ពលរដ្ឋ​នាំ​គ្នា​តវ៉ា​នៅ​តុលាការ​កោះកុង​ពេល​តំណាង​២​នាក់​ចូល​បំភ្លឺ​តាម​បណ្ដឹង​ក្រុមហ៊ុន ហេង ហ៊ុយ

ដោយ សុជីវី
2019-09-18
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកស្រុក​ស្រែអំបិល​ប្រមាណ ១៣០​នាក់ ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ លើកគ្នា​ទៅ​តវ៉ា​មុខ​សាលាដំបូង​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី១៧ ខែ​កញ្ញា ឆ្នាំ២០១៩ ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោលការ​ប្រកាន់​លើ​តំណាង​របស់​ពួកគាត់។ រូប៖ ពលរដ្ឋ
អ្នកស្រុក​ស្រែអំបិល​ប្រមាណ ១៣០​នាក់ ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ លើកគ្នា​ទៅ​តវ៉ា​មុខ​សាលាដំបូង​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី១៧ ខែ​កញ្ញា ឆ្នាំ២០១៩ ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោលការ​ប្រកាន់​លើ​តំណាង​របស់​ពួកគាត់។ រូប៖ ពលរដ្ឋ


ពលរដ្ឋមានទំនាស់ដីធ្លីខេត្តកោះកុង ស្នើតុលាការទម្លាក់ចោលការប្រកាន់លើតំណាងរបស់ពួកគេ


អ្នកស្រុក​ស្រែអំបិល​ប្រមាណ ១៣០​នាក់ ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ លើកគ្នា​ទៅ​តវ៉ា​មុខ​សាលាដំបូង​ខេត្ត​កោះកុង ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោលការ​ប្រកាន់​លើ​តំណាង​របស់​ពួកគេ​។ ការ​តវ៉ា​នេះ ធ្វើឡើង​ស្រប​ពេល តំណាង​ពលរដ្ឋ​២​នាក់ ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ ក្រោយពី​រង​បណ្ដឹង​របស់​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ប្ដឹង​ពលរដ្ឋ ៣​បទល្មើស​ផ្សេងគ្នា​។ សង្គម​ស៊ីវិល​រំពឹង​ថា តុលាការ​នឹង​ទម្លាក់​ចោល​បទ​ចោទ​លើ​ពលរដ្ឋ ហើយ​ក្រសួង​ដែនដី និង​អាជ្ញាធរ​ខេត្ត អាច​ដោះស្រាយ​បញ្ចប់​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ។

តំណាង​ពលរដ្ឋ​២​រូប ដែល​ចូល​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​១៨ កញ្ញា មាន លោកស្រី កើត នៅ ចូល​ឆ្លើយ​នៅ​ចំពោះ​មុខ​ព្រះរាជអាជ្ញា នៅ​ពេល​ព្រឹក និង លោកស្រី អិន ធូ ចូល​បំភ្លឺ​នៅ​ពេល​រសៀល។

លោកស្រី កើត នៅ ដែល​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​កោះកុង​អស់​រយៈពេល​ជាង​៣​ម៉ោង ប្រាប់​អាស៊ីសេរី ថា ព្រះរាជអាជ្ញា លោក រស់ សារាំ សាកសួរ​លោកស្រី​ជាច្រើន​សំនួរ ពាក់ព័ន្ធ​នឹង​ការ​កាន់​កាប់​ដី រហូតដល់​ពេល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០០៧។

លោកស្រី ឱ្យ​ដឹង​ថា គ្រួសារ​គាត់​មាន​ដី​ទំហំ ៤​ហិកតារ​ធ្វើស្រែ ដែល​បន្ត​ពី​ឪពុកម្ដាយ ក្រោយពី​បែក​សម័យ​ខ្មែរក្រហម​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០០៧ ស្រាប់តែ​លេច​ឈ្មោះ​ក្រុមហ៊ុន ហេង ហ៊ុយ ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​យក​ដីធ្លី​ពលរដ្ឋ​ដោយ​គ្មាន​ផ្ដល់​សំណង ដោយ​អះអាង​ថា បាន​ទទួល​សិទ្ធិ​អភិវឌ្ឍន៍​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ​នៅ​តំបន់​នោះ​ពី​រដ្ឋាភិបាល។

លោកស្រី លើកឡើង​​​​​​​​​​ថា ពួកគាត់​ជា​ពលរដ្ឋ​ក្រីក្រ មិនដែល​បាន​និយាយ​បរិហារកេរ្តិ៍​លោក ឧកញ៉ា ហេង ហ៊ុយ ម្ដងណា​ឡើយ​។ ស្ត្រី​វ័យ​ជាង​៦០​ឆ្នាំ​រូប​​​​​​​​​​​​​​​​​​​​​​​នេះ បញ្ជាក់​ថា ការ​ចេញ​តវ៉ា​រក​ដំណោះស្រាយ​រឿង​ដីធ្លី​កន្លងមក ពួកគាត់​សរុប​ជិត​២​រយ​គ្រួសារ គឺ​ចេញ​តវ៉ា​ទាំងអស់​គ្នា គ្មាន​អ្នកណា​ទៅ​ញុះញង់​ពលរដ្ឋ​ដូច​ការចោទប្រកាន់​នោះ​ទេ​។ តំណាង​ពលរដ្ឋ​រូប​នេះ ស្នើ​ដល់​តុលាការ​ទម្លាក់​ចោទ​បទ​ចោទ​មក​លើ​ពួកគាត់៖ «សំណូមពរ​ឱ្យ​ព្រះរាជអាជ្ញា​ឈប់​ចោទប្រកាន់ កោះហៅ​តំណាង​ពួក​ខ្ញុំ​មក​ទៀត ព្រោះ​ពួក​ខ្ញុំ​បាត់បង់​ដី​ដោយ​ពិតប្រាកដ មិនមែន​ដូច​ការ​លើកឡើង​របស់​ក្រុមហ៊ុន ហេង ហ៊ុយ និយាយ​ថា អត់​បាន​យក​ដី​ប្រជាពលរដ្ឋ​អ៊ីចឹង​ទេ»

ក្រុមហ៊ុន ហេង ហ៊ុយ បាន​ប្ដឹង​តំណាង​ពលរដ្ឋ​២​នាក់ និង​អ្នកភូមិ​៨​នាក់​ទៀត ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ បទ​បរិហារ​បង្កាច់​កេរ្តិ៍ និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ក្រោយពី​ពលរដ្ឋ​ជិត​២​រយ​គ្រួសារ​នាំគ្នា​ចេញ​តវ៉ា​រក​ដំណោះស្រាយ​ដីធ្លី​ពី អាជ្ញាធរ​ខេត្ត​កោះកុង និង​ក្រសួង​ដែនដី អស់​ជាច្រើនលើក​ច្រើន​សា។

អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​តំណាង​ក្រុមហ៊ុន ហេង ហ៊ុយ បានទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ​។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង (LICADHO) លោក ហួរ អ៊ីន លើកឡើង​ថា​ការ​ចោទប្រកាន់​ពលរដ្ឋ​ដល់​ទៅ​៣​បទល្មើស​ដូច្នេះ គឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​។ លោក ស្នើ​ដល់​តុលាការ​ចុះ​ស្រាវជ្រាវ​ករណី​វិវាទ​ដីធ្លី​មួយ​នេះ ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ៖ «បទល្មើស​ទី​៣​ដែល​គាត់​ប្ដឹង​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​ហ្នឹង យើង​ឃើញ​ថា វា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​សម្រាប់​ប្រជាពលរដ្ឋ បើសិនជា​ពួកគាត់​ជា​តំណាង​មិនបាន​ញុះញង់​ឬក៏​បបួល​ប្រជាពលរដ្ឋ​ផ្សេងទៀត​មក​ធ្វើការ​តវ៉ា ហើយ​ពលរដ្ឋ​មាន​ដី​ដែល​បាត់បង់​មែន អ៊ីចឹង​តុលាការ​គួរតែ​ពិចារណា​ក្នុង​ការ​ទម្លាក់​ការចោទប្រកាន់។ ហើយ​អាជ្ញាធរ​ខត្ត​ក៏ដូចជា​ក្រសួង​ដែនដី ហ្នឹង ធ្វើការ​សម្របសម្រួល​ដោះស្រាយ​ទំនាស់​ហ្នឹង​វិញ​។ អ៊ីចឹង​! ទំនាស់​ហ្នឹង វា​មិន​អូស​បន្លាយ​វែងឆ្ងាយ ហើយ​អាច​បញ្ចប់​ឆាប់ៗ»

មន្ត្រី​ផ្នែក​សិទ្ធិមនុស្ស​រូប​នេះ ទទូច​ដល់​ក្រសួង​រៀបចំ​ដែនដី និង​អាជ្ញាធរ​ខេត្ត​កោះកុង ចុះ​ស៊ើបអង្កេត​ករណី​នេះ និង​រិះរក​ដំណោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋ នៅ​ស្រុក​ស្រែអំបិល ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ យុត្តិធម៌ និង​មនុស្សធម៌ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ។

គិត​មក​ដល់​ពេល​នេះ ក្រសួង​ដែនដី នៅ​មិនទាន់​ចុះទៅ​ពិនិត្យមើល​ជម្លោះដីធ្លី រវាង​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ និង​ពលរដ្ឋ​ជិត ២​រយ​គ្រួសារ ស្ថិតនៅ​ឃុំ​ជីខលើ និង​ឃុំ​ជី​ក្រោម ក្នុងស្រុក​ស្រែអំបិល នៅ​ឡើយ បើ​ទោះ​បី​ជា​ក្រសួង​បាន​សន្យា​ជាមួយ​ពលរដ្ឋ​ហើយក៏​ដោយ៕


What Next?

Recent Articles