បក្ស​ប្រឆាំង​ថ្កោលទោស​របប​ក្រុង​ភ្នំពេញ​ករណី​បន្ត​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​៦​នាក់​ទៀត

ដោយ សេក បណ្ឌិត
2019-09-15
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​យុវជន​គណបក្ស​សង្រ្គោះជាតិ ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ លោក យ៉ាត ភារម្យ។ Photo Provided
ប្រធាន​យុវជន​គណបក្ស​សង្រ្គោះជាតិ ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ លោក យ៉ាត ភារម្យ។ Photo Provided


គណបក្ស​សង្គ្រោះ​ជាតិ ថ្កោលទោស​របប​ក្រុងភ្នំពេញ ចំពោះ​ការ​បន្ត​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ចំនួន​៦​នាក់​ថែមទៀត កាលពី​ថ្ងៃ​ទី​១៣ និង​១៤ កញ្ញា​។ មន្ត្រី​របប​ក្រុងភ្នំពេញ អះអាង​ថា ការ​ចាប់ខ្លួន​មនុស្ស​ទាំង​៦​នាក់​នោះ ជា​ការ​អនុវត្ត​ច្បាប់។ សមត្ថកិច្ច​ចោទប្រកាន់​សកម្មជន​ទាំងនោះ​ពី​បទ ទៅ​ទទួល​យក​ផែនការ​ប្រឆាំង​សាលដីកា និង​ផ្ដួល​រំលំ​របប​ក្រុងភ្នំពេញ ពី លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី។

គណបក្សប្រឆាំង ហៅ​ការ​ចាប់ខ្លួន​សកម្មជន​ទាំង​៦​នាក់ បន្ថែម​ទៀត​នេះ ជា​ទង្វើ​រំលោភបំពាន​ច្បាប់​យ៉ាង​កំរោល និង​ជា​សកម្មភាព​ព្រៃផ្សៃ ដូច​របប​ខ្មែរក្រហម ដែល​ប្រើប្រាស់​វិធី​បង្ក្រាប​លើ​មនុស្ស​ស្លូតត្រង់​គ្មាន​កំហុស ឱ្យ​បាក់ស្បាត លែង​ហ៊ាន​ងើប​តវ៉ា​ទាមទារ​រក​យុត្តិធម៌ និង សិទ្ធិ សេរីភាព​របស់​ខ្លួន។

សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​ទី​១៤ កញ្ញា បង្ហាញ​ថា សមត្ថកិច្ច​របប​ក្រុងភ្នំពេញ បាន​ចាប់​សកម្មជន​បក្ស​ប្រឆាំង​យ៉ាងហោចណាស់​៦​នាក់​ថែមទៀត នៅ​រយៈពេល​២​ថ្ងៃ ដោយ​គ្មាន​បង្ហាញ​ដីកាចាប់ខ្លួន ឬ​មូលហេតុ​នៃ​ការ​សម្រុកចូល​ចាប់ខ្លួន​ឡើយ​។ មនុស្ស​ទាំង​៦​នាក់ នោះ រួមមាន ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ លោក យ៉ាត ភារម្យ ត្រូវ​ចាប់ខ្លួន​នៅ​ខេត្ត​បន្ទាយមានជ័យ សមាជិក​ទ្រទ្រង់​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ លោក ទុំ ប៊ុនថន ត្រូវ​ចាប់ខ្លួន នៅ​ខេត្ត​សៀមរាប និង​អតីត​អ្នកអាន​ព័ត៌មាន ក្នុង​បណ្ដាញ​ហ្វេសប៊ុក (facebook) របស់ លោក សម រង្ស៊ី គឺ​កញ្ញា យូ ចាន់ធានី ត្រូវ​បាន​ចាប់ខ្លួន នៅ​កន្លែងធ្វើការ​ក្នុង​ធនាគារ​ABA នៅ​រាជធានី​ភ្នំពេញ​។ អ្នក​ទាំង​៣ ត្រូវ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ ចាប់ខ្លួន ថ្ងៃ​ទី​១៣ កញ្ញា​។ ចំណែក​សកម្មជន​៣​នាក់​ទៀត ជា​សមាជិក​បក្ស​ប្រឆាំង​នៅ​ខេត្ត​កណ្ដាល គឺ សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ស្រុក​ស្អាង លោក លី ម៉េងឃាង មេឃុំ​ជាប់ឆ្នោត ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ លោក លី លីន និង​ជំទប់​ទី​១ ជាប់ឆ្នោត​នៅ​ឃុំ​ព្រែកស្ដី ស្រុក​កោះធំ លោក ឈុន ថៃយុទ្ធ។ សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​កណ្ដាល​ទាំង ៣​នាក់ ត្រូវ​បាន​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​១៤ កញ្ញា។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ប្រាប់​ថា សកម្មជន​ជា​ស្ត្រី​អ្នកអាន​ព័ត៌មាន​ម្នាក់ គឺ​កញ្ញា យូ ចាន់ធានី ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​សម្រេច​ដាក់​ពន្ធនាគារ​ព្រៃ​ស (​ម​២) ហើយ នៅ​ព្រលប់​ថ្ងៃ​ទី​១៤ កញ្ញា​។ លោក​ថា តុលាការ និង​អាជ្ញាធរ ប្រើ​ហេតុផល​ចោទ​មិន​សម​ទំនង ដើម្បី​ធ្វើ​ទុក​បុក​ម្នេញ​សកម្មជន​បក្ស​ប្រឆាំង៖ «ម្សិលមិញ គឺ​ដឹង​តែ​ម្នាក់​ទេ គឺ​កញ្ញា យូ ចាន់ធានី ល្ងាច​ម៉ោង​៦​ហ្នឹង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​ម​២ ហៅថា ពន្ធនាគារ​ព្រៃ​ស​។ អ៊ីចឹង​ម្នាក់ទៀត គឺ អត់​បាន​ដឹង​ទេ ដោយសារ​យើង​ទាក់ទង​អត់​បាន គឺ​បាន​ដំណឹង​តែ​ម្នាក់ គឺ​កញ្ញា យូ ចាន់ធានី»

សមត្ថកិច្ច​នៃ​របប​ក្រុងភ្នំពេញ បាន​ចោទប្រកាន់​សកម្មជន​បក្ស​ប្រឆាំង ថា បាន​ទៅ​ទទួល​យក​ផែនការ​ប្រឆាំង​សាលដីកា​តុលាការ​កំពូល និង​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល ពី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ខែ​សីហា។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់​អាស៊ីសេរី​នៅ​យប់​ថ្ងៃ​ទី​១៥ កញ្ញា ហៅ​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថា​មាន​ចេតនា​បិទបាំង​ផែនការ​ទុច្ចរិត​របស់​គណបក្ស​ខ្លួន ដែល​លោក ជិន ម៉ាលីន ហៅថា ជា​ក្រុម​ចលនា​ក្រៅច្បាប់។ មន្ត្រី​របប​ក្រុងភ្នំពេញ​រូប​នេះ ប្រាប់​ថា​ដើមហេតុ​នៃ​ការ​ចាប់ខ្លួន​សកម្មជន​ទាំងនោះ ដោយសារ​សកម្មជន​ទាំងនោះ បានធ្​វើ​សកម្មភាព​តាម​ការ​អំពាវនាវ​របស់​គណបក្ស​ប្រឆាំង​។ លោក ជិន ម៉ាលីន ណែនាំ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ រក​មេធាវី និង​ជំនួយ​ផ្នែក​ច្បាប់​ដល់​សកម្មជន​ទាំងនោះ ជាជាង​ការ​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​រដ្ឋាភិបាល៖ «គួរតែ​រៀបចំ​ជំនួយ​ផ្នែក​ច្បាប់​ផ្ដល់​ឱ្យ​សកម្មជន​របស់​ខ្លួន​នៅ​កម្ពុជា ដូចជា ការ​ផ្ដល់​មេធាវី​ការពារ​ក្ដី ដល់​ពួកគេ​ទាំងនោះ ជាដើម ល និង ល ពីព្រោះ ថា ពួកគេ​បាន​ធ្វើ​សកម្មភាព​បំពាន​ច្បាប់​នៅ​កម្ពុជា ដោយសារតែ​ការ​អំពាវនាវ និង​ផែន​ការដែល​ខ្លួន​រៀបចំ​។ ដូច្នេះ​ខ្លួន​ត្រូវ​មាន​កាតព្វកិច្ច​ផ្នែក​សីលធម៌​មួយ គួរតែ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់ និង​មេធាវី​ការពារ​ក្ដី​ដល់​អ្នក​ទាំងអស់​នោះ។ ជា​គោលការណ៍​ច្បាប់ សកម្មភាព​របស់​សកម្ម​ជន​ទាំងអស់​នោះ មិនមែន​ជា​ការអនុវត្ត​សិទ្ធិ​សេរីភាព​នៃ​ការ​ជួបជុំ ឬ​សម្ដែង​មតិ​អ្វី​ទេ។ ប៉ុន្តែ​វា​ជា​ការ​បំពាន​ច្បាប់​នៅ​កម្ពុជា បាន​ន័យ​ថា សកម្មភាព​ទាំងឡាយ​ណា ដែល​ធ្វើឡើង​ក្នុង​ចេតនា​គាំទ្រ​ដល់​អង្គការ​ចាត់តាំង​ខុសច្បាប់​ណាមួយ ឬក៏​ធ្វើឡើង​តាម​ការ​អំពាវនាវ និង​ផែនការ ដែល​រៀបចំ​ដោយ​អង្គការ​ចាត់តាំង ឬក៏​ចលនា​ខុសច្បាប់​ណាមួយ ជា​ការ​បំពានច្បាប់​នៅ​កម្ពុជា»

ប៉ុន្តែ ភរិយា​របស់​ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ លោក យ៉ាត ភារម្យ គឺ​លោកស្រី មិន មុំ បដិសេធ​ថា ប្ដី​មិនដែល​ធ្វើអំពើ​ខុសច្បាប់ ឬ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​ឡើយ​។ លោកស្រី​អះអាង​ថា គ្រួសារ លោកស្រី​ក្រីក្រ​ណាស់ គ្មាន​លទ្ធភាព​ប្រឆាំង​រដ្ឋាភិបាល​ទេ។ លោកស្រី​ថា កុំ​ថា​ធ្វើ​លិខិត​ឆ្លងដែន ចេញ​ក្រៅ​ប្រទេស សូម្បី​អាហារ​ហូប​រាល់ថ្ងៃ ក៏​មាន​ការ​ខ្វះខាត​ដែរ​។ លោកស្រី​អះអាង​ថា លោក យ៉ាត ភារម្យ មិន​បាន​ចេញ​ក្រៅ​ប្រទេស​ទៅ​ជួប​លោក សម រង្ស៊ី ទេ ហើយ​លោកស្រី​បាន​ទាមទារ​ឱ្យ​ប៉ូលិស ដោះលែង​ស្វាមី​វិញ​ជាបន្ទាន់៖ «ថ្ងៃនេះ ខ្ញុំ​អត់​ទាន់​បាន​ដឹង​ដំណឹង​ប្ដី​ខ្ញុំ​ទេ​បង តែ​ខ្ញុំ​បាន​ស្ដាប់​អាស៊ីសេរី ខាង​ប៉ូលិស​ស្អី​គេ ដែល​ចោទ​ប្ដី​ខ្ញុំ​ថា ត្រៀមខ្លួន​ដើម្បី​ទៅ​ទទួល​លោក សម រង្ស៊ី ចុះ​មក​អី​ឯណា នៅ​ម៉ាឡេស៊ី​អី​ឯណា គឺ​ខ្ញុំ​សូម​បដិសេធ ព្រោះ​ខ្ញុំ​ជា​ជន​ក្រីក្រ​គ្មាន​លុយ​ធ្វើ​លិខិត​ឆ្លងដែន (Passport) សម្រាប់​ទៅ​ទទួល​គាត់​ទេ​។ តែ​សុំ​ជួយ​រក​យុត្តិធម៌​ឱ្យ​ខ្ញុំ​ផង​។ ចា​!​ប្ដី​ខ្ញុំ​អត់​បាន​ទៅ​ម៉ាឡេស៊ី​អ្វី​ទេ​។ កុំ​ចោទ​មនុស្ស ដែល​ស្មោះត្រង់ ចោទ​ទម្លាក់កំហុស​ឱ្យ​គាត់​អ៊ីចឹង ព្រោះ​ខ្ញុំ​ជា​ជន​ក្រីក្រ រកតែ​លុយ​ទិញ​បាយ​ស៊ី​មិន​គ្រប់​ផង។ ខ្ញុំ​គ្មាន​លុយ​ឯណា ទៅ​ធ្វើ​ប៉ាសស្ព័រ។ អ៊ីចឹង​សូម​ជួយ​រក​យុត្តិធម៌​ឱ្យ​ខ្ញុំ​ផង ព្រោះ​ដល់​ខែ​បុណ្យទាន​ហើយ ខ្ញុំ​ចង់​ជួបជុំ​គ្រួសារ​ខ្ញុំ»

គិត​ត្រឹម​ពាក់​កណ្ដាល​ខែ​កញ្ញា​នេះ របប​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​មូលដ្ឋាន​ចំនួន ២៦​នាក់​ហើយ ត្រូវ​បាន​របប​ក្រុងភ្នំពេញ ចាប់​ឃុំ​ខ្លួន ក្នុង​ពន្ធនាគារ ដោយសារ​ពួកគេ​ហ៊ាន​រិះគន់​របប​ក្រុងភ្នំពេញ កុំ​ឱ្យ​ចាក​ឆ្ងាយ​ពី​លទ្ធិ​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "បក្ស​ប្រឆាំង​ថ្កោលទោស​របប​ក្រុង​ភ្នំពេញ​ករណី​បន្ត​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​៦​នាក់​ទៀត"

  1. so socheath says:

    Send to facebook
    អ្នកនយោបាយក្បាលទទូរសារុង!
    *******
    ពាក្យចំអករបស់ខ្មែរ ទៅលើដែគូរប្រជែងណាមួយ ដែលបានតែសម្តីអត់បានការ
    ហើយកំសាកញី គេតែងចំអកឲ្យថាជាមនុស្សក្បាលទទូរសារុង ដែលមានន័យថា
    ជាមនុស្សខ្លាំងក្នុងគ្រប ជាកង្កែបក្នុងអណ្តូង ជាមនុស្សដែលត្រូវមនុស្សស្រីដឹកមុខ
    និយាយរួមគឺជាមនុស្សចោលម្សៀតអត់បានការ ។យ៉ាងណាម៉ិញសមរង្ស៊ី គឺជាមនុស្ស
    បែបនេះ ។
    ពិតណាស់សមរង្ស៊ី ធ្វើនយោបាយ គឺចូលចិត្តប្រើក្បាច់មាត់ត្រីកំផ្លាញ។
    ជានិច្ចកាលភាពបង្កររឿង តាមនិយមន័យដំបៅមិនឈឺយកឈើចាក់ វាជាកត្តា
    យុទ្ធសាស្ត្រដែលសមរង្ស៊ីត្រូវប្រើជាប្រចាំខានមិនបាន ក្នុងន័យកេងចំណេញ
    នយោបាយផង និងដើម្បីបោកប្រាសយកលុយពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែ
    លោភលន់ចង់បានអំណាចផងតាមទិសស្លោកបោកប្រាសថាចូលរួមថវិកាជាមួយ
    សមរង្ស៊ីគឺស្នេហាជាតិ។ ព្រោះថាចូលលុយច្រើន ស្នេហាជាតិច្រើន ចូលលុយតិច
    ស្នេហាជាតិតិច ។
    ភាពជាអ្នកនយោបាយដែលស្មោះត្រង់ចំពោះជាតិនិងប្រជាជនមិនមានឡើយក្នុង
    ជម្រៅចិត្តសមរង្ស៊ី ដែលវាដូចគ្នា ជាមួយកឹមសុខាបេះដាក់។ តែថាអ្នកទាំងពីរនេះ
    ថ្វីត្បឹតចំណុចខាងលើដូចគ្នា តែមានភាពខុសគ្នាសម្រាប់ការប្រជែងយកអំណាច
    សម្រាប់បក្សពួករៀងខ្លួន។ ចំណុចនេះហើយដែលធ្វើឲ្យអតីតបក្សសង្គ្រោះជាតិ ដែលកើត
    ចេញពីសម្ព័ន្ធភាពរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់កឹមសុខា មានការមិនសូវចុះ
    សម្រុងគ្នា ដែលកឹមសុខាបាននិយាយដោយបើកចំហរថា ជាតិជាអ្នកនយោបាយគឺ
    មានតែកឹមសុខាមួយគត់ ដែលអាមេរិកគាំទ្រនិងបង្ហាត់បង្រៀនយុទ្ធសាស្ត្រធ្វើនយោបាយ
    ដោយផ្ទាល់ចាប់តាំងពីឆ្នាំ១៩៩៣មក ដែលវាហាក់ជាសារព្រមានដល់សមរង្ស៊ីថា សូម្បីតែសមរង្ស៊ី
    ក៏មិនមែនជាដៃគូរខាងនយោបាយជាមួយកឹមសុខាដែរ ។
    ពិតហើយក្រោយពេលសមរង្ស៊ីរត់ចេញទៅក្រៅប្រទេស ដើម្បីគេចចេញពីផ្លូវច្បាប់នៅកម្ពុជា
    វាជាឱកាសដែលកឹមសុខា ត្រូវរុញច្រានសមរង្ស៊ីផ្ទប់គៀនជញ្ជាំង។
    រដ្ឋប្រហារក្នុងបក្សសង្គ្រោះជាតិបានចាប់បង្ខំឲ្យសមរង្ស៊ីឲ្យលាលែងចេញពីតំណែង
    ប្រធានគណបក្សសង្គ្រោះជាតិ និងពីសមាជិកភាពក្នុងបក្ស ប្រែក្លាយទៅជាជនសាមញ្ញ
    ធម្មតា។ តែថាការដើរនយោបាយឃុបឃឹតជាមួយបរទេសក្នុងការធ្វើបដិវត្តន៍ពណ៌ដើម្បី
    ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានបើកកកាយចេញពីមាត់កឹមសុខាដែលទើប
    ដណ្តើមតំណែង មេបក្សសង្គ្រោះជាតិ បានពីសមរង្ស៊ី ហើយក៏គាប់ជួនក្នុងពេលដែល
    គណបក្សសង្គ្រោះជាតិបានកើនអាសនៈបន្ថែមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
    ជាមួយនយោបាយភូតភរបោកប្រាសសន្យាផ្តល់ថវិកា៥០ម៉ឺនដុល្លារសម្រាប់ឃុំសង្កាត់
    និមួយៗក្នុងមួយឆ្នាំ។ យើងសុំមិនរម្លឹកពីរឿងសន្យាបោកប្រាសទៀតទេ តែថាក្រោយ
    កឹមសុខា ត្រូវបានជាប់ទោស ពីបទសង្ស័យថាក្បត់ជាតិវាជាឱកាសសម្រាប់អ្នកនយោបាយ
    ទទូរសារុងសមរង្ស៊ីក្រោកឈរវិញដែរ ។
    ក្រោយសម្រេចជោគជ័យក្នុងការដណ្តើមតំណែងជាប្រធានបក្សបានមកវិញ សមរង្ស៊ី
    ដែលប្រាកដក្នុងចិត្តដោយច្បាស់ថា ខ្លួនសមរង្សីផ្ទាល់និងបក្សពួក ដែលកំពុងរត់ភៀស
    ខ្ឡួនទៅក្រៅប្រទេសគេចចេញពីសំណាញ់ច្បាប់ បន្ទាប់ពីបានកសាងកំហុសច្រើនស្អេកស្កះ
    រាប់មិនអស់ក្នុងការចូលរួមដៃជាមួយកឹមសុខា ក្នុងការប្រព្រឹត្តអំពើក្បត់ជាតិ បានរៀបចំ
    ប្រើវិធីនយោបាយដើម្បីកេងចំណេញនយោបាយផង និងដើម្បីបោកប្រាសយកលុយ
    ពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែលោភលន់ចង់បានអំណាចផងតាមទិសស្លោក
    បោកប្រាសថាចូលរួមថវិកាជាមួយសមរង្ស៊ីគឺស្នេហាជាតិ។
    យើងមិនបដិសេធទេថា ក្នុងសកម្មភាពនយោបាយកន្លងមក សមរង្ស៊ី និងកឹមសុខា ទោះបី
    បានប្រើមហិច្ឆិតាដណ្តើមអំណាចគ្នាទៅវិញទៅមកក្នុងបក្សសង្គ្រោះជាតិក្តី តែដើម្បីមាន
    កម្លាំងផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដែលចាគណបក្សកាន់អំណាច ពួកគេបានកសាង
    កម្លាំងប្រតិកិរិយារបស់ពួកគេបានខ្លះ ដែលកម្លាំងទាំងនោះ មានខ្លះនៅក្នុងកម្លាំង
    ប្រដាប់អាវុធ ជាយោធា នគរបាល ជាគ្រូបង្រៀន ជាគ្រូពេទ្យ មួយចំនួននៅតាម
    ស្ថាប័នក្រសួង មន្ទីរនិងក្នុងចំណោមសកម្មជនមូដ្ខាន ដែលពួកអ្នកទាំងនោះ សុទ្ធជាអ្នក
    លោភលន់ខាងបុណ្យសក្តិ ដើម្បីមុខមាត់ ហើយបើពួកគេឈរចំកន្លែងដែលអាចមួលក
    ប្រជាពលរដ្ឋទាញយកប្រយោជន៍សម្រាប់ពួកគេទៀតនោះ ពួកគេរឹតតែមិនខ្លាចក្នុងការធ្វើ
    សកម្មភាពដើម្បីទាញយកប្រយោជន៍ឲ្យពួកគេសម្រាប់ការទម្លាក់កំហុស ដាក់លើការ
    គ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះក៏មានការចូលរួមក្នុងសកម្មភាពបែបនេះ ពី
    សំណាក់សង្គមស៊ីវិល អង្គការសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាលផងដែរ ។
    សំអាងលើកម្លាំងប្រតិកិរិយាក្នុងប្រទេសបែបនេះ ទើបម្តងហើយម្តងទៀត សមរង្ស៊ី បាន
    ធ្វើការអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្លាំងផ្សេងទៀត ដែលពួកគេបានកសាងនៅ
    មូលដ្ឋាន ឲ្យក្រោកឈរប្រឆាំងរដ្ឋាភិបាល ប៉ុន្តែសមរង្ស៊ីប្រហែលភ្លេចគឹតថា ទង្វើក្បត់ជាតិ
    ដែលសមរង្ស៊ីនិងបក្សពួកបានសាងឡើង មិនអាចទាក់ទាញទឹកចិត្តពួកគេបានទៀតឡើយ
    ទោះបីសមរង្សីបញ្ជូនសកម្មជនពីប្រទេសថៃឲ្យមកភ្ជាប់ទំនាក់ទំនងខ្សែរយះរបស់ខ្លួនក្តី ។
    នៅមានសកម្មជនឃ្លានអំណាច តែឆោតល្ងង់ខ្លះក្នុងប្រទេស បានបញ្ចេញភាពហក់កញ្ឆេង
    បញ្ចើចបញ្ជោរសមរង្សី ឲ្យមានសេចក្តីក្លាហានហានវិលត្រឡប់មកកាន់កម្ពុជាវិញ ។
    ពួកគេបានធ្វើឱកាសជួបជុំ ឃោសនានយោបាយ តាមរយះការស៊ីនំបញ្ចុក ការជប់លៀង
    ដែលគ្មានកម្មវិធី ដោយផ្អែកលើពាក្យ សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ តាមការបន្ទរ
    អុចអាលពីសំនាក់សង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដោយភ្លេច
    គឹតពីផ្លូវច្បាប់របស់ជាតិ ។ សកម្មភាពបែបនេះហើយ ទើបជម្រុញឲ្យសមរង្ស៊ី និងបក្សពួក
    អន្ទោកអន្ទោលចង់វិលត្រឡប់មកកម្ពុជាវិញ ហើយដែលការចង់នេះ ធ្វើឡើងក្នុងជំនឿមួយ
    សម្រាប់បរិបទដែលមិនសមហេតុផល។
    ជាមួយជំនឿលង់ប្រកបដោយអំនួត ផ្តល់ឲ្យពីភាពហៃអើពីសំណាក់សកម្មជនអតីត
    គណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ ចោលដោយតុលាការអាស្រ័យលើទោសកំហុស
    ក្បត់ជាតិដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខាដែលកំពុងជាប់ពិរុទ្ធ
    ពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បី
    ផ្តួលរំលំរដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំទាំងពីរមកជាប់ទោសរួមគ្នា
    នៅកម្ពុជានឹងធ្វើឲ្យមានការកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
    ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិនោះ វាជាការវាយតម្លៃខុស ហើយក៏បង្ហាញយ៉ាងច្បាស់ថា
    ខួរក្បាលសមរង្ស៊ី គឺជាខួរក្បាលអ្នកនយោបាយទទូរសារ៉ុង ។
    បើយើងចាំមិនភ្លេច កឹមសុខាដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
    នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយសាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបាន
    ពួនសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមានសកម្មជន
    ជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាមការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួន
    កឹមសុខាពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់កម្លាំងគាំទ្រនៃ
    បក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មានកម្លាំឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹង
    ច្បាស់ថាកឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បីគាំទ្រសមរង្ស៊ី
    និងបក្សពួកដែលជាជនក្បត់ជាតិមិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួនចំពោះមុខច្បាប់
    ថាពួកគេគឺជាជនក្បត់ជាតិដែរនោះទេ ។
    វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ក្នុងការវិលត្រឡប់
    ចូលកម្ពុជាវិញនោះទេ ។
    តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោស
    តាមកំហុសដែលពួកគេបានប្រព្រឹត្តក្នុងអំពើក្បត់ជាតិ។
    វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់សមរង្ស៊ីនិងបក្សពួក ដែលយល់ខុស
    ពីស្ថានភាពបច្ចុប្បន្ននិងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើកលែងទោសពីអង្គ
    ព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ។
    ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិទាំងនេះ មកកាត់ទោសតាមច្បាប់
    ហើយសន្តិភាពជាតិសុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀតក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕