សមាជិក​សភា​អាស៊ាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​ការ​ចាប់ចង​សកម្មជន​បក្ស​ប្រឆាំង

ដោយ មួង ណារ៉េត
2019-09-18
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) សមាជិក​គណៈកម្មាធិការ​ប្រជាធិបតេយ្យ​សិទ្ធិ​មនុស្ស​អាស៊ាន។ Screenshot
លោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) សមាជិក​គណៈកម្មាធិការ​ប្រជាធិបតេយ្យ​សិទ្ធិ​មនុស្ស​អាស៊ាន។ Screenshot


សមាជិកសភា​អាស៊ាន អំពាវនាវ​ឱ្យ​របប​លោក ហ៊ុន សែន បញ្ឈប់​ជាបន្ទាន់ រាល់​ការ​​ចាប់​ចង​​សកម្មជន​​បក្ស​​ប្រឆាំង។ ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា APHR នៅ​ថ្ងៃ​ទី១៧ ខែ កញ្ញា​នេះ ស្នើ​ឱ្យ​អាជ្ញាធរ​ខ្មែរ ឈប់​​ធ្វើ​ទុក្ខ​បុក​ម្នេញ​​សមាជិក និង​សកម្មជន​បក្ស​ប្រឆាំង និង​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​​ដោយសារ​​ហេតុផល​នយោបាយ រួចហើយ​ដោះលែង​អ្នក​ដែល​ជាប់ឃុំ​ទាំងនោះ ឱ្យ​មាន​សេរីភាព​វិញ​ជាបន្ទាន់។

សេចក្ដី​អំពាវនាវ​របស់​ក្រុម​សមាជិកសភា​អាស៊ាន​នេះ ធ្វើឡើង​ក្រោយ​របប​ក្រុងភ្នំពេញ បាន​បង្កើន​ការ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន បន្ថែម​ទៀត​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ ដែល​យ៉ាងហោចណាស់ មាន​សកម្មជន​បក្ស​ប្រឆាំង ៦​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ដោយ​គ្មាន​បង្ហាញ​ដីកា ឬ​មូលហេតុ​នៃ​ការ​សម្រុកចូល​ចាប់ខ្លួន​ឡើយ​។ អ្នក​ទាំងនោះ ត្រូវ​បាន​ចាប់ខ្លួន នៅ​ខេត្ត​បន្ទាយមានជ័យ សៀមរាប រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល។ ការ​ចាប់ខ្លួន​បន្ថែម​ច្រើន​នាក់​ក្នុង​ពេល​ដ៏​ខ្លី​នេះ បាន​ធ្វើ​ឱ្យ​ចំនួន​សកម្មជន​បក្ស​ប្រឆាំង ដែល​ត្រូវ​បាន​ចាប់ខ្លួន​បន្ថែម និង​កំពុង​ជាប់ឃុំ​កើន​ឡើង​ដល់ ២៦​នាក់​ហើយ គិត​ចាប់ពី​ដើម​ឆ្នាំ ២០១៩ មក​ត្រឹម​ពេលនេះ​។ សមត្ថកិច្ច​ចោទប្រកាន់​សកម្មជន​ទាំងនោះ​ពី​បទ ទៅ​ទទួលយក​ផែនការ​ប្រឆាំង​សាលដីកា និង​ផ្ដួល​រំលំ​របប​ក្រុងភ្នំពេញ ពី​លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី។

ប្រធាន​ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្សលោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) ដែល​ជា​ជនជាតិ​ម៉ាឡេស៊ី លើកឡើង​ថា ការ​ចាប់​ចង​នេះ៖ «គឺជា​ចេតនា​ជាក់លាក់​របស់​របប​លោក ហ៊ុន សែន ក្នុង​ការ​ប៉ុនប៉ង​គំរាម​កំហែង និង​បំបិទមាត់​សមាជិក​បក្ស​ប្រឆាំង និង សកម្មជន​ឯទៀត កុំ​ឱ្យ​បង្ហាញ​ការ​គាំទ្រ​ដល់​ដំណើរ​មាតុភូមិនិវត្តន៍​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ»

អតីត​សមាជិកសភា​ថៃ លោក កាស៊ីត ភិរម្យយ៉ា (Kasit Piromya) ដែល​បច្ចុប្បន្ន​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស រម្លឹក​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ថា ខ្លួន​មាន​ករណីយកិច្ច រួមគ្នា​បង្ហាញ​ការ​គាំទ្រ ដល់​ការ​ប្រឹងប្រែង​ចង់​ឱ្យ​មានការ​ចរចា ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។ លោក​បន្ត​ថា សមាជិក​អាស៊ាន មិន​ត្រូវ​លុតជង្គង់​នៅ​ចំពោះ​មុខ​មេដឹកនាំ ដែល​កាន់អំណាច​កាន់តែ​ផ្ដាច់ការ​នោះ​ឡើយ​។ ប៉ុន្តែ ត្រូវ​ក្រោកឈរ​បង្ហាញ​សាមគ្គីភាព​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ការពារ​សិទ្ធិ និង សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ ដោយ​មិន​ត្រូវ​អត់ឱន​ឱ្យ​ក្រុម​អ្នក​នយោបាយ​​ផ្ដាច់ការ​នោះ​ឡើយ។

លោក កាស៊ីត ភិរម្យយ៉ា រម្លឹក​លោក ហ៊ុន សែន ថា​មិនទាន់​ហួសពេល​ទេ ដែល​លោក ហ៊ុន សែន ត្រូវ​ងាក​មក​រក​ផ្លូវ​ត្រូវ​វិញ។ លោក​ថា ដំណោះស្រាយ​នយោបាយ ដ៏​សមស្រប​សម្រាប់​កម្ពុជា គឺ​ការ​ជជែក​គ្នា​ដោយ​ស្មោះ​ស រវាង​អ្នកនយោបាយ​ខ្មែរ។

លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ កាលពី​ថ្ងៃ​ទី១៥ ខែ​កញ្ញា បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី​លោក មហាធា មហាម៉ាត់ (Mahathir Mohamad) ដើម្បី​ឱ្យ​មេដឹកនាំ​ប្រទេស​អាស៊ាន និង​ជា​ប្រទេស​ហត្ថលេខី​មួយ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ ជួយ​ជំរុញ និង​​សម្របសម្រួល​ឱ្យ​មានការ​ចរចា​គ្នា​មួយ​រវាង​មេដឹកនាំ​របប​ក្រុងភ្នំពេញ និង មេដឹកនាំ​បក្ស​ប្រឆាំង ដើម្បី​រក​ដំណោះស្រាយ​ផ្សះផ្សា​ជាតិ។

របប​ក្នុង​ភ្នំពេញ មិន​ចាប់អារម្មណ៍​នឹង​ការ​ចរចា​នេះ​ទេ ប៉ុន្តែ​បែរ​ជា​បង្កើន​ការ​ចាប់ចង និង ធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង។

ការ​ធ្វើទុក្ខបុកម្នេញ​នេះ បាន​ឈាន​ដល់​ការ​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ តាម​ទី​វត្ត​អារាម ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ តាម​ការ​បញ្ជា​របស់​អនុប្រធាន​គណបក្ស​កាន់​អំណាច និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង ដែល​បញ្ជា​ឱ្យ​រៀប​កម្លាំង​ចុះ​តាម​វត្ត ទៅ​បង្ក្រាប​សកម្មជន​បក្ស​ប្រឆាំង ដោយ​លោក​ចោទ​ថា កំពុង​រៀបចំ​ផែនការ​​ខ្មៅ ដោយ​ជួបជុំគ្នា​តាម​ទីវត្ត​អារាម។

សារ​របស់​លោក ស ខេង អំពី​វិធានការ​បង្ក្រាប​តាម​វត្ត​នេះ ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី១៦ ខែ​កញ្ញា។ ជា​លទ្ធផល អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា នេះ បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន ក្រោយ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សភាពការណ៍ សន្តិសុខ និង​សណ្ដាប់ធ្នាប់​​សាធារណៈ ថា ពួក​លោក​ទទួល​បាន​សេចក្ដីណែនាំ​ពី​លោក ស ខេង ដូច្នេះ​មែន ហើយ​ពេលនេះ បាន​ចេញ​បញ្ជា​ឱ្យ​រាយ​កម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់​​ថ្នាក់ ដើម្បី​ទប់ស្កាត់​ចលនា​ប្រមូលផ្ដុំ ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "សមាជិក​សភា​អាស៊ាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​ការ​ចាប់ចង​សកម្មជន​បក្ស​ប្រឆាំង"

  1. so socheath says:

    Send to facebook
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦
    គឺសំដៅដាច់ខាត ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា
    គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ
    ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និង
    របបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បី
    ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត
    តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សម្រាប់ឆន្ទះប្រជាពលរដ្ឋ
    ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយទម្រង់ណាមួយក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ

  2. Anonymous says:

    who send to your FESS BOOK

  3. Anonymous says:

    Cambodia never have democracy since Veitcong mafia dictator and his groups did the coup 1997 and killing khmer people and killing justice,killing democracy ‘ so don’t ever dream about justice in cambodia under veitcong mafia dictator’

Leave a Reply

Submit Comment