កម្ពុជា​បារម្ភ​អំពី​ការ​រីក​រាលដាល​ការ​រំលោភ​ផ្លូវ​ភេទ​លើ​កុមារ

ដោយ សេក បណ្ឌិត
2019-09-18
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស (គ.ជ.ប.ជ) ក្នុង​នាទី​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA
អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស (គ.ជ.ប.ជ) ក្នុង​នាទី​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA


មន្ត្រី​ជាន់ខ្ពស់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ឱ្យ​ដឹង​ថា កំណើន​នៃ​ការប្រើប្រាស់ អ៊ីនធឺណិត និង​ទូរស័ព្ទ បណ្ដាល​ឱ្យ​កុមារ ត្រូវ​បាន​ជនល្មើស​កេង​ចំណេញ រំលោភបំពាន​ផ្លូវ​ភេទ និង​រំលោភ​សេពសន្ថវៈ​។ បញ្ហា​នេះ​ហើយ ទើប​ជំរុញ​ឱ្យ​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល​បាន​ចាប់ដៃ​គ្នា​ដើម្បី​ប្រយុទ្ធ​នឹង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​នេះ។

អនុប្រធាន​គណ:កម្មាធិការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ឱ្យ​ដឹង​ថា ក្រសួង​មហាផ្ទៃ កំពុង​ចាត់វិធានការ ទៅលើ​បទឧក្រិដ្ឋ​បច្ចេកវិទ្យា​នេះ ព្រោះ​វា​មាន​ការ​ផ្សព្វផ្សាយ អូសទាញ​ធ្វើ​ឱ្យ​មនុស្ស ធ្លាក់​ទៅ​ក្នុង​ការ​ចាញ់បោក​ការ​រំលោភ​ផ្លូវ​ភេទ។

អ្នកស្រី​បន្ថែម​ទៀត​ថា កុមារ​ខ្មែរ​កំពុង​ទទួលរង​ឥទ្ធិពល នៃ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដោយសារតែ​អាជ្ញាធរ​ប្រទេសជិតខាង​កម្ពុជា​ដូចជា​ប្រទេស​ថៃ កំពុងតែ​បង្ក្រាប​ករណី​នេះ​ទើប​បណ្ដាល​ឱ្យ​ជនល្មើស​មក​រក​ទីផ្សារ​កម្ពុជា​វិញ។

អ្នកស្រី​បន្ត​ទៀត​ថា ដើម្បី​បទ​ស្កាត់​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី១៣ សីហា គណ:កម្មាធិការ​ជាតិប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស បាន​ចុះ អនុស្សរណៈ​ជាមួយ​អង្គការ​ដៃគូ​ចំនួន​៦ ដែល​មាន​សមាជិក​រហូត​ដល់​ជិត ១០០​ដៃគូ ដើម្បី​ធ្វើការ​ការពារ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ការរំលោភ​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ៖ «អ៊ីចឹង​រឿង​ផ្លូវ​ភេទ​នេះ យើង​កំពុងតែ​បាន​ជជែក​គ្នា​ខ្លាំង​ណាស់ ព្រោះថា យើង​ចង់​រក​ឱ្យ​ឃើញ​ច្បាស់​ថា ឥទ្ធិពល​អី​ខ្លះ​ដែល​វា​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល នៅ​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​ហ្នឹង ហើយ​បើ​តាម​យើង​ដឹង វា​មិនមែន​តែ​នៅ​កម្ពុជា​ទេ រឿង​ហ្នឹង​នោះ ហើយ​អ្នក​ដែល​មក​ជួញដូរ ឬ​អ្នក​ដែល​បំពាន​ហ្នឹង មាន​មួយ​ចំនួន​ក៏​ជា​ជនបរទេស​ដែរ ហើយ​យើង​ក៏​បាន​បង្ក្រាប យើង​ចាប់​កាត់ទោស យើង​បញ្ជូន​ត្រឡប់​ជា​បន្តបន្ទាប់»

អ្នកស្រី ជូ ប៊ុនអេង និយាយ​ថា ជន​ជាតិ​ចិន​មួយ​ចំនួន ក៏​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ការរំលោភ​ផ្លូវ​ភេទ​លើ​កុមារ​កម្ពុជា​។ អាជ្ញាធរ​កម្ពុជា កំពុង​ធ្វើ​ការ​តាមដាន​ករណី​នេះ៖ «ខ្ញុំ​គិត​ថា បច្ចេកវិទ្យា​ហ្នឹង ខ្មែរ​ដឹង​ក្រោយ​គេ​ទេ ហើយ​រឿង​ដែល​សំខាន់ វា​ចូល​តាម​គេ​ហៅថា តាមរយ​:​ភ្ញៀវ​ទេសចរ ដែល​យើង​មិន​ចាត់ទុកថា ភ្ញៀវ​ទេសចរ​ទាំងអស់​ជា​មនុស្ស​អាក្រក់​ទេ ប៉ុន្តែ វា​បាន​ដោយ​រោយ​មក ហើយ​យើង​បាន​ដឹង​ហើយ​ថា អ្នក​ដែល​ជា​ជនជាតិ​ខាងយើង​ហ្នឹង គឺ​មាន​ប្រទេស​ថៃ មាន​សេវាកម្ម​ហ្នឹង ប៉ុន្តែ​ឥឡូវ​គាត់​រឹត​បន្តឹង​ជាង​មុន អ៊ីចឹង​វា​បែកខ្ញែក ហើយ​យើង​ទទួល​ឥទ្ធិពល​ហ្នឹង»

អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ដើម្បី​បំបាត់​ឧក្រិដ្ឋកម្ម​នេះ អាជ្ញាធរ​ខ្មែរ​ត្រូវ​មាន​សមត្ថភាព​គ្រប់គ្រាន់ ព្រោះ​ជន​ប្រព្រឹត្ត​បទល្មើស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ មាន​ជំនាញ​និង​ចំណេះ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់៖ «យើង​សង្ឃឹមថា បើសិនជា​ក្រុមការងារ​នេះ ពិតជា​បង្កើត​ឡើង ហើយ​មាន​សមត្ថភាព​គ្រប់គ្រាន់​មែន អាច​ធ្វើ​ការទប់ស្កាត់ និង​ចាត់វិធានការ​ទៅលើ​ជន​ប្រព្រឹត្ត​ទាំងអស់​ហ្នឹង​បាន​ហើយ ប៉ុន្តែ​ផ្ទុយ​មកវិញ បើ​មិន​មាន​សមត្ថភាព ឬ​ចំណេះដឹង​ជំនាញ​គ្រប់គ្រាន់​ទេ ខ្ញុំ​គិត​ថា​ពិបាក​ក្នុង​ការ​ចាត់វិធានការ​ណាស់ ព្រោះ​បច្ចេកវិទ្យា​ទាំងនេះ ទាមទារ​អ្នកមាន​សមត្ថភាព​ខ្ពស់»

របាយការណ៍​របស់​គណ:កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស ក្រសួងមហាផ្ទៃ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៦ ខែ​ដើម​ឆ្នាំ​២០១៩ នេះ​ប៉ូលិស​បាន​ជួយសង្គ្រោះ​ជនរងគ្រោះ ២៦៣ នាក់​ពី​ការរំលោភ​ផ្លូវ​ភេទ​ដែល​មាន​ការ​កើនឡើង​ជិត ១៥០ ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

របាយការណ៍​បាន​បញ្ជាក់​ថា ក្នុងចំណោម​ករណី​ទាំងនោះ​មាន​កុមារ​ចំនួន ៧០​នាក់ ដែល​មាន​អាយុ​ក្រោម ១៥​ឆ្នាំ មាន​ជនរងគ្រោះ​ចំនួន ៣១​នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី ១៥ ទៅ ១៨ ឆ្នាំ​ចំនួន ៣១ នាក់។

កាល​ពី​ឆ្នាំ​២០១៨ ប៉ូលិស​បាន​បង្ក្រាប​បទ​ល្មើស​ជួញដូរ​មនុស្ស ចំនួន ១៣៤​ករណី និង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ ១៥៩​ករណី ព្រមទាំង​បាន​ឃាត់ខ្លួន​ចំនួន ២០៣​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment