គ្រោះ​ទឹកជំនន់​ បង្ក​ប៉ះពាល់​ពលរដ្ឋ​ជាង​ ៣សែន​នាក់​ ក្នុង​ខេត្ត​ចំនួន​ ៨

ដោយ វ៉ែន សុមេធ
2019-09-21
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទឹក​ជន់​លិច​មន្ទីរពេទ្យ​​បង្អែក​ខេត្ត​ស្ទឹងត្រែង ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ២០១៩។ រូប៖ ពលរដ្ឋ
ទឹក​ជន់​លិច​មន្ទីរពេទ្យ​​បង្អែក​ខេត្ត​ស្ទឹងត្រែង ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ២០១៩។ រូប៖ ពលរដ្ឋ


មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​ឲ្យដឹង​ថា​ រដ្ឋាភិបាល​កំពុង​ប្រើ​កញ្ចប់​ថវិកា​ចុះ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ ជាពិសេស​ខេត្ត​ជាប់​ដង​ទន្លេ​មេគង្គ។ មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ដឹង​បន្ថែម​ថា​ មក​ទល់​ពេល​នេះ​ ពលរដ្ឋ​ជាង​ ១ម៉ឺន (១០.៨៥៧) គ្រួសារ​ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ទឹក​ជំនន់​ គិត​ចាប់​ពី​ចុង​ខែ​សីហា​ មក​ទល់​ពេល​នេះ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ​ ស៊ីផាន​ ប្រាប់​អាស៊ី​សេរី​ នៅ​ថ្ងៃ​​​ទី២០​ ខែ​កញ្ញា​ថា​ រដ្ឋាភិបាល​បាន​ផ្ដល់​ជំនួយ​សង្គ្រោះ​បន្ទាន់​នៅ​ហ្នឹង​កន្លែង​ ដើម្បី​ជួយ​ពលរដ្ឋ​ក្រីក្រ​រងគ្រោះ​ដោយ​ទឹកជំនន់។ លោក​ថា​ ក្រោយ​ពី​ទឹក​ស្រក​រដ្ឋាភិបាល​នឹង​មាន​គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ ទៀត ​រួម​មាន​ ការ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្ដល់​ជំនួយ​មនុស្សធម៌​ និង​ផ្ដល់​ពូជស្រូវ​ដល់​កសិករ​ជាដើម​។ លោក​បញ្ជាក់​ថា​ រដ្ឋាភិបាល​បាន​ប្រើ​កញ្ចប់​ថវិកា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ជា​អាទិភាព​៖ «ព្រោះ​ឥឡូវ​កំពុង​ដោះ​ស្រាយ​គ្រោះ​មហន្តរាយ​នៅ​ជាក់​ស្តែង នៅ​ហ្នឹង​កន្លែង ក្រោយ​ពី​ទឹក​ស្រក​ទៅ យើង​មាន​ការ​ដោះ​ស្រាយ​ផ្សេងៗ ទៀត ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ ជួយ​ដល់​អ្នកស្រុក និង​ពូជ​ស្រូវ ខាង​ក្រសួង​កសិកម្ម​គេ​ត្រៀម​លក្ខណៈ។ ហ្នឹង​ដោះ​ស្រាយ​ភ្លាមៗ ជួយ​ជន​រង​គ្រោះ។ រីឯ​បន្ត​វេន យើង​មាន​កញ្ចប់​ថវិកា ធ្វើ​បន្ត​ទៀត ព្រោះ​ឥឡូវ​យើង​មិន​ទាន់​វាយ​តម្លៃ»

លោក​ ផៃ​ ស៊ី​ផាន​ បន្ថែម​ថា មក​ទល់​ពេល​នេះ​ រដ្ឋាភិបាល​មិន​ទាន់​អាច​វាយតម្លៃ​ការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ ស្រូវ​ និង​ដំណាំ​កសិកម្ម​នៅ​ទូទាំង​ប្រទេស​ថា មាន​ប៉ុន្មាន​ហិកតារ​ជាក់​លាក់​នៅ​ឡើយ​ទេ ព្រោះ​មន្ត្រី​ជំនាញ​កំពុង​បូកសរុប​របាយការណ៍។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ លោក​ កែវ​ វី​ ដើម្បី​សុំ​ការ​អធិប្បាយ​បន្ថែម​លើ​បញ្ហា​នេះ​ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី២០​ កញ្ញា។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក​ លោក​ ចាន់​ យុត្ថា​ ក៏​មិន​លើក​ទូរស័ព្ទ​ដែរ។

មក​ទល់​ពេល​នេះ​ រដ្ឋាភិបាល​កំពុង​បូកសរុប​ទំហំ​ផល​ប៉ះពាល់​ ពី​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ នៅ​ខេត្ត​ចំនួន​ ៨ តាម​ដងទន្លេ​មេគង្គ​ និង​ខេត្ត​មួយ​ចំនួន​ទៀត​ នៅ​ជាប់​ដងទន្លេ​សេ​សាប។ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា​ គិត​ចាប់​ពី​ចុងខែ​សីហា​ មក​ទល់​ពេល​នេះ​ មាន​ពលរដ្ឋ​ ជាង​ ១ម៉ឺន​គ្រួសារ (១០.៨៥៧) ត្រូវ​បាន​ជម្លៀស​ទៅ​ទី​ទួល​សុវត្ថិភាព​ និង​មាន​ពលរដ្ឋ​ជិត​ ៣២ម៉ឺន​នាក់​ បាន​រង​ផល​ប៉ះពាល់។

គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ (VOD) ថា គ្រោះ​ទឹក​ជំនន់​នេះ​ ធ្វើ​ឲ្យ​ប៉ះពាល់​ស្រូវ​កសិកម្ម​ និង​ដំណាំ​ផ្សេង​ទៀត​ ចំនួន​ជាង​ ២ម៉ឺន​ ៣ពាន់​ (២៣.២៤៩) ហិកតារ ប៉ះពាល់​សត្វ​ពាហនៈ​ជាង​ ៣ម៉ឺន​ក្បាល (៣០.៤៦៦) ដែល​ត្រូវ​ជម្លៀស​ចេញទៅ​កាន់​ទី​ទួល​សុវត្ថិភាព។

ទន្ទឹម​នឹង​នេះ​ ខេត្ត​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ គឺ​ខេត្ត​នៅ​ជាប់​ដងទន្លេ​មេគង្គ​លើ​ និង​ទន្លេ​មេគង្គ​ក្រោម។ គណៈកម្មាធិការ​គ្រប់គ្រង​មហន្តរាយ​បន្ថែម​ថា​ ពលរដ្ឋ​នៅ​ខេត្ត​រតនគិរី​ ស្ទឹងត្រែង​ ក្រចេះ​ និង​កំពុង​ចាម​ រងគ្រោះ​ធ្ងន់ធ្ងរ។ រី​ឯ​នៅ​ខេត្ត​កំពត​ ខេត្ត​ព្រះសីហនុ​ កោះកុង​ និង​ខេត្ត​ដទៃ​ទៀត​ រងគ្រោះ​ដោយសារ​ចំនួន​ទឹកភ្លៀង​មិន​ធ្ងន់ធ្ងរ​នោះ​ទេ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​ សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ យល់ថា​ រដ្ឋាភិបាល​មាន​ផែនការ​ជួយ​ជនរងគ្រោះ​ដោយ​ទឹកជំនន់​ ចាំបាច់​ត្រូវ​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ជាង​មុន។ មាន​ន័យ​ថា​ រដ្ឋាភិបាល​ត្រូវ​រៀបចំ​គោលនយោបាយ​ជួយ​ជនរងគ្រោះ​ជាក់​ស្ដែង​ និង​ច្បាស់លាស់។ លោក​ថា​ រដ្ឋាភិបាល​ត្រូវ​មាន​គោលនយោបាយ​ សង្គ្រោះ​ពលរដ្ឋ​ ដែល​ងាយ​រងគ្រោះ​ជា​អាទិភាព​ គឺ​ជា​ចំណុច​ត្រូវ​សង្កត់​ធ្ងន់​ ក្នុង​ការរៀបចំ​គោលនយោបាយ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នេះ​៖ «ការ​ត្រៀម​បង្ការ និង​ការ​រៀបចំ​គោល​នយោបាយ ដើម្បី​ជួយ​ជន​រង​គ្រោះ​ហ្នឹង គួរ​តែ​មាន​រូបភាព​មួយ ដែល​មាន​លក្ខណៈ​ជាក់លាក់​ជាង​កន្លង​មក។ កម្ពុជា​ស្រួល​ណាស់ ងាយ​គេច​ផុត​ពី​បញ្ហា​គ្រោះ​ធម្មជាតិ​រញ្ជួយ​ដី​ផ្សេងៗ ប៉ុន្តែ​ទសវត្សរ៍​ចុង​ក្រោយ​នេះ គ្រោះ​ទឹក​ជំនន់​នេះ ហើយ ដំណោះ​ស្រាយ​គួរ​តែ​ជា​មេរៀន​មួយ យើង​អាច​រៀន​សូត្រ​ពី​ប្រទេស​ជិត​ខាង ពី​ថ្នាក់​តំបន់ ដើម្បី​ធានា​ថា ពលរដ្ឋ​យើង​នឹង​កាត់​បន្ថយ​បាន​ច្រើន ពី​កម្រិត​ភាព​ងាយ​រង​គ្រោះ និង​ការ​ខូច​ខាត​បាត់​បង់​ទ្រព្យ​សម្បត្តិ »

អនុប្រធាន​ទី១​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ លោក​ គន់​ គីម​ ថ្មីៗ នេះ​ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​របស់​ពលរដ្ឋ​មួយ​ចំនួន​ នៅ​ឃុំ​មៀន​ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ដែល​មាន​ជិត​ ១៥០គ្រួសារ (១៤៧) កំពុង​ស្នាក់នៅ​បណ្ដោះអាសន្ន​ នៅ​ទី​ទួល​សុវត្ថិភាព​។ រី​ឯ​អាជ្ញាធរ​បាន​រៀបចំ​អំពូលភ្លើង​ ទឹក​ស្អាត​ និង​ស្នាក់​ការ​ប៉ុស្តិ៍​សុខភាព​ សម្រាប់​ជួយ​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ។

ស្ថាប័ន​រដ្ឋាភិបាល​មួយ​នេះ​អះអាង​ថា​ ប្រជាពលរដ្ឋ​ ៩០ភាគរយ​ដែល​ជម្លៀស​ទៅ​ទី​ទួល​សុវត្ថិភាព​ គឺ​បាន​ទទួល​ជំនួយ​មនុស្សធម៌​រួច​ហើយ​ ហើយក៏​កំពុង​បន្ត​ទទួល​បន្ថែម​ទៀត។

ទន្ទឹម​នឹង​នេះ​ ទឹកជំនន់​ បង្ក​ផល​ប៉ះពាល់​លំនៅឋាន​ពលរដ្ឋ​ជាង​ ៦ម៉ឺន​ ២ពាន់ (៦២.៣១៣) ខ្នង​ ក្នុង​នោះ​ ផ្ទះ​ពលរដ្ឋ​ ៥៦ខ្នង​ បាន​លិច​ទាំងស្រុង​។ លើស​ពី​នេះ ទឹក​ជំនន់​ក៏​ជន់​លិច​សាលារៀន​ចំនួន​ជាង​ ២០០កន្លែង (២៣៧) វត្ត​អារ៉ាម ១៥២កន្លែង​ មណ្ឌលសុខភាព​ ២៦កន្លែង​ និង​អណ្ដូងទឹក​ជាង​ ៧០០កន្លែង (៧៥៤)

គណៈកម្មាធិការ​ជំនាញ​បន្ថែម​ ខេត្ត​នៅ​ជាប់​ដងទន្លេ​សាប​មួយ​ចំនួន​ ក៏​ទទួល​រង​គ្រោះ​ដោយ​ទឹកភ្លៀង​ដែរ​ ដូចជា ​ខេត្ត​បាត់ដំបង​ និង​ពោធិ៍សាត់។ ទោះ​យ៉ាងណា​ ក្នុង​របាយការណ៍​មិន​បាន​បង្ហាញ​ពី​ពលរដ្ឋ​រងគ្រោះ​ដល់​អាយុ​ជីវិត​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment