ្ងៃ​ខាងមុខ​ជា​មិនខាន។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ទទូច​ឱ្យ​មេដឹកនាំ​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង​គិតគូរ​ពី​ប្រយោជន៍​ជាតិ​ជាធំ ហើយ​ងាក​មក​រក​តុ​ចរចា​គ្នា​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ឱ្យ​បាន​ឆាប់​ប្រសើរ​ជាង​ការ​ឈ្លោះ​គ្នា​នាំ​ឱ្យ​ខាតបង់​ដល់​សេដ្ឋកិច្ច​ជាតិ។

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​១៥ កញ្ញា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២៦​នាក់​ហើយ ត្រូវ​របប​លោក ហ៊ុន សែន ចាប់ខ្លួន និង​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ ដោយសារតែ​ពួកគេ​ធ្វើ​សកម្មភាព​នយោបាយ​គាំទ្រ​នយោបាយ​របស់​គណបក្ស​ប្រឆាំង ដែល​ច្បាប់​កម្ពុជា​អនុញ្ញាត។

ទោះជា​យ៉ាង​នេះ​ក្ដី មន្ត្រី​លោក ឆាំ សុភាន់ អះអាង​ថា បើ​ទោះ​បី​ជា​សមត្ថកិច្ច​ចាប់ចង​សកម្មជន​និង​តុលាការ​កោះហៅ​លោក​យ៉ាង​នេះ​ក្ដី ក៏​លោក និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ក្រុង​ប៉ោយប៉ែត​ជាច្រើន​នាក់ នៅតែ​ប្រកាន់​ជំហរ​ថា ពួក​លោក​នឹង​ទៅ​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាងមុខ​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "តុលាការ​បន្ទាយមានជ័យ​កោះហៅ​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ចូល​បំភ្លឺ​រឿង​ការ​ប្រមូល​ផ្ដុំ​គ្នា"

  1. so socheath says:

    Send to facebook
    អ្នកនយោបាយក្បាលទទូរសារុង!
    *******
    ពាក្យចំអករបស់ខ្មែរ ទៅលើដែគូរប្រជែងណាមួយ ដែលបានតែសម្តីអត់បានការ
    ហើយកំសាកញី គេតែងចំអកឲ្យថាជាមនុស្សក្បាលទទូរសារុង ដែលមានន័យថា
    ជាមនុស្សខ្លាំងក្នុងគ្រប ជាកង្កែបក្នុងអណ្តូង ជាមនុស្សដែលត្រូវមនុស្សស្រីដឹកមុខ
    និយាយរួមគឺជាមនុស្សចោលម្សៀតអត់បានការ ។យ៉ាងណាម៉ិញសមរង្ស៊ី គឺជាមនុស្ស
    បែបនេះ ។
    ពិតណាស់សមរង្ស៊ី ធ្វើនយោបាយ គឺចូលចិត្តប្រើក្បាច់មាត់ត្រីកំផ្លាញ។
    ជានិច្ចកាលភាពបង្កររឿង តាមនិយមន័យដំបៅមិនឈឺយកឈើចាក់ វាជាកត្តា
    យុទ្ធសាស្ត្រដែលសមរង្ស៊ីត្រូវប្រើជាប្រចាំខានមិនបាន ក្នុងន័យកេងចំណេញ
    នយោបាយផង និងដើម្បីបោកប្រាសយកលុយពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែ
    លោភលន់ចង់បានអំណាចផងតាមទិសស្លោកបោកប្រាសថាចូលរួមថវិកាជាមួយ
    សមរង្ស៊ីគឺស្នេហាជាតិ។ ព្រោះថាចូលលុយច្រើន ស្នេហាជាតិច្រើន ចូលលុយតិច
    ស្នេហាជាតិតិច ។
    ភាពជាអ្នកនយោបាយដែលស្មោះត្រង់ចំពោះជាតិនិងប្រជាជនមិនមានឡើយក្នុង
    ជម្រៅចិត្តសមរង្ស៊ី ដែលវាដូចគ្នា ជាមួយកឹមសុខាបេះដាក់។ តែថាអ្នកទាំងពីរនេះ
    ថ្វីត្បឹតចំណុចខាងលើដូចគ្នា តែមានភាពខុសគ្នាសម្រាប់ការប្រជែងយកអំណាច
    សម្រាប់បក្សពួករៀងខ្លួន។ ចំណុចនេះហើយដែលធ្វើឲ្យអតីតបក្សសង្គ្រោះជាតិ ដែលកើត
    ចេញពីសម្ព័ន្ធភាពរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់កឹមសុខា មានការមិនសូវចុះ
    សម្រុងគ្នា ដែលកឹមសុខាបាននិយាយដោយបើកចំហរថា ជាតិជាអ្នកនយោបាយគឺ
    មានតែកឹមសុខាមួយគត់ ដែលអាមេរិកគាំទ្រនិងបង្ហាត់បង្រៀនយុទ្ធសាស្ត្រធ្វើនយោបាយ
    ដោយផ្ទាល់ចាប់តាំងពីឆ្នាំ១៩៩៣មក ដែលវាហាក់ជាសារព្រមានដល់សមរង្ស៊ីថា សូម្បីតែសមរង្ស៊ី
    ក៏មិនមែនជាដៃគូរខាងនយោបាយជាមួយកឹមសុខាដែរ ។
    ពិតហើយក្រោយពេលសមរង្ស៊ីរត់ចេញទៅក្រៅប្រទេស ដើម្បីគេចចេញពីផ្លូវច្បាប់នៅកម្ពុជា
    វាជាឱកាសដែលកឹមសុខា ត្រូវរុញច្រានសមរង្ស៊ីផ្ទប់គៀនជញ្ជាំង។
    រដ្ឋប្រហារក្នុងបក្សសង្គ្រោះជាតិបានចាប់បង្ខំឲ្យសមរង្ស៊ីឲ្យលាលែងចេញពីតំណែង
    ប្រធានគណបក្សសង្គ្រោះជាតិ និងពីសមាជិកភាពក្នុងបក្ស ប្រែក្លាយទៅជាជនសាមញ្ញ
    ធម្មតា។ តែថាការដើរនយោបាយឃុបឃឹតជាមួយបរទេសក្នុងការធ្វើបដិវត្តន៍ពណ៌ដើម្បី
    ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានបើកកកាយចេញពីមាត់កឹមសុខាដែលទើប
    ដណ្តើមតំណែង មេបក្សសង្គ្រោះជាតិ បានពីសមរង្ស៊ី ហើយក៏គាប់ជួនក្នុងពេលដែល
    គណបក្សសង្គ្រោះជាតិបានកើនអាសនៈបន្ថែមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
    ជាមួយនយោបាយភូតភរបោកប្រាសសន្យាផ្តល់ថវិកា៥០ម៉ឺនដុល្លារសម្រាប់ឃុំសង្កាត់
    និមួយៗក្នុងមួយឆ្នាំ។ យើងសុំមិនរម្លឹកពីរឿងសន្យាបោកប្រាសទៀតទេ តែថាក្រោយ
    កឹមសុខា ត្រូវបានជាប់ទោស ពីបទសង្ស័យថាក្បត់ជាតិវាជាឱកាសសម្រាប់អ្នកនយោបាយ
    ទទូរសារុងសមរង្ស៊ីក្រោកឈរវិញដែរ ។
    ក្រោយសម្រេចជោគជ័យក្នុងការដណ្តើមតំណែងជាប្រធានបក្សបានមកវិញ សមរង្ស៊ី
    ដែលប្រាកដក្នុងចិត្តដោយច្បាស់ថា ខ្លួនសមរង្សីផ្ទាល់និងបក្សពួក ដែលកំពុងរត់ភៀស
    ខ្ឡួនទៅក្រៅប្រទេសគេចចេញពីសំណាញ់ច្បាប់ បន្ទាប់ពីបានកសាងកំហុសច្រើនស្អេកស្កះ
    រាប់មិនអស់ក្នុងការចូលរួមដៃជាមួយកឹមសុខា ក្នុងការប្រព្រឹត្តអំពើក្បត់ជាតិ បានរៀបចំ
    ប្រើវិធីនយោបាយដើម្បីកេងចំណេញនយោបាយផង និងដើម្បីបោកប្រាសយកលុយ
    ពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែលោភលន់ចង់បានអំណាចផងតាមទិសស្លោក
    បោកប្រាសថាចូលរួមថវិកាជាមួយសមរង្ស៊ីគឺស្នេហាជាតិ។
    យើងមិនបដិសេធទេថា ក្នុងសកម្មភាពនយោបាយកន្លងមក សមរង្ស៊ី និងកឹមសុខា ទោះបី
    បានប្រើមហិច្ឆិតាដណ្តើមអំណាចគ្នាទៅវិញទៅមកក្នុងបក្សសង្គ្រោះជាតិក្តី តែដើម្បីមាន
    កម្លាំងផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដែលចាគណបក្សកាន់អំណាច ពួកគេបានកសាង
    កម្លាំងប្រតិកិរិយារបស់ពួកគេបានខ្លះ ដែលកម្លាំងទាំងនោះ មានខ្លះនៅក្នុងកម្លាំង
    ប្រដាប់អាវុធ ជាយោធា នគរបាល ជាគ្រូបង្រៀន ជាគ្រូពេទ្យ មួយចំនួននៅតាម
    ស្ថាប័នក្រសួង មន្ទីរនិងក្នុងចំណោមសកម្មជនមូដ្ខាន ដែលពួកអ្នកទាំងនោះ សុទ្ធជាអ្នក
    លោភលន់ខាងបុណ្យសក្តិ ដើម្បីមុខមាត់ ហើយបើពួកគេឈរចំកន្លែងដែលអាចមួលក
    ប្រជាពលរដ្ឋទាញយកប្រយោជន៍សម្រាប់ពួកគេទៀតនោះ ពួកគេរឹតតែមិនខ្លាចក្នុងការធ្វើ
    សកម្មភាពដើម្បីទាញយកប្រយោជន៍ឲ្យពួកគេសម្រាប់ការទម្លាក់កំហុស ដាក់លើការ
    គ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះក៏មានការចូលរួមក្នុងសកម្មភាពបែបនេះ ពី
    សំណាក់សង្គមស៊ីវិល អង្គការសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាលផងដែរ ។
    សំអាងលើកម្លាំងប្រតិកិរិយាក្នុងប្រទេសបែបនេះ ទើបម្តងហើយម្តងទៀត សមរង្ស៊ី បាន
    ធ្វើការអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្លាំងផ្សេងទៀត ដែលពួកគេបានកសាងនៅ
    មូលដ្ឋាន ឲ្យក្រោកឈរប្រឆាំងរដ្ឋាភិបាល ប៉ុន្តែសមរង្ស៊ីប្រហែលភ្លេចគឹតថា ទង្វើក្បត់ជាតិ
    ដែលសមរង្ស៊ីនិងបក្សពួកបានសាងឡើង មិនអាចទាក់ទាញទឹកចិត្តពួកគេបានទៀតឡើយ
    ទោះបីសមរង្សីបញ្ជូនសកម្មជនពីប្រទេសថៃឲ្យមកភ្ជាប់ទំនាក់ទំនងខ្សែរយះរបស់ខ្លួនក្តី ។
    នៅមានសកម្មជនឃ្លានអំណាច តែឆោតល្ងង់ខ្លះក្នុងប្រទេស បានបញ្ចេញភាពហក់កញ្ឆេង
    បញ្ចើចបញ្ជោរសមរង្សី ឲ្យមានសេចក្តីក្លាហានហានវិលត្រឡប់មកកាន់កម្ពុជាវិញ ។
    ពួកគេបានធ្វើឱកាសជួបជុំ ឃោសនានយោបាយ តាមរយះការស៊ីនំបញ្ចុក ការជប់លៀង
    ដែលគ្មានកម្មវិធី ដោយផ្អែកលើពាក្យ សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ តាមការបន្ទរ
    អុចអាលពីសំនាក់សង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដោយភ្លេច
    គឹតពីផ្លូវច្បាប់របស់ជាតិ ។ សកម្មភាពបែបនេះហើយ ទើបជម្រុញឲ្យសមរង្ស៊ី និងបក្សពួក
    អន្ទោកអន្ទោលចង់វិលត្រឡប់មកកម្ពុជាវិញ ហើយដែលការចង់នេះ ធ្វើឡើងក្នុងជំនឿមួយ
    សម្រាប់បរិបទដែលមិនសមហេតុផល។
    ជាមួយជំនឿលង់ប្រកបដោយអំនួត ផ្តល់ឲ្យពីភាពហៃអើពីសំណាក់សកម្មជនអតីត
    គណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ ចោលដោយតុលាការអាស្រ័យលើទោសកំហុស
    ក្បត់ជាតិដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខាដែលកំពុងជាប់ពិរុទ្ធ
    ពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បី
    ផ្តួលរំលំរដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំទាំងពីរមកជាប់ទោសរួមគ្នា
    នៅកម្ពុជានឹងធ្វើឲ្យមានការកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
    ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិនោះ វាជាការវាយតម្លៃខុស ហើយក៏បង្ហាញយ៉ាងច្បាស់ថា
    ខួរក្បាលសមរង្ស៊ី គឺជាខួរក្បាលអ្នកនយោបាយទទូរសារ៉ុង ។
    បើយើងចាំមិនភ្លេច កឹមសុខាដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
    នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយសាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបាន
    ពួនសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមានសកម្មជន
    ជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាមការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួន
    កឹមសុខាពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់កម្លាំងគាំទ្រនៃ
    បក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មានកម្លាំឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹង
    ច្បាស់ថាកឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បីគាំទ្រសមរង្ស៊ី
    និងបក្សពួកដែលជាជនក្បត់ជាតិមិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួនចំពោះមុខច្បាប់
    ថាពួកគេគឺជាជនក្បត់ជាតិដែរនោះទេ ។
    វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ក្នុងការវិលត្រឡប់
    ចូលកម្ពុជាវិញនោះទេ ។
    តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោស
    តាមកំហុសដែលពួកគេបានប្រព្រឹត្តក្នុងអំពើក្បត់ជាតិ។
    វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់សមរង្ស៊ីនិងបក្សពួក ដែលយល់ខុស
    ពីស្ថានភាពបច្ចុប្បន្ននិងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើកលែងទោសពីអង្គ
    ព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ។
    ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិទាំងនេះ មកកាត់ទោសតាមច្បាប់
    ហើយសន្តិភាពជាតិសុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀតក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕