សមត្ថកិច្ចខេត្តព្រះសីហនុឃាត់ជនជាតិចិន ៦ នាក់ ពីបទប្លន់

​ដោយ ​អូន​ ​ភាព
2019-09-17
RFA

សមត្ថកិច្ច​​ខេត្ត​​ព្រះ​សីហនុ ឃាត់​ជន​ជាតិ​ចិន​ចំនួន​ ៦​ នាក់​ ​បន្ទាប់​ពី​បាន​ប្លន់​បុគ្គលិក​ជន​ជាតិ​ចិន​ដូច​គ្នា ​នៅ​ហាង​ការ៉ាអូខេ​មួយ​កន្លែង​ ឈ្មោះ​ ប៊ុកឃីង​ ហូម​ផាលេស​ (Booking Home Palace) ក្នុង​​សង្កាត់​លេខ​៤​ ​ក្រុង​ព្រះសីហនុ​ កាល​ពី​អាធ្រាត្រ ​ថ្ងៃ​ទី ​១៧​ ខែ​កញ្ញា ​ឆ្នាំ​២០១៩​នេះ។

អ្នក​សម្រប​សម្រួល ​សមាគម​អាដហុក ​អ្នក​ស្រី​ ជាប សុធារី ប្រាប់​អាស៊ីរី​ នៅ​ថ្ងៃ​អង្គារ៍​ទី​ ១៧ ​កញ្ញា​នេះ​ថា ​ជន​ជាតិ​ចិន​ទាំង​ ​៦​ ​នាក់នេះ ​បាន​ចូល​ទៅ​​ហាង​ការ៉ា​អូខេ​ ​​​ ​ហើយ​បាន​វាយ​ជន​ជាតិ​ចិន​ម្នាក់​​ ​ដែល​កំពុង​ធ្វើការ​នៅ​ទី​នោះ​ រួច​ប្លន់​យក​លុយ​ចំនួន​ ២,០០០​ ដុល្លារ​ ហើយ​បាន​គេចខ្លួន​តាម​រថយន្តមួយ​គ្រឿង​ ពណ៌​ខ្មៅ​។

អ្នកស្រី​និយាយថា​ ​កង​រាជអាវុធ​ហត្ថ​ខេត្ត​ព្រះ​សី​ហនុ បាន​ឃាត់​ជន​ជាតិ​ចិន​ទាំង​​ ៦​ នាក់​នេះ​ភ្លាមៗ ​បន្ទាប់​ពី​បាន​ប្រព្រឹត្ត​អំ​ពើ​ប្លន់​ ​​ហើយអាជ្ញាធរ​បាន​នាំ​ខ្លួន​ជន​ជាតិ​ចិន​ទាំង​​​នេះ ​​ទៅ​សាក​សួរ​នៅ​ទី​បញ្ជាការ​កង​រាជអាវុធ​ខេត្ត។​

បច្ចុប្បន្នជនសង្ស័យជនជាតិចិនទាំង ៦នាក់នេះ ព្រម​ទាំង​វត្ថុតាងជាច្រើន ត្រូវបានកម្លាំងកងរាជអាវុធហត្ថកំពុងធ្វើការ សាកសួរស្រាវជ្រាវតាមនីតិវិធីច្បាប់៕


What Next?

Recent Articles

Leave a Reply

Submit Comment