លោក ហ៊ុន សែន សរសើរ​ខ្លួនឯង​រឿង​បញ្ជូន​ពលករ​ទៅ​បរទេស

ដោយ ថន ថារ៉ូ
2019-09-18
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​រោងចក្រ ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៨។ Photo courtesy of SPM's Facebook page
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​រោងចក្រ ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៨។ Photo courtesy of SPM’s Facebook page


មេដឹកនាំ​របប​ក្រុងភ្នំពេញ បន្ត​ប្រតិកម្ម​ទៅ​នឹង​អ្នក​រិះគន់​រឿង​ចំណាកស្រុក ហើយ​សរសើរ ខ្លួនឯង​ថា បាន​ប្រឹងប្រែង​ជួយ​រក​ការងារ​ជូន​ពលរដ្ឋ​តាមរយៈ​ការងារ​ចំណាកស្រុក​នេះ​។ ពលរដ្ឋ និង​សង្គម​ស៊ីវិល ថា ការ​លើកឡើង​របស់ លោក ហ៊ុន សែន គឺ​មិនបាន​គិតដល់​ពលករ​ដែល​រងគ្រោះ​នោះ​ទេ។ ពួកគេ​ជំរុញ​ឱ្យ​របប​លោក​ហ៊ុន សែន គួរតែ​ព្យាយាម​បង្កើត​ការងារ​ឱ្យ​បាន​ច្រើន​សម្រាប់​ពលករ​ដែល​គ្មាន​ជំនាញ ជាជាង​បញ្ជូន ឬ​ទុក​ឱ្យ​គាត់​បង្ខំចិត្ត​ចំណាកស្រុក ព្រោះ​ពួកគាត់​ងាយ​រងគ្រោះ​ដោយ​មូលហេតុ​ផ្សេងៗ។

ប្រមុខ​រដ្ឋាភិបាល​ឯក​បក្ស​លោក ហ៊ុន សែន ឆ្លើយតប​ជា​ថ្មី​ទៀត​ចំពោះ​មតិ​ដែល​រិះគន់​លោក​រឿង​ដឹកនាំ​ធ្វើ​ឱ្យ​មាន​ពលរដ្ឋ​ចំណាកស្រុក​ច្រើន​ថា បញ្ហា​ចំណាកស្រុក​មិនមែន​តែ​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ពោល​គឺ​ប្រជាពលរដ្ឋ​ប្រទេស​ដទៃ​ក៏​ធ្វើ​ចំណាកស្រុក​ដែរ​។ លោក​អួត​សរសើរ​ថា នេះ​ជា​ការ​ខិតខំ​របស់​របប​លោក ក្នុង​ស្វែងរក​ការងារ​ជូន​ប្រជាពលរដ្ឋ។

ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣ ក្នុង​ក្របខ័ណ្ឌ ៥​ប្រទេស CLMTV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម​) លោក ហ៊ុន សែន លើកឡើង​ថា ការ​បញ្ជូន​ពលករ​ឱ្យ​បម្រើការ​នៅ​ក្រៅ​ប្រទេស មិនមែន​ជា​ការ​បណ្ដេញ​ឱ្យ​ទៅ​ធ្វើ​ខ្ញុំគេ ដូចជា​ការចោទប្រកាន់​មួយ​ចំនួន​នោះ​ឡើយ​។ លោក​អះអាង​ថា រដ្ឋាភិបាល​របស់​លោក កំពុង​ប្រឹងប្រែង​ជាមួយ​ប្រទេស​ដទៃ​ទៀត ដើម្បី​ធ្វើ​យ៉ាង ណា​ធានា​ពី​ការ​ការពារ​សិទ្ធិ និង​អត្ថប្រយោជន៍​របស់​ពលករ​ចំណាកស្រុក​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​នៅ ពេល​ខាងមុខ៖ «ក៏ប៉ុន្តែ​ចង្រៃ​អី​នៅ​ប្រទេស​កម្ពុជា កាលដែល​យើង​បាន​ខិតខំ​ស្វែងរក​ឱកាស​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ដូចជា​នៅ​កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី ថៃ​និង​សាំងហ្គាពូ (សិង្ហបុរី) ជាដើម បែរជា​គេ​ចាត់ទុកថា យើង​បាន​បញ្ជូន​មនុស្ស​ឱ្យ​ទៅ​ស៊ីឈ្នួល​គេ ទៅ​ធ្វើ​ខ្ញុំគេ​ប៉ុន្តែ​ឥឡូវ​សូម​យើង​ដាក់​សំណួរ​សួរ​មើល​ថា បើ​មិន​ធ្វើការ​ទេ តើ​អ្នកណា​អាច​រស់​ទៅ​បាន ។ ធ្វើការ​មាននៅ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស»

លោក ហ៊ុន សែន និង​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក ធ្លាប់​បាន​លើកឡើង​ជារឿយៗ​ថា ពលរដ្ឋ​ចេញទៅ​ធ្វើ​នៅ​ក្រៅ​ប្រទេស គឺជា​គោលនយោបាយ​មួយ​ដែល​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជីវភាព​ល្អ​ប្រសើរ។

ផ្ទុយ​ពី​ការ​លើកឡើង​នេះ ពលករ​នៅ​ប្រទេស​ថៃ​មួយ​រូប លោក អ៊ុន សំណាង រៀបរាប់​ថា លោក បាន​បង្ខំចិត្ត​ចាកចេញ​ពី​ភូមិកំណើត​នៅ​ខេត្ត​តាកែវ ដើម្បី​ធ្វើ​ការងារ​ជា​សន្តិសុខ​នៅ​ប្រទេស​ថៃ ជិត​១០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​លោក​នៅតែ​មិន​មាន​ជីវភាព​ល្អ​ប្រសើរ​ឡើយ។ ពលករ​រូប​នេះ បន្ត​ថា អ្វី​ដែល លោក ហ៊ុន សែន លើក​ឡើង គឺ​មិនបាន​គិតដល់​ពលករ​ដែល​រងគ្រោះ​នោះ​ទេ ពោល​គឺ​ចង់​បានតែ​ផល​ប្រយោជន៍​នយោបាយ​ពី​ប្រជាពលរដ្ឋ​ដែល​មិន​ដឹង​រឿង​ប៉ុណ្ណោះ។ លោក​អះអាង​ថា ពលករ​ខ្មែរ គ្មាន​សំណាង​ដូច​ពលករ​ប្រទេស​គេ​នោះ​ទេ ព្រោះ​ពលករ​ខ្មែរ​វេទនា​តាំងពី​មុន​ពេល​បាន​មក​ធ្វើការ​ម្ល៉េះ ដូចជា​លំបាក​រឿង​ធ្វើ​ឯកសារ​ដែល​មាន​តម្លៃ​ថ្លៃ​ចាប់ពី ៦​រយ​ទៅ​១​ពាន់​ដុល្លារ និង​ពេល​បាន​ធ្វើ​ការ គឺ​ប្រឈម​ការ​ធ្វើ​បាប ការ​ចាញ់​បោក​ក្រុមហ៊ុន​។ លោក​ថា មន្ត្រី​រដ្ឋាភិបាល​មិន​បាន​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ឡើយ៖ «និយាយ​រួម​តាំងពី​ចេញពី​ស្រុក​ខ្មែរ​មក​គឺ​លំបាក​តែ​ម្នាក់ៗ ចេះតែ​តស៊ូ ដូច​ជាទី​១ ពិបាក​រឿង​ធ្វើ​លិខិត​ក្រដាស​ស្នាម​ធ្វើដំណើរ តម្លៃ​ចាប់ពី​២​ម៉ឺន​បាត​ទៅ ៣​ម៉ឺន​បាត ។ ទី​២ ពេល​បាន​ធ្វើការ​ហើយ​គឺ​មិន​អាច​ប្ដូរ​ថៅកែ​បានទេ ។ ឧទាហរណ៍​ថា ពេល​យើង​មាន​បញ្ហា​ជាមួយ​ថៅកែ ក ហើយ​ចង់​ដូរ​ទៅ​ថៅកែ​ខ គឺ​គេ​មិន​ឱ្យ​ដូរ​ទេ គឺ​គេ​តម្រូវ​ឱ្យ​យើង​ធ្វើ​លិខិតស្នាម​ម្ដង​ទៀត ដែល​អស់ (ប្រាក់) ច្រើន​ម្តង​ទៀត។ ខ្ញុំ​មើល​មិន​ឃើញ​ថា រដ្ឋាភិបាល​ខិតខំ​ប្រឹង​បែង​នោះ​ទេ សូម្បីតែ​មានរឿង​បញ្ហា​អី គឺ​ពឹង​ពាក់​ទៅ​ស្ថានទូត​គឺ​ស្ថានទូត​មិន​ទាំង​លើក​ទូរស័ព្ទ​ផង»

ពលករ​រូប​នេះ បន្ត​ទៀត​ថា គ្មាន​អ្នកណា​ចង់​បែកបាក់​គ្រួសារ​នោះ​ទេ ប៉ុន្តែ​ដោយសារតែ​កត្តា​ជីវភាព ជាប់​បំណុល​ធនាគារ ព្រោះ​នៅ​ស្រុកកំណើត​គ្មាន​មុខរបរ ឬ​ប្រាក់​ឈ្នួល​ទាប ហើយ​ធ្វើស្រែ​ចម្ការ គ្មាន​ទីផ្សារ​សម្រាប់​លក់​កសិផល ទើប​លោក​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន​បែបនេះ​។ លោក​យល់ថា រដ្ឋាភិបាល មិន​គួរ​មាន​មោទនភាព​រឿង​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ ផ្ទុយទៅវិញ​គួរតែ មាន​ភាព​ខ្មាសអៀន​ប្រទេសជិតខាង​ដែល​មាន​លទ្ធភាព​បង្កើត​ការងារ​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ៖ «លោក ហ៊ុន សែន ចេះតែ​អួត​អ៊ីចឹង គឺ​កាន់តែ​ធ្វើ​ឱ្យ​ខ្លួនឯង​ខុស បង្ហាញ​ថា អត់​មាន​សមត្ថភាព ហើយ​អត់​ចេះ​ខ្មាស​គេ​ថា ប្រទេស​គេ​មាន​សមត្ថភាព​ផ្ដល់​ប្រាក់ខែ​ខ្ពស់ៗ​ជូន​ពលករ ហើយ​ខ្លួនឯង​អត់​រក​វិធី​ដើម្បី​ផ្គត់ផ្គង់​ប្រាក់ខែ​ឱ្យ​បាន​ច្រើនៗ​ដូច​គេ។ កម្មករ​មក​ធ្វើការ​នេះ​លំបាក​ចង់​ងាប់ បែរជា​ដើរ​អួត​ថា កម្មករ​មាន​សំណាង​ទៅវិញ»

តួលេខ​របស់​ក្រសួង​ការងារ​ក្នុង​ឆ្នាំ​២០១៨ ឱ្យដឹង​ថា ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​បរទេស មាន​ជាង ១ លាន ២ សែន​នាក់ ហើយ​បាន​នាំ​ចំណូល​មក​ស្រុក​ខ្មែរ​ជាង​២​ពាន់ ៣​រយ​លាន​ដុល្លារ។ ក្រសួង​អះអាង​ទៀត​ថា ក្រៅពី​ថវិកា ពលករ​ខ្មែរ​ក៏​ទទួល​បាន​មុខជំនាញ​វិជ្ជាជីវៈ ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ផង​ដែរ។

មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា មាន​ប្រសាសន៍​ថា ការ​ស្វែង​រក​ការងារ​ជូន​ពលរដ្ឋ​គឺជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល ប៉ុន្តែ​ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​ក៏​ត្រូវ​គិត​គួរ​អំពី​សេចក្ដី​សុខ និង​សុវត្ថិភាព​របស់​ពលករ​ផង​ដែរ ។ លោក​មើលឃើញ​ថា មុននឹង​ទទួល​បាន​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស ក្រុម​ពលករ​ត្រូវ​ចំណាយ​ប្រាក់​អស់​ជាច្រើន ជា​ឧទាហរណ៍​ទៅ​ប្រទេស​ថៃ​ចំណាយ​យ៉ាងហោចណាស់ ១​ពាន់​ដុល្លារ ចំណែក​ទៅ​ប្រទេស​កូរ៉េ និង​ជប៉ុន​វិញ ត្រូវ​ចំណាយ​ចាប់ពី ៥​ពាន់​ទៅ ៧​ពាន់​ដុល្លារ។ លោក​ថា បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ពលករ​ជាច្រើន​ត្រូវ​ជាប់​ផុង​ក្នុង​បំណុល​ធនាគារ៖ «មិនមែន​ចេះតែ​ទៅ​គាត់​សមប្រកប​ទេ អាច​ចាញ់បោក​គេ​ហើយ គាត់​ខ្លះ​ខ្ចី​ប្រាក់​គេ ៥ ទៅ ៦​ពាន់​ដុល្លារ ធ្វើ​ឱ្យ​ជាប់​បំណុល​ធនាគារ​ហើយ​ការប្រាក់​ចេះតែ​កើន ឡើង​ច្រើន។ ទី​២ ខាង​ស្ថាប័នរដ្ឋ មិន​មាន​គោល​នយោបាយ​ដាក់​កំណត់​ឱ្យ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ ថា មិន​ឱ្យ​លើស​ពី​៣​ខែ បន្ទាប់ពី​ដាក់ពាក្យ​គឺ​ត្រូវតែ​បញ្ជូន​ពលករ​ចេញ​ទៅ។ ដូច្នេះ​ដំណើរការ នៃ​ការ​ជ្រើសរើស និង​តម្លៃ​ត្រូវតែ​សមស្រប។ ពេល​ទៅ​ដល់​ប្រទេស​គោលដៅ​ហើយ គឺ​តួនាទី​របស់​រដ្ឋ ត្រូវ​ចុះ​តាមដាន​ត្រួតពិនិត្យ​ការអនុវត្ត​ការងារ​របស់​ពលរដ្ឋ​នៅ​ស្រុក​គេ​នោះ​ថា តើ គេ​គោរព​សិទ្ធិ​របស់​ពួកគាត់​ទេ និង​មិន​ត្រូវ​បាន​គេ​រំលោភបំពាន និង​កេង​ប្រវ័ញ្ច​ដែរ​ឬ​ទេ»

សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ ទទួល​ស្គាល់​ថា ប្រទេស​ណា​ក៏​មាន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​គេ​ផ្សេងៗ​ដែរ ប៉ុន្តែ​ពលករ​ប្រទេស​គេ មិនមែន​ធ្វើ​ចំណាកស្រុក​ដោយ​បង្ខំចិត្ត​ឡើយ គឺជា​ជម្រើស ហើយ​ប្រជាពលរដ្ឋ​គេ​ទៅ​ធ្វើការ​ក្នុង​ឋានៈ​ជា​ពលករ​ជំនាញ ឬ​អ្នកគ្រប់គ្រង​តែម្ដង ខុស​ឆ្ងាយ​ពី​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ក្នុង​ឋានៈ​ជា​ពលករ​ប្រើ​កម្លាំង និង​ទទួល​បាន​ប្រាក់ខែ​ទាប ហើយ​ងាយ​រងគ្រោះ​។ លោក​សង្កេត​ឃើញ​ថា ពលករ​ខ្លះ​ដែល​អាច​រក​ចំណូល​បាន​ជួយ​គ្រួសារ​នោះ គឺ​អាស្រ័យ​លើ​សំណាងល្អ​របស់​ខ្លួន​ដែល​ជួប​ថៅកែ និង​ក្រុមហ៊ុន​ល្អ ប៉ុន្តែ​មិនមែន​ដោយសារ តែ​ប្រព័ន្ធ​បញ្ជូន​ពលករ​របស់​រដ្ឋាភិបាល​នោះ​ទេ​។ លោក​បន្ត​ថា លោក ហ៊ុន សែន មិន​គួរ​ប្រៀបធៀប​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ប្រទេស​ឡាវ ភូមា និង​ហ្វីលីពីន​ទេ ព្រោះ​ប្រទេស​ទាំងនេះ មាន​ប្រព័ន្ធ​ការពារ​ពលករ​បាន​យ៉ាង​ល្អ ខុស​ឆ្ងាយ​ពី​កម្ពុជា៖ «ខ្ញុំ​ឧទាហរណ៍​ថា រឿង​កុមារ​ដែល​ទៅ​ធ្វើ​ការ​ជាមួយ​ឪពុក​ម្តាយ​នៅ​ប្រទេស​ចុះ ភាគច្រើន​មិន​ទទួល​បាន​ការអប់រំ​រៀន​សូត្រ​ទេ ដោយសារ​ឪពុកម្ដាយ​មិនសូវ យល់ ហើយ​ពួក​គាត់​ពួនៗ​លាក់ៗ​មិនសូវ​ហ៊ាន​បង្ហាញខ្លួន ហើយ​ស្ថាប័ន​រដ្ឋ​មិន​បាន​ទៅ​តាម​ដាន និង​សហការ​ជាមួយ​ប្រទេស​ទទួល​ឱ្យ​ផ្តល់​ឱកាស​ឱ្យ​កុមារ​បាន​សិក្សា​រៀន​សូត្រ​ឡើយ។ បើ​និយាយ​ពី​ការ​ផ្តល់​ភាព​ស្របច្បាប់​វិញ គឺ​ប្រទេស​ភូមា​ផ្ទល់​ភាព​ស្រប​ច្បាប់​ជូន​ពលករ​ច្រើនជាង​ប្រទេស​យើង»

តាម​ការ​ប៉ាន់ស្មាន​ក្រៅផ្លូវការ​របស់​អង្គការ​សង់ត្រាល់ (CENTRAL) ចំនួន​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​បរទេស មាន​ជាង ២​លាន​នាក់ ដែល​ក្នុង​នោះ​ជិត​២​លាន​នាក់ កំពុង​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់។

របាយការណ៍​រួមគ្នា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ហៅ​កាត់​ថា (ILO) និង​អង្គការ​ទេសន្តរប្រវេសក៍​អន្តរជាតិ ហៅ​កាត់​ថា (IOM) ដែល​ចេញផ្សាយ​ក្នុង​ឆ្នាំ​២០១៧ បាន​រក​ឃើញ​ថា ពលករ​ចំណាកស្រុក​ខ្មែរ ៨​នាក់ ក្នុងចំណោម​១០​នាក់​ត្រូវ​បាន​រំលោភបំពាន​សិទ្ធិ​ការងារ និង​៧​នាក់​ក្នុងចំណោម ១០​នាក់ បាន​កើត​ជំងឺ​ផ្លូវ​ចិត្ត។

លោក ឌី ថេហូយ៉ា ផ្ដល់​មតិ​ថា ជម្រើស​ទី​មួយ គឺ​រដ្ឋាភិបាល គួរតែ​ពិចារណា​បង្កើត​មុខរបរ និង​ការងារ​ក្នុងស្រុក​ឱ្យ​បាន​ច្រើន សម្រាប់​ពលករ​ដែល​អត់​មាន​ជំនាញ ជាជាង​បញ្ជូន​ពួកគាត់ ឬ​ទុក​ឱ្យ​គាត់​បង្ខំចិត្ត​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​។ ជម្រើស​ទី​២ ប្រសិនបើ​រដ្ឋាភិបាល មិនទាន់​អាច​កាត់បន្ថយ​បញ្ហា​ចំណាកស្រុក បានទេ គឺ​រដ្ឋាភិបាល ត្រូវ​ពង្រឹង​ប្រព័ន្ធ​ការពារ​ពលករ តាមដាន​ក្រុមហ៊ុន​បញ្ជូន និង​ទទួល​ពលករ​ដើម្បី​ធានា​កុំ​ឱ្យ​ពលករ​ចាញ់បោក និង​រងគ្រោះ​។ ទន្ទឹមគ្នា​នេះ រដ្ឋាភិបាល​ត្រូវ​ផ្ដល់​ជំនាញ​វិជ្ជាជីវៈ ដល់​ពលករ​មុន ចេញទៅ​ធ្វើការ​។ បន្ទាប់ពី​ពលករ​បញ្ចប់​កុងត្រា ការងារ នៅ​ក្រៅ​ប្រទេស រដ្ឋាភិបាល​ត្រូវ​រៀបចំ​គម្រោង​ធ្វើ​មាតុភូមិនិវត្តន៍​ដើម្បី ផ្ដល់​ឱកាស​ឱ្យ​ពលករ​យក បទពិសោធន៍​និង​ជំនាញ​នៅ​ប្រទេស​ផ្សេងៗ មក​បម្រើ​ការងារ​នៅ​ក្នុង​ស្រុក​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment