សកម្មជន​បរិស្ថាន​​សុំ​​របប​ក្រុង​ភ្នំពេញ​បើក​​ឲ្យ​សាធារណជន​ចូល​​មើល​​ទីតាំង​​ផ្ទុក​​សំរាម ៨៣​កុងតឺន័រ ដើម្បី​​ឱ្យ​​ប្រាកដ​​ថា ពិត​​ជា​​បាន​​បញ្ជូន​​ចេញ​​អស់

ដោយ ថន ថារ៉ូ
2019-09-18
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កាកសំណល់​ពី​បរទេស​ចំនួន ៨៣​កុងតឺន័រ ទម្ងន់​ប្រមាណ ១.៦០០​តោន ចូល​មក​កំពង់ផែ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃទី១៦ កក្កដា ២០១៩។ រូប​ពី​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន
កាកសំណល់​ពី​បរទេស​ចំនួន ៨៣​កុងតឺន័រ ទម្ងន់​ប្រមាណ ១.៦០០​តោន ចូល​មក​កំពង់ផែ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃទី១៦ កក្កដា ២០១៩។ រូប​ពី​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន


សកម្មជនបរិស្ថានស្នើអាជ្ញាធរអនុញ្ញាតឲ្យសាធារណៈជន ចូលមើលទីតាំងផ្ទុកសំរាម៨៣កុងតឺន័រ


សកម្មជន​បរិស្ថាន​ ស្នើ​សុំ​របប​ក្រុង​ភ្នំពេញ បើក​ឲ្យ​សាធារណៈ​ជន អាច​ចូល​មើល​ទីតាំង​ដាក់​កុងតឺន័រ​ ដើម្បី​ឲ្យ​ប្រាកដ​ថា សំរាម​ទាំង​ទាំង​៨៣​កុងតឺន័រ ពិត​ត្រូវ​បាន​បញ្ជូន​ចេញ​អស់​មែន។ អាជ្ញាធរ​មិន​ទាន់​អាច​បញ្ជាក់​ថា ទីតាំង​នោះ នឹង​ត្រូវ​បើក​ឲ្យ​ចូល​​​មើល ឬ​យ៉ាង​ណា​ទេ។

សកម្មជន​បរិស្ថាន លោក ថុន រដ្ឋា មិន​ទាន់​ជឿជាក់​​ថា​ អាជ្ញាធរ​គយ​បាន​បញ្ជូន​សំរាម​ទាំង ៨៣​កុងតឺន័រ​ចេញ​ពី​កម្ពុជា​ទេ ព្រោះ​លោក​មិន​ទាន់​បាន​ឃើញ​ទីតាំង​ផ្ទុក​កុងតឺន័រ​ដាក់​សំរាម​ទាំង​នោះ​ថា ដឹក​ចេញ​ពី​កម្ពុជា​អស់​ឬ​នៅ។ លោក​ថា សកម្មជន​បរិស្ថាន​ធ្លាប់​សុំ​ចូល​ទៅ​មើល​ទីតាំង​កុងតឺន័រ​ទាំង​ ៨៣​នោះ នៅ​ក្នុង​បរិវេណ​កំពង់ផែ​ក្រុង​ព្រះសីហនុ​ដែរ តែ​មន្ត្រី​បដិសេធ។ លោក​ចង់​ឲ្យ​មន្ត្រី​បង្ហាញ​ទី​តាំង​នោះ ឲ្យ​ពលរដ្ឋ​ចូល​មើល ទើប​ពួក​គេ​ជឿ​ថា​សំរាម​ទាំង​នោះ ពិត​ត្រូវ​បាន​ដឹក​ចេញ​មែន៖ «បើ​សិន​ជា​បាន​ដឹក​ចេញ​មែន យើង​ចង់​ឲ្យ​គយ​ហ្នឹង មិន​មែន​ត្រឹម​ប្រកាស​ថា ​ក្រុមហ៊ុន​បាន​ដឹក​ចេញ​ទៅ​ប្រទេស​ដើម​ យើង​ចង់​ឲ្យ​បង្ហាញ​នូវ​តម្លា​ភាព អាច​ថា មាន​អង្គការ​សង្គម​ស៊ីវិល​ យុវជន ប្រជាពលរដ្ឋ​ហ្នឹង បាន​ចូល​ទៅ​មើល​ ថា​ប្រាកដ​ជា សំរាម​ទាំង​ ៨៣​កុងតឺន័រ​ហ្នឹង​បាន​ដឹក​ចេញ​ពី​កម្ពុជា​ជាក់ស្ដែង​មែន ព្រោះ​យើង​អត់​មាន​ជំនឿ​ចិត្ត​ទៅ​លើ​របប​លោក ហ៊ុន សែន ទេ។ កន្លង​មក​ហ្នឹង​ គឺ​ទាក់ទង​នឹង​តម្លាភាព​គឺ​អត់​មាន​សោះ។ អ៊ីចឹង​បាន​ជា​ពួក​យើង​ថា អ្វី​ដែល​ពួកគាត់​និយាយ​ អត់​មាន​ភាព​ប្រាកដ​ជឿ​ ១០០​ភាគ​​រយ​ថា ប្រាកដ​ជា​សំរាម​ទាំង ៨៣​កុងតឺន័រ ដឹក​ចេញ​ប្រាកដ​មែន​ ឬ​អត់​ ទាល់​តែ​យើង​ឃើញ​ជាក់​ស្ដែង​ថា​ មិន​មាន​ឃើញ​អា​កុងតឺន័រ​សំរាម​ហ្នឹង ក្នុង​ផែ​ក្រុង​ព្រះសីហនុ ហើយ​មាន​ឯកសារ​បញ្ជាក់​អ្វី​ជា​ដើម​ហ្នឹង ទើប​យើង​ជឿ​ទុក​ចិត្ត»

អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កាលពី​ថ្ងៃ​ទី១៦ កញ្ញា​ប្រកាស​ថា កាក​សំណល់​ប្លាស្ទីក​ចំនួន ៨៣​កុងតឺន័រ ដែល​បាន​លួច​នាំ​ចូល​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ ដោយ​ក្រុមហ៊ុន​ប្លាស្ទីក ជុង ង្វៀង (CHUNGYUEN PLASTIC MANUFACTURE) ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​ដើម​វិញ​អស់​ហើយ។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បញ្ជាក់​ថា ក្រុមហ៊ុន​នេះ បាន​ដឹក​ជញ្ជូន​កាក​សំណល់​ប្លាស្ទិក​ទម្ងន់​ជិត ១ពាន់ ៦រយ​តោន (.៦០០) ចេញ​ ចំនួន​ ២​លើក ដោយ​លើក​ទី​១ ដឹក​ចេញ​ចំនួន​ ១៤​កុងតឺន័រ កាល​ពី​ថ្ងៃ​ទី២០ ខែ​សីហា ហើយ​លើក​ទី២ បាន​បន្ត​ដឹក​ចេញ​កាក​សំណល់​ប្លាស្ទិក​ នៅ​សេស​សល់​ចំនួន ៦៩​កុងតឺន័រ កាល​ពី​ថ្ងៃ​ទី១៥ ខែ​កញ្ញា។

បន្ថែម​ពី​នេះ អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ផាក​ពិន័យ​ក្រុមហ៊ុន​ឲ្យ​បង់​ប្រាក់​ផាក​ពិន័យ​ចំនួន ២ម៉ឺន ៥ពាន់ (២៥.០០០) ដុល្លារ​អាមេរិក តាម​លក្ខខណ្ឌ ដែល​បាន​សម្រេច​ដោយ​សមត្ថកិច្ច​កម្ពុជា ចប់​សព្វ​គ្រប់​អស់​ហើយ។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់​អាស៊ី​សេរី​ថា លោក​មិន​ដឹង​ប្រាកដ​ថា សំរាម​ទាំង ៨៣​កុងតឺន័រ នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​ដឹក​ចេញ​អស់​ ឬ​នៅ​ទេ។ លោក​បង្វែរ​ឲ្យ​ទៅ​សួរ​ព័ត៌មាន​បន្ថែម​ ពី​ខាង​អគ្គនាយកដ្ឋាន​គយ និង​ក្រសួង​បរិស្ថាន៖ «បើ​សម្រាប់​ខ្ញុំ ខ្ញុំ​អត់​ច្បាស់​ទេ រឿង​ព័ត៌មាន​ ព្រោះ​ដោយសារ​ការ​គ្រប់គ្រង​ករណី​នេះ គឺ​ស្ថាប័ន​គយ និង​ក្រសួង​បរិស្ថាន»

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម បាន​ទេ នៅ​ថ្ងៃ​ទី១៨ កញ្ញា ដោយសារ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត ភក្ត្រា អះអាង​ថា សំរាម​ទាំង ៨៣​កុងតឺន័រ ពិត​ជា​ត្រូវ​បាន​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បញ្ជូន​ចេញ​អស់​ហើយ តែ​លោក​មិន​បញ្ជាក់​ថា សំរាម​ទាំង​នោះ ត្រូវ​បញ្ជូន​ចេញ​ទៅ​ប្រទេស​ណា​ទេ៖ «អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ ក៏​ដូចជា​ក្រសួង​បរិស្ថាន​ និង​ភាគី​ពាក់ព័ន្ធ​នានា​ ផ្សេង​ទៀត នៅ​ក្នុង​ការ​ទប់​ស្កាត់ ក៏​ដូច​ជា​ចាប់​បញ្ជូន​ឲ្យ​កុងតឺន័រ​សំរាម​ប្លាស្ទិក​ទាំង​៨៣ ឲ្យ​វិល​ទៅ​ប្រទេស​ដើម​វិញ»

កាកសំណល់​សំរាម​ប្លាស្ទិក ចំនួន ៨៣​កុងតឺន័រ ត្រូវ​បាន​វេច​ខ្ចប់​យ៉ាង​មាន​របៀបរៀបរយ​ដាក់​នៅ​ក្នុង​កុងតឺន័រ​ដឹក​មក​កាន់​កំពង់ផែ​ក្រុង​ព្រះសីហនុ ជា​បន្ត​បន្ទាប់ តាំង​ពី​ខែ​តុលា​ឆ្នាំ២០១៨។ របប​ក្រុង​ភ្នំពេញ​បញ្ចេញ​ព័ត៌មាន​នេះ កាល​ពី​ថ្ងៃ​ទី១៦ ខែ​កក្កដា។ អាជ្ញាធរ​អះអាង​ថា សំរាម ៨៣​កុងតឺន័រ មាន​ប្រភព​ចេញពី​សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា តាម​រយៈ​ក្រុមហ៊ុន​ចិន ដឹក​យក​មក​ទម្លាក់​ចោល នៅ​កំពង់ផែ​ក្រុងព្រះសីហនុ។ ទោះ​យ៉ាង​ណា ស្ថាប័ន​គយ​អះអាង​ថា មន្ទីរ​ពិសោធន៍​រក​ឃើញ​ថា កាក​សំណល់​ប្លាស្ទិក​ទាំង ៨៣​កុងតឺន័រ​នោះ គ្មាន​ផ្ទុក​សារធាតុ​គ្រោះ​ថ្នាក់​ដល់​សុខភាព​ឡើយ។ ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​ធ្លាប់​បដិសេធ​មិន​អត្ថាធិប្បាយ ចំពោះ​កាក​សំណល់​សំរាម​នេះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment