កម្លាំង​សាលាក្រុង​ភ្នំពេញ​វាយ​កម្ទេច​អាគារ​បុរី​កីឡា និង​ចាប់​ខ្លួន​ពលរដ្ឋ​ ១២​នាក់​បន្ថែម​ទៀត

ដោយ អាស៊ីសេរី
2019-09-16
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កម្លាំង​ចម្រុះ​របស់​សាលាក្រុង​ភ្នំពេញ​កំពុង​វាយ​កម្ទេច​អាគារ​បុរី​កីឡា​ចាស់ ​នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ២០១៩។ រូប៖ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR)
កម្លាំង​ចម្រុះ​របស់​សាលាក្រុង​ភ្នំពេញ​កំពុង​វាយ​កម្ទេច​អាគារ​បុរី​កីឡា​ចាស់ ​នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ២០១៩។ រូប៖ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR)


អាជ្ញាធរ​វាយ​កម្ទេច​អាគារ​បុរី​កីឡា​ចាស់ និង​ចាប់​ខ្លួន​ពលរដ្ឋ​១៧នាក់


កម្លាំង​ចម្រុះ​របស់​សាលាក្រុង​ភ្នំពេញ​កំពុង​វាយ​កម្ទេច​អាគារ​បុរី​កីឡា​ចាស់ និង​ចាប់​ខ្លួន​ពលរដ្ឋ ១២នាក់​បន្ថែម​ទៀត ដែល​មិន​ព្រម​ចាក​ចេញ​ពី​អាគារ។ សកម្មភាព​នេះ​ដឹក​នាំ​ដោយ អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ច័ន្ទយ៉ាដា ដែល​ទទួល​បន្ទុក​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​នៅ​តំបន់​បុរី​កីឡា។ សកម្មភាព​វាយ​កម្ទេច​អាគារ​បុរី​កីឡា​នេះ សមត្ថកិច្ច​មិន​អនុញ្ញាត អ្នក​សារព័ត៌មាន និង​អង្គការសង្គម​ស៊ីវិល ចូល​យក​ព័ត៌មាន ឬ​ឃ្លាំមើល​សកម្មភាព​នេះ​ទេ។

តំណាង​សហគមន៍​បុរី​កីឡា លោកស្រី ស ស៊ន ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា​ថា ពលរដ្ឋទាំង១២នាក់ដែលត្រូវសមត្ថកិច្ចចាប់​ខ្លួន​នោះ​រួម​មាន៖ លោកស្រី ញ៉ែន ស្រីនិត ជា​ពលរដ្ឋ​បុរី​កីឡា លោកស្រី ទឹម សាក់មុន្នី និង​កូន​ពីរ​នាក់ អតីត​ពលរដ្ឋ​បុរី​កីឡា លោកស្រី តាំង គឹមស្រួយ និង​កូន​បី​នាក់ និង​ពលរដ្ឋ​បុរី​កីឡា​ផ្សេង​ទៀត ដែល​លោកស្រី​ចាំ​ឈ្មោះ​មិន​អស់។

តំណាង​សហគមន៍​បុរី​កីឡា​រូប​នេះ បញ្ជាក់​ដែរ​ថា ពលរដ្ឋ​ដែល​សមត្ថកិច្ច​ខណ្ឌ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៥ កញ្ញា​ម្សិលមិញ មានចំនួន៥នាក់ មិនមែន៦នាក់ទេ។ លោកស្រី​បន្ត​ថា ពេល​នេះ​អ្នក ទាំង​នោះ​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​មន្ទីរ​សង្គម​កិច្ច​រាជធានី​ភ្នំពេញ។

អាស៊ី​សេរី​មិន​ទាន់​​អាច​ទាក់​​ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ច័ន្ទយ៉ាដា និង​អភិបាល​ខណ្ឌ ៧មករា លោក លឹម សុភា បាន​ទេ ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។


(រូបភាព​អគារ​បុរីកីឡា​ចាស់ និង​អ្នក​ក្រាញ​រស់នៅ ដែល​មិនទទួល​យក​ដំណោះស្រាយ​របស់​សាលារាជធានី​ភ្នំពេញ។ រូប៖ ហ្វេសប៊ុក​អ្នកស្រី ស ស៊ន ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ២០១៩)


What Next?

Recent Articles