បុគ្គលិក​កាស៊ីណូ​ណាហ្គាវើលដ៍​ស្នើ​សុំ​ក្រុមហ៊ុន​អនុញ្ញាត​ឱ្យ​មេ​សហជីព​ម្នាក់​ចូល​ធ្វើការ​វិញ

ដោយ ថន ថារ៉ូ
2019-09-22
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កាស៊ីណូ ខ្នាត​ផ្កាយ​៥ ឈ្មោះ​ណាហ្គាវើល (Naga World) ក្នុង​ចំណោម​កាស៊ីណូ ជាច្រើន​ទៀត​នៅ​ភ្នំពេញ។ Photo: RFA
កាស៊ីណូ ខ្នាត​ផ្កាយ​៥ ឈ្មោះ​ណាហ្គាវើល (Naga World) ក្នុង​ចំណោម​កាស៊ីណូ ជាច្រើន​ទៀត​នៅ​ភ្នំពេញ។ Photo: RFA


បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) ទាមទារ​ឱ្យ​ក្រុមហ៊ុន​អនុញ្ញាត​ឱ្យ ប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គា វើលដ៍ ចូល​ធ្វើ​ការ​វិញ។ ការ​ទាមទារ​នេះ បន្ទាប់ពី​ក្រុមហ៊ុន បាន​ព្យួរ​ការងារ​ប្រធាន​សហជីព​រូប​នេះ​បណ្ដោះអាសន្ន ក្រោយពី​មាន​គម្រោង​ធ្វើ​យុទ្ធនាការ​ទាមទារ ឱ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ឈ្នួល​បុគ្គលិក​ឱ្យ​បាន​សមរម្យ។

បុគ្គលិក​របស់​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ សម្ដែង​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង បន្ទាប់​ពី​ក្រុមហ៊ុន​មិន​ទាន់​ដំឡើង​ប្រាក់​ឈ្នួល​សម្រាប់​បុគ្គលិក​ផង ប៉ុន្តែ​ថែមទាំង​ព្យួរ​ការងារ​ប្រធាន​សហជីព​របស់​ពួកគេ​ថែម​ទៀត។

បុគ្គលិក​ផ្នែក​ភោជនីយដ្ឋាន​នៅ​ក្នុង​ក្រុមហ៊ុន ណាហ្គា វើលដ៍ លោកស្រី ណុប ទិត្យបូរ៉ាវី ស្នើសុំ​ឱ្យ ក្រុមហ៊ុន​ណាហ្គា វើលដ៍ អនុញ្ញាត​ឱ្យ​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ ចូល​បំពេញការងារ​ក្នុង​កាស៊ីណូ ជា​ធម្មតា​វិញ ព្រោះ​លោកស្រី​យល់ថា ប្រធាន​សហជីព​រូប​នេះ​មិនបាន​ប្រព្រឹត្ត​ខុស​នោះ​ទេ។ អ្នកស្រី​យល់ថា ការ​ព្យួ​ការងារ​មេ​សហជីព​បែបនេះ អាច​ជា​ចេតនា​របស់​ក្រុមហ៊ុន មិន​ចង់​ដំឡើង ប្រាក់​ខែ​ដល់​បុគ្គលិក ខណៈ​បុគ្គលិក កំពុង​គ្រោង​ធ្វើ​យុទ្ធនាការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម៖ «យើង​ទាមទារ​ឱ្យ​ផ្ដល់​យុត្តិធម៌​ដល់​អ្នកស្រី​ប្រធាន​របស់​ពួក​យើង​វិញ ដើម្បី​ឱ្យ​គាត់​បាន​ចូល​ធ្វើ​ការ​ធម្មតា។ គ្រាន់តែ​យើង​ទាមទារ​រំកិល​ប្រាក់​ឈ្នួល​សម្រាប់ កម្មករ​សោះ ក៏​ក្រុមហ៊ុន​ចាប់ផ្ដើម​ព្យួរ​ការងារ​របស់​គាត់​។ ពិត​ជា​អយុត្តិធម៌​ណាស់»

បុគ្គលិក​រូប​នេះ​រៀបរាប់​ថា កាលពី​យប់​ថ្ងៃ​ទី​២០ ឈាន​ចូល​ថ្ងៃ​ទី​២១ ខែ​កញ្ញា សន្តិសុខ​ក្រុមហ៊ុន បាន ឆែក​កាបូប​បុគ្គលិក​ម្នាក់ ហើយ​ឃើញ​អាវ​ដែល​មាន​សរសេរ​ថា «ក្រុមហ៊ុន​រីកចម្រើន បុគ្គលិក​ត្រូវការ​ប្រាក់ខែ​រស់នៅ​សមរម្យ»។ បន្ទាប់មក​សន្តិសុខ​បាន​ដកហូត​អាវ​នោះ ហើយ​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ ទៅ​ជួប​ចរចារ​ជាមួយ​តំណាង​ក្រុមហ៊ុន​ភ្លាមៗ ប៉ុន្តែ​ត្រូវ​បាន​ក្រុមហ៊ុន​ដកហូត​កាត​ការងារ និង​ព្យួរ​ការងារ​របស់​កញ្ញា​ជាមួយ​បុគ្គលិក​ប្រមាណ ២៧​នាក់​ផ្សេងទៀត​។ ក្នុង​ពេល​នោះ បុគ្គលិក​ទាំងអស់ ក៏បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ដែរ ហើយ​ខាង​ក្រុមហ៊ុន​សម្រេច​អនុញ្ញាត​ឱ្យ​បុគ្គលិក​ប្រមាណ ២៧​នាក់​នោះ​ចូល​ធ្វើ​ការ​វិញ នៅ​សល់​តែ​កញ្ញា ឈឹម ស៊ីថរ មួយ​ប៉ុណ្ណោះ។

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ណាហ្គា វើលដ៍ ដើម្បី​ឆ្លើយ​តប​បាន​នៅឡើយ​ទេ​។

សកម្មជន​ជាន់ខ្ពស់​នៃ​សហជីព​ប្រចាំ​កាស៊ីណូ ណាហ្គា វើលដ៍ លោក គង់ គា ថ្លែង​ថា ការ​ព្យួរ​ការងារ របស់​ប្រធាន​សហជីព​នេះ គឺ​ធ្វើ​ឡើង​ស្រប​ពេល​បុគ្គលិក កំពុង​រួមគ្នា​ធ្វើ​យុទ្ធនាការ ”​ក្រុមហ៊ុន​រីក ចម្រើន បុគ្គលិក​ត្រូវការ​ប្រាក់ខែ​រស់នៅ​សមរម្យ​”​។ លោក​បន្ត​ថា បុគ្គលិក​ទាំងអស់ នឹង​នៅតែ​បន្ត ទាមទារ​ឱ្យ​ប្រធាន​សហជីព​បាន​ចូល​បំពេញ​ការងារ​វិញ ហើយ​នឹង​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​ក្រុមហ៊ុន ជួយ​ដំឡើង​ប្រាក់ខែ​ជូន​បុគ្គលិក​ដដែល៖ «យុទ្ធនាការ​យើង​នៅតែ​ធ្វើជា​បន្ត គឺ​យើង​អត់​ឈប់​ទេ​រហូតដល់​ក្រុមហ៊ុន​ទទួលយក​លោកស្រី​ប្រធាន​ចូល​ធ្វើការ​វិញ​ស្របតាម​ច្បាប់។ ការ​ទាមទារ​ប្រាក់​នេះ​គឺ យើង​ធ្វើជា​ពីរ​ផ្នែក​ដោយសារតែ​ក្រុមហ៊ុន​មាន​កាស៊ីណូ និង​អូតែល។ សម្រាប់​ផ្នែក​សណ្ឋាគារ (Hotel) យើង​សុំ​រំកិល​ពី​ប្រាក់​បច្ចុប្បន្នភាព ទៅ​ដល់ ៣០០​ដុល្លារ​ហើយ​សម្រាប់​ផ្នែក​កាស៊ីណូ​វិញ យើង​ស្នើសុំ រំកិល​ពី​បច្ចុប្បន្ន​ភាព​ទៅដល់​៥០០​ដុល្លារ ហើយ​ដំណែង​ចាប់ពី​ថ្នាក់ដឹកនាំ​ឡើង​ទៅ​គឺ​យើង​ស្នើសុំ​ដំឡើង​៥០​ភាគរយ​នៃ​ប្រាក់ខែ​របស់​គាត់»

ក្រុមហ៊ុន​កាស៊ីណូ Naga World បាន​បង្ហាញ​ពី​ប្រាក់ចំណេញ​សុទ្ធ​កើន​ឡើង​យ៉ាង​ខ្លាំង​កាលពី​ឆ្នាំមុន គឺ​ចំណេញ​បន្ទាប់ពី​បង់ពន្ធ​រួច​មាន​រហូតដល់​ជិត ៤០០​លាន​ដុល្លារ (៣៩០,៦​លាន​) កាល​ពី​ឆ្នាំ ២០១៨ កើន​ឡើង ៥៣​ភាគរយ​។ ប្រាក់ចំណេញ​នេះ ស្ទើរតែ​ប្រហាក់ប្រហែល​នឹង​ប្រាក់​ចំណេញ ១​ឆ្នាំ​ពេញ​របស់​គ្រឹះស្ថាន​ធនាគារ​ពាណិជ្ជ​នៅ​កម្ពុជា​ទាំងអស់​បូក​បញ្ចូល​គ្នា។

ទោះបីជា​ក្រុមហ៊ុន ណាហ្គា វើលដ៍ នេះ ទទួល​បាន​ប្រាក់ចំណូល​ច្រើន​បែបនេះ​ក្ដី ប៉ុន្តែ​បុគ្គលិក​ជាច្រើន នៅ​តាម​ផ្នែក​ផ្សេងៗ ធ្លាប់​ត្អូញត្អែរ​ថា ពួកគាត់​ប្រឈម​នឹង​ការ​កេងប្រវ័ញ្ច​​កម្លាំង​ពលកម្ម ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​ទាប ខណៈ​ធ្វើ​ការងារ​ធ្ងន់ និង​ច្រើន​ម៉ោង។

ក្រុម​បុគ្គលិក​អះអាង​ថា ប្រសិនបើ​ក្រុមហ៊ុន​ណាហ្គា វើលដ៍ មិន​អនុញ្ញាត​ឱ្យ​ប្រធាន​សហជីព​ចូល​ធ្វើ ការងារ​វិញ និង​មិន​ព្រម​ដំឡើង​ប្រាក់​ឈ្នួល​តាម​សំណើ​នោះ​ទេ ពួកគេ​នឹង​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​រហូត​ទាល់ តែ​មាន​ដំណោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment