ជនជាតិ​ដើម​ភាគតិច​ព្នង​ ខេត្ត​មណ្ឌលគិរី​ប្ដឹង​មេឃុំ​ និង​មេ​ប៉ុស្តិ៍​រឿង​បទ​ល្មើស​ព្រៃ​ឈើ

ដោយ វ៉ែន សុមេធ
2019-09-18
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តំណាង​សហគមន៍​​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ នៅ​ខេត្ត​មណ្ឌលគិរី​ មក​ប្ដឹង​មេ​ឃុំ​ដាក់​ដាំ​ មេ​ប៉ុស្តិ៍ និង​មនុស្ស​មួយ​ក្រុម​ទៀត​ ទៅ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​​មណ្ឌលគិរី ថ្ងៃទី១៦ ខែ​កញ្ញា ឆ្នាំ២០១៩។ រូប៖ សហគមន៍
តំណាង​សហគមន៍​​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ នៅ​ខេត្ត​មណ្ឌលគិរី​ មក​ប្ដឹង​មេ​ឃុំ​ដាក់​ដាំ​ មេ​ប៉ុស្តិ៍ និង​មនុស្ស​មួយ​ក្រុម​ទៀត​ ទៅ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​​មណ្ឌលគិរី ថ្ងៃទី១៦ ខែ​កញ្ញា ឆ្នាំ២០១៩។ រូប៖ សហគមន៍


សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ នៅ​ខេត្ត​មណ្ឌលគិរី​ ប្ដឹង​មេ​ឃុំ​ដាក់​ដាំ​ មេ​ប៉ុស្តិ៍ និង​មនុស្ស​មួយ​ក្រុម​ទៀត​ ទៅ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​នេះ​ ទាក់ទិន​ករណី​ មិន​ប្ដឹង​បរិហារ​បទ​ល្មើស​ឧក្រិដ្ឋ​ព្រៃ​ឈើ​ និង​ការ​កាប់​រុករាន​ទន្ទ្រាន​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់។ ក្រុម​ជនជាតិ​ដើម​ភាគ​តិច​អះអាង​ថា​ មេឃុំ​ និង​មេ​ប៉ុស្តិ៍​ដាក់ដាំ​ បាន​មើល​រំលង​មិន​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​សហគមន៍​ បាត់បង់​ដីធ្លី​ ព្រៃឈើ​ ប៉ះពាល់​ប្រពៃណី​វប្បធម៌​ និង​ជីវភាពរស់នៅ។

តំណាង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ រស់​នៅ​ភូមិ​ពូលុ​ ឃុំ​ប៊ូស្រា​ ស្រុក​ពេជ្រាដា លោក ក្លាង ថូល ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៧ កញ្ញា​ថា​ មូលហេតុ​ដែល​ពួក​គេ​ប្ដឹង មេឃុំ​ និង​មេ​ប៉ុស្តិ៍​ដាក់ដាំ​ ដោយសារ​អាជ្ញាធរ​ទាំង​នោះ​ មិន​អើពើ​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​។ ​ពួក​គេ​អះអាង​ថា​ ការ​ធ្វេស​ប្រហែល​របស់​អាជ្ញាធរ​មូលដ្ឋាន​ មិន​ទប់​ស្កាត់​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ​ គឺ​ជា​ដើម​ចម​ រុញ​ច្រាន​ឱ្យ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ក្លាយ​ជា​ជន​រង​គ្រោះ​ ទាក់ទិន​បញ្ហា​ដីធ្លី​ ព្រៃឈើ​ និង​បាត់​បង់​ទី​កន្លែង​អាស្រ័យ​ផល​ជាដើម។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ២នាក់​ ក្នុងចំណោម​ជនជាតិ​ដើម​ភាគតិច​ជាង​ ១០០​គ្រួសារ​ បាន​ប្ដឹង​មេឃុំ​ដាក់ដាំ​ លោក​ ចាស់​ ណា​ និង​​មេ​ប៉ុស្តិ៍​ដាក់ដាំ​ លោក​ លៀង​ សំណាង​ ទៅ​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ ខេត្ត​មណ្ឌលគិរី​ ពី​បទ​មិន​ប្ដឹង​បរិហារ​បទ​ល្មើស​ឧក្រិដ្ឋ​ ឬ​មជ្ឈិម​ ដោយ​អ្នក​រាជការ​សាធារណៈ។ ក្នុង​​បណ្ដឹង​នោះ​ សហគមន៍​បាន​ប្ដឹង​ ជន​សង្ស័យ​ម្នាក់ទៀត​ ករណី​ឈូស​ឆាយ​ ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ។ បណ្ដឹង​នេះ​ត្រូវ​បាន​តំណាង​សហគមន៍​ដាក់​ទៅ​ស្ថាប័ន​អយ្យការ​ខេត្ត​រួច​រាល់​ហើយ កាល​ពី​ថ្ងៃ​ទី១៦ កញ្ញា​កន្លង​ទៅ។

អនុប្រធាន​សហគមន៍​ភូមិ​ពូលុ​ លោក​ ក្លា​ង ថូល​ អះអាង​ថា ព្រៃ​សហគមន៍​ភូមិ​ពូលុ​ ដែល​មាន​ទំហំ​ជាង​ ៨ពាន់​ហិកតារ (.០០០) ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​ឃុំ​ដាក់ដាំ​ នៃ​ស្រុក​អូរ​រាំង។ លោក​ថា​ ព្រៃ​សហគមន៍​នេះ​ ទទួល​រង​ការ​កាប់​រុករាន​ទន្ទ្រាន​កាន់កាប់​ជា​សម្បត្តិ​បុគ្គល​ អស់​ប្រមាណ​ ៤.០០០ពាន់​ហិកតារ​ ដោយសារ​អាជ្ញាធរ​ឃុំ​ និង​មេ​ប៉ុស្តិ៍​មាន​ចេតនា​ ធ្វេសប្រហែស​ មិន​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ។ លោក​អស់សង្ឃឹម​ និង​អស់​ជំនឿ​ ពី​ប្រសិទ្ធភាព​ការងារ​របស់​អាជ្ញាធរ​ទាំង​នោះ​ ហើយ​រំពឹង​ថា​ ប្រព័ន្ធ​តុលាការ​ នឹង​វិនិច្ឆ័យ​សំណុំ​រឿង​នេះ​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌៖ « ហេតុ​ដែល​ពួក​ខ្ញុំ​ប្ដឹង បរិហារ តា​មេ​ប៉ុស្តិ៍ និង​មេ​ឃុំ ដោយសារ​ពួក​គាត់​ហ្នឹង គ្មាន​យក​ចិត្ត​ទុក​ដាក់ ការពារ​តំបន់​នោះ។ ក្នុង​នោះ​គាត់​អះអាង​ថា ដែន​ដី​របស់​គាត់ ហេតុ​អី​បាន​ជា​លែង​ដៃ​ឲ្យ​ពួក​ជន​បទ​ល្មើស​ហ្នឹង ចេះ​តែ​កាប់​ទន្ទ្រាន ហិនហោច ប៉ះ​ពាល់​ដល់​ណា​ដល់​ណី។ តាម​ពិត​ពួក​ខ្ញុំ​បាន​ចងក្រង​សហគមន៍ ដោយសារ​កម្មសិទ្ធិ​ពី​ដូន​តា​យើង»

អាស៊ី​សេរី​មិនទាន់​អាច​ទាក់ទង​ មេ​ប៉ុស្តិ៍​ដាក់ដាំ លោក លៀង សំណាង ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ពាក្យ​បណ្ដឹង​នេះ​ បាន​ថា​យ៉ាងណា​ នៅឡើយ​ទេ​នៅ​ថ្ងៃ​ទី១៧ កញ្ញា។

ចំណែក​មេឃុំ​ដាក់ដាំ​ លោក​ ចាស់​ ណា​ បដិសេធ​មិន​អធិប្បាយ​រឿង​នេះ​ ដោយ​លោក​ថា​ កំពុង​ជាប់រវល់​ប្រជុំ៖ «ជាប់​ប្រជុំ​បន្តិច​ក្មួយ»

រី​ឯ​តំណាង​អយ្យការ​អម​សាលាដំបូង​ ខេត្ត​មណ្ឌលគិរី​ លោក​ ម៉ម​ វ៉ាន់​ដា​ ក៏​មិន​លើក​ទូរស័ព្ទ​នៅ​ថ្ងៃ​ដដែល​នេះ។

កាលពី​ឆ្នាំ​ ២០១៦​ សហគមន៍​ភូមិ​ពូលុ​ បាន​ស្នើ​ដី​ជាង​ ៨ពាន់​ហិកតារ​នៅ​តំបន់​ទ្រនាប់​ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាមលៀរ សម្រាប់​គ្រប់គ្រង​ជា​ព្រៃ​ការពារ​សហគមន៍។ រី​ឯ​ក្រសួង​មហាផ្ទៃ​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ អាស្រ័យផល​ព្រៃ​នៅ​តំបន់​នោះ​ដែរ។ ដោយ​ឡែក​ក្រសួង​ដែន​ដី​ នៅ​មិន​ទាន់​ឯកភាព​ ទទួល​ស្គាល់​សំណើ​របស់​សហគមន៍​នៅ​ឡើយ​ទេ។

ប្រជា​សហគមន៍​ ១៥នាក់​ បាន​ចុះ​ល្បាត​ព្រៃ​សហគមន៍​ភូមិ​ពូលុ​ កាល​ពី​ថ្ងៃ​ទី១២ កញ្ញា​កន្លង​ទៅ ដោយ​បាន​ប្រទះ​ឃើញ​ ក្រុម​កម្មករ​មួយ​ក្រុម​ ប្រើ​ម៉ាស៊ីន​ត្រង់សឺន័រ​អារ​រំលំ​ដើម​ឈើ​ យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ នៅ​ចំណុច​ព្រៃ​កប់​សព​ តំបន់​ភ្នំ​យោក​ក្រាំង។ សហគមន៍​បាន​ផ្ដល់​ព័ត៌មាន​នេះ​ ទៅ​អាជ្ញាធរ​ឃុំ​ និង​មន្ត្រី​ប៉ុស្តិ៍​ តែ​គ្មាន​ប្រសិទ្ធភាព។

សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ខេត្ត​មណ្ឌលគិរី​ លោក​ ក្រើ​ង តុលា​ សង្កេត​ឃើញ​ថា​ សកម្មភាព​កាប់​រុករាន​ ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ភូមិ​ពូ​លូ​ អាច​ធ្វើ​ទៅ​បាន​ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​ មិន​អើពើ​ និង​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ។ លោក​ថា​ មក​ទល់​ពេល​នេះ​ ដី​ព្រៃ​សហគមន៍​នេះ​ ត្រូវ​បាន​គ្រប់គ្រង​ជា​កម្មសិទ្ធិ​ឯកជន​​អស់​មួយ​ផ្នែក​ធំ​ និង​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់​ស្រុក​ និង​ខេត្ត​ខ្លះ​ រំលោភ​ដី​ព្រៃ​នៅ​ទីនោះ​អស់​ជា​ច្រើន​ហិកតារ៖ «មាន​ន័យ​ថា នៅ​ពេល​ដែល​គាត់​រាយការណ៍​កន្លង​មក មេ​ប៉ុស្តិ៍​តែងតែ​គំរាមកំហែង ក៏​ដូច​ជា​មេ​ឃុំ មិន​អើពើ ចំពោះ​អ្វី​ដែល​ពួក​គាត់​រាយការណ៍ និង​អ្វី​ដែល​ពួក​គាត់​ប្ដឹង។ ជំរុញ​ឲ្យ​ពលរដ្ឋ​ដាក់​ពាក្យ​បណ្ដឹង​ឲ្យ​ច្រើន​ជាង​ហ្នឹង​ទៅ​ទៀត ដោយសារ​ឧក្រិដ្ឋ​បទ​ល្មើស​ព្រៃ​ឈើ មិន​ថយ​ទេ នៅ​តែ​កើន​ឡើង ។ អាជីវកម្ម​ទន្ទ្រាន​លូច​ដី​រដ្ឋ សម្បត្តិ​ជាតិ​នៅ​តែ​មាន បទ​ល្មើស​ព្រៃ​ឈើ​នៅ​កម្ពុជា មាន​ច្រើន​ប្រភេទ​ណាស់»

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី​ លោក​ អ៊ាង ម៉េងលី ចាត់​ទុក​បណ្ដឹង​របស់​ពលរដ្ឋ​ជា​រឿង​ត្រឹមត្រូវ និង​ស្របតាម​ច្បាប់។ លោក​ថា​ តុលាការ​ ត្រូវតែ​ចាត់​វិធានការ​ករណី​នេះ​ ប្រសិនបើ​រក​ឃើញ​ថា​ អាជ្ញាធរ​ឃុំ​ និង​មេ​ប៉ុស្តិ៍​ធ្វេសប្រហែស​ មិន​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ត្រូវ​មាន​ទោស​ ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​មាត្រា ៥២៨៖ «អាជ្ញាធរ និង​តុលាការ​គួរ​តែ​ចាត់​វិធានការ​ករណី​នេះ ប្រសិន​ជា​រក​ឃើញ​ថា អាជ្ញាធរ​ធ្វេស​ប្រហែល ឬ​មិន​អើពើ នៅ​ពេល​មាន​បទ​ល្មើស​កើត​ឡើង មិន​រាយការណ៍​ទៅ​សមត្ថកិច្ច និង​តុលាការ ដូច​អ្វី​ដែល​ពលរដ្ឋ​លើក​ឡើង​ចោទ​ប្រកាន់​ករណី​នេះ»

ក្រម​ព្រហ្មទណ្ឌ​មាត្រា​ ៥២៨​ ចែង​ថា​ អាជ្ញាធរ​ដែល​មិន​ប្ដឹង​បរិហារ នៅ​ពេល​ដឹង​ថា​មាន​​​បទ​ល្មើស​ឧក្រិដ្ឋ ឬ​មជ្ឈិម​នោះ នឹង​ត្រូវ​ទទួលការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១ឆ្នាំ​ដល់​ ៣ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី ២លាន​រៀល​ដល់​ ៦លាន​រៀល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles