សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិភាគតិចព្នង​ម្នាក់ ករណី​ប្រើ​អាវុធ​បាញ់​សត្វ​ខ្ទីង

ដោយ អាស៊ីសេរី
2019-09-16
អាស៊ីសេរី

មន្ត្រីបរិស្ថាន​ចាប់​អាវុធ និង​សាច់​សត្វ​ខ្ទីង ពី​ជន​សង្ស័យ ជាជនជាតិ​ដើម​ភាគតិច​ព្នង នៅ​ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី១៤ ខែ​កញ្ញា ឆ្នាំ​២០១៩។ រូប​ពី​ហ្វេសប៊ុក​មន្ទីរបរិស្ថាន​ខេត្ត
មន្ត្រីបរិស្ថាន​ចាប់​អាវុធ និង​សាច់​សត្វ​ខ្ទីង ពី​ជន​សង្ស័យ ជាជនជាតិ​ដើម​ភាគតិច​ព្នង នៅ​ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី១៤ ខែ​កញ្ញា ឆ្នាំ​២០១៩។ រូប​ពី​ហ្វេសប៊ុក​មន្ទីរបរិស្ថាន​ខេត្ត


មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន នៅ​ខេត្ត​មណ្ឌលគិរី បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ កាលពី​ថ្ងៃ​ទី ១៤ កញ្ញា ពាក់ព័ន្ធ​ករណី​បរបាញ់​សត្វ​ខ្ទីង​ខុសច្បាប់ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច ក្នុងស្រុក​កែវ សីមា។

មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ ជា​ជនជាតិ​ដើម​ភាគតិច​ព្នង ឈ្មោះ ចប់ ហាញ រស់នៅ ឃុំ​មេម៉ង់ ស្រុក​កែវសីមា។ សមត្ថកិច្ច​ឱ្យ​ដឹង​ថា បុរស​នោះ​ត្រូវជា​ឪពុកក្មេក​របស់​ជន​ដៃដល់ ដែល​ធ្វើ​សកម្មភាព​បរបាញ់​សត្វ​ខ្ទីង និង​ដែល​បាន​រត់គេច​ខ្លួន បន្ទាប់ពី​សមត្ថកិច្ច​ចុះ​អនុវត្ត​ច្បាប់។

ទន្ទឹម​នឹង​នេះ មន្ត្រី​បរិស្ថាន​បាន​រឹបអូស វត្ថុ​តាង​ពី​ជនសង្ស័យ រួមមាន អាវុធ​អាកា (AK) ស្វ័យ​បត់ ០១​ដើម និង​គ្រាប់កាំភ្លើង​០៩​គ្រាប់ សាច់​សត្វ​ខ្ទីង​ស្រស់ ៣០​គីឡូក្រាម សាច់​ខ្ទីង​ឆ្អិន ០១​ឆ្នាំង និង​អាវុធ​កែច្នៃ ឬ​កាំភ្លើង​ខ្យល់​ចំនួន ២​ដើម​។ មក​ទល់​ពេល​នេះ មន្ត្រី​ជំនាញ​កំពុង​ស៊ើបអង្កេត ស្វែងរក​ជនសង្ស័យ និង​បក្ខពួក​មួយ​ចំនួន​ទៀត យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles